
កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៧ ក្នុងចំណោម១៩៣ប្រទេស នៅលើពិភពលោក និងឈរលេខរៀងទី២ក្នុងតំបន់អាស៊ាន ដែលមានសកម្មភាពឧក្រិដ្ឋកម្មច្រើន។
របាយការណ៍របស់អង្គការគំនិតផ្ដួចផ្ដើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ហៅកាត់ថា GI-TOC ចេញផ្សាយកាលពីថ្ងៃទី១០ វិច្ឆិកា ឲ្យដឹងថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន២០ដែលមានក្រុមអង្គការឧក្រិដ្ឋជនច្រើន។ របាយការណ៍បន្តថា បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ និងឧស្សាហកម្មខុសច្បាប់ផ្សេងទៀតធ្វើការរួមគ្នាដែលបានបង្កជាកង្វល់ធំមួយ។
របាយការណ៍ដដែលបង្ហាញថា កម្ពុជាបានពិន្ទុខ្ពស់លើសូចនាករមួយចំនួន ដូចជាការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងហិរញ្ញវត្ថុ ដែលសូចនាករខ្លះបានពិន្ទុ៨,៥ ក្នុងចំណោមពិន្ទុចំនួន១០។ កម្ពុជាក៏មានពិន្ទុខ្ពស់លើការជួញដូរគ្រឿងញៀន និងបទល្មើសសត្វព្រៃផងដែរ។
ពិន្ទុដែលកំណត់ថា ជាឧក្រិដ្ឋកម្មសកលគឺ៥,០៨ ហើយប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ ដូចជាមីយ៉ាន់ម៉ា (Myanmar) ឡាវ (Laos) ថៃ (Thailand) និងវៀតណាម (Vietnam) គឺមានពិន្ទុខ្ពស់ជាងនេះ។ សម្រាប់ពិន្ទុសម្រាប់សមត្ថភាពបង្ក្រាបគឺចាប់ពី ៤,៧៨ ឡើងទៅ ប៉ុន្តែកម្ពុជាបានត្រឹម ៣,៤៦ ដែលធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់។
កន្លងទៅ របាយការណ៍ស្ដីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិក បានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលកម្រិត៣ (Tier 3 Watch List) ដោយបង្ហាញថា កម្ពុជាមិនបានបំពេញតាមស្តង់ដារអប្បបរមារបស់ក្រសួង ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងមិនបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីដោះស្រាយរឿងនេះនោះឡើយ៕









