
ឪពុកអ្នកទោសមនសិការ លោក ធី ថន លើកឡើងថា ការបន្តឃុំខ្លួន កូនប្រុសរបស់លោក គឺជាជាការធ្វើទារុណកម្មផ្លូវចិត្ត ខណៈកូនប្រុសរបស់លោក គ្មានកំហុសដូចការចោទប្រកាន់។ ការលើកឡើងនេះ បន្ទាប់ពីតុលាការបានចាប់ និងឃុំខ្លួនអ្នកទោសមនសិការរូបនេះជាង ១ឆ្នាំមកហើយ។
ឪពុកអ្នកទោសមនសិការ លោក ធី ថន គឺលោក មឿន ធី លើកឡើងថា សង្គមខ្មែរយើង ទាមទារឲ្យពលរដ្ឋហ៊ានប្រើសិទ្ធិសេរីភាពច្រើនគ្នា ដើម្បីសម្ដែងមតិ និងតវ៉ារកយុត្តិធម៌។ លោកថា បើចេញមុខម្ដងម្នាក់ៗ នោះប្រឈមនឹងការធ្វើបាប និងមិនអាចផ្លាស់ប្ដូរកម្ពុជាឲ្យក្លាយជាសង្គម ដែលមានសេរីភាពបានទេ។
លោក មឿន ធី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០៥ ខែមករាថា លោកលែងមានពាក្យនឹងនិយាយហើយ អំពីចំណាត់ការដ៏អយុត្តិធម៌របស់តុលាការ ក្នុងការបន្តឃុំខ្លួនកូនប្រុសរបស់លោក ដែលគ្មានកំហុស ។ លោកបានហៅការ បន្តឃុំខ្លួនកូនប្រុស ថា ជាការបំបិទសំឡេងពលរដ្ឋមិនឲ្យនិយាយពីបញ្ហាសង្គមជាតិ និងជាការបង្កវិបត្តិផ្លូវចិត្តដល់អ្នកទោសមនសិការ។
លោក មឿន ធី៖ «វាអស់សិទ្ធិសេរីភាព វាទារុណកម្មខាងផ្លូវចិត្ត នៅយើងចេះ តែចាំៗអត់មានសម្រេចថាម៉េច អារឿងស្អីពិតប្រាកដក៏អត់ ហើយរឿងពីមុនមក រឿងសុទ្ធតែក្បត់ជាតិក្បត់អី ដល់ពេលសម្រេចតុលាការ គាត់និយាយថា អាច ប៉ះពាល់ទាក់ទងដល់អាបួនខេត្ត អាគ្រោង CLV ហ្នឹង ដល់ពេលខ្ញុំសួរកូនទៅ កូនថា អត់មានពាក់ព័ន្ធរឿងហ្នឹងផង»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមេធាវីរបស់លោក ធី ថន សុំលើកពេលសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែមករានេះ ដោយសារ តែមេធាវីទើបទទួលបានការជូនដំណឹងអំពីសវនាការកាលពីរសៀលថ្ងៃសុក្រ ជាហេតុធ្វើឲ្យមេធាវី មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សាសំណុំរឿង។
លោក ធី ថន គឺជាប្រធានស្ដីទី នៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ។ លោកត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២៤ និង ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ លោក កើត សារ៉ាយ ដែលជាប្រធាននៃសមាគមនេះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារ រយៈពេល ៤ឆ្នាំ បន្ទាប់ពីការចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២៤ ពីបទ «ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»និងបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការ ផ្ដន្ទាទោសបទមជ្ឈិម»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៥ ខែមករាថា សហគមន៍អន្តរជាតិ តែងតែទាមទារឲ្យដោះលែងអ្នកទោសមនសិការ និងអ្នកទោសនយោបាយ ដោយឥតលក្ខខណ្ឌ ពីព្រោះសកម្មភាពរបស់ពួកគាត់ ត្រូវគេមើលឃើញថា ជាការការពារប្រយោជន៍ជាតិ សិទ្ធិមនុស្ស បរិស្ថាន និង ធនធានធម្មជាតិជាដើម។
លោក អំ សំអាត៖ «ករណីលោក ធី ថន ក៏ដូចជាសកម្មជនការងារសង្គម សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថានដ៏ទៃទៀត ឬក៏សកម្មជនគណបក្ស នយោបាយមួយចំនួនថា ការចាប់ ការចោទប្រកាន់ ឬការឃុំខ្លួន ហាក់ដូចជាមិន មានហេតុ ផលគ្រប់គ្រាន់ទៅវិញទេ ដែលនឹងត្រូវធ្វើការចោទប្រកាន់ ឃុំខ្លួន ពួកគាត់ ពីព្រោះ ពួកគាត់ជាយុវជនសកម្មនៅក្នុងការងារសង្គមគួរតែត្រូវបានធ្វើការ លើកទឹកចិត្ត មិនគួរត្រូវបានចោទប្រកាន់ឃុំខ្លួនដូច្នេះទេ»។
អ្នកឃ្លាំមើលកត់សម្គាល់ថា ពេលលោក ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី បទ «ក្បត់ជាតិ» ត្រូវបានចោទប្រកាន់តែទៅលើអ្នកដឹកនាំនយោបាយប្រឆាំង ជាគូប្រជែងអំណាច រីឯសកម្មជនសង្គម សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជននយោបាយ ច្រើនតែត្រូវប្រឈមនឹងបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋអាទិ៍» ឬបទ«ញុះញង់បង្កអសន្តិសុខក្នុងសង្គម»។ ប៉ុន្តែ ពួកគាត់ថា បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រី ដោយគ្មានការបោះឆ្នោតត្រឹមត្រូវ កាលពីឆ្នាំ២០២៣ ពលរដ្ឋខ្មែរនិងសកម្មជន ដែលគ្រាន់តែសម្ដែងមតិ ក៏ត្រូវរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត និងតុលាការចោទប្រកាន់ដល់បទ «រួមគំនិតក្បត់» និងបទ«ក្បត់ជាតិ» ។
អង្គការលីកាដូ ធ្លាប់សរសេរក្នុងរបាយការណ៍របស់ខ្លួនថា លោក ធី ថន គឺជាអ្នកជាប់ឃុំម្នាក់ ក្នុងចំណោមអ្នកជាប់ឃុំដោយសារតែប្រើសិទ្ធិបញ្ចេញមតិ និងភាពសកម្មនិយមរបស់លោកនៅក្នុងសង្គម៕










