អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​ក្រសួងមហាផ្ទៃ​ដោះស្រាយ​បណ្តឹង​ដែល​មន្ត្រី​រាជការ​ប្ដឹង​មន្ត្រី​ដូចគ្នា និង​បណ្តឹង​ពលរដ្ឋ​ប្ដឹង​មន្ត្រី​របស់​ក្រសួង​មហាផ្ទៃ ដោយ​តម្លាភាព

0
21
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចូលរួមកិច្ចប្រជុំនៅថ្ងៃទី២៥ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ស សុខា
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចូលរួមកិច្ចប្រជុំនៅថ្ងៃទី២៥ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ស សុខា

អ្នកឃ្លាំមើល​សង្គម ជំរុញ​ឲ្យ​ក្រសួងមហាផ្ទៃ​ដោះស្រាយ​បណ្តឹង​ដែល​មន្ត្រីរាជការ ប្ដឹង​មន្ត្រី​ដូចគ្នា និង​បណ្តឹង​ពលរដ្ឋ​ដែល​ប្ដឹង​មន្ត្រី​របស់​ក្រសួងមហាផ្ទៃ លើ​ការ​ផ្តល់​សេវា​សាធារណៈ​មិន​បាន​ល្អ ដោយ​តម្លាភាព និង​មាន​យន្តការ​ការពារ​សុវត្ថិភាព​ខ្ពស់​ចំពោះ​ពលរដ្ឋ ដែល​ហ៊ាន​រាយការណ៍ ។ ការជំរុញ​បែបនេះ គឺ​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ នៃ​ការ​ទទួល​បណ្ដឹង​តាម​ប្រព័ន្ធ​អនឡាញ ជាង​០២​សប្តាហ៍ ហើយ​ទទួល​បាន​បណ្ដឹង​ជាង​៦០​បណ្ដឹង។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ទទួល​បណ្ដឹង​តាម​ប្រព័ន្ធ​អនឡាញ ជា​ជម្រើស​មួយ​ដ៏​ល្អ ហើយ​សង្ឃឹម​ថា រដ្ឋាភិបាល​និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​អាច​ប្រើប្រាស់​នៅ​ប្រព័ន្ធ​ថ្មី​នេះ​ដើម្បី​កែ​លម្អ​ភាព​ខ្វះ​ចន្លោះ​ដែល​មាន​កន្លងមក។

លោក សេក សុជាតិ បន្ថែម​ទៀត​ថា ចំពោះ​ការ​ប្ដឹង​ផ្ទៃក្នុង​រវាង​មន្ត្រី​និង​មន្ត្រី​គឺជា​រឿង​ចាំបាច់​ដែល​ត្រូវ​ដោះស្រាយ ពីព្រោះ​វា​គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​អំពើពុករលួយ ហើយក៏​ជា​បញ្ហា​មួយ​ដែល​គេ​មើល​ឃើញថា ការ​ប្រកាន់​បក្សពួក​ឬក៏​ការរើសអើង​កើតឡើង​នៅក្នុង​ស្ថាប័ន។

លោក សេក សុជាតិ៖ «ដូច្នេះ​នៅ​ត្រង់​ចំណុច​នេះ​រដ្ឋាភិបាល​ត្រូវ​ពិចារណា ហើយនឹង​ធ្វើការ​សិក្សា​លំអិត​ឡើងវិញ តើ​តួនាទី​ភារកិច្ច​និង​កាតព្វកិច្ច​ដែល​បាន​កំណត់​សម្រាប់​មន្ត្រី​នីមួយៗ​ដែល​អនុវត្ត​បាន​ល្អ​រឺ​អត់ ហើយ​បើសិនជា​រកឃើញ​ថា វា​ដូច​អ្វី​ដែល​ជា​ការ​ប្ដឹង​គួរតែ​អនុវត្ត​ដោយ​ស្មើភាព​និង​មាន​តម្លាភាព ហើយ​ជាពិសេស គឺ​ចាត់ចែង​កិច្ចការ​ទាំងអស់​ដើម្បី​ដោះស្រាយ​កុំ​ឱ្យ​មាន​បញ្ហា​ដែលៗ​កើតឡើង​នៅក្នុង​ស្ថាប័ន»។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត រូប​នេះ​បន្ថែម​ថា ចំពោះ​ពាក្យបណ្ដឹង​ផ្សេងៗ​ដែល​សាធារណជន​ប្តឹង ក៏​ត្រូវ​តែ​បើក​ការស៊ើបអង្កេត​ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព គណនេយ្យភាព ពីព្រោះ​វា​គឺជា​គោលដៅ​មួយ​ដែល​រដ្ឋាភិបាល​ចង់​កែ​លម្អ ដូច្នេះ​ត្រូវតែ​ធ្វើ​ដោយ​ស្មើភាព ពីព្រោះ​ការ​ប្រកាន់​បក្សពួក​ឬក៏​ការ​អនុវត្តន៍​ដោយ​ផ្អែក​តែ​ទៅលើ​ក្រុម​ឬក៏​ខ្សែ វា​នឹង ក្លាយទៅជា​ឧបសគ្គ​សម្រាប់​ការអនុវត្ត​ទៅវិញ។

ការ​អះអាង​របស់​ឃ្លាំមើល​សង្គម រូប​នេះ បន្ទាប់ពី​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បាន​លើកឡើង​ថា ក្រោយ​ការ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ នៃ​ការ​ទទួល​បណ្ដឹង​តាម​ប្រព័ន្ធ​អនឡាញ អស់​រយៈពេល​០២​សប្តាហ៍​កន្លងមក ក្រសួងមហាផ្ទៃ ទទួល​បាន​បណ្ដឹង​ជាង​៦០​បណ្ដឹង ក្នុង​ក្របខណ្ឌ​របស់​ខ្លួន ដោយមាន​ទាំង​ពលរដ្ឋ និង​មន្ត្រីរាជការ។

លោក ទូច សុឃៈ បន្ថែមទៀត​ថា បណ្ដឹង​ទាំង​ជាង​៦០​ដែល​អគារ​លេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ទទួល​បាន មាន​បណ្ដឹង​ពី​ពលរដ្ឋ​មាន​ប្តឹង​ពលរដ្ឋ​ដូចគ្នា ចំនួន​២៤​បណ្ដឹង ពលរដ្ឋ​ប្ដឹង​មន្ត្រីរាជការ នៃ​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ ចំនួន​០៦​បណ្ដឹង ពលរដ្ឋ​ប្ដឹង​អង្គភាព​ដែល​ឋិត​ក្រោម​រចនាសម្ព័ន្ធ​របស់​ក្រសួងមហាផ្ទៃ លើ​ការ​ផ្តល់​សេវា​សាធារណៈ​មិនបាន​ល្អ​ប្រសើរ​ចំនួន​០៣​បណ្ដឹង ករណី​មន្ត្រីរាជការ ប្ដឹង​មន្ត្រី​ដូចគ្នា ពាក់ព័ន្ធ​ការអនុវត្ត​តួនាទី​ភារកិច្ច​មិនបាន​ត្រឹមត្រូវ និង​រំលោភសិទ្ធិ​មន្ត្រី​ដូចគ្នា ចំនួន​០៣​បណ្ដឹង។

ទាក់ទង​ទៅនឹង​បញ្ហា​នេះ​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក​ សឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ទទួល​ពាក្យ​បណ្តឹង​តាម​អនឡាញរ​បស់​ក្រសួងមហាផ្ទៃ​នេះ គឺជា​រឿង​ល្អ​មួយ​ក្នុង​ការ​សម្រួល​ដល់​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​។ តែ​ប្រសិទ្ធភាព​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ មាន​ភាព​លឿន​រហ័ស​កម្រិត​ណា ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ឲ្យ​ទាន់ពេល​វេលា។

លោក សឹង សែនករុណា បន្ថែមទៀត​ថា ក្រសួង​គួរ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូ​រលំ​ទូលាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ពី​របៀប​ប្រើប្រាស់ និង​របៀប​បំពេញ​ពាក្យ​ក្នុង​ប្រព័ន្ធ​ពាក្យ​បណ្តឹង​តាម​អនឡាញ​នេះ​។ ហើយ​ក្រសួង​មហាផ្ទៃ​ក៏​គួរ​មាន​យន្តការ​ការពារ​សុវត្ថិភាព​ខ្ពស់​ចំពោះ​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ហ៊ាន​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​របស់​មន្ត្រីរាជការ។

លោក សឹង សែនករុណា៖ «ជា​បញ្ហា​នៅ​ពេល​ដែល​ការ​ដាក់​បណ្តឹង​នេះ​ធ្វើឡើង​តើ​នីតិ​វិធី​បន្ទាប់​ធ្វើ​យ៉ាងម៉េច អីចឹង​នៅពេល​ទទួល​ពាក្យ​បណ្តឹង​ត្រូវ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់​ជៀសវាង​អ្នក​ដែល​គាត់​មាន​បញ្ហា គាត់​មាន​រឿងរ៉ាវ​របស់​ខ្លួន​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ហើយ​បែរជា​មិន​មា​ចំណាត់ការ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​ទំនុក​ចិត្តនឹង​អាច​ទទួល​យក​បាន»។

ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ចេញ​សេចក្តី​ជូនដំណឹង​លើ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ​ទទួល​បណ្តឹង​អនឡាញ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Complain Submission System ( CSS ) ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ជួយ​ពន្លឿន​នីតិវិធី​ដោះស្រាយ និង​ឆ្លើយតប​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​សំដៅ​ដល់​ការ​ដោះស្រាយ​បណ្ដឹងតវ៉ា និង​បណ្តឹង​បរិហារ​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​សមត្ថកិច្ច​នឹង​សកម្មភាព របស់​មន្ត្រីរាជការ​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ និង​ដើម្បី​អង្កេត​ស្រាវជ្រាវ ស្វែងរក​យុត្តិធម៌ ភាព​ស្អាតស្អំ​ជូន​ភាគី​ពាក់ព័ន្ធ។

ទាក់ទង​នឹង​ភាព​អសកម្ម​របស់​មន្ត្រី​ដែល​បង្កើត​ឲ្យ​មាន​អំពើពុករលួយ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ចេញ​របាយការណ៍​ស្តីអំពី​អំពើពុករលួយ​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៦៣ ក្នុង​ចំណោម​ប្រទេស​សរុប ១៨២ នៅ​លើ​ពិភពលោក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ