

ប្រធានអាជ្ញាធរកីឡារបស់ថៃលោក គង់សាក់ យ៉តម៉ានី (Kongsak Yodmanee) បានលើកឡើងថា អាជ្ញាធរកីឡា និងក្រសួងមហាផ្ទៃថៃ នឹងបើកការស៊ើបអង្កេតបន្ទាន់ លើក្រុមអត្តពលិកកម្ពុជា ពីបទបំពានច្បាប់របស់ប្រទេសថៃ ដោយសារពួកគេបានពាក់អាវមានជាប់ឡូហ្គូ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនបនល្បែង ណាហ្គាវើលដ៍ (NagaWorld)។ នេះបើតាមការចុះផ្សាយពីកាសែត ខៅសុត Khaosod។
មន្ត្រីថៃរូបនេះបញ្ជាក់ថា ថៃនឹងត្រួតពិនិត្យថា តើការភ្ជាប់ឡូហ្គូក្រុមហ៊ុន ណាហ្គាវើលដ៍ លើអាវនោះ ជាការផ្សព្វផ្សាយពាណិជ្ជកម្ម ឬយ៉ាងណា ដើម្បីចាត់វិធានការតាមច្បាប់ ខណៈច្បាប់នៅក្នុងប្រទេសថៃហាមឃាត់ដាច់ខាត នូវបនល្បែងកាស៊ីណូ។
ស្របពេលដែលកម្ពុជា និងថៃ កំពុងប្រយុទ្ធគ្នា គណៈប្រតិភូកីឡាកម្ពុជា នៅតែដឹកនាំអត្តពលិកទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ខណៈអាជ្ញាធរថៃ បានធានាអះអាងថា នឹងរក្សាសុវត្ថិភាពជូនអត្តពលិកខ្មែរ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ថាម៉ាណាត ព្រហ្មផៅ (Thammanat Prompao) បានថ្លែងអំពីពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ថា ប្រទេសថៃបានត្រៀមខ្លួនរួចរាល់ ក្នុងការរៀបចំការប្រកួតស៊ីហ្គេមលើកទី៣៣ ដោយអាជ្ញាធរថៃបានត្រៀមសន្តិសុខ និងទាហានដើម្បីរក្សាសុវត្ថិភាពជូនអត្តពលិកមកពីបណ្ដាប្រទេស ជាពិសេសគឺអ្នកកីឡាខ្មែរ។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃរូបនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) អំពីបញ្ហាការរក្សាសុវត្ថិភាពរបស់អត្តពលិកខ្មែរ ដែលចូលរួមការប្រកួតស៊ីហ្គេម នៅលើទឹកដីថៃ ខណៈប្រទេសទាំងពីរកំពុងមានជម្លោះប្រដាប់អាវុធ នៅតាមតំបន់ព្រំដែន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការចូលរួមអបអរសាទរ របស់អ្នកគាំទ្រកម្ពុជានៅកីឡាដ្ឋានរបស់ថៃ គឺស្ទើរតែគ្មាននោះឡើយ ដោយមានវត្តមានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ។
កាលពីថ្ងៃទី៨ ខែធ្នូ គណៈប្រតិភូកីឡាកម្ពុជា បានដឹកនាំអត្តពលិកប្រភេទកីឡាចំនួន៣ គឺតៃក្វាន់ដូ យូជីស៊ូ និងហែលទឹក ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣។ សមាជិកប្រតិភូកីឡាកម្ពុជា ដែលធ្វើដំណើរទៅប្រទេសថៃ មានចំនួនសរុប ១៣៧នាក់ ក្នុងនោះអត្តពលិក ដែលត្រៀមចូលរួមប្រកួតមាន ៧២នាក់។
កន្លងមក កម្ពុជាធ្លាប់បានប្រកាសថា នឹងមិនធ្វើពហិការកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នោះឡើយ ប៉ុន្តែបានស្នើសុំដកខ្លួនពីកីឡាមួយចំនួន ដោយសារបារម្ភពីសុវត្ថិភាព និងសម្រេចចូលរួមប្រកួតតែវិញ្ញាសា១២ប្រភេទប៉ុណ្ណោះ៕









