ពលរដ្ឋ​កំពង់ធំ​ចោទ​មន្ត្រី​បរិស្ថាន​ថា បាន​លួច​ព័ទ្ធ​យក​ដី​ពលរដ្ឋ​ជាង​១០០​គ្រួសារ​លក់​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មាន​អំណាច

0
98
កិច្ចប្រជុំរវាងមន្ត្រីមន្ទីរបរិស្ថានខេត្ត​កំពង់ធំ ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ រូប៖ មន្ទីរបរិស្ថានខេត្ត​កំពង់ធំ
កិច្ចប្រជុំរវាងមន្ត្រីមន្ទីរបរិស្ថានខេត្ត​កំពង់ធំ ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ រូប៖ មន្ទីរបរិស្ថានខេត្ត​កំពង់ធំ

ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ធំ ចោទ​មន្ត្រី​បរិស្ថាន​ថា បាន​លួច​ព័ទ្ធ​យក​ដី​ពលរដ្ឋ​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ជាង​១០០​គ្រួសារ ដែល​មាន​ផ្ទៃដី​ជាង ៥០០​ហិកតារ​លក់​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មានអំណាច​។ ពួកគាត់​ថា ករណីនេះ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​គួរ​ចុះ​សិក្សា​ឲ្យ​ច្បាស់លាស់ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់។

ស្របពេល​សង្គ្រាម​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​ឡើងក​ម្ដៅ មន្ត្រី​បរិស្ថាន​ខេត្តកំពង់ធំ ឆ្លៀតឱកាស លួច​ព័ទ្ធ​យក​ដី​អាស្រ័យ​ផល​របស់​ពលរដ្ឋ​ជាង​១០០​គ្រួសារ នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មានអំណាច ដោយ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ទេ បើ​ទោះបី​ពលរដ្ឋ​បាន​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើនលើក​យ៉ាងណាក្ដី។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​បឹងល្វា លោក ថៃ កាឆា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៩ ខែ​មករា​ថា ដីស្រែ​ចម្ការ​របស់​ពល​រដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល​តាំងពី​ដូនតា និង​អ្នក​ខ្លះទៀត​តាំងពី​ឆ្នាំ​២០០០ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ខេត្តកំពង់ធំ ហ៊ុមព័ទ្ធ​លក់​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មានអំណាច ហើយ​គំរាម​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា​ទាមទារ និង​ចូល​ទៅ​អាស្រ័យ​ផល​លើ​ដី​ស្រែចម្ការ​ទាំងអស់​នេះ​នោះ​ទេ ប្រសិនបើ​ពលរដ្ឋ​នៅតែ​រឹងទទឹង​ចូល​ទៅ​អាស្រ័យ​ផល មន្ត្រី​បរិស្ថាន​នឹង​ចាប់​ដាក់គុក។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​បាន​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្តកំពង់ធំ​រួចហើយ ដើម្បី​ឲ្យ​ជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​នោះ​ទេ។

លោក ថៃ កាឆា៖ «​យើង​នាំគ្នា​ចូល​ទៅ​អាស្រ័យ​ផល​លើ​ដី​ចម្ការ​របស់​យើង​វិញ​អត់​បានទេ ចាប់​ដាក់គុក តែ​សម្រាប់​គ្នា​គាត់​វិញ គាត់​ការពារ​ឲ្យ​២៤​ម៉ោង សុំ​ឲ្យ​ចៅហ្វាយខេត្ត​ជួយ​អន្តរាគមន៍ ជួយ​រក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ ដែល​មន្ត្រី​បរិស្ថាន​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ សុំ​ឲ្យ​គាត់​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ផង»។

លោក ថៃ កាឆា អះអាង​ទៀត​ថា នៅក្នុង​អំឡុង​ពេល​សង្គ្រាម​កម្ពុជា​-​ថៃ​លើក​ទី​២​កើតឡើង មន្ត្រី​សុរិយោដី បាន​ចុះទៅ​វាស់វែង​ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​នៅ​លើ​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដែរ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​បរិស្ថាន ឈ្មោះ ជួន ជិន បាន​ទៅ​ហាមឃាត់​មិន​ឲ្យ​វាស់វែង​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ឡើយ ដោយ​តម្រូវ​វាស់វែង​ដីស្រែ​ចម្ការ​ទាំងនោះ​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​ដែល​មន្ត្រី​បរិស្ថាន​បាន​លក់​ឲ្យ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ទូរទស្សន៍​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង មន្ត្រី​បរិស្ថាន​ដែល​រង​ការចោទប្រកាន់ លោក ជួន ជិន និង​ប្រធាន​មន្ត្រី​បរិស្ថាន​ខេត្តកំពង់ធំ លោក អោង ប៊ុនធឿន ដើម្បី​ឆ្លើយតប​បានទេ នៅ​ថ្ងៃទី៩ ខែ​មករា។ ចំណែក​អភិបាល​ខេត្ត​កំពង់ធំ លោក នួន ផារ័ត្ន ក៏​ទូរទស្សន៍​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី លើកឡើង​ថា រដ្ឋបាល​ខេត្ត​កំពង់ធំ​ត្រូវតែ​ចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់ និង​ត្រូវ​រក​ដំណោះស្រាយ​ជាក់ស្ដែង ទៅលើ​បញ្ហា​ដីធ្លី​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល​។ លោក​ថា ប្រសិនបើ​ដីស្រែ​ចម្ការ​ទាំងនោះ ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​គួរ​កាត់​ឆ្វៀល​ឲ្យ​ពលរដ្ឋ​បាន​អាស្រ័យ​ផល មិន​គួរ​យក​ដី​ទាំងនោះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង​នោះ​ទេ​។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​បន្ត​អូស​បន្លាយ​បញ្ហា​នេះ មិន​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ ពលរដ្ឋ​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​មិនអាច​បង្កបង្កើនផល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ឡើយ។

លោក យិន ម៉េងលី៖ «ការណ៍​ព្រងើយកន្តើយ​មិន​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​នេះ​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ជាច្រើន​កើតឡើង​ប៉ះពាល់​បញ្ហា​សេដ្ឋកិច្ច​របស់​គាត់ ធ្វើ​ឲ្យ​គាត់​ខកខាន​មិនបាន​បង្ក​បង្កើន អ៊ីចឹង​ស្នើសុំ​ឲ្យ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ បើ​មាន​បញ្ហា​កើតឡើង​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ជាពិសេស​ក្រសួង​បរិស្ថាន»។

ពលរដ្ឋ​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​កំពង់ធំ នៅតែ​មិន​ព្រម​រក​ដំណោះស្រាយ​សមរម្យ​ឲ្យ​ពលរដ្ឋ នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក​នោះ​ទេ ពួកគាត់​នឹង​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​វិញ​ម្ដង ដើម្បី​ស្វែងរក​ដំណោះស្រាយ ដោយ​តម្រូវ​ឲ្យ​មន្ត្រី​បរិស្ថាន​ប្រគល់​ដីស្រែ​ចម្ការ​ទាំងនោះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​វិញ ពីព្រោះ​ពលរដ្ឋ​គ្មាន​ដី​សម្រាប់​បង្កបង្កើនផល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ