

រដ្ឋអាជ្ញាទីក្រុងតៃប៉ិ (Taipei) នៅតៃវ៉ាន់ (Taiwan) បានចោទប្រកាន់មនុស្សចំនួន ៦២នាក់ និងក្រុមហ៊ុនចំនួន១៣ ពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ និងការលាងលុយកខ្វក់ឆ្លងដែនក្នុងទំហំទឹកប្រាក់ប្រមាណ ៣៤០លានដុល្លារដែលអាជ្ញាធរតៃវ៉ាន់អះអាងថា មានទំនាក់ទំនងជាមួយឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និងក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) នៅកម្ពុជា។ រដ្ឋអាជ្ញាតៃវ៉ាន់ក៏បានរឹបអូសទ្រព្យសម្បត្តិឧក្រិដ្ឋជន ចេន ហ្ស៊ី និងបណ្ដាញទាំងនោះក្នុងទំហំទឹកប្រាក់ជាង ១៧៥លានដុល្លារដែលអាជ្ញាធរជឿថា បានមកពីអំពើឆបោកតាមអនឡាញ និងអំពើឧក្រិដ្ឋកម្មនានា។
ការិយាល័យនៃរដ្ឋអាជ្ញាតៃវ៉ាន់បានបិទសំណុំរឿងស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើបណ្ដាញឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី ដែលរងការចោទប្រកាន់ថា បានប្រើប្រាស់ប្រព័ន្ធធនាគារ និងក្រុមហ៊ុនបាំងមុខនៅតៃវ៉ាន់ជាច្រើន ដើម្បីលាងលុយកខ្វក់ដែលបានមកពីប្រតិបត្តិការឆបោកតាមអនឡាញដែលមានមូលដ្ឋាននៅកម្ពុជា និងប្រទេសក្នុងតំបន់ផ្សេងទៀត។
រដ្ឋអាជ្ញាតៃវ៉ាន់កាលពីថ្ងៃទី៤ ខែមីនា បានចោទប្រកាន់មនុស្សចំនួន ៦២នាក់ និងក្រុមហ៊ុនចំនួន ១៣ ថា ពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ និងការលាងលុយកខ្វក់ដែលពួកគេមានទំនាក់ទំនងជាមួយឧក្រិដ្ឋជន ចេន ហ្ស៊ី និងក្រុមហ៊ុនព្រីនស៍គ្រុបដែលមានមូលដ្ឋាននៅកម្ពុជា។ រដ្ឋអាជ្ញាតៃវ៉ាន់បញ្ជាក់ថា បណ្ដាញទាំងនេះបានលាងលុយកខ្វក់ដែលបានមកពីអំពើឆបោកតាមអនឡាញប្រមាណ ៣៤០លានដុល្លារអាមេរិក តាមរយៈការបង្វែរជាមួយក្រុមហ៊ុនបាំងមុខ និងគណនីធនាគារជាច្រើននៅតៃវ៉ាន់ ដែលឧក្រិដ្ឋជន ចេន ហ្ស៊ី បានបង្កើតក្រុមហ៊ុនសម្រាប់លាងលុយកខ្វក់ទាំងនោះនៅតៃវ៉ាន់តាំងពីឆ្នាំ២០១៦។
ក្នុងសំណុំរឿងនេះ រដ្ឋអាជ្ញាតៃវ៉ាន់ក៏បានចោទប្រកាន់អតីតមហាសេដ្ឋីខ្មែរដើមកំណើតចិនគឺឧក្រិដ្ឋជន ចេន ហ្ស៊ី ថា ជាមេគំនិតបង្កើតបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងលាងលុយកខ្វក់ និងស្នើឱ្យតុលាការតៃវ៉ាន់កាត់ទោសដោយកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ។ ចំណែក អ្នកដែលរងការចោទប្រកាន់សមគំនិតជាមួយនឹងបណ្ដាញឧក្រិដ្ឋកម្ម ចេន ហ្ស៊ី រដ្ឋអាជ្ញាតៃវ៉ាន់ក៏បានស្នើឱ្យមានការផ្ដន្ទាទោសដាក់គុករយៈពេល ២០ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗជិត ៨លានដុល្លារអាមេរិក។
កាសែត តៃប៉ិ ថាមស៍ (Teipei Times) រាយការណ៍ថា អាជ្ញាធរតៃវ៉ាន់ក៏បានចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី និងក្រុមបណ្ដាញដែលត្រូវបានចោទប្រកាន់ក្នុងទំហំទឹកប្រាក់សរុបជាង ១៧៥ លានដុល្លារអាមេរិក។ ក្រៅពីនេះ ក៏មានការរឹបអូសអចលនទ្រព្យ ២៤កន្លែង រថយន្តប្រណិតប្រហែល ៣៥គ្រឿង សាច់ប្រាក់សុទ្ធ កាបូប នាវាទេសចរណ៍ និងទំនិញប្រណិតផ្សេងៗទៀតដែលស្មើនឹងទំហំទឹកប្រាក់ជាង ១៤០លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ អាជ្ញាធរសិង្ហបុរី (Singapore) កាលពីដើមសប្ដាហ៍នេះក៏បានប្រកាសពីការរឹបអូសទ្រព្យសម្បត្តិឧក្រិដ្ឋជន ចេន ហ្ស៊ី ជាង ៤រយលានដុល្លារអាមេរិកបន្ថែមទៀតរួមទាំងរថយន្តទំនើប កាបូបប្រណិត នាឡិកាដៃ បន្ទាប់ពីចាប់ខ្លួនជនជាតិសិង្ហបុរី ៣នាក់ ដែលត្រូវបានចោទថា មានទំនាក់ទំនងជាមួយក្រុមហ៊ុនព្រីនស៍គ្រុប និងឧក្រិដ្ឋជន ចេន ហ្ស៊ី ក្នុងប្រតិបត្តិការឆបោកតាមអនឡាញ និងលាងលុយកខ្វក់។
ខណៈបណ្ដាប្រទេសជាច្រើននៅលើពិភពលោកកំពុងបង្កើនវិធានការរឹបអូស និងបង្កកទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន វិញគ្មានការស៊ើបអង្កេត ឬចាត់វិធានការរឹបអូសទ្រព្យសម្បត្តិឧក្រិដ្ឋជនរូបនេះដែលមាននៅលើទឹកដីកម្ពុជានោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរកម្ពុជា គ្រាន់តែបានចាប់ខ្លួនឧក្រិដ្ឋជន ចេន ហ្ស៊ី ហើយបញ្ជូនទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់ ដោយគ្មានដំណើរការសាកសួរ និងស៊ើបអង្កេតពីសំណាក់តុលាការកម្ពុជានោះទេ។ លើសពីនេះ បណ្ដាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុនព្រីសន៍គ្រុបរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី នៅកម្ពុជាដូចជា វិស័យធនាគារ និងគម្រោងអចលនទ្រព្យមួយចំនួនក៏នៅតែដំណើរការដដែល។
ចំណែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ជឿជាក់ថា បណ្ដាញឧក្រិដ្ឋកម្មដែលដឹកនាំដោយឧក្រិដ្ឋជន ចេន ហ្ស៊ី ក្នុងប្រតិបត្តិការឆបោកតាមអនឡាញ និងលាងលុយកខ្វក់នៅកម្ពុជាគឺមានទំហំរាប់លានដុល្លារ។ លោកក៏ចង់ឃើញមេដឹកនាំកម្ពុជាបើកការស៊ើបអង្កេត និងចាត់វិធានការរឹបអូសទ្រព្យសម្បត្តិឧក្រិដ្ឋជន ចេន ហ្ស៊ី ដែលមាននៅកម្ពុជា ដើម្បីយកមកជួយជនរងគ្រោះជាពិសេសពលរដ្ឋដែលកំពុងភៀសសឹកនៅតាមព្រំដែន។ ម្យ៉ាងទៀត លោកថា បើមេដឹកនាំកម្ពុជាចង់លាងជម្រះខ្លួនឯងថា មិនជាប់ពាក់ព័ន្ធ ឬជាបណ្ដាញរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី នោះ រដ្ឋាភិបាលគួរបង្ហាញឆន្ទៈស៊ើបអង្កេត និងចាត់វិធានការម៉ឺងម៉ាត់លើមន្ត្រីកំពូលៗ និងក្រុមឧកញ៉ាដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ។
លោក ស៊ឹង សែនករុណា៖ «កាលៈទេសៈនេះ ដើម្បីបង្ហាញសហគមន៍អន្តរជាតិ បង្ហាញដល់ប្រជាពលរដ្ឋរបស់ខ្លួនថា យើងអត់បានពាក់ព័ន្ធនឹងបទល្មើសហ្នឹង គប្បីបើកការស៊ើបអង្កេតរាល់អ្នកពាក់ព័ន្ធទាំងឡាយជាពិសេសអ្នកនៅបញ្ជាពីក្រោយខ្នងទាំងអស់នេះ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិទាំងអស់នោះយកមកជួយទំនុកបម្រុងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកភៀសសឹក។ ក៏ប៉ុន្តែផ្ទុយទៅវិញ បើនៅតែបន្តស្ងាត់ស្ងៀមអត់មានវិធានការម៉ត់ចត់នោះទេ អ៊ីចឹងរឿងដែលគេចោទប្រកាន់ថា មេដឹកនាំកម្ពុជាពាក់ព័ន្ធ ឬនៅពីក្រោយនៃបទល្មើសឆបោកតាមអនឡាញហ្នឹង គឺគេចោទប្រកាន់មិនខុសនោះឡើយ»។
ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ថ្លែងថា ការណ៍ដែលអាជ្ញាធរ និងតុលាការគ្មានចំណាត់ការស៊ើបអង្កេតស៊ីជម្រៅលើ ឧក្រិដ្ឋជន ចេន ហ្ស៊ី មុនពេលចាប់បញ្ជូនទៅប្រទេសចិនវិញនោះ គឺរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន មានបំណងបំបិទព័ត៌មានចំពោះមន្ត្រីកំពូលៗ និងឧកញ៉ាគ្រាក់ៗដែលពាក់ព័ន្ធឧក្រិដ្ឋកម្មជាច្រើនទៀត។
លោក គឹម សុខ៖ «គ្មានអ្នកណាចាប់ឧក្រិដ្ឋជនដ៏ធំមួយ ហើយប្រលែងចេញរួចហើយទុកបណ្ដាញឧក្រិដ្ឋជននៅពាសពេញប្រទេសដោយមិនដឹងតម្រុយទេ។ បើនិយាយពីរបៀបស៊ើបអង្កេតការធ្វើបែបហ្នឹងគឺ ហ៊ុន ម៉ាណែត និងហ៊ុន សែន ខ្លួនឯងហ្នឹងជាប់ពាក់ព័ន្ធនឹងការសង្ស័យតែម្ដងអំពីឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ និងការឆបោកតាមអនឡាញហ្នឹងតែម្ដងពីព្រោះចង់បិទ ចេន ហ្ស៊ី ខ្លាចពាក់ព័ន្ធនឹង ហ៊ុន សែន និងហ៊ុន ម៉ាណែត ដោយសារតែរបាយការណ៍នានាបញ្ជាក់ហើយថា ក្រុមគ្រួសារ ហ៊ុន និងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននេះគឺជាមុខរបរចិញ្ចឹមគណបក្សប្រជាជនកម្ពុជា»។
សហរដ្ឋអាមេរិកបានចោទប្រកាន់ឧក្រិដ្ឋជន ចេន ហ្ស៊ី ថា ជាមេខ្លោងធំនៃបណ្ដាញឆបោកតាមអនឡាញ និងលាងលុយកខ្វក់ ដែលពាក់ព័ន្ធនឹងការបង្កើតមជ្ឈមណ្ឌលឆបោក និងការបង្ខាំងជនរងគ្រោះរាប់សិបនាក់ឱ្យធ្វើការដោយទារុណកម្មនៅកម្ពុជា។ នៅចុងឆ្នាំ២០២៥ អាមេរិកបានបង្កកទ្រព្យសម្បត្តិរបស់ ចេន ហ្ស៊ី និងក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) ប្រមាណ ១៥ពាន់លានដុល្លារ។ អាជ្ញាធរអាមេរិកជឿថា លុយដែលពាក់ព័ន្ធនឹងបណ្ដាញ ចេន ហ្ស៊ី គឺបានមកពីប្រតិបត្តិការឆបោកលុយជនជាតិអាមេរិកប្រមាណ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។
បន្ទាប់ពីវិធានការរបស់អាមេរិក ប្រទេសមួយចំនួនដូចជា អង់គ្លេស ហុងកុង សិង្ហបុរី តៃវ៉ាន់ និងថៃ ក៏បានចាត់វិធានការស្រដៀងគ្នា ដោយរឹបអូស និងបង្កកទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹង ចេន ហ្ស៊ី នៅលើទឹកដីរបស់ខ្លួន។ មកដល់ពេលនេះ ទំហំទ្រព្យសម្បត្តិដែលត្រូវបានចាត់វិធានការដោយបណ្ដាប្រទេសទាំងនេះសរុបមានតម្លៃជាង ១ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលទ្រព្យសម្បត្តិប្រមាណ ១៥ពាន់លានដុល្លារដែលអាមេរិកបានបង្កកនោះឡើយ៕









