

អង្គការសហប្រជាជាតិ (UN) បានចេញរបាយការណ៍ស៊ើបអង្កេតចុងក្រោយមួយដោយរៀបរាប់លម្អិតអំពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើជនរងគ្រោះរាប់ពាន់នាក់ដែលត្រូវបានជួញដូរ និងបង្ខាំងធ្វើទារុណកម្មនៅក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត។ អ្នកឃ្លាំមើលបញ្ហាឧក្រិដ្ឋកម្មយល់ថា របាយការណ៍របស់អង្គការអន្តរជាតិនេះឆ្លុះបញ្ចាំងពីការពិតដែលឧក្រិដ្ឋជនបានពង្រីកបណ្ដាញឆបោកតាមអនឡាញនៅកម្ពុជាយ៉ាងឆាប់រហ័ស និងបង្ខាំងជនរងគ្រោះចម្រុះជាតិសាសន៍ឱ្យឆបោកលុយពលរដ្ឋនៃបណ្ដាប្រទេសជុំវិញពិភពលោក។
ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (OHCHR) បានចេញរបាយការណ៍រៀបរាប់លម្អិតអំពីស្ថានភាពជនរងគ្រោះដែលត្រូវបានជួញដូរ ឬបោកបញ្ឆោតឱ្យមកធ្វើការនៅក្នុងអគារឆបោកអនឡាញ ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះក៏រួមមានកម្ពុជាផងដែរ។
របាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ បញ្ជាក់ថា ជនរងគ្រោះជាច្រើននាក់ត្រូវបានបោកបញ្ឆោតដោយសន្យាទទួលបានការងារមានប្រាក់ខែខ្ពស់ មុននឹងពួកគេចូលដល់បរិវេណអគារឆបោកតាមអនឡាញ និងត្រូវបានដកហូតលិខិតឆ្លងដែន និងបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ។ របាយការណ៍អង្គការអន្តរជាតិមួយនេះក៏បានកត់ត្រាករណីនៃការធ្វើទារុណកម្មលើជនរងគ្រោះវាយដំ ឆក់ខ្សែភ្លើង និងការធ្វើបាបផ្សេងៗដូចជា ការរំលោភបំពានកេងប្រវ័ញ្ចផ្លូវភេទ ការរំលូតកូនដោយបង្ខំ កង្វះខាតអាហារ ការឃុំខ្លួនជនរងគ្រោះឱ្យរស់នៅឯកោក្នុងបន្ទប់ងងឹត និងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងទម្រង់ផ្សេងៗទៀត។ ក្រៅពីនេះ ជនរងគ្រោះជាច្រើនត្រូវបានដកហូតលិខិតឆ្លងដែន គឺពួកគេត្រូវឃុំខ្លួនក្នុងអគារក្រោមការយាមកាមតឹងរ៉ឹង និងត្រូវបង្ខំឱ្យធ្វើការដោយគ្មានពេលសម្រាក និងគ្មានប្រាក់ឈ្នួល។
របាយការណ៍ដែលចំណាយពេលស្រាវជ្រាវ និងស៊ើបអង្កេតប្រមាណ ១ឆ្នាំកន្លះរបស់អង្គការសហប្រជាជាតិគឺផ្អែកលើការសម្ភាសដោយផ្ទាល់ជាមួយជនរងគ្រោះ អង្គការសង្គមស៊ីវិល និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ។ ជនរងគ្រោះ និងអ្នកដែលរស់រានមានជីវិតចេញពីមណ្ឌលអគារឆបោកតាមអនឡាញមានដូចជា ជនជាតិបង់ក្លាដេស ចិន ឥណ្ឌា មីយ៉ាន់ម៉ា ស្រីលង្កា អាហ្វ្រិកខាងត្បូង ថៃ វៀតណាម និងហ្ស៊ីមបាវ៉េ ជាដើមដែលពួកគេត្រូវបានគេជួញដូរចូលទៅក្នុងមជ្ឈមណ្ឌលឆបោកនៅក្នុងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងអារ៉ាប់រួមនៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
ក្រៅពីករណីធ្វើទារុណកម្មវាយដំឆក់ខ្សែភ្លើង ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញក៏គំរាមកំហែងជំរិតទារប្រាក់លើក្រុមគ្រួសារសាច់ញាតិ ដើម្បីជាថ្នូរដោះលែងជនរងគ្រោះ។ របាយការណ៍អង្គការសហប្រជាជាតិបញ្ជាក់ថា ការវាយដំ ទារុណកម្ម និងការគំរាមកំហែងលើក្រុមគ្រួសារ បានធ្វើឱ្យជនរងគ្រោះ និងអ្នករស់រានមានជីវិតមួយចំនួននៅតែរងផលប៉ះទង្គិចផ្លូវកាយ និងផ្លូវចិត្តក្នុងរយៈពេលយូរអង្វែង។
ទាក់ទងនឹងរបាយការណ៍អង្គការអន្តរជាតិនេះ ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃរដ្ឋាភិបាលត្រកូលហ៊ុន អ្នកស្រី ជូ ប៊ុនអេង ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២៣ ខែកុម្ភៈ។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន អសមត្ថភាព និងបានបណ្ដែតបណ្ដោយឱ្យឧក្រិដ្ឋកម្មបានរីកសាយភាយនៅទូទាំងប្រទេសកម្ពុជា។ អ្នកស្រីថា រដ្ឋាភិបាលត្រកូល ហ៊ុន បានធ្វើឱ្យកម្ពុជាអាប់ឱនកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ និងមិនអាចគេចពីការទទួលខុសត្រូវតាមរយៈការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មអនឡាញបានឡើយ។ ទន្ទឹមគ្នានេះ អ្នកស្រី មូរ សុខហួរ ក៏ទាមទារឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ដោះលែងអ្នកកាសែតដែលរាយការណ៍ពីបញ្ហាឧក្រិដ្ឋកម្មអនឡាញឱ្យមានសេរីភាព និងចាត់ទុកការចាប់ខ្លួនអ្នកសែតគឺជាការបិទបាំង និងការពារមេខ្លោងធំៗដែលកាងឧក្រិដ្ឋកម្មអនឡាញ។ «»
របាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិដែលរៀបរាប់ពីការធ្វើទារុណកម្មយ៉ាងឃោរឃៅលើជនរងគ្រោះក្នុងមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជាគឺស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសពីយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យអស់ក្នុងរយៈពេលខ្លី។ ថ្វីត្បិតមានការបង្ក្រាប ក៏បណ្ដាញឧក្រិដ្ឋជននៅតែបន្តដំណើរការអាជីវកម្មឆបោកតាមអនឡាញ ហើយសមត្ថកិច្ចក៏បានអះអាងពីការចាប់បញ្ជូនជនបរទេសចម្រុះដែលសំងំធ្វើការឆបោកតាមអនឡាញ ដើម្បីបណ្ដេញចេញពីកម្ពុជាជាបន្តបន្ទាប់។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា មានប្រសាសន៍ថា របាយការណ៍របស់អង្គការសហប្រជាជាតិគឺឆ្លុះបញ្ចាំងពីការពិត និងជាព័ត៌មានសំខាន់បង្ហាញដល់រដ្ឋាភិបាលកម្ពុជាដែលមានកាតព្វកិច្ចបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។ ទោះជាយ៉ាងណា លោកកត់សម្គាល់ថា របៀបរបស់អាជ្ញាធរដែលចុះបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញកន្លងមកគឺគ្មានការចាប់ខ្លួនមេខ្លោងធំៗ និងនាំយកម្ចាស់ទីតាំង ឬអគារអនឡាញយកមកអនុវត្តទោសឡើយ។ លោកថា ការមិនចាប់ខ្លួនមេខ្លោង ដើម្បីយកមកដាក់ទោសទណ្ឌតាមច្បាប់គឺជាការលើកទឹកចិត្តឱ្យមេខ្លោងធំៗទាំងនោះពង្រីកបណ្ដាញឆបោកតាមអនឡាញនៅកម្ពុជាបន្ថែមទៀត។
ហេតុផលចម្បងដែលរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ដោះស្រាយបញ្ហាឆបោកតាមអនឡាញមិនចេញដោយសារតែស្ថាប័នជំនាញអន្តរជាតិធំៗរកឃើញថា មេខ្លោងដែលទទួលបានផលប្រយោជន៍ និងកាងឧក្រិដ្ឋកម្មឆបោកតាមអនឡាញគឺសុទ្ធសឹងតែជាក្រុមមនុស្សជំនិតរបស់ត្រកូល ហ៊ុន ដែលពួកគេប្រើប្រាស់ងារឧកញ៉ា និងតួនាទីជាមន្ត្រីកំពូលក្នុងជួររដ្ឋាភិបាល ដើម្បីបិទបាំងរបរខ្មៅងងឹតនេះ។
អង្គការសហប្រជាជាតិបានព្រមានថា ទម្រង់នៃការរំលោភបំពានលើជនរងគ្រោះដែលមានលក្ខណៈជាប្រព័ន្ធ ពាក់ព័ន្ធបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននឹងកាន់តែរីករាលនៅតំបន់អាស៊ីអាគ្នេយ៍។ អង្គការសហប្រជាជាតិអំពាវនាវដល់រដ្ឋាភិបាលពាក់ព័ន្ធក្នុងតំបន់រួមទាំងកម្ពុជាផង ត្រូវស៊ើបអង្កេតចាប់ខ្លួនអ្នកទទួលផលចម្បងពីឧក្រិដ្ឋកម្មអនឡាញ និងបង្ក្រាបឱ្យចំគោលដៅមេខ្លោងធំៗ ព្រមទាំងធានាការការពារដល់ជនរងគ្រោះដែលរងការរំលោភបំពាន និងការធ្វើទារុណកម្ម៕









