អតិថិជន ហួយវ័ន ផេ មួយចំនួន​រង់ចាំ​ក្រុមហ៊ុន​បើក​ទ្វា​ឡើងវិញ ដើម្បី​ដក​លុយ​ចេញ​ពី​គណនី

0
123
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA

អតិថិជន​ក្រុមហ៊ុន​ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ មួយចំនួន​នៅតែ​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់ និង​រង់ចាំ​ក្រុមហ៊ុន​បើក​ដំណើរការ​ឡើងវិញ ដើម្បី​ដក​លុយ​ចេញ​គណនី។ មក​ដល់​ពេល​នេះ​សហប្រធាន​ក្រុមហ៊ុន ហួយវ័ន ផេ គឺ​លោក ហ៊ុន តូ និង​អ្នក​ពាក់ព័ន្ធ​ធំៗ​នៅ​តែ​មាន​សេរីភាព ទោះបីជា​ធនាគារជាតិ​នៃ​កម្ពុជា​ចោទ​ថា ក្រុមហ៊ុន ហួយវ័ន ផេ ខុសច្បាប់ និង​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ​ក៏ដោយ។

អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ មួយចំនួន​ទោះបីជា​ជួប​ការពិបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃក្រោយ​ក្រុមហ៊ុន​បង្កក​លុយ ពួកគាត់​នៅតែ​បន្ត​រង់ចាំ​ឱ្យ​ក្រុមហ៊ុន​ដំណើរការ​ឡើងវិញ ដើម្បី​អាច​ដក​លុយ​ចេញពី​គណនី​យក​ប្រើប្រាស់។

អតិថិជន​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ ខែធ្នូ​ថា កញ្ញា​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ប៉ុន្តែ​កញ្ញា​មិន​ទាន់​បាន​យក​ឯកសារ​ពាក់ព័ន្ធ​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា​នៅឡើយ​។ កញ្ញា​ថា មូលហេតុ​ដែល​មិនបាន​យក​ភស្តុតាង និង​ឯកសារ​នានា​ទៅ​ស្វែងរក​ធនាគារជាតិ​ឱ្យ​ជួយ​ដោះស្រាយ ដោយសារតែ​កញ្ញា​រំពឹង​ថា ក្រុមហ៊ុន​នឹង​ដំណើរ​ឡើងវិញ។

ស្រដៀង​គ្នា​នេះ​ដែរ អតិថិជន​ម្នាក់ទៀត​កញ្ញា លីលី ក៏​រង់ចាំ​ដោះស្រាយ​ពី​ក្រុមហ៊ុន ដោយ​រំពឹង​ថា ក្រុមហ៊ុន​នឹង​ដំណើរការ​ឡើងវិញ ហើយ​អាច​ដក​លុយ​ចេញពី​គណនី។

កញ្ញា លីលី៖ «ខ្ញុំ​អត់​បាន​ដាក់​ពាក្យបណ្ដឹង​ទេ​បង​អើយ ដោយសារតែ​ខាង​ក្រុមហ៊ុន​គេ​ប្រកាស​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៦ គេ​បើក​ដំណើរការ​វិញ​អ៊ីចឹង»។

អតិថិជន​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ដែល​ប្រើប្រាស់​សេវាកម្ម ហួយវ័ន ផេ ភាគច្រើន​ជា​អ្នកធ្វើការ​ជាមួយ​ជនជាតិ​ចិន និង​ជា​ភ្នាក់ងារ​ដូរ​លុយ ហួយវ័ន ផេ។ អតិថិជន ហួយវ័ន ផេ ភាគច្រើន​នៅតែ​ស្ទាក់ស្ទើរ​ក្នុង​ការ​ដូរ​លុយ​តាម​ភ្នាក់ងារ​ដោយសារ​សេវាកម្ម​ដូរ​លុយ​ថ្លៃ ខណៈ​អាជីវករ​បរទេស​ភាគ​ច្រើន​ជា​ជនជាតិ​ចិន បាន​ត្អូញត្អែរ​បញ្ហា​ដក​លុយ​មិនបាន និង​បារម្ភ​ខ្លាច​បាត់​លុយ​ចេញពី​គណនី។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​៤ ខែ​ធ្នូ ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ដោយ​ទុក​ពេល​ឱ្យ​អតិថិជន ១០​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៩ ខែធ្នូ ដោយ​ស្នើ​ឱ្យ​អតិថិជន​ដែល​មិនទាន់​ទទួល​បាន​លុយ ឬ​មិនអាច​ដក​ប្រាក់​ចេញពី​គណនី ហួយវ័ន ផេ យក​ឯកសារ​ភស្តុតាង​នានា មកកាន់​ធនាគារជាតិ។

ទោះបីជា​អតិថិជន​មួយចំនួន​រំពឹង​ថា ក្រុមហ៊ុន​ដំណើរ​ឡើងវិញ និង​អាច​ដក​លុយ​ចេញពី​គណនី​ក៏ដោយ​សេចក្ដីប្រកាស​ព័ត៌មាន​ក្រុមហ៊ុន ហួយវ័ន ផេ កាលពី​ថ្ងៃទី​១ ខែធ្នូ ក្រុមហ៊ុន​នឹង​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៦ ហើយ​ប្រតិបត្តិ​ការ​ដក​សាច់ប្រាក់​របស់​អតិថិជន​ក្រុមហ៊ុន​កំណត់​ឱ្យ​អតិថិជន​ដក​តាម​ចំនួន​ដែល​ក្រុមហ៊ុន​បាន​កំណត់។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១១ ខែ​ធ្នូ។

មក​ដល់​ពេលនេះ​សហប្រធាន​ក្រុមហ៊ុន ហួយ​វ័ន គ្រុប គឺ​លោក ហ៊ុន តូ និង​អ្នក​ពាក់ព័ន្ធ​ធំៗ​នៃ​ក្រុមហ៊ុន​នេះ​នៅ​តែ​មាន​សេរីភាព និង​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​។ លើស​ពី​នេះ​ក្រុមហ៊ុន​ក៏​នឹង​ប្រកាស​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន បើ​ទោះបី​ជា​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចោទ​ក្រុមហ៊ុន​នេះ​ថា ខុសច្បាប់ និង​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន លោក ហ៊ុន តូ ជា​ស្ថាពរ​ក៏ដោយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ចោទ​ធនាគារជាតិ​នៃ​កម្ពុជា​ថា ឃុបឃិត​ជាមួយ​ក្រុមហ៊ុន លោក ហ៊ុន តូ ដើម្បី​ឱ្យ​បន្ត​អាជីវកម្ម​លាងលុយកខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ដើម្បី​បាន​លុយ​ចិញ្ចឹម​អំណាច​ផ្ដាច់ការ​រដ្ឋាភិបាល​ត្រកូល ហ៊ុន។

លោក គឹម សុខ៖ «ហួយវ័ន ផេ របស់​ឧកញ៉ា ហ៊ុន តូ គឺជា​ក្រុមហ៊ុន​លាងលុយកខ្វក់​យ៉ាង​ងាយៗ​នៅ​ប្រទេស​កម្ពុជា​រហូត​ទល់​តែ​សហគមន៍​អន្តរជាតិ និង​សហរដ្ឋអាមេរិក​រក​ឃើញ​អំពី​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់​ហ្នឹង​។ ក្រុមហ៊ុន​នេះ​នៅតែ​បន្តសកម្មភាព​លាង​លុយ​ដដែល បើ​ទោះបី​ជា​មាន​ការ​ដក​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​។ ធនាគារជាតិ​ដក​អាជ្ញាប័ណ្ណ​ក៏​ពិត​មែន ប៉ុន្តែ​មិន​ចាត់ការ​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់​របស់​ក្រុមហ៊ុន ហួយ​វ័ន ផេ ទេ​។ ដូច្នេះ ហួយវ័យ ផេ គឺជា​ក្រុមហ៊ុន លាងលុយកខ្វក់ ឬ​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​របស់​ក្រុម​គ្រួសារ ហ៊ុន មិនមែន​ត្រឹម​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ហ៊ុន តូ នោះ​ទេ»។

ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួយប្រុស​បង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​ប្រកាស​ផ្អាក​អាជីវកម្ម​ទាំងអស់​របស់​ខ្លួន​បណ្ដោះ​អាសន្ន និង​បង្កក​លុយ​អតិថិជន ក្រោយ​សហរដ្ឋអាមេរិក (US) និង​ចក្រភព​អង់គ្លេស (UK) បាន​ដាក់​ទណ្ឌកម្ម​ដោយ​ដាក់​ក្នុង​បញ្ជីខ្មៅ​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ​មាន​ប្រតិបត្តិ​ការទាក់ទង​នឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អាមេរិក និង​អង់គ្លេស​។ ក្រុមហ៊ុន ហួយ​វ័ន ផេ គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) ដែល​បាន​បង្កើត​ទីផ្សារ​អនឡាញ​ជាច្រើន​ទៀត និង​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ ប្រើប្រាស់​នូវ​ទិន្នន័យ បច្ចេកវិទ្យា និង​សេវាកម្ម​លាងលុយកខ្វក់​បាន​។ ក្រសួង​រតនាគារ​អាមេរិក​រក​ឃើញ​ថា ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២១ មក​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ និង​បណ្ដាញ​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​បាន​ជួយ​លាងលុយកខ្វក់​ចំនួន​យ៉ាងតិច ៤​ពាន់​លាន​ដុល្លារ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ក្រុម​ចោរ​បច្ចេកវិទ្យា​របស់​កូរ៉េខាងជើង (North Korea) និង​ក្រុម​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ