យោធា​ថៃ​ពង្រីក​ការវាយប្រហារ​លើ​ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ

0
25
ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ
ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

យោធា​ថៃ​ពង្រីក​ការវាយប្រហារ​លើ​ពលរដ្ឋ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ ដោយ​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ធំ ដោយ​កំរោល និង​មិន​រើស​គោលដៅ​យ៉ាង​សាហាវព្រៃផ្សៃ​មក​លើ​ភូមិដ្ឋាន​ជន​ស៊ីវិល​រស់នៅ នា​រសៀល​ថ្ងៃទី​៨ ធ្នូ។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុជា។

ក្រសួងការពារជាតិ​កម្ពុជា​បញ្ជាក់​ថា បន្ទាប់ពី​យោធា​ថៃ​បាញ់ប្រហារ​មក​លើ​កងកម្លាំង និង​ប្រជាជន​ស៊ីវិល​នៅ​ទិស​យោធភូមិភាគ​ទី​៤ ក្នុង​ខេត្តព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ចាប់ពី​ព្រឹក​ម៉ោង​៥:០៤​នាទី​ថ្ងៃនេះ​មក យោធា​ថៃ​បាន​ពង្រីក​ការវាយប្រហារ​របស់​ខ្លួន​មក​ខេត្តបន្ទាយមានជ័យ ក្នុងភូមិ​សាស្ត្រ​យោធភូមិភាគ​ទី​៥ នៅ​វេលា​ម៉ោង ១៣:៣៦​នាទី​រសៀល​។ ក្រសួង​បន្ត​ថា យោធា​ថៃ​បាន​បាញ់ប្រហារ​មក​លើ​ប្រជាជន​ស៊ីវិល​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

គិត​ត្រឹម​រសៀល​នេះ ក្រសួងការពារជាតិ​កម្ពុជា​មិនទាន់​បង្ហាញ​ព័ត៌មាន​ថា កម្ពុជា​វាយបក​ទៅកាន់​យោធា​ថៃ​ដែល​កំពុង​វាយប្រហារ​យ៉ាង​ខ្លាំង​មក​លើ​កម្ពុជា​ដោយ​ប្រើ​អាវុធ​គ្រប់​ធន់ និង​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​បំផ្លាញ​ផ្ទះ​ពលរដ្ឋ និង​បណ្ដាល​ឱ្យ​ពលរដ្ឋ​រងរបួស​ធ្ងន់​ស្រាល​នោះ​ទេ​។ ក្រសួងការពារជាតិ​កម្ពុជា​ នៅតែ​ប្រកាស​ថ្កោលទោស និង​រក្សា​ភាព​អត់ធ្មត់ ព្រមទាំង​ស្នើ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​ដើម្បី​ឱ្យ​យោធា​ថៃ​បញ្ឈប់​ការវាយប្រហារ​លើ​កម្ពុជា។ ក្រៅ​ពី​នេះ ក្រសួង​ថា ព័ត៌មាន​កម្ពុជា​វាយប្រហារ​មុន គឺជា​ព័ត៌មាន​ក្លែងក្លាយ​ដែល​យោធា​ថៃ​បង្កើត​ឡើងជា​លេស​វាយប្រហារ​កម្ពុជា។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ