

តុលាការកំពូលសម្រេចបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងពន្ធនាគារដដែល។ គ្រួសារ និងសង្គមស៊ីវិលសោកស្ដាយ និងរិះគន់ចំពោះការបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងបីនាក់ជិត២ឆ្នាំ បើទោះជាតុលាការថ្នាក់ក្រោមមិនទាន់សម្រេចសេចក្ដីថា ពួកគេមានទោស។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សេង នាង នៅថ្ងៃទី០២ ខែកុម្ភៈ អះអាងថា ការមិនដោះលែងសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ពីព្រោះបណ្ដឹងសាទុក្ខដែលពួកគេបានប្តឹងមកកាន់តុលាការកំពូលនេះ គឺផ្ទុយនឹងមាត្រា ៣៨៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ លោក សេង នាង អះអាងថា បណ្ដឹងនេះ បានផុតរយៈពេលកំណត់នៃការប្ដឹងជំទាស់ ដូច្នេះការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី១៥ ខែធ្នូ ជារឿងត្រឹមត្រូវ។
ក៏ប៉ុន្តែមេធាវីការពារក្តីឱ្យសកម្មជនទាំងបីលោក អែម ចន្ថា ចាត់ទុកការឃុំខ្លួនកូនក្ដីរបស់លោកជិត ២ឆ្នាំដោយគ្មានសាលក្រមផ្ដន្ទាទោសនៅឡើយ កំពុងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគាត់។
លោកមេធាវី អែម ចន្ថា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២ ខែកុម្ភៈថា កូនក្ដីរបស់លោកបានសន្យានៅចំពោះមុខចៅក្រមថា នឹងចូលរួមសវនាការគ្រប់នីតិវិធី ប៉ុន្តែលោកសោកស្ដាយ ដែលតុលាការនៅតែ សម្រេចមិនអនុញ្ញាតឲ្យពួកគាត់នៅក្រៅឃុំ។
លោក អែម ចន្ថា៖ «វាប៉ះពាល់ដល់គោលការណ៍ ដែលត្រូវ មិនបានសន្មតទុកជាមុនថា មានទោស បើគាត់មិនទាន់កាត់ថា មានទោសផង ហើយការឃុំខ្លួនគាត់ជិត២ ឆ្នាំហើយ ហើយទោសរបស់គាត់ បទចោទទាំងអស់នេះ ទោសអតិបរិមា គឺត្រឹម ២ ឆ្នាំទេ។ អ៊ីចឹងទោះបីជាថា ការប្ដឹងរបស់យើងខ្ញុំផុតនីតិវិធីអីក៏ដោយ ប៉ុន្តែផ្ទុយ ទៅវិញយើងស្នើសុំ ត្រឡប់ទៅវិញ ស្នើសុំតុលាការជាពិសេស សាលាដំបូងពិចារណា បើសិនជាអាចដោះលែងពួកគាត់ឲ្យចៅក្រៅឃុំទៅ ហើយយើងបន្តក្នុង ការសវនាការតាមការកំណត់រៀងរាល់សប្ដាហ៍មួយអាទិត្យម្ដងៗរៀងរាល់ថ្ងៃពុធ ទៅ ព្រោះជៀសវាងមិនទាន់សម្រេចសេចក្ដីផង ដាក់ទោសគាត់គ្រប់ហើយអ៊ីចឹង»។
បងស្រីរបស់កញ្ញា ភឹង សោភា គឺកញ្ញា ភឹង សុភ័ណ្ឌ សោកស្ដាយចំពោះការសម្រេចរបស់តុលាការជាន់ខ្ពស់ ក៏ប៉ុន្តែកញ្ញាអះអាងថា នឹងបន្តតាមដានសវនាការអង្គសេចក្ដី នៅសាលាដំបូងនៅពេលខាងថ្ងៃមុខនេះ។
កញ្ញា ភឹង សុភ័ណ្ឌ៖ «វារយៈពេលយូរ ១៨ ខែជាង អ៊ីចឹងអាចមានអារម្មណ៍ថា ទន្ទឹងរង់ចាំពួកគាត់។ អ៊ីចឹងហើយអារម្មណ៍ស្ដាប់ព្រឹកមិញនេះ វាជាអារម្មណ៍ដែលពិបាក រៀបរាប់ដូចគ្នា ព្រោះអាចថា ជាការទន្ទឹងរង់ចាំសវនាការថ្ងៃនេះ យូរដែរ។ អ៊ីចឹងអារម្មណ៍ព្រឹកមិញ ហាក់ដូចជា និយាយអត់ចេញ និយាយអត់ត្រូវ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក រស់ សារ៉ាត់ លើកឡើងថា តុលាការគួរពិចារណាដោះលែងពួកគាត់ឲ្យមានសេរីភាពវិញ ពីព្រោះការឃុំខ្លួនពួកគាត់ទាំងមិនទាន់សម្រេចថា មានទោសនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់សកម្មជនទាំងបីនាក់។
លោក រស់ សារ៉ាត់៖ «ខ្ញុំយល់ថា តុលាការគួរតែពិចារណា ដោះលែងពួកគាត់ឲ្យមានសេរីភាពសិន ហើយចាំរកបន្តទៀតទៅថា បើមានទោស ត្រូវចាប់មកដាក់ទោសវិញ ក៏តាមការសម្រេចរបស់តុលាការ ប៉ុន្តែបើសិនរកមិនមានទោសទេ។ សំណួរ សួរថា គាត់ឃុំខ្លួនមកដល់ពេលនេះ អស់រយៈពេលជាង ១ ឆ្នាំកន្លះ ហើយ តើអ្នកណាគេ ជាទទួលខុសត្រូវ ចំពោះករណីរបស់គាត់ហ្នឹង»។

សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសចំនួន ៣នាក់រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធិ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចាប់ឃាត់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់ពីបទញុះញង់ពាក់ព័ន្ធនឹងការបញ្ចេញមតិការបញ្ចូលខេត្តចំនួន ៤ របស់ប្រទេសកម្ពុជា រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ទៅក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ជាមួយប្រទេសឡាវ និងវៀតណាម (CLV-DTA)។ ទោះជាយ៉ាងណាក្រោយការតវ៉ារបស់ពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេសរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍ត្រីភាគីនេះវិញ ប៉ុន្តែរដ្ឋាភិបាលមិនព្រមដោះលែងពលរដ្ឋជាប់ពន្ធនាគារដោយសារការបញ្ចេញមតិពីបញ្ហានេះឡើយ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ដែលដានតាមសវនាការសំណុំរឿងនេះ រិះគន់តុលាការ ដែលបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លោកបន្តថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណជាមួយប្រទេសឡាវ និងវៀតណាម រដ្ឋាភិបាល បានលុបចោលវិញហើយ ដូច្នេះ តុលាការ គួរទម្លាក់ចោលបទចោទប្រកាន់លើពួកគាត់។
លោក យី សុខសាន្ត៖ «វាអាក្រក់មើលណាស់ បើយើងមើលទៅឃុំខ្លួនគាត់ជិត ប្រហែលជាង២ ភាគ ៣ ហើយ មិនទាន់បានបើកសវនាការ បើរកមិនឃើញទេ ដោះលែងគាត់ទៅ ឲ្យគាត់មានសេរីភាព វាល្អជាជាងឃុំគាត់ទុកវា មិនបានស្មើនឹងពួកឆបោកតាមអនឡាញផង។ បើយើងមើលឆបោកតាមអនឡាញ គេចាប់តែមេ ទេ អាអ្នកដៃដល់ម៉ាគគោក អាអ្នកបោកម៉ាគគោកគេដោះលែង វាមិនហ៊ានធ្វើអី គេ ចាប់បញ្ជូន ហើយពួកគាត់គ្រាន់តែធ្វើការងារសង្គម គ្រាន់តែតិះទៀនស្ថាបនា ប៉ុណ្ណឹង រឿងអីទៅចោទប្រកាន់គាត់ ដាក់គុកដាក់ទោសមកលើពួកគាត់។ នេះ ដែលជាការស្នើសុំរបស់អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស»។
អ្នកឃ្លាំមើល លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាប់ខ្លួនពលរដ្ឋ សកម្មជនសង្គម និងសកម្មជនគណបក្សប្រឆាំង ដែលមានមតិផ្ទុយដាក់ពន្ធនាគារទាំងអយុត្តិធម៌។
ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលត្រកូលហ៊ុន បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកដែលបញ្ចេញមតិពីបញ្ហាសង្គម បូរណភាពទឹកដី ហើយត្រូវដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ ដើម្បីបង្ហាញពីឯកភាព និងសាមគ្គីភាពជាតិ ទប់ទល់នឹងបរទេសឈ្លានពានទឹកដីកម្ពុជា៕









