

អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អសមត្ថភាពក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់បរិមាណប្រេងនៅក្នុងប្រទេស ទើបសម្រេចផ្លាស់ប្ដូរយន្តការកំណត់តម្លៃប្រេងឥន្ធនៈមកត្រឹមរយៈពេលបីថ្ងៃម្តង។ អ្នកឃ្លាំមើលថា យន្តការបែបនេះ គឺជាការបោះបង់ចោលតួនាទីស្នូលរបស់រដ្ឋក្នុងការការពារស្ថិរភាពសេដ្ឋកិច្ចគ្រួសារពលរដ្ឋដោយសារការប្រែប្រួលតម្លៃប្រេងសកល។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី យល់ថា គោលនយោបាយនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអសមត្ថភាពរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការទប់ស្កាត់អតិផរណា តាំងពីមុនពេលមានវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាមកម្ល៉េះ ដែលធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាបន្តស្ថិតក្នុងកម្រិតខ្ពស់ជាងប្រទេសជិតខាងយ៉ាងខ្លាំង ដោយសារតែរដ្ឋាភិបាលនៅតែបន្តក្រាញននៀលពឹងផ្អែកលើការប្រមូលពន្ធដារខ្ពស់ពីប្រេងឥន្ធនៈដើម្បីបំពេញថវិកាជាតិ ជាជាងការស្វែងរកចំណូលពីប្រភពផ្សេង។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ រូបនេះបន្ថែមថា ភាពទន់ខ្សោយនៃអភិបាលកិច្ចនេះមិនត្រឹមតែធ្វើឱ្យរដ្ឋបាត់បង់ចំណូលជាតិរាប់លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់ និងការកេងចំណេញហួសហេតុពីសំណាក់ក្រុមហ៊ុនធំៗ ដែលមានខ្នងបង្អែកជិតស្និទ្ធនឹងអ្នកនយោបាយ ដែលពួកគេអាចធ្វើអ្វីៗបានតាមអំពើចិត្តដោយមិនខ្លាចញញើតច្បាប់។
លោក សេង វណ្ណលី៖ «ជារួម យន្តការថ្មីនេះ ផ្តល់អាទិភាពដល់ផលចំណេញរបស់បក្ខពួកក្រុមហ៊ុនប្រេងជាងសុខទុក្ខរបស់ប្រជាជន និងបង្ហាញ ពីភាពបរាជ័យ ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្តុកប្រេងយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃតម្លៃប្រេងពិភពលោក»។
ការថ្លែងកត់សម្គាល់របស់លោក សេង វណ្ណលី គឺបន្ទាប់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា បានប្រាប់សារព័ត៌មានក្នុងស្រុកថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង ដោយសារតែមានការប្រែប្រួលឆាប់រហ័សនៃតម្លៃប្រេងនៅលើពិភពលោក។
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៨ ខែមីនា បានកែប្រែតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ក្នុងតម្លៃ ៤ ៤០០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងតម្លៃ ៥ ១៥០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
ទាក់ទងទៅតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះដែរ នៅថ្ងៃទី៨ ខែមីនា សមត្ថកិច្ចចម្រុះ បានផាកពិន័យម្ចាស់ស្ថានីយប្រេងឥន្ធនៈ PEACE មួយកន្លែង នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន ៤លានរៀល ក្រោយរកឃើញថា ស្ថានីយមួយនេះ បានលក់ប្រេងក្នុងតម្លៃខ្ពស់លើសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម។
រីឯម្ចាស់ក្រុមហ៊ុនប្រេងឥន្ទនៈ ភីស លោក ទៀ ស្យាម ដែលជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានជូនដំណឹងតាមរយៈបណ្ដាញសង្គមរបស់លោកថា គ្រប់បណ្តាស្ថានីយ Peace បានបន្តរក្សាតម្លៃប្រេង ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបាននូវសេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។ លោកថា ក្រុមហ៊ុនរបស់លោក នឹងចាត់វិធានការលើស្ថានីយប្រេងឥន្ធនៈ Peace ណា ដែលលក់ប្រេងលើសតម្លៃកំណត់ ដោយសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។
ក្រុមអ្នកឃ្លាំមើលសង្គម ព្រមានថា តម្លៃប្រេងនៅលើពិភពលោករួមទាំងកម្ពុជាកំពុងហក់ឡើងថ្លៃខ្ពស់។ កាលណាតម្លៃប្រេងហក់ឡើងថ្លៃខ្ពស់ នោះវារុញច្រានឲ្យតម្លៃទំនិញផ្សេងៗទៀតឡើងថ្លៃទៅតាមនោះដែរ ដែលនេះជាផលវិបាកមួយ ធ្លាក់ទៅលើអ្នកប្រើប្រាស់។
ក្រុមអ្នកឃ្លាំមើលសង្គម អះអាងថា សម្រាប់កម្ពុជាដែលនាំចូលប្រេងពីសិង្ហបុរី វៀតណាម និងឥណ្ឌូណេស៊ី ដើម្បីរក្សាតម្លៃថាមពលឱ្យស្ថិតនៅតម្លៃសមរម្យ គឺរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែបង្កើតឃ្លាំងស្តុកប្រេងយុទ្ធសាស្ត្រផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើក្រុមហ៊ុនឯកជនដែលស្តុកទុកប្រេងបានត្រឹមតែ ១៥ ទៅ ២០ថ្ងៃ។
ចាប់តាំងពីមានជម្លោះរីករាលដាលនៅតំបន់ដើមបូព៌ា ការផលិត ការនាំចេញ និងការចែកចាយប្រេងឥន្ទនៈផ្គត់ផ្គង់លើទីផ្សារពិភពលោក បានជះផលអវិជ្ជមានដល់តម្លៃលក់នៃប្រេងឥន្ទនៈជាសាកល ពិសេសប៉ះពាល់ដល់ប្រទេសនាំចូលប្រេង ដែលរួមមានប្រទេសកម្ពុជាផងដែរ៕









