កម្មករ​រោងចក្រ​​មួយ​កន្លែង​មាន​កម្មករ​ជាង​២​ពាន់​នាក់ តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៣ ទាមទារ​បើក​ប្រាក់​ប្រចាំ​ឆ្នាំ

0
23
​ទិដ្ឋភាពកម្មករ​រោងចក្រ ត្រាយ​អាំហ្វិន ដ្រេហ្គន (Triumphant Dragon Cambodia) ជាង​២​ពាន់​នាក់ ប្រមូលផ្ដុំ​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ កាលពីថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម
​ទិដ្ឋភាពកម្មករ​រោងចក្រ ត្រាយ​អាំហ្វិន ដ្រេហ្គន (Triumphant Dragon Cambodia) ជាង​២​ពាន់​នាក់ ប្រមូលផ្ដុំ​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ កាលពីថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម

កម្មករ​រោងចក្រ ត្រាយ​អាំហ្វិន ដ្រេហ្គន (Triumphant Dragon Cambodia) នៅ​ខេត្តតាកែវ និង​កំពង់ស្ពឺ ជាង​២​ពាន់​នាក់ ប្រមូលផ្ដុំ​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​រោងចក្រ​ទូទាត់​ប្រាក់​ប្រចាំឆ្នាំ។ ប៉ុន្តែ​ក្រសួង​ការងារ អះអាង​ថា មន្ត្រី​ជំនាញ​បា​នរក​ដំណោះស្រាយ​ឲ្យ​កម្មករ​រួចហើយ និង​ចាត់ទុក​ការ​តវ៉ា​បិទផ្លូវ​សាធារណៈ​បែប​នេះ គឺជា​ទង្វើ​ខុសច្បាប់។

នៅ​ថ្ងៃទី​២៦ ខែ​មករា កម្មករ​រោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ស្ថិតនៅ​ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​ស្រុក​បាទី ខេត្ត​តាកែវ ប្រមាណ​ជាង ២​ពាន់​នាក់ បាន​ប្រមូល​នាំគ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ ដើម្បី​ទាមទារ​ឱ្យ​ម្ចាស់​រោងចក្រ ទូទាត់​ប្រាក់​ប្រចាំឆ្នាំ​ឲ្យ​ពួកគាត់។

កម្មការិនី រោងចក្រ ត្រាយ​អាំហ្វិន ដ្រេហ្គន ថ្លែង​ក្នុង​ពេល​កំពុង​ផ្សាយ​ផ្ទាល់​ចេញពី​កន្លែង​តវ៉ា អះអាង​ថា ម្ចាស់​រោងចក្រ​មិនបាន​គោរព​តាម​ពាក្យ​សន្យា​ថា នឹង​បើកប្រាក់​ប្រចាំឆ្នាំ​ឲ្យ​កម្មករ​នៅក្នុង​ខែ​មករា​នេះនោះ​ទេ ដោយ​ក្រុមហ៊ុន​ពន្យារពេល​បើកប្រាក់​ប្រចាំឆ្នាំ​ឲ្យ​កម្មករ​នៅក្នុង​ខែមេសា​វិញ ។ កម្មការិនី​រូប​នេះ បន្ថែម​ថា ម្ចាស់​រោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន តែងតែ​កុហក​កម្មករ និង​ពន្យារពេល ដូច្នេះ​ទើប​កម្មករ នាំគ្នា​តវ៉ា​បិទផ្លូវ​បែប​នេះ។

«សន្យា​ជាមួយ​យើង​ថា​បើក​ឲ្យ​យើង​ខែ​១ តែ​ឥឡូវ​អត់​បើក​ឲ្យ​យើង​ទេ ថា​អត់​មាន​កិច្ចសន្យា ហើយ​ឥឡូវ​ថា​កិច្ចសន្យា​ខែ​៤»។

កម្មករ បាន​នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៣ អស់​រយៈពេល​ជិត​១​ម៉ោង ដើម្បី​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​ភ្លាមៗ​នោះ មន្ត្រី​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះទៅ​សម្របសម្រួល និង​ហៅ​តំណាង​កម្មករ​ជជែក​ពិភាក្សា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ក្រោយមក​កម្មករ​បាន​បើកផ្លូវ​នោះ​វិញ ហើយ​ពួកគាត់​បាន​រំសាយ​ការ​ជួបជុំ​នៅ​វេលា​ម៉ោង​៣​រសៀល។

នៅ​រសៀល​ថ្ងៃទី​២៦ ខែ​មករា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​អះអាង​ថា កម្មករ​-​កម្មការិនី នៅ​រោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន តវ៉ា​ឲ្យ​ម្ចាស់​រោងចក្រ អនុវត្ត​នូវ​លក្ខខណ្ឌ​ការងារ​មួយចំនួន និង​ទូទាត់​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​របស់​ខ្លួន​ជា​ប្រាក់​ជំនួស​វិញ​។ ក្នុង​លិខិត​ដដែល បន្ថែម​ថា ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ មិនអាច​ទូទាត់​ជា​សាច់ប្រាក់​បាន​នោះ​ទេ ប្រសិនបើ​កម្មករ​និយោជិក​មិន​ទាន់​ឈប់​ធ្វើ​ការងារ ហើយ​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ រយៈពេល​១៨​ថ្ងៃ​ក្នុង​១​ឆ្នាំ គឺជា​ការ​ឈប់​សម្រាក​ដើម្បី​ថែទាំ​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ លើស​ពី​នោះ ក្រសួង​ការងារ ចាត់ទុក​ការ​តវ៉ា​របស់​កម្មករ​រហូតដល់​បិទផ្លូវ​សាធារណៈ​បែបនេះ គឺជា​ទង្វើ​ខុសច្បាប់​ស្ដីពី​ការងារ និង​ច្បាប់ព្រហ្មទណ្ឌ។

ទោះជា​យ៉ាងណាក្ដី មួយ​រយៈ​ពេល​ចុង​ក្រោយនេះ គេ​សង្កេត​ឃើញ​ថា មាន​កម្មករ​ធ្វើការ​ក្នុង​រោងចក្រ​ជាច្រើន បាន​នាំគ្នា​ចេញ​តវ៉ា​រហូត​ឈាន​ដល់​បិទផ្លូវ ដោយ​កម្មករ​អះអាង​ថា ដោយសារតែ​ម្ចាស់​រោងចក្រ​រំលោភបំពាន និង​មិន​គោរព​តាម​កិច្ចសន្យា និង​លក្ខខណ្ឌ​ការងារ។

ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៣ ខែមករា កម្មករ​រោងចក្រ ត្រូភីខល ហ្វ្រ៊ូត អេស៊ា (Tropical Fruit Asia) បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​បិទផ្លូវ​នៅមុខ​រោងចក្រ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ដោយសារតែ​ម្ចាស់​រោងចក្រ​ផ្លាស់ប្ដូរ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​របស់​កម្មករ និង​មិន​គោរព​ទៅតាម​ច្បាប់​ការងារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ