

អាជ្ញាធរថៃបានបន្តរឹបអូសទ្រព្យសម្បត្តិមានតម្លៃជាង ៣រយលានដុល្លារ ពីមនុស្សជំនិតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលពួកគេគឺជាកំពូលឧកញ៉ានៅកម្ពុជា រួមមានលោក ចេន ហ្សី (Chen Zhi) ដែលជាបងធំ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត។ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកឱ្យបុគ្គលពាក់ព័ន្ធ ចេញមកដោះស្រាយបញ្ហានេះ ដើម្បីបង្ហាញការពិត។
បន្ទាប់ពីអាជ្ញាធរអន្តរជាតិ បានបង្កក និងរឹបអូសទ្រព្យសម្បត្តិជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីឆបោកតាមអ៊ីនធឺណិត និងលាងលុយកខ្វក់ ពេលនេះក្រុមឧក្រិដ្ឋជន ដែលស្និទ្ធនឹងមេដឹកនាំកម្ពុជា ហាក់មិនទាន់អស់ទ្រព្យសម្បត្តិដែលពួកគេមាននៅក្រៅប្រទេសនោះនៅឡើយទេ។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែធ្នូ ថា អាជ្ញាធរថៃបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង ៣រយលានដុល្លារ (៣១៣) នៅក្នុងការបង្ក្រាបដ៏ធំមួយ ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោក ដែលលោកអះអាងថា មានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់មួយចំនួន។
លោក អានុទីន បានលើកឡើងថា មេខ្លោងឧក្រិដ្ឋជន ដែលអាជ្ញាធរថៃបានចោទប្រកាន់ និងរឹបអូសទ្រព្យសម្បត្តិនោះ គឺស្ថិតក្នុងចំណោមអ្នកធំនៅស្រុកខ្មែរ រួមមានលោក ចេន ហ្សី (Chen Zhi) ដែលជាម្ចាស់ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បូករួមទាំងសមាជិកព្រឹទ្ធសភាកម្ពុជា និងជនជាតិថៃចំនួនពីរនាក់ផ្សេងទៀត។
នៅក្នុងប្រតិបត្តិការមួយ ដែលមានឈ្មោះថា «កម្ចាត់ឧក្រិដ្ឋជនបោកប្រាស់ឆ្លងដែនឱ្យអស់» ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃ (AMLO) បានវាយឆ្មក់ និងកំណត់គោលដៅទៅលើជនជាតិថៃ ជាបណ្ដាញរបស់មេខ្លោងឧក្រិដ្ឋជន ដែលពួកគេបានប្រតិបត្តិការឆបោក និងមានតំណភ្ជាប់តាមប្រព័ន្ធទៅកាន់មជ្ឈមណ្ឌលឆបោក ដែលមានមូលដ្ឋាននៅកម្ពុជា។
ការិយាល័យស៊ើបអង្កេតរបស់ថៃ (CIB) បានរាយការណ៍ថា ទ្រព្យសម្បត្តិដែលរឹបអូសបានពីមេឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតនោះ រួមមាន ទូកកប៉ាល់ប្រណីត រថយន្តស៊េរីទំនើបៗ អចលនទ្រព្យ និងគណនីធនាគារជាច្រើនទៀត។ អាជ្ញាធរថៃអះអាងថា ការរឹបអូសទ្រព្យសម្បត្តិទាំងនេះ គឺផ្អែកលើសំណុំរឿងធំៗចំនួន៤ ដែលពាក់ព័ន្ធនឹងបណ្ដាញលាងលុយកខ្វក់ឆ្លងដែននៅកម្ពុជា។
ករណីទាំងនោះ រួមមាន បណ្ដាញរបស់លោក ចេន ហ្សី ដែលអាជ្ញាធរថៃបានស៊ើបអង្កេតទៅលើក្រុមហ៊ុន ព្រីនស៍ គ្រុប របស់លោក ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា និងបានរកឃើញពីប្រតិបត្តិការលាងលុយកខ្វក់ តាមរយៈរូបិយប័ណ្ណគ្រីបតូ ដែលបំប្លែងទៅជាទ្រព្យសម្បត្តិផ្សេងៗ។
ករណីទី២ គឺជាបណ្ដាញរបស់លោក កុក អាន ដែលអាជ្ញាធរថៃរកឃើញថា លោកគឺជាម្ចាស់អគារជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដែលឧក្រិដ្ឋជនបានប្រើប្រាស់ជាមូលដ្ឋានមជ្ឈមណ្ឌលឆបោកឆ្លងដែន។ លោក កុក អាន ត្រូវបានអាជ្ញាធរថៃចោទប្រកាន់ថា បានប្រើអត្តសញ្ញាណអ្នកដទៃ ដើម្បីបង្កើតគណនីធនាគារសម្រាប់ផ្ទេរប្រាក់ និងទិញទ្រព្យសម្បត្តិនៅក្នុងប្រទេសថៃ ក្រោមឈ្មោះអ្នកតំណាង។
ករណីទី៣ គឺជាបណ្ដាញរបស់ជនសង្ស័យម្នាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា មានឈ្មោះ តាំងម៉ូ ថៃ (Tangmo Thai) និងសហការី ដែលមានទំនាក់ទំនងជាមួយកូនប្រុសពៅរបស់អតីតឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី គឺលោក យឹម លក្ខណ៍ និងលោក បេន ស្មីត (Ben Smith) ដែលអ្នកទាំងពីរគឺជាទីប្រឹក្សារបស់លោក ហ៊ុន សែន។ អាជ្ញាធរថៃ រកឃើញថា បណ្ដាញនេះបានបោកបញ្ឆោតជនរងគ្រោះឱ្យផ្ទេរប្រាក់ ក្នុងទម្រង់ការត្រួតពិនិត្យ និងការប្រើប្រាស់ប្រតិបត្តិការអន្តរជាតិដ៏ស្មុគស្មាញដើម្បីក្លែងបន្លំប្រាក់។
ពាក់ព័ន្ធនឹងករណីនេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានបញ្ជាឱ្យក្រសួងមហាផ្ទៃថៃ ដកហូតសញ្ជាតិថៃរបស់លោក យឹម លក្ខណ៍ ដែលជាប្រធានធនាគារ ប៊ី.អាយ.ស៊ី (BIC) នៅកម្ពុជា បន្ទាប់ពីអាជ្ញាធររកឃើញថា យឹម លក្ខណ៍ ទទួលបានសញ្ជាតិថៃ តាមរយៈការរៀបការជាមួយស្ត្រីថៃ។
ករណីចុងក្រោយ គឺពាក់ព័ន្ធនឹងបណ្ដាញរបស់មនុស្សម្នាក់ ដែលគេកំណត់អត្តសញ្ញាណថាមានឈ្មោះ យូអា អាងឃុន (Eua-Angkoon) និងអ្នកសមគំនិតផ្សេងទៀត ដែលពួកគេបានបញ្ឆោតឱ្យអ្នកវិនិយោគ ជួញដូរភាគហ៊ុនតាមរយៈកម្មវិធី យូឡេឡា មែកស៍ (ULELA Max) ជាមួយនឹងទិន្នន័យប្រាក់ចំណេញក្លែងក្លាយ ខណៈគណនីដែលពួកគេលួចបាន ត្រូវបំប្លែងទៅជារូបិយប័ណ្ណអេឡិចត្រូនិក ឬគ្រីបតូ (Crypto) មុននឹងផ្ទេរទៅបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន។
ជុំវិញរឿងនេះ អ្នកប្រឹក្សាផ្នែកធុរកិច្ច និងអភិបាលកិច្ច លោក ប៉ិច ពិសី យល់ឃើញថា ការរឹបអូស និងបង្កកទ្រព្យសម្បត្តិរបស់អ្នកជំនួញខ្មែរ របស់បណ្ដាប្រទេសអន្តរជាតិនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុរបស់កម្ពុជា ជាពិសេសចំពោះស្ថាប័ន របស់ បុគ្គល ដែលអន្តរជាតិបានចោទប្រកាន់នោះផ្ទាល់។ លោកបន្តថា បញ្ហានេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជាផងដែរ។
លោក ប៉ិច ពិសី៖ «យើងបណ្ដោយឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជា ហើយប្រើប្រាស់យន្តការហិរញ្ញវត្ថុទូទាំងប្រទេសបានហើយហ្នឹង។ ដូចនេះជំនឿចិត្តទៅលើហិរញ្ញវត្ថុ និងការវិនិយោគ នឹងប៉ះពាល់ធ្ងន់ធ្ងរ ដោយសារក្រុមហ្នឹងគាត់មានអំណាច គ្រប់គ្រងនិងជះឥទ្ធិពលសឹងតែគ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះប៉ះពាល់ទំនុកចិត្តរបស់បរទេសក្នុងការវិនិយោគ»។
ទោះជាយ៉ាងណា ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃ (AMLO) បានបញ្ជាក់ថា ដីការឹបអូសទ្រព្យសម្បត្តិ របស់បុគ្គលពាក់ព័ន្ធក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតនេះ គឺជាការអនុវត្តបណ្ដោះអាសន្ន ដែលមានការកំណត់រយៈពេល ៩០ថ្ងៃ។ ម្ចាស់ទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស ឬភាគីដែលរងផលប៉ះពាល់ អាចដាក់បណ្ដឹងឧទ្ធរណ៍ដោយមានភស្តុតាងគាំទ្រ ដើម្បីបង្ហាញថាទ្រព្យសម្បត្តិមិនត្រូវបានទទួលតាមរយៈសកម្មភាពព្រហ្មទណ្ឌក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹង។
ពាក់ព័ន្ធនឹងករណីឆបោកតាមអ៊ីនធឺណិតនេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូង (South Korea) នៅថ្ងៃទី៤ ខែធ្នូ នេះ បានប្រកាសបន្ថយកម្រិតព្រមានការធ្វើដំណើរមកកាន់តំបន់មួយចំនួន នៅប្រទេសកម្ពុជា បន្ទាប់ពីអាជ្ញាធរប្រទេសមួយនេះ រកឃើញថា កម្ពុជា គឺជាទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញទៅលើជនជាតិកូរ៉េខាងត្បូង៕









