

ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃត្អូញត្អែរថា ពួកគាត់មានជីវភាពលំបាក ព្រោះធ្វើការជួបតែថៅកែបោកប្រាស់ ហើយពលករខ្លះទៀត ពិបាករកការងារធ្វើ ខណៈដែលការងារខ្លះឱ្យថ្លៃឈ្នួលថោកពេក មិនអាចទ្រាំធ្វើបាន។ អ្នកការពារសិទ្ធិកម្មករថា បញ្ហាដែលពលករខ្មែរ មកពីថៃ ពិបាករកការងារធ្វើ ព្រោះតែ តម្លៃឈ្នួលថោកពេក និងបញ្ហាថៅកែខ្លះ រំលោភសិទ្ធិការងារ។
ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមការអំពាវនាវរបស់រដ្ឋាភិបាល អំឡុងពេល កម្ពុជា-ថៃមានជម្លោះ ផ្ទុះអាវុធតាមព្រំដែន ពេលនេះពលករខ្លះត្អូញត្អែរ ពីជីវភាពលំបាក ព្រោះគ្មានការងារធ្វើ ខ្វះខាតស្បៀង សម្រាប់បរិភោគ ហើយអ្នកខ្លះទៀត មានការងារធ្វើដែរ ប៉ុន្តែថៅកែមិនបើកលុយឱ្យ បណ្ដាលឱ្យជីវភាពពួកគាត់កាន់តែដុនដាប រួមនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះតែគ្មានលុយសងបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។
រស់នៅស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ លោកស្រី លាង សានឿត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ថា លោកស្រីវិលត្រឡប់ពីប្រទេសថៃវិញ អំឡុងពេលកម្ពុជា-ថៃ មានជម្លោះតាមព្រំដែន។ ពេលមកដល់ស្រុកកំណើត បាន១អាទិត្យ លោកស្រីនិងអ្នកភូមិ ប្រមាណ១០នាក់ បានទៅធ្វើការសំណង់ នៅភ្នំពេញ បានប្រហែល១ខែ ក៏ត្រឡប់មកស្រុកកំណើតវិញ ព្រោះតែថៅកែ ពុំបានបើកលុយឱ្យ។
ក្រោយមកទៀត លោកស្រីបានដាក់ពាក្យធ្វើការតាមរោងចក្រ ប៉ុន្តែ គ្មានរោងចក្រណាមួយទទួលឱ្យធ្វើការនោះទេ ព្រោះលោកស្រីគ្មានឯកសារគ្រប់គ្រាន់ ហើយអ្នកខ្លះទៀតមានឯកសារគ្រប់គ្រាន់ ប៉ុន្តែ មានអាយុច្រើន ព្រោះថា តាមរោងចក្រ ភាគច្រើន គេរើស តែអ្នកមានអាយុ៣០ឆ្នាំចុះ។ អស់រយៈពេល១ខែ លោកស្រីក៏សាកល្បងម្ដងទៀត ទៅធ្វើការសំណង់នៅភ្នំពេញ តាមរយៈលេខទំនាក់ទំនង ដែលបានពីក្រសួងការងារបង្ហោះ លើបណ្ដាញសង្គមហ្វេសស៊ុក។ ពេលនោះ លោកស្រី ធ្វើការបានប្រហែល ជាង១ខែ ថៅកែ ក៏មិនបើកលុយឱ្យ ទើបលោកស្រីបង្ខំចិត្តមកស្រុកកំណើតវិញជាលើកទី២ រហូតទល់ពេលនេះ ជាង៣ខែហើយ ដែលលោកស្រីគ្មានការងារធ្វើ។
លោកស្រី លាង សានឿត៖ «អត់ការងារធ្វើច្រើនខែហើយ។ ទៅភ្នំពេញភ្នំពេញក៏គេមិនបើកលុយឱ្យ ទៅណាក៏គេច្រើនតែបោកលុយ។ ឆ្ងល់ធ្វើការគេមិនបើកលុយឱ្យ។ ខ្ញុំមិនដឹងធ្វើម៉េចបានលុយឱ្យគេ ណាមួយជំពាក់គេ មកពីថៃហើយ ធ្វើការនៅខ្មែរមិនបានលុយ។ លំបាកក្នុងជីវភាព ណាមួយបោះឱ្យធនាគារផង។ ខ្ញុំថាទៅម្ដងទៀតដែរ ចាំមើលសាកម្ដងទៀត មិនដឹងយ៉ាងណាយ៉ាងណី»។
បន្ថែមពីនោះ លោកស្រី លាង សានឿត អះអាងថា អ្នកភូមិដែលរស់នៅស្រុកបន្ទាយឆ្មានេះ សឹងតែ ៧០ ទៅ៨០% ពួកគាត់ គឺជាពលករចំណាកស្រុក មកពីប្រទេសថៃ ហើយក្នុងនោះ មានតិចតូចណាស់ ដែលមានការងារធ្វើ។ លោកស្រីបន្តថា អ្នកខ្លះទ្រាំនឹងការលំបាកពុំបាន ក៏ទៅរកការងារធ្វើ នៅប្រទេសថៃវិញ ទាំងខុសច្បាប់ បើទោះបីជាត្រូវបានទាហានថៃ ចាប់បញ្ជូនមកវិញ ម្ដងជាពីរដងក្ដី ក៏នៅតែក្រាញននៀល ចូលប្រទេសថៃ រហូតបានសម្រេច។
ពលរដ្ឋម្នាក់ទៀត លោក រាំង សារ៉ាត់ ក៏មិនខុសពីពលរដ្ឋដទៃទៀតដែរ កាលពីមកដល់ស្រុកខ្មែរដំបូង លោក បានរកការងារធ្វើ ទៅតាមរោងចក្រជាច្រើន ប៉ុន្តែ រកពុំបាន ព្រោះថា រោងចក្រខ្លះ មានតែឈ្មោះ តែគ្មានរើសបុគ្គលិកនោះទេ។ រីឯ រោងចក្រខ្លះទៀត លោកថា រើសតែមនុស្សស្រី ហើយជាអ្នកដែលចេះដេរស្រាប់ ទើបធ្វើឱ្យលោកពិបាករកការងារធ្វើជាខ្លាំង។ លោកថា ករណីនេះ ពុំមែន មានតែ លោកទេ សឹងតែគ្រប់គ្នា ដែលទើបមកពីប្រទេសថៃ ។ ក្រោយមកទៀត ដោយសារតែជីវភាពកាន់តែលំបាក លោកក៏ទិញម៉ូតូកង់បី រត់ដឹកអីវ៉ាន់ឱ្យភ្ញៀវ នៅក្នុងក្រុងប៉ោយប៉ែត គ្រាន់បានថវិកាខ្លះ ដោះស្រាយជីវភាព។
លោក រាំង សារ៉ាត់ «ចង់ឱ្យរដ្ឋាភិបាល បន្ថែមការងារច្រើនជាងនេះ ហើយអ្នកខ្វះខាតការងារច្រើន ព្រោះពលករយើងមកពីប្រទេសថៃច្រើន»។
រីឯ ពលករខ្មែរម្នាក់ ទើបតែឡើងមកធ្វើការនៅប្រទេសថ្មីៗនេះ លោកស្រី ឈឿន សារីន លើកឡើងថា នៅក្នុងស្រុកពិបាករកការងារធ្វើ ហើយការងារសំណង់ខ្លះមានធ្វើដែរ ប៉ុន្តែ ថៅកែភាគច្រើន មិនបើកលុយឱ្យ ហើយប្រើឱ្យធ្វើការលើសកម្លាំង និងគ្មានពេលសម្រាក។
ជាមួយគ្នានេះ លោកស្រីឱ្យដឹងថា ពេលលួចចូលប្រទេសថៃ ទាំងខុសច្បាប់នេះ ធ្លាប់ត្រូវបានទាហានថៃ ចាប់បញ្ជូនមកខ្មែរវិញម្ដងហើយ ប៉ុន្តែ លោកស្រី នៅតែក្រាញននៀល បន្តលួច ឡើងមកថៃម្ដងទៀត រហូតបានសម្រេច ព្រោះលោកស្រីថា ប្រសិនបើ បន្តនៅស្រុកខ្មែរទៀត ជីវភាពកាន់តែលំបាក ខណៈដែលពេលខ្លះលោកស្រីដេកយំ មិនដឹងត្រូវធ្វើបែបណា។
លោកស្រី ឈឿន សារីន៖ «នៅខ្មែរយើងវាច្រើនតែបោក មិនបើកលុយឱ្យ។ ការងារមានច្រើន តែវាមិនបើកលុយឱ្យយើង។ ពួកមេការវាបោក ហើយណាមួយវាបោកយើងពេក ក៏ខ្ជិលនៅ»។
លោកស្រីស្នើសុំឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គួរតែស៊ើបអង្កេតមកលើថៅកែសំណង ឬ ម្ចាស់រោងចក្រមួយចំនួន ដែលរំលោភសិទ្ធិការងារ យកមកផ្ដន្ទាទោស ព្រោះថា បញ្ហាធ្វើការមិនបានលុយនេះហើយ បានបង្ខំឱ្យលោកស្រីត្រឡប់មកធ្វើការនៅប្រទេសថៃទាំងប្រថុយប្រថាន។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
បើទោះជាយ៉ាងណា កន្លងមកនេះ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ លើកឡើងថា ក្រសួងបានប្រឹងប្រែង អំពាវនាវ ដល់ក្រុមហ៊ុនរោងចក្រសហគ្រាសនានា ផ្ដល់ឱកាសការងារទៅឱ្យ ពលរដ្ឋដែលបានត្រលប់ពីប្រទេសថៃវិញ ដើម្បីឱ្យពលរដ្ឋទាំងនោះទទួលបានការងារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនោះ លោកថា ក្រសួងក៏បានទំនាក់ទំនងទៅរោងចក្រធំៗ ត្រូវផ្ដល់ប្រាក់ខែសមរម្យ និងមានស្តង់ដារ ប្រហាក់ប្រហែលនឹងការងារនៅថៃដើម្បីឱ្យពួកគាត់អាចធ្វើការនៅក្នុងស្រុក មិនចាំបាច់ត្រឡប់ទៅថៃវិញ។
ពាក់ព័ន្ធករណីនេះ ប្រធានសហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ លើកឡើងថា ការពិបាក រកការងារធ្វើរបស់ពលរដ្ឋនៅក្នុងស្រុក គឺជាការពិត ព្រោះពលករ ភាគច្រើន មានជំនាញផ្នែកសំណង់ នៅពេលមកធ្វើការក្នុងស្រុក មានតែការងាររោងចក្រ ដែលធ្វើឱ្យពួកគាត់ពិបាកធ្វើ។ លោកស្រីបន្តថា បញ្ហាចម្បងទៀតនោះ គឺការរំលោភសិទ្ធិការងារ និងការផ្ដល់តម្លៃឈ្មួយថោកពេក ទើបធ្វើឱ្យពួកគាត់ មិនអាចចំណាយគ្រប់លើ ថ្លៃអាហារ និងបន្ទប់ជួល ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ពួកគាត់អត់ចង់ធ្វើការនៅស្រុកយើងទេ ដោយសារតែស្រុកយើងប្រាក់ឈ្នួលតិច។ ការគោរពសិទ្ធិរបស់ពួកគាត់ វាអត់សូវមាន ហើយការចំណាយផ្សេងៗ នៅស្រុកយើង វាច្រើន ជាជាងកាលដែលគាត់ទៅធ្វើការនៅក្រៅ ការចំណាយលើអាហារ ផ្សេងៗហ្នឹងតិច។ បន្ទាប់មកការទទួលខុសត្រូវសុខភាព និង សុវត្ថិភាព វាមានច្រើនជាង ការទទួលខុសត្រូវលើ សិទ្ធិរបស់គាត់ គាត់មានសិទ្ធិសេរីភាព ពេញលេញជាងនៅស្រុកខ្មែរ»។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានបរាជ័យក្នុងការធានានូវជីវភាពសមរម្យ និងការថែទាំសុខភាព ចំពោះពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃវិញ តាមការអំពាវនាវរបស់រដ្ឋាភិបាល អំឡុងពេលកម្ពុជា-ថៃ មានជម្លោះព្រំដែន ទើបធ្វើឱ្យពលរដ្ឋភាគច្រើន រងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះបំណុល។ បន្ថែមពីនោះ ពលករខ្មែររាប់សិបម៉ឺននាក់ ភាគច្រើនពួកគាត់ មិនទាន់មានការងារធ្វើ និងជួយសម្រួល បំណុលធនាគារ ដូចការសន្យារបស់រដ្ឋាភិបាលឡើយ៕









