កង់ឡាន និង​បន្លា​លួស​របស់​ទាហាន​ថៃ មិន​ទាន់​រើចេញ​ពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ

0
105
ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ
ទិដ្ឋភាព​របង​លួសបន្លា​ដែល​យោធា​ថៃ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

កង់ឡាន និង​បន្លា​លួស​ដែល​ទាហាន​ថៃ​បាន​ព័ទ្ធ​យក​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ នៅ​មិនទាន់​រុះរើ​ចេញ​វិញ​នោះ​ទេ ខណៈ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ត្រូវ​បាន​បញ្ចប់​។ អ្នកឃ្លាំមើល​ព្រំដែន នៅតែ​អះអាង​ថា ទឹកដី​ភូមិ​ព្រៃ​ចាន់ និង​ជោគជ័យ មួយចំនួន​នឹង​បាត់បង់​ទៅ​ខាង​ភាគី​ថៃ។

អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា មក​ទល់​ពេល​នេះ កង់ឡាន និង​បន្លា​លួស​ដែល​ទាហាន​ថៃ​បាន​ព័ទ្ធ​យក​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ គឺ​អាជ្ញាធរ​មិនទាន់​រុះរើ​ចេញ​វិញ និង​មិនទាន់​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ត្រឡប់​ចូល​ទៅ​រស់នៅ​ក្នុង​លំនៅឋាន​វិញ​ឡើយ បើទោះបី ការ​បោះបង្គោល​ព្រំដែន​ត្រូវ​បាន​បញ្ចប់​រួចរាល់​ហើយ​យ៉ាងណាក្ដី​។ អាជ្ញាធរ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ អះអាង​ថា ពួក​លោក​មិនទាន់​ដឹង​អំពី​ផែនការ​របស់​ថ្នាក់​ជាតិ​ឡើយ ហើយ​ប្រជាពលរដ្ឋ​ដែល​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​យក​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ ពួកគាត់​បោះតង់ និង​ចង​អង្រឹង​រស់នៅ​ក្នុងភូមិ​ធម្មតា​។​

មេភូមិ​ព្រៃ​ចាន់ លោក ពៅ បឿន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា​ថា កង់ឡាន និង​បន្លា​លួស​ដែល​ទាហាន​ថៃ​បាន​ព័ទ្ធ​យក​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​នៅ​ភូមិ​ព្រៃ​ចាន់ នៅតែ​មាន​ដដែល ហើយ​ពលរដ្ឋ ក៏​នៅតែ​មិនទាន់​ចូល ទៅ​រស់នៅ​ក្នុង​លំនៅឋាន​វិញ​ឡើយ​។ លោក​ថា មិនទាន់​ដឹង​ថា រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទាំងនោះ ចូល​ទៅ​រស់នៅ​ក្នុង​លំនៅឋាន​របស់​ពួកគាត់​វិញ​ពេលណា​នោះ​ដែរ ហើយ​លោក​មិនដឹង​ថា មន្ត្រី​ជំនាញ​បោះបង្គោល​នៅក្នុង​ភូមិ​ព្រៃ​ចាន់​ចំណុច​ណា​ដែរ ដោយ​មន្ត្រី​ជំនាញ​មិន​អនុញ្ញាត​ឲ្យ​ចូល​មើល​ការ​បោះបង្គោល​បណ្ដោះអាសន្ន​នេះ​ឡើយ។

លោក ពៅ បឿន៖ «អត់​ទាន់​ទេ អត់​ទាន់​អនុញ្ញាត​ទេ អត់​ទេ​អត់​ទាន់​បាន​រើ​ទេ យើង​អត់​ដឹង​យ៉ាងណា​ដែរ យើង​ជា​ថ្នាក់ក្រោម មិនដឹង​ពី​ផែនការ​ថ្នាក់លើ​គិត​យ៉ាង​ណា​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ មេភូមិ​ជោគជ័យ លោក ប៉ែន ឫទ្ធី អះអាង​ថា ពលរដ្ឋ​ដែល​ទាហាន​ថៃ​រំលោភ​យក​ផ្ទះសម្បែង មិន​ទាន់​បាន​វិលត្រឡប់​ទៅ​រស់នៅ​ក្នុង​លំនៅឋាន​ខ្លួន​វិញ​ឡើយ។

លោក ប៉ែន ឫទ្ធី៖ «​អត់​ទាន់​បាន​ចូល​នៅទេ នៅ​ទាំងអស់»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា រដ្ឋលេខាធិការ​ព្រំដែន​គោក​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកា​ល​ព័ត៌មាន ដោយ​អះអាង​ថា ការ​ចុះវាស់វែង​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន ដោយ​ប្រើប្រាស់​ដ្រូន​ថត​ពីលើ​អាកាស ក្នុងភូមិ​សាស្ត្រ​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រង់​បង្គោល​លេខ​៤២ ដល់​៤៣ ប្រវែង​ប្រមាណ​៧​គីឡូម៉ែត្រ ត្រូវ​បាន​បញ្ចប់​ទាំងស្រុង ហើយ​ភាគី​ទាំងពីរ​នឹង​បន្ត​ចុះ​វាស់វែង និង​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​លើ​ដី​ជាក់ស្ដែង​បន្ថែម​ទៀត។

រីឯ​លោក ហ៊ុន ម៉ាណែត​វិញ លោក ក៏​បាន​ប្រកាស​ថា ការវាស់វែង និង​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នេះ គឺជា​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រយៈពេល​វែង​ដោយ​សន្តិវិធី ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ និង​បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​តំបន់​ព្រំដែន​ដែល​មាន​បញ្ហា​អាច​បាន​ទទួល​សេចក្តី​សុខ និង​បន្ត​ជីវភាព​រស់នៅ​ជា​ប្រក្រតី​ឡើងវិញ ព្រមទាំង​ធានា​បាន​នូវ​ការ​ការពារ​ជាដាច់ខាត​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ មានតែ​ពលរដ្ឋ​ដែល​រស់នៅ​ឆ្ងាយ​ពី​កន្លែង​ទាហាន​ថៃ រាយ​បន្លា​លួស និង​កង់ឡាន​នោះ​ទេ ដែល​អាច​ចូល​ទៅ​រស់នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ឡើងវិញ​បាន ខណៈ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត ដែល​ផ្ទះ​របស់​ពួកគាត់ ត្រូវ​បាន​ទាហាន​ថៃ ដាក់​កង់ឡាន និង​រាយ​បន្លា​លួស​ព័ទ្ធ​យក​នោះ គឺ​ពួកគាត់​នៅតែ​មិនទាន់​អាច​ចូល​ទៅ​រស់នៅ​ដូច​ធម្មតា​ឡើយ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​នៃ​ស្ថាប័ន​អធិបតេយ្យភាព​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន នៅតែ​អះអាង​ថា ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នេះ កម្ពុជា​នឹង​បាត់បង់​ទឹកដី ពី​២​ទៅ​៣​គីឡូម៉ែត្រ នៅក្នុង​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់​ទៅ​ខាង​ថៃ។

អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ ដែល​ទាហាន​ថៃ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ លើស​ពី​នោះ ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ម្នាក់ និង​របួស​៣​នាក់ នៅ​ភូមិ​ព្រៃ​ចាន់ កាលពី​ថ្ងៃទី​១២ វិច្ឆិកា ហើយ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​អាច​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​នៅឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ