ស្ត្រី​ខ្មែរ​ទី​១​ក្លាយ​ជា​អភិបាលក្រុង​នៃ​ប្រទេស​អូស្ត្រាលី

0
450
អភិបាលក្រុង​គ្រីតធឺ ដង់ដឺណង់ ​(Greater Dangdenong) កញ្ញា តាន់ សុផាណែត ដែលជាពលរដ្ឋ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​។ រូបពី៖ ហ្វេសប៊ុក Sophie Tan
អភិបាលក្រុង​គ្រីតធឺ ដង់ដឺណង់ ​(Greater Dangdenong) កញ្ញា តាន់ សុផាណែត ដែលជាពលរដ្ឋ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​។ រូបពី៖ ហ្វេសប៊ុក Sophie Tan

អតីតជន​ភៀសខ្លួន​ជា​ស្ត្រី​ខ្មែរ​ម្នាក់​បាន​ជាប់ឆ្នោត​ក្លាយជា​អភិបាលក្រុង​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​អូស្ត្រាលី។ តំណាង​សហគមន៍​ខ្មែរ​ចាត់​ទុក​ថា នេះ​គឺជា​រឿង​មោទនភាព​មួយ​សម្រាប់​ខ្មែរ ដោយសារ​នាង​គឺជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​ដែល​ទទួល​បាន​តួនាទី​ជា​ចៅហ្វាយក្រុង​នេះ។

ពលរដ្ឋ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ម្នាក់ គឺ​កញ្ញា តាន់ សុផាណែត ឬ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា សូហ្វី តាន់ (Sophie Tan) បាន​ជាប់ឆ្នោត​ជា​អភិបាលក្រុង​គ្រីតធឺ ដង់ដឺណង់​(Greater Dangdenong) ដែល​ជា​ទីក្រុង​ពហុ​វប្បធម៌​ដ៏​ធំ​មួយ​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា។

កញ្ញា តាន់ សុផាណែត បង្ហាញ​ក្តី​ត្រេកអរ​ចំពោះ​ការ​ទទួល​បាន​តួនាទី​ជា​ចៅហ្វាយក្រុង​នេះ។

កញ្ញា តាន់ សុផាណែត ធ្លាប់​ភៀសខ្លួន​តាំងពី​អាយុ ១១​ឆ្នាំ​ជាមួយ​ម្តាយ​និង​បងប្អូន​បង្កើត​ចំនួន​៤​នាក់​ទៀត ពី​ខេត្តបាត់ដំបង​មក​រស់នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​១៩៩៥ ក្រោយ​ពេល​ឪពុក​របស់​នាង​ស្លាប់​បាន​៣​ឆ្នាំ។ គ្រួសារ​របស់​កញ្ញា តាន់ សុផាណែត បាន​ភៀសខ្លួន​មក​រស់នៅ​អូស្ត្រាលី ដោយសារ​ពុំ​មាន​សុវត្ថិភាព​ក្នុង​ការ​រស់នៅ​បន្ត​ទៀត។ កញ្ញា​អះអាង​ថា ពុំ​មាន​សុវត្ថិភាព ព្រោះ​ក្នុង​អំឡុង​ទស្សវត្សរ៍​៩០ ប្រទេស​កម្ពុជា នៅតែ​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល និង​កងទ័ព​ខ្មែរក្រហម​ដែល​នៅ​សេសសល់ នៅ​តាម​តំបន់​ជនបទ និង​តំបន់​ព្រំដែន ព្រមទាំង​អំពើ​ចាប់ជំរិត​ជាដើម។

រូបថត «គ្រួសារ មិត្តភក្តិ និងតំណាងសមាគមខ្មែរ ចូលរួមអប់អរសាទរដល់កញ្ញា តាន់ សុផាណែត ដែលជាប់ឆ្នោតជាចៅហ្វាយក្រុងគ្រីតធឺដង់ដឺណង់ (Greater of Dangdenong) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៥។ TFA/Tha Thai

រូបថតគ្រួសារ មិត្តភក្តិ និងតំណាងសមាគមខ្មែរ ចូលរួមអប់អរសាទរដល់កញ្ញា តាន់ សុផាណែត ដែលជាប់ឆ្នោតជាចៅហ្វាយក្រុងគ្រីតធឺដង់ដឺណង់ (Greater of Dangdenong) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៥។ TFA/Tha Thai

ពេល​មក​ដល់​ប្រទេស​អូស្ត្រាលី នាង​បាន​រៀនសូត្រ​រហូត​បញ្ចប់​បរិញ្ញា​ប័ត្រ​ផ្នែក​ធុរកិច្ច និង​ពាណិជ្ជកម្ម (Business and Commerce) នៅ​សកល​វិទ្យាល័យ​ម៉ូណាស់ (Monash Univercity) និង​ធ្លាប់​បម្រើ​ការងារ​ក្នុង​វិស័យ​ធនាគារ និង​ក្រុមហ៊ុន​ទីផ្សារ​លំដាប់​ពិភពលោក​មួយ។

ក្រៅ​ពី​នេះ កញ្ញា តាន់ សុផាណែត ក៏​តែងតែ​ចូលរួម​ជួយ​ដល់​សមាគម​ខ្មែរ និង​ការ​ធ្វើ​កិច្ច​ការងារ​សង្គម​ដោយ​ស្ម័គ្រចិត្ត​ជាច្រើន​ទៀត ដូចជា​ការ​ធ្វើ​យុទ្ធនាការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ការចូលរួម​ថែរក្សា​វប្បធម៌​ខ្មែរ​ជាដើម។ បន្ថែម​ពី​នេះ កញ្ញា​ចាប់ផ្តើម​ចូល​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី​តាំងពី​ឆ្នាំ​២០១៦ មក​ដោយ​យល់ថា ប្រទេស​អូស្ត្រាលី បាន​ផ្តល់​ឱកាស​ជាច្រើន ដូច្នេះ​កញ្ញា ចង់​ធ្វើ​អ្វីមួយ​ដើម្បី​សង​ត្រឡប់​ទៅ​ប្រទេស​មួយ​នេះ​វិញ។

ក្រោយ​ជាប់ឆ្នោត​ជា​ចៅហ្វាយក្រុង កញ្ញា តាន់ សុផាណែត ក៏បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​បំពេញ​តួនាទី​ដើម្បី​បម្រើ​ដល់​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​ក្នុង​ទីក្រុង​គ្រីតធឺ ដង់ដឺណង់​ឲ្យ​បាន​ល្អ។

កញ្ញា តាន់ សុផាណែត៖ «​ភាគច្រើន​ខ្ញុំ​នឹង​ធ្វើ​ការ​លើ​បញ្ហា​សុវត្ថិភាព​ក្នុង​សហគមន៍ (Community safety) ធ្វើការ​ជាមួយ​ប៉ូលិស​ជាដើម ដើម្បី​ឲ្យ​ក្រុង​នេះ មាន​សេចក្តី​ស្ងប់ ប្រជាជន រស់​បាន​សុខ​សប្បាយ ។ ជាពិសេស​ក្នុង​រឿង​សេដ្ឋកិច្ច រឿង​ការងារ (Employment) និង​រឿង​សុវត្ថិភាព (Safety)»។

សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយសមុទ្រ កញ្ញា តាន់ សុផាណែត អាច​ចាត់ទុកថា ជា​ស្ត្រី​ខ្មែរ​ទី​១​ក្នុង​ពិភពលោក​ដែល​ទទួល​បាន​តួនាទី​កំរិត​ចៅហ្វាយក្រុង​នេះ។

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក ហុង លីម ចាត់ទុកថា នេះ​គឺជា​រឿង​មោទនភាព​មួយ​របស់​ខ្មែរ។

លោក ហុង លីម៖ «ភាគច្រើន​ខ្ញុំ​នឹង​ធ្វើ​ការ​លើ​បញ្ហា​សុវត្ថិភាព​ក្នុង​សហគមន៍​(Community safety) ​ធ្វើការ​ជាមួយ​ប៉ូលិស​ជាដើម ដើម្បី​ឲ្យ​ក្រុង​នេះ មាន​សេចក្តី​ស្ងប់ ប្រជាជន រស់​បាន​សុខ​សប្បាយ ។ ជាពិសេស​ក្នុង​រឿង​សេដ្ឋកិច្ច រឿង​ការងារ និង​រឿង​សុវត្ថិភាព»។

មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​៣​នាក់​ហើយ​ដែល​ធ្លាប់​កាន់​តួនាទី​ជា​ចៅហ្វាយក្រុង​គ្រីតធឺ ដង់ដឺណង់ រួមមាន​កញ្ញា តាន់ សុផាណែត លោក តាក់ ម៉េងហ៊ាង និង​លោក ជា យូហ៊ន។

ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​វ៉ិកតូរីយ៉ា លោក ជា យូហ៊ន ថ្លែង​ថា កញ្ញា តាន់ សុផាណែត សម​នឹង​ទទួល​បាន​តួនាទី​នេះ ព្រោះ​កញ្ញា​ជា​ក្មេងស្រី​ម្នាក់​ដែល​វៃឆ្លាត និង​ខិតខំ​បម្រើ​កិច្ច​ការងារ​សង្គម​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក ជា យូហ៊ន៖ «ខ្ញុំ​មាន​មោទនភាព​ណាស់​ក្នុងនាម​ខ្ញុំ​ជា​ខ្មែរ​ម្នាក់​ដែល​រស់នៅ​សាលាក្រុង​គ្រីតធឺ ដង់ដឺណង់ ហើយ​យើង​មាន​ស្ត្រី​ខ្មែរ​យើង​ច្រើនណាស់ ហើយ​ជាពិសេស​សូហ្វីតាន់ គឺជា​ជនភៀសខ្លួន​ម្នាក់​ដែល​ឪពុក​របស់​គាត់ ស្លាប់​ក្នុង​សម័យ​របបលោក ហ៊ុន សែន បញ្ជូន​ទៅ​កាប់​ព្រៃ។ កញ្ញា សូហ្វីតាន់ បាន​ខិតខំ​រៀនសូត្រ​ហើយ​ខំធ្វើការ​ជាមួយ​សមាគម​ខ្មែរ»។

កញ្ញា តាន់ សុផាណែត ក៏​មិនដែល​បំភ្លេច​ប្រទេស​កម្ពុជា ដែល​ជា​មាតុភូមិ​កំណើត​ឡើយ​។ កញ្ញា តែងតែ​ចូលរួម​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដើរ​នៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ កាលពី​ខែ​តុលា​កន្លង​ទៅ ស្ត្រី​ខ្មែរ​អូស្ត្រាលី​រូប​នេះ ក៏បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដោយ​សន្តិវិធី​បញ្ចប់​ជម្លោះព្រំដែន​រវាង​កម្ពុជា​និង​ថៃ តាម​ច្បាប់​អន្តរជាតិ​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ