
អ្នករកស៊ីលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប ត្អូញត្អែរថា ចាប់តាំងពីកម្ពុជាមានរឿងអាស្រូវបញ្ហាឆបោកតាមអនឡាញ មានសង្គ្រាមថៃឈ្លានពានកម្ពុជា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ថ្មីៗនេះទៀត ភ្ញៀវទេសចរបរទេស ពុំសូវឃើញមកលេងកម្សាន្ត នៅតំបន់អង្គរនោះទេ ដែលធ្វើឱ្យអ្នករត់រ៉ឺម៉កកង់បី និង មគ្គទេសក៍ទេសចរណ៍ ជាច្រើនកំពុងជួបការលំបាក ព្រោះគ្មានចំណូល។
វិស័យទេសចរណ៍នៅកម្ពុជា ហាក់ដុនដាបកាន់តែខ្លាំង ចាប់តាំងពីមានវិបត្តិជំងឺកូវីដ-១៩ បញ្ហាឆបោកតាមអនឡាញ ការជួញដូរមនុស្ស ហើយថ្មីៗនេះ សង្គ្រាមនៅមជ្ឈិមបូព៌ាទៀត គឺរឹតតែធ្វើឱ្យអ្នករកស៊ី ដែលពឹងលើវិស័យទេសចរបរទេស កាន់តែជួបផលលំបាក ក្នុងជីវភាពព្រោះ ពុំអាចរកចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារបានដូចមុន។
ប្រធានសមាគមស្ត្រី អ្នករត់រ៉ឺម៉កកង់បីនៅក្រុងសៀមរាប លោកស្រី គឹម សុខលាង ប្រាប់ទូរទស្សន៍ អាស៊ីសេរីនៅថ្ងៃទី១០ ខែមីនា ថា សព្វថ្ងៃ លោកស្រីដឹកភ្ញៀវទេសចរបរទេស ដើរទស្សនាតំបន់អង្គរ បានយ៉ាងច្រើន តែមួយជើងគត់ ក្នុង១ថ្ងៃ ហើយថ្ងៃខ្លះ អត់សោះក៏មាន ព្រោះពុំសូវមានភ្ញៀវបរទេស។ លោកស្រីថា កម្ពុជាបាត់បង់ភ្ញៀវទេសចរនេះ ពុំមែនទើបតែ មានសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ទេ គឺបាត់តាំងពីមានវិបត្តិ ជំងឺកូវីដ-១៩ រហូតដល់មានសង្គ្រាម នៅមជ្ឈិមបូព៌ានេះទៀត។ លោកស្រីបារម្ភថា ប្រសិនបើរដ្ឋាភិបាលដឹកនាំប្រទេសឱ្យពលរដ្ឋពឹងអាស្រ័យតែទៅលើភ្ញៀវទេសចរបរទេស ដោយពុំបានបង្កើតការងារ ក្នុងស្រុកឱ្យពលរដ្ឋធ្វើឱ្យបានទូលំទូលាយទេនោះ ពលរដ្ឋនឹងកាន់តែមានជីវភាពលំបាក។
លោកស្រី គឹម សុខលាង៖ «សូមសំណូមពរដល់រដ្ឋាភិបាល សូមជួយរៀបចំតាមខេត្តតាមស្រុក ឱ្យមានរោងចក្រផលិតវត្ថុធាតុដើម និងឱ្យប្រជាជនមានការងារធ្វើ នៅតាមតំបន់របស់ពួកគាត់រៀងខ្លួន ហើយឱ្យការងារនោះមានទូទាំងប្រទេស នោះទើបមានការលូតលាស់។ យើងអភិវឌ្ឍន៍នៅតាមតំបន់ទាំងហ្នឹង ពេលនោះយើងនឹងទទួលផលមកវិញ»។
សង្គ្រាមនៅមជ្ឈិមបូព៌ា បានអូសបន្លាយជាង១០ថ្ងៃ មកហើយ។ សង្គ្រាមនេះ បង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាញ់ប្រហារ មកលើអ៊ីរ៉ង់ហើយបានជះឥទ្ធិពលអាក្រក់ដល់ប្រទេសក្រីក្រ មួយចំនួន នៅលើពិភពលោក ដូចជាកម្ពុជាជាដើម។ ផលប៉ះពាល់ទាំងនោះ រួមមានតម្លៃប្រេងឥន្ធនៈ ឡើងថ្លៃ ហើយភ្ញៀវទេសចរណ៍ ជាច្រើនផ្អាកជើងហោះហើរជាដើម។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់សារព័ត៌មាន ក្នុងស្រុកកាលពីថ្មីៗនេះថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យ ទេសចរណ៍នៅកម្ពុជា ព្រោះថា តំបន់មជ្ឈិមបូព៌ាមានតួនាទីសំខាន់ ក្នុងការដឹកជញ្ជូនអន្តរជាតិ តភ្ជាប់ពី អឺរ៉ុប អាហ្វ្រិក និងអាម៉េរិកខាងជើង មកកាន់តំបន់អាស៊ីអាគ្នេយ៍។ តាមការប៉ាន់ស្មានជាបឋមរបស់លោក អាចមានអ្នកដំណើរចេញចូលកម្ពុជា ជាង ១ម៉ឺន ២ពាន់នាក់ក្នុង១សប្ដាហ៍ ដែលបានផ្អាកជើងហោះហើរ ព្រោះបារម្ភពីសុវត្ថិភាព។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង លោក ស៊ីន ចាន់សិរីវុត្ថា ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១០ ខែមីនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ថា ការយកសង្គ្រាម នៅមជ្ឈិមបូព៌ា ជាដើមហេតុនៃការធ្លាក់ចុះភ្ញៀវទេសចរ គឺជាការមើលរំលងបញ្ហាផ្ទៃក្នុងដែលកម្ពុជាកំពុងជួបប្រទះ ដូចជាបញ្ហាឆបោកតាមអនឡាញជាដើម។ ទន្ទឹមគ្នានោះ លោកថា ការត្អូញត្អែររបស់អ្នករត់រ៉ឺម៉កកង់បី គឺបង្ហាញថា ពលរដ្ឋកម្ពុជាងាយនឹងរងគ្រោះ ព្រោះពឹងផ្អែកតែទៅលើភ្ញៀវបរទេសមួយគត់។ ករណីនេះ លោកថា ជារឿងគ្រោះថ្នាក់បំផុត ដែលរដ្ឋាភិបាលត្រូវគិតពិចារណាឡើងវិញ។ ជាដំណោះស្រាយ លោកថា កម្ពុជា ត្រូវតែតម្រង់ទិសវិស័យទេសចរណ៍ឡើងវិញ ដើម្បីទាក់ទាញភ្ញៀវនៅក្នុងតំបន់អាស៊ី ជាជាងពឹងលើប្រទេសនៅមជ្ឈិមបូព៌ា។ លោកថា ដើម្បីអាចទាក់ទាញ កម្ពុជាត្រូវលាងសម្អាតកេរ្តិ៍ឈ្មោះមិនល្អលើឆាកអន្តរជាតិជាមុន។
លោក សេង វណ្ណលី៖ «រដ្ឋាភិបាលត្រូវពិនិត្យឡើងវិញ ចំពោះរចនាសម្ព័ន្ធថ្លៃដើមនៃការធ្វើដំណើរ ទាំងតម្លៃសំបុត្រយន្តហោះ ទាំងតម្លៃផ្សេងៗ ដើម្បីធ្វើឱ្យសៀមរាបមានតម្លៃសមរម្យ និងមានភាពប្រកួតប្រជែងខ្ពស់។ បន្ថែមពីនេះ ការបង្កើតព្រឹត្តិការណ៍កម្សាន្តអន្តរជាតិជាប្រចាំ និងការបង្កើនទំនុកចិត្តលើប្រព័ន្ធសន្តិសុខឌីជីថល ដើម្បីលុបបំបាត់ រូបភាពអវិជ្ជមាននៅលើឆាកអន្តរជាតិ គឺជាកិច្ចការបន្ទាន់ ដែលត្រូវធ្វើ»។
កន្លងទៅនេះរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិនដីគោក ចិនហុងកុង និង ចិនម៉ាកាវ ឱ្យចូលមកលេងកម្សាន្តនៅកម្ពុជា ដោយឥតគិតថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យកាន់តែច្រើន និងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញដោយអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៦។ ទោះជាយ៉ាងណា គេឃើញថាភ្ញៀវទេសចរណ៍ចិន ពុំសូវឃើញមានមកកម្ពុជានោះទេ ប៉ុន្តែជាការព្រួយបារម្ភ គឺខ្លាចការហូរចូលនៃក្រុមឧក្រិដ្ឋជនឆបោកជាថ្មី ខណៈកម្ពុជា កំពុងមានវិបត្តិសេដ្ឋកិច្ច និងបញ្ហាអសន្តិសុខសង្គម៕










