គ្រួសារ​ចាត់ទុក​ការសម្រេច​របស់​តុលាការ​កំពូល​បន្ត​ឃុំខ្លួន​សកម្មជន​បរិស្ថាន​ជា​ការ​បំបាក់ទឹកចិត្ត​យុវជន

0
41
សកម្មជននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា​(ឆ្នេង រូបក្រោយ) និង​កញ្ញា ភួន កែវរស្មី ពេលត្រូវបាននាំមកស្ដាប់សាលដីកាតុលាការកំពូល នៅ​ថ្ងៃទី២ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សកម្មជននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា​(ឆ្នេង រូបក្រោយ) និង​កញ្ញា ភួន កែវរស្មី ពេលត្រូវបាននាំមកស្ដាប់សាលដីកាតុលាការកំពូល នៅ​ថ្ងៃទី២ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តុលាការ​កំពូល សម្រេច​បន្ត​ឃុំខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥ នាក់​នៅ​ពន្ធនាគារ ដោយ​ចាត់ទុក​ការសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ថា ជា​រឿង​ត្រឹមត្រូវ​។ គ្រួសារ​ចាត់ទុក​ការសម្រេច​របស់​តុលាការ​កំពូល​នេះ​ជា​ការ​បំបាក់ទឹកចិត្ត​យុវជន។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល បាន​ច្រានចោល​សំណើសុំ​ដោះលែង សកម្មជន​មាតា​ធម្មតា​ជាតិ​ទាំង ៥ នាក់ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​បន្ត​ឃុំខ្លួន​ពួកគេ​នៅ ក្នុង​ពន្ធនាគារ ក្រោម​បទ​ប្រកាន់ «​រួមគំនិត​ក្បត់​» និង «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​»​។​

ការប្រកាស​សាលដីកា​នៅ​ថ្ងៃទី​០២ ខែមីនា​នេះ សមត្ថកិច្ច​មិនបាន​ដឹក​សកម្មជន​មាតា​ធម្មជាតិ​កញ្ញា ឡុង គន្ធា និង លោក លី ចាន់ដារ៉ាវុត មក​ចូលរួម​ឡើយ។

ឪពុក​របស់​លោក យីម លាងហ៊ី គឺ​លោក ឡូយ យីម ដែល​បាន​ទៅ​ស្ដាប់​ការប្រកាស​សាលដីកា ខកចិត្ត​ចំពោះ​តុលាការ​កំពូល ដែល​បដិសេធ​សំណើ​កូនប្រុស​របស់​លោក និង​សកម្មជន​មាតា​ធម្មជាតិ ៤ នាក់​ទៀត។

លោក ឡូយ យីម៖ «ចោទ​នឹង​ដូច​ថា​មាន​កំហឹង​ឈឺចាប់​តូចចិត្ត​ហ្នឹង យុវជន​ដែល​គ្នា បាន​ខំធ្វើការ​ហើយ មាន​ទាំង​ពាន​ពិភពលោក​គេ​ឲ្យ​ហើយ ផ្ដល់​ហើយ​ដូច​ថា មិន​នៅ​លើកទឹកចិត្ត​គ្នា បែរជា​ចាប់កំហុស​គ្នា​។ អ៊ីចឹង​បាន​ន័យថា ធ្វើ​នឹង​បំបាក់​ទឹក ចិត្ត​យុវជន បំបិទមាត់​យុវជន​អ៊ីចឹង មិនល្អ​ទេ បើ​ប្រទេស​ប្រជាធិបតេយ្យ លទ្ធិប្រជាធិបតេយ្យ យើង​ធ្វើតាម​រដ្ឋធម្មនុញ្ញ​ចែង​ម៉េច ធ្វើតាម​ហ្នឹង​ទៅ អត់​មានអី​លើសខ្វះ​សោះ​ហើយ»។

លោក​បន្ត​ថា ទោះបីជា​ឪពុកម្ដាយ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​និង​កូន​ប្រពន្ធ​លោក យី​ម លាង​ហ៊ី ជួប​ទុក្ខ លំបាក​ខ្លាំង លោក​នៅតែ​គាំទ្រ​កូន ពីព្រោះ​សកម្មភាព​ដែល​កូនប្រុស​របស់ លោក​បាន​ធ្វើ​កន្លងមក មិនបាន​ខុសច្បាប់​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ។

លោក ឡូយ យីម៖ «​នៅតែ​គាំទ្រ​កូន​ជានិច្ច​អ៊ីចឹង អត់​មាន​ថា កូន ថា​កូន​ឯង​ធ្វើ​អ៊ីចឹង ខុស​អី ឲ្យ​តែ​កូន​មាន​ឧត្ដម​គិត ស្នេហា​ជាតិ​មាតុភូមិ​ច្បាស់លាស់ ខ្ញុំ​នៅ​គាំទ្រ​កូន​ខ្ញុំ ជា​ដរាប​។ សុខភាព​ខ្ញុំ គឺ​ដាក់​រំហ្ស័​រ​ពីរ បេះដូង អ៊ីចឹង​ការ​ព្យាបាល​ថ្នាំ អត់​មាន​ដាច់​ថ្ងៃ​ណា​ទេ បើ​ដាច់​អាច​ធ្វើ​ទុក្ខ អ៊ីចឹង​អត់​ប្រហែស​ទេ​។ ចំពោះ​ភរិយា​ខ្ញុំ គាត់​មាន​ជំងឺ មហារីក ដំណាក់កាល​ទី​៣ ឥឡូវ​គាត់​ចូល​តែ​ដាំបាយ ក៏​ដាំ​លែងកើត​ដែរ​។ ខ្ញុំ​ក៏​ចូល ដាំ​ជំនួយ​ហើយ​សព្វថ្ងៃ គាត់​ពិបាក​ខ្លាំង ហើយ​គាត់​នឹក​ឃើញថា មិនដឹង​ជា​កូន បាន​ចេញទៅ ជួប​មុខ​កូន​ឬ​មិនបាន​ជួប​មុខ​កូន​ទេ ព្រោះថា​លទ្ធភាព​ខំ​ព្យាបាល​វា អស់​លទ្ធភាព​ដែល​ហើយ ណាមួយ​ជីវភាព​យើង កាន់តែ​ចុះ​ខ្សោយ​ទៅ ប៉ុន​គាត់​នៅ តែ​នឹក​កូន​គាត់​ជានិច្ច​អ៊ីចឹង»។

បុរស​អាយុ ៦៩ ឆ្នាំ រៀបរាប់​ថា លោក​មិន​អាច​ជួយ​កូន​បាន ដូច្នេះ បាន​ត្រឹម​អោប និង​ឲ្យ​ពរ​កូនប្រុស នៅពេល​ឃើញ​កូន​មាន​ឧត្ដម​គិត​ស្រឡាញ់ និង​ស្មោះត្រង់ នឹង​ប្រទេសជាតិ​។ លោក​ថា ការ​បន្ត​ឃុំខ្លួន​យុវជន​មាតា​ធម្មជាតិ​នេះ នឹង​ធ្វើ​ឲ្យ​សត្រូវ​ដែល​កំពុង​ឈា្លន​ពាន​ទឹកដី​កម្ពុជា កាន់តែ​មើលងាយ​ខ្មែរ ពីព្រោះ​ខ្មែរ​មិន​ចេះ​សាមគ្គី​គ្នា។

លោក ឡូយ យីម ស្នើ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​កូនប្រុស និង សកម្មជន​មាតា​ធម្មជាតិ ៤ នាក់ ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​ឲ្យ​ពួកគេ​បន្ត ការសិក្សា ចូលរួម​កសាង​ប្រទេសជាតិ និង​ការពារ​បរិស្ថាន​បន្ត​ទៀត កុំ​ឲ្យ​ខ្មាស​បរទេស។

លោក ឡូយ យីម៖ «​សំណូមពរ​ដល់​រាជរដ្ឋាភិបាល សុំ​ឲ្យ​រាជរដ្ឋាភិបាល​លើកលែងទោស បើសិន​ជា​មាន​ខុសឆ្គង និង​ដោះលែង​ឲ្យ​កូនៗ យុវជន​ទាំងអស់ ឲ្យ​មាន​សិទ្ធិ សេរីភាព​ឡើងវិញ ដើម្បី​ចូលរួម​ស្ដារ​ប្រទេសជាតិ កសាង​ប្រទេសជាតិ កុំ​ឲ្យ​ខ្មាស​បរទេស»។

ប្រពន្ធ​លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី សោកស្ដាយ ដែល​តុលាការ​តាំងពី​ថ្នាក់ ក្រោម​ដល់​តុលាការ​កំពូល នៅតែ​បដិសេធ​សំណើ​ដោះលែង​ប្ដី​លោកស្រី និង​សកម្មជន​មាតា​ធម្មជាតិ​៤ នាក់​ទៀត​។ លោកស្រី​បន្ត​ថា រដ្ឋាភិបាល និង​តុលាការ គួរតែ​លើក​ចិត្ត​ដល់​ប្ដី​របស់​លោកស្រី និង​យុវជន ដែល​ខិតខំ​ការពារ​ធនធានធម្មជាតិ រហូត​ទទួល​បាន​ពានរង្វាន់​ពី​អន្តរជាតិ មិនមែន​ចាប់ខ្លួន​ចោទប្រកាន់ និង​ឃុំខ្លួន​ពួកគាត់​នៅក្នុង​ពន្ធនាគារ​ទាំង​គ្មាន​កំហុស​បែបនេះ​ឡើយ។

លោកស្រី ប៉ាត់ រស្មី ស្នើ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ ពិចារណា​ឡើងវិញ ចំពោះ​ការសម្រេច មិន​ដោះលែង​ប្ដី​លោកស្រី និង​សកម្មជន​មាតា​ធម្មជាតិ​៤​នាក់​ទៀត។

លោកស្រី ប៉ាត់ រស្មី៖ «កន្លងមក គាត់​ធ្វើ​ការងារ ដើម្បី​តែ​បរិស្ថាន ដើម្បី​សង្គមជាតិ ដើម្បី​ប្រទេសជាតិ​របស់​យើង ហេតុ​អី​ក៏​ត្រូវ​នៅ​បន្ត​ដាក់​គាត់​ពន្ធនាគារ​ទៀត វា​ជា​រឿង​អយុត្តិធម៌​មែនទែន ហើយ​ជា​រឿង​ឈឺចាប់​មែនទែន​សម្រាប់​ខ្ញុំ​ជា​គ្រួសារ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ»។

ជុំវិញ​រឿង​នេះ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក យី សុខសាន្ត ដែល​ចូលរួម​ស្ដាប់​ការប្រកាស​សាលដីកា ថ្លែង​ថា រដ្ឋាភិបាល គួរតែ​លើកទឹកចិត្ត​យុវជន និង​មិន​ត្រូវ​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន យុវជន​ដែល​សកម្ម ក្នុង​ការ​ពារ​ធនធានធម្មជាតិ​នោះ​ទេ។

លោក យី សុខសាន្ត៖ «​អ្វីដែល​យើង​ស្នើសុំ​ក្នុងនាម​ជា​អង្គការ​សង្គម​ស៊ីវិល គួរតែ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​ទៅ អ្វី​ដែល​កន្លងមក​គាត់​ធ្វើ​នេះ គឺ​ពួកគាត់ ជួយ បំពេញ​ចន្លោះ​ខ្វះខាត​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ»។

កាលពី​ខែកក្កដា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​សមាជិក​ចំនួន ១០ រូប​នៃ​សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ ដោយ​ដាក់ទោស​អ្នក​ទាំង នោះ ឱ្យ​ជាប់ពន្ធនាគារ​ពី ៦ ដល់ ៨ ឆ្នាំ​ពី​បទ «​រួមគំនិត​ក្បត់​»​និង​«​ប្រមាថ​ចំពោះ អង្គ​ព្រះមហាក្សត្រ​» ។ សកម្មជន​បរិស្ថាន​ទាំង ៥ រូប ដែល រួមមាន លោក ថុ​ន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យី​ម លាង​ហ៊ី កញ្ញា ឡុង គ​ន្ធា និង​កញ្ញា ភួ​ន កែវ​រស្មី ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ «​រួមគំនិត​ក្បត់​» ។ រីឯ​លោក យី​ម លាង​ហ៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​មួយ​បទ​ទៀត គឺ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ ពីព្រោះ​លោក​ថា​ការសម្រេច​នេះ ធ្វើ​ឲ្យ​យុវជន​បរិស្ថាន​ទាំង​៥ នាក់ បាត់បង់​ឱកាស​បន្ត​ការសិក្សា មើលថែ​កូនៗ និង​ឪពុកម្ដាយ​ចាស់ជរា​។ លោក​ថា ការ​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន​សកម្ម​ជន​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ជា​ការ​រាំង​ខ្ទប់​យុវជន មិន​ឲ្យ​ចូល​ការពារ​បរិស្ថាន ដែល​ជា​ផលប្រយោជន៍​រួម​របស់​ជាតិ។

លោក អំ សំអាត៖ «​សកម្មជន​បរិស្ថាន ដែល​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន គឺ​មិនមែន​ជា​បទល្មើស​ទេ​។ ផ្ទុយទៅវិញ កិច្ច​ចូលរួម​ការពារ​បរិស្ថាន​គួរតែ​ត្រូវ​បាន លើកទឹកចិត្ត​ទៅដល់​យុវជន ទៅដល់​សកម្មជន​ដែល​ការពារ​បរិស្ថាន​ទៅវិញ​។ ប៉ុន្តែ​វា​ជា​ការ​សោកស្ដាយ ដែល​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៥ រូប​នេះ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ហើយនឹង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ»។

ក្រៅពី​សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥ នាក់​នោះ នៅ​រសៀល​ថ្ងៃទី​០២ ខែមីនា​នេះ សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ច្រានចោល​សំណើសុំ​ដោះលែង​អនុប្រធាន​នៃ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក ធី ថន ផង​ដែរ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​បដិសេធ​របស់​សាលាឧទ្ធរណ៍ ដោយ​លើក​សំអាង​ថា សំណុំរឿង​អង្គសេចក្ដី​របស់​លោក ធី ថន សាលាដំបូង​នឹង​បើកសវនាការ​ឆាប់ៗ​ខាងមុខនេះ​។ លោក​ទទូច​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពន្លឿន​បើកសវនាការ​សំណុំរឿង ខណៈ​លោក ធី ថន ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រង់ចាំ​សវនាការ​ជាង ១ ឆ្នាំ​ហើយ។

លោក ធី ថន គឺជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​។ លោក​ត្រូវ បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់ខ្លួន កាលពី​ខែសីហា ឆ្នាំ​២០២៤ និង ត្រូវ​បាន​ចោទ ប្រកាន់​ពី​បទ «​រួមគំនិត​ក្បត់​»​តាម​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ​។ លោក កើត សារ៉ាយ ដែល​ជា​ប្រធាន​នៃ​សមាគម​នេះ ក៏​កំពុងតែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ រយៈពេល ៤​ឆ្នាំ បន្ទាប់ពី​ការ​ចាប់ខ្លួន​កាលពី​ខែមេសា ឆ្នាំ​២០២៤ ពី​បទ «​ញុះញង់​ឱ្យ ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​និង​បទ «​មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់ពី​ការ ផ្ដន្ទាទោស​បទមជ្ឈិម»។

ឪពុក​របស់​លោក ធី ថន គឺ​លោក មឿន ធី លើកឡើង​ថា លោក​អស់ជំនឿ​លើ ប្រព័ន្ធ​តុលាការ ដែល​ចាប់​កូនប្រុស​របស់​លោក ដាក់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស​។ លោក​ចាត់ទុក​ការ​ឃុំខ្លួន​កូនប្រុស​ជាង ១ ឆ្នាំ​មកនេះ ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព។

លោក មឿន ធី៖ «​សំណូមពរ​ដល់​តុលាការ​ហ្នឹង ដូចជា លែង​ចង់​មាន​ពាក្យ​អង្វរ បើ​ដដែល​អ៊ីចឹង វា​អត់​មានទោស​ធំដុំ​ស្មើនឹង​ទោស​។ បើ​និយាយ​រួម​ទោស​ដែល​ឃុំ​កូន​ខ្ញុំ វា​សឹង​នឹង​ស្មើ​ទោសឧក្រិដ្ឋ ចំពោះ​អ្នក​មាន​អំណាច​អ្នកមាន​លុយ​មួយ​ទៅ ហើយ បើ​១ ឆ្នាំ​ជាង​ហើយ អា​កំហុស​ខុស​អី​ក៏​មិន​ពិតប្រាកដ អា​ស្អី​ក៏​មិន​ពិតប្រាកដ​។ កូន​ខ្ញុំ​បើ​តាម​មើលទៅ គ្រាន់តែ​ដើម្បី​ទាមទារ សិទ្ធិ​សេរីភាព​ប៉ុណ្ណឹង ហើយ​ឃុំ​ឡើង ១ ឆ្នាំ​ជាង​»។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ទោស​នយោបាយ និង អ្នកទោស​មនសិការ​ទាំ​ង​អស់ ឲ្យ​មាន​សេរីភាព និង​ត្រូវ​បញ្ឈប់​សកម្មភាព ចាប់ និង​ឃុំខ្លួន​ពលរដ្ឋ​ខ្មែរ ដែល​គ្មាន​កំហុស​ទុក​ធ្វើជា​ចំណាប់ខ្មាំង​នៃ​អំណាច​របស់​គ្រួសារ​ត្រកូល​ហ៊ុន​បន្ត​ទៀត ហើយ​ងាក​មក​បើក​ផ្លូវ​ផ្សះផ្សា​ជាតិ​កម្ពុជា ដើម្បី​រួម​កម្លាំង​គ្នា​ត​ទល់នឹង​ការឈ្លានពាន​របស់​ថៃ​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ