

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM Cambodia) លោក ខេស៊ី បារណេត (Casey Barnett) ចោទរដ្ឋាភិបាលថៃចំៗថា កំពុងរំលោភអនុសញ្ញាហ្សឺណែវ ករណីបន្តឃុំឃាំងទាហានខ្មែរ ១៨នាក់ ដែលយោធាថៃប្រើល្បិចចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន។
លោក ខេស៊ី បារណេត សរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី២៨ វិច្ឆិកា ថា មេដឹកនាំថៃកំពុងប្រើប្រាស់ទាហានខ្មែរជាឧបករណ៍ដាក់កំហិតលើរដ្ឋាភិបាលកម្ពុជាក្នុងចេតនាណាមួយ។ លោកបន្តថា ចេតនានេះជាការរំលោភអនុសញ្ញាហ្សឺណែវ។
លោកក៏បានរំលេច មាត្រា ១១៨ នៃអនុសញ្ញាហ្សឺណែវលើកទី៣ ចែងថា ឈ្លើយសឹកត្រូវបានដោះលែង និងបញ្ជូនមកប្រទេសកំណើតវិញ ដោយគ្មានការពន្យារពេលបន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់។
លោក ខេស៊ី បារណេត បន្តថា មេដឹកនាំថៃបានកុហកទាំងប្រធានាធិបតីអាមេរិក និងមេដឹកនាំខ្មែរ ដែលខ្លួនបានចុះហត្ថលេខាយល់ព្រមលើកិច្ចព្រមព្រៀងរួមសន្តិភាពនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ តុលា ក្រោមលេសទាមទារផ្សេងៗដែលថៃចង់បាន។
ទោះមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងរួមសន្តិភាពក្រោមវត្តមានសម្របសម្រួលផ្ទាល់ពីប្រធានអាស៊ានប្ដូរវេន និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) យ៉ាងណាក្ដី មេដឹកនាំថៃហាក់មិនគោរពតាមឡើយ និងតែងតែបង្កអារិភាពនៅតាមព្រំដែនដូចជា ការព័ទ្ធបន្លាលួសយកផ្ទះពលរដ្ឋ ការរុលចូលដីខ្មែរសឹងគ្រប់កន្លែងតាមព្រំដែន តាំងពីតំបន់អានសេះ ខេត្តព្រះវិហារ ដល់តំបន់ថ្មដា ខេត្តពោធិ៍សាត់។ ថៃបានទាមទារឥតឈប់ឈរឱ្យកម្ពុជាដកកងទ័ពចេញពីតំបន់មានជម្លោះ ការដោះមីនមនុស្សធម៌ បង្ក្រាបបទល្មើសអនឡាញ និងបណ្ដេញពលរដ្ឋខ្មែរដែលថៃចោទដោយឯកតោភាគីថា បានសង់ផ្ទះលើដីរបស់ខ្លួនជាដើម។
មាត្រា៥ នៃកិច្ចព្រមព្រៀងរួមសន្តិភាព ចែងថា៖ «ថៃមានឆន្ទៈលើកកម្ពស់ការជឿជាក់ និងទំនុកចិត្តជាមួយកម្ពុជា ហើយថាខ្លួន តស៊ូប្ដេជ្ញាដោះលែងទាហានខ្មែរឱ្យបានលឿន»។
ទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី២៩ វិច្ឆិកា នេះ ទាហានខ្មែរទាំង ១៨រូប ត្រូវបានយោធាថៃឃុំឃាំងដោយខុសច្បាប់អស់រយៈពេល ១២៣ថ្ងៃហើយ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំតាមព្រំដែន កាលពីចុងខែកក្កដា។ ក្រសួងការពារជាតិកម្ពុជាបន្តទាមទារឱ្យថៃដោះលែងយោធាខ្មែរមកវិញជាបន្ទាន់ ដោយគោរពកិច្ចព្រមព្រៀងរួមសន្តិភាព មាត្រា៥ ជាកំហិត៕









