

ថ្ងៃទី១៩ ខែកុម្ភៈ តុលាការក្រុងសេអ៊ូល បានសម្រេចកាត់ទោសអតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក យុន សុខយ៉ុល (Yoon Suk Yeol) ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងការប្រកាសចេញច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។
តុលាការ បានសន្និដ្ឋានថា ការប្រកាសចេញច្បាប់អាជ្ញាសឹកនោះ ជាការរំលោភលើរដ្ឋធម្មនុញ្ញ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ប្រជាធិបតេយ្យ។ តាមការចោទប្រកាន់ លោកបានបញ្ជាកងកម្លាំងយោធា និងប៉ូលិស ដើម្បីរាំងស្ទះការប្រជុំរបស់សភា និងព្យាយាមគ្រប់គ្រងស្ថានការណ៍នយោបាយដោយប្រើកម្លាំងប្រដាប់អាវុធរបស់រដ្ឋ។
ការប្រកាសអាជ្ញាសឹកត្រូវបានលុបចោលក្នុងរយៈពេលប្រមាណប្រាំមួយម៉ោង បន្ទាប់ពីសមាជិកសភាបានប្រជុំបន្ទាន់ និងបោះឆ្នោតប្រឆាំង។
អ្នកវិភាគមើលឃើញថា ការកាត់ទោសនេះ បង្ហាញពីសមត្ថភាពនៃប្រព័ន្ធតុលាការ ក្នុងការអនុវត្តច្បាប់លើមេដឹកនាំកំពូល ទោះបីជាអតីតប្រធានាធិបតីក៏ដោយ។
បើប្រៀបធៀបជាមួយកម្ពុជា បញ្ហាធំមួយគឺសំណួរអំពីភាពឯករាជ្យនៃស្ថាប័នតុលាការ និងការបែងចែកអំណាច។ នៅកម្ពុជា មិនធ្លាប់មានករណីដែលមេដឹកនាំកំពូលត្រូវបានស៊ើបអង្កេត ឬផ្ដន្ទាទោសពាក់ព័ន្ធនឹងការប្រើអំណាចនយោបាយឡើយ។ ស្ថាប័នតុលាការ និងស្ថាប័នអនុវត្តច្បាប់ តែងតែត្រូវបានចោទប្រកាន់ថា ស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុនទាំងស្រុង។
សរុបមក ករណីនៅកូរ៉េខាងត្បូង មិនមែនត្រឹមតែជាបទពិសោធន៍ផ្ទៃក្នុងរបស់ប្រទេសនោះទេ ប៉ុន្តែជាការលើកសំណួរធំមួយសម្រាប់ប្រទេសផ្សេងៗ អំពីនីតិរដ្ឋ និងភាពទទួលខុសត្រូវរបស់មេដឹកនាំនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ៕









