

មេដឹកនាំសហជីព និងក្រុមកូដករណាហ្គាវើលដ៍ (Naga World) អះអាងថា កម្ពុជាកំពុងតែទទួលរងនូវភាពអយុត្តិធម៌ និងការឈឺចាប់ក្រោយថៃបានលើកទ័ពចូលឈ្លានពានកម្ពុជាហើយថែមទាំងព្រមានកម្ពុជាមិនឱ្យនិយាយថា ថៃឈ្លានពានកម្ពុជាទៀត។ ពួកគាត់ថា ការព្រមានរបស់ថៃនៅពេលនេះ គឺដូចទៅនឹងក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានប្រព្រឹត្តអំពើអយុត្តិធម៌លើក្រុមកូដករ ហើយរដ្ឋាភិបាលនិងក្រុមហ៊ុនបែរជាបានធ្វើទុក្ខបុកម្នេញលើក្រុមកូដករនៅពេលពួកគាត់ចេញតវ៉ារកយុត្តិធម៌អស់រយៈពេលជាង ៤ឆ្នាំនេះទៅវិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ៤ឆ្នាំនៃកូដកម្មនៅណាហ្កាវើលដ៍ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានអះអាងថា រយៈពេល៤ឆ្នាំមកនេះ វិវាទការងាររវាងក្រុមកូដករនិងក្រុមហ៊ុនបនល្បែងមួយនេះនៅមិនទាន់ត្រូវបានដោះស្រាយចេញនៅឡើយ សូម្បីតែមួយចំណុចនៃការទាមទាររបស់កម្មករនិយោជិត។
កញ្ញា ឈឹម ស៊ីថរ អះអាងថា ក្រុមកូដករមិនត្រឹមតែមិនទទួលបានដំណោះស្រាយសមរម្យពីក្រសួងការងារ និងរដ្ឋាភិបាលនោះទេ ក្រុមកូដករដែលភាគច្រើនសុទ្ធសឹងជាស្ត្រី តែងតែរងនូវការបង្ក្រាបដោយអំពើហិង្សា និងការបៀតបៀនពីសំណាក់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលបណ្តាលឲ្យកូដករជាច្រើននាក់បានរងរបួសស្នាមលើរាងកាយ បែកហូរឈាមលើដងផ្លូវសាធារណៈ ព្រមទាំងធ្វើឲ្យកូដករស្ត្រីម្នាក់រលូតកូនបើទោះជាមានការស្រែកប្រាប់ថា គាត់កំពុងមានផ្ទៃពោះក្តី។
កញ្ញា ឈឹម ស៊ីថរ៖ «ប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់គឺមានអារម្មណ៍អយុត្តិធម៌បំផុតពីការឈ្លានពានរបស់ថៃមែនទេ? បងប្អូនគេឈ្លានពានយើងហើយគេមិនឲ្យយើងនិយាយថា គេឈ្លានពានយើងទៀត អីក៏ម៉្លេះៗ ឈ្លានពានក៏ដល់ថ្នាក់ហ្នឹង ហើយឥឡូវកាន់កាប់ស្រុកភូមិរបស់គេដល់ថ្នាក់ហ្នឹងហើយ មកហាមមិនឲ្យនិយាយប្រើភាសាថា អ្នកឯងឈ្លានពានខ្ញុំទៀត ហីចុះអ្នកឯងក៏ម៉េះៗ យើងទទួលអារម្មណ៍អយុត្តិធម៌ហ្នឹងទេអ្នកទាំងអស់គ្នា ទាំង១៧លាននាក់ហ្នឹង ខ្ញុំចង់សួរថាមានអារម្មណ៍អយុត្តិធម៌ហ្នឹងទេ ហ្នឹងហើយគឺជាអារម្មណ៍អយុត្តិធម៌ពួកយើងរយៈពេល៤ឆ្នាំហ្នឹង»។
កញ្ញា ឈឹម ស៊ីថរ បានបន្ថែមថា អស់រយៈពេល បួនឆ្នាំមកហើយ ដែលនិទ្ទណ្ឌភាពនៅតែត្រូវបានអនុវត្តលើនិយោជកចំពោះការរំលោភច្បាប់ការងារ និងការបរាជ័យក្នុងការអនុវត្តច្បាប់របស់រដ្ឋាភិបាលក្នុងការការពារសិទ្ធិការងាររបស់កម្មករនិយោជិត និង សេរីភាពសហជីព។ កម្មករនិយោជិតតែងតែរងការបំភិតបំភ័យ គម្រាមកំហែងតាមគ្រប់រូបភាព តែទោះជាយ៉ាងណាក្រុមកូដករនឹងនៅតែបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយសមរម្យ។
កញ្ញា ឈឹម ស៊ីថរ ដែលធ្លាប់ជាប់ពន្ធនាគារចំនួនពីរលើកដោយសារចេញមុខទាមទាររកយុត្តិធម៌ឱ្យកូដករបាន គូសបញ្ជាក់បន្ថែមទៀតថា ក្រុមកូដករទាមទារឲ្យរដ្ឋាភិបាលផ្តល់នូវដំណោះស្រាយ ដោយទម្លាក់ចោលរាល់បទចោទប្រកាន់ និងទទួលយកថ្នាក់ដឹកនាំសហជីព សកម្មជន ព្រមទាំងសមាជិកសហជីពទាំងអស់ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយខុសច្បាប់ឱ្យចូលធ្វើការវិញ និង ទូទាត់ប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។ រដ្ឋាភិបាលក៏ត្រូវដាក់កំហិតឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវគោរពច្បាប់ការងារ សេរីភាពសហជីព និងចរចាជាមួយតំណាងសហជីព(LRSU) លើរាល់បញ្ហារបស់កម្មករ។ លើសនេះពីនេះ ក្រុមហ៊ុនត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហជីព និងការគំរាមកំហែងគ្រប់ទម្រង់មកលើកម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក សឹង សែនករុណា បានឲ្យដឹងថា ក្រុមកូដករបានធ្វើការទាមទារគឺទៅតាមផ្លូវច្បាប់ ប៉ុន្តែការទទួលខុសត្រូវរបស់ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាលទៅវិញទេ ដែលមានហ៊ានអនុវត្តតួនាទីដើម្បីរកយុត្តិធម៌ទៅដល់ក្រុមកូដករ ប៉ុន្តែបែរជាមានការចោទប្រកាន់កូដករថា ជាក្រុមបដិវត្តន៍ពណ៌ដែលមានបរទេសនៅពីក្រោយទៅវិញ។
លោក សឹង សែនករុណា៖ «អ្វីដែលយើងរកឃើញការពិតពីក្រោយខ្នងនោះគឺគ្រួសារមេដឹកនាំទៅវិញទេដែលជាប់ពាក់ព័ន្ធនៅក្នុងជំនួញរបស់ណាហ្គាវើលដ៍ ទទួលបានផលប្រយោជន៍ពីណាហ្គាវើលដ៍ហ្នឹងឯងដែលជាហេតុមិនរកដំណោះស្រាយជូនទៅដល់ក្រុមអ្នកដែលទាមទារពីការរំលោភបំពានសិទ្ធិការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍»។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបជាមួយកម្មករក្នុងខេត្តកណ្តាល មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន លើកឡើងថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ មានអ្នកជួលនៅពីក្រោយខ្នងឱ្យកម្មករទាំងនោះធ្វើបាតុកម្ម។ លោកអំពាវនាវឱ្យអង្គការបរទេសដែលផ្តល់លុយកាក់សម្រាប់កូដករ ដែលនៅសេសសល់ ដកខ្លួនចេញ ព្រោះថា លោកបានដឹងអស់ហើយ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រៅតែពីបានចាប់ប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ និងប្តឹងផ្តល់ក្រុមកូដករផ្សេងទៀតទៅតុលាការ រដ្ឋាភិបាលមិនដែលបង្ហាញឈ្មោះ ឬធ្វើការចោទប្រកាន់ទៅលើស្ថាប័នបរទេសណាមួយទៅតុលាការនោះឡើយ។
រហូតដល់ពេលនេះ មានរយៈពេលជាង៤ ឆ្នាំហើយដែលកូដករក្រុមហ៊ុនណាហ្គាវើលដ៍បានចេញតវ៉ារកយុត្តិធម៌វិវាទការងារ ប៉ុន្តែ វិវាទនេះនៅតែគ្មានដំណោះស្រាយដដែល ខណៈកញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ ២០២២ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីបានដឹកនាំការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ទាមទារឲ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទទួលយកបុគ្គលិកជាច្រើនរយនាក់ចូលធ្វើការវិញ និងផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដល់បុគ្គលិក ដែលត្រូវបានបណ្តេញចេញពីការងារទាំងបង្ខំ។ កញ្ញាត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែមីនា ឆ្នាំ២០២២ ប៉ុន្តែអាជ្ញាធរបានចាប់ខ្លួនកញ្ញា ដាក់ពន្ធនាគារជាថ្មីកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលកញ្ញាត្រឡប់មកពីប្រទេសអូស្ត្រាលី ដោយចោទកញ្ញាពីបទរំលោភលើលក្ខខណ្ឌស្ថិតនៅក្រៅឃុំ។ កញ្ញាត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានអនុវត្តទោសចប់អស់រយៈពេល ២ឆ្នាំ ក្នុងពន្ធនាគារ៕









