អ្នកការពារ​សិទ្ធិ​កម្មករ​រោងចក្រ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កម្មករ ខណៈ​បរិយាកាស​នៅ​កន្លែងធ្វើការ​ភាគច្រើន​គ្មាន​ស្តង់ដារ និង​រំលោភសិទ្ធិ​ការងារ

0
17
កម្មការីនី​ឈ្មោះ យីម រីន អាយុ​៣២​ឆ្នាំ ដែលដួលស្លាប់នៅក្នុងរោងចក្រ កាលពីថ្ងៃទី២៧ កុម្ភៈ ២០២៦។ រូប៖ បណ្ដាញសង្គម
កម្មការីនី​ឈ្មោះ យីម រីន អាយុ​៣២​ឆ្នាំ ដែលដួលស្លាប់នៅក្នុងរោងចក្រ កាលពីថ្ងៃទី២៧ កុម្ភៈ ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នកការពារ​សិទ្ធិ​កម្មករ​រោងចក្រ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កម្មករ ខណៈ​បរិយាកាស​នៅ​កន្លែងធ្វើការ​ភាគច្រើន គ្មាន​ផាសុកភាព ក្ដៅស្អុះ​ស្អាប់ ហើយ​ថៅកែ មិនសូវ​គោរព​សិទ្ធិ​ការងារ តែងតែ​បង្ខំ​ឱ្យ កម្មករ​ធ្វើ​ការងារ លើស​កម្លាំង​ពលកម្ម​។ ទន្ទឹមគ្នា​នោះ ពួកគាត់​ថា នៅពេល​កម្មករ​ឈឺ​ស្កាត់​ម្ដងៗ ពិបាក​សុំច្បាប់​សម្រាក ហើយ បើ​សម្រាក លើស​ពី​៣​ថ្ងៃ​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ។

ស្របពេល ការងារ​ក្នុងស្រុក​កាន់តែ​តូច​ចង្អៀត គេ​ឃើញថា​កម្មការិនី​រោងចក្រ កំពុងតែ​រង​សម្ពាធ​ផ្លូវចិត្ត ជា​ខ្លាំង ព្រោះ​ប្រឹង​ធ្វើការ​លើស​កម្លាំង​ពលកម្ម ដើម្បី​បានការ​ងារ​ធ្វើ​បន្ត​។ អ្នកខ្លះ ពុំ​សូវ​មាន​ពេល​សម្រាក នោះ​ទេ បើ​ទោះ​ជា​សុខភាព​ពុំសូវល្អ​ក្ដី។

មន្ត្រី​សហព័ន្ធ​សហជីព​សេរី​កម្មករ លោក ថន ធន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ ខែមីនា​ថា ស្របពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង នៅ​តាម​រោងចក្រ​ឧស្សាហកម្ម​កាត់ដេរ ពុំ​សូវ​មាន​ម៉ាស៊ីនត្រជាក់​នោះ​ទេ ភាគច្រើន​ប្រើ​ប្រភេទ​ផ្លិត​ទឹក និង​កង្ហារ ទើប​ធ្វើ​ឱ្យ​អាកាសធាតុ​ក្នុង​រោងចក្រ ស្អុះស្អាប់ បណ្ដាល​ឱ្យ​កម្មករ​ងាយ​ដួលសន្លប់​។ ទន្ទឹមគ្នា​នោះ លោក​ថា បញ្ហា​ជីវភាព​ខ្វះខាត និង​ប្រាក់ខែ​តិច កម្មករ​ត្រូវ​ធ្វើការ​ថែម​ម៉ោង​ក្នុង​១​ថ្ងៃ មិន​ក្រោម​១២​ម៉ោង​នោះ​ទេ បើទោះជា ឈឺ ក៏​មិន​ហ៊ាន​សម្រាក ព្រោះ​ខ្លាច​ថៅកែ​បញ្ឈប់​។​

បន្ថែម​ពីលើ​នោះ លោក​ថា នៅ​តាម​រោងចក្រ​ភាគច្រើន ផ្ដល់​កុងត្រា ឬ​កិច្ចសន្យាការងារ​ជូន​កម្មករ​ត្រឹមតែ​២ ទៅ​៣​ខែ​ប៉ុណ្ណោះ ប្រសិនបើ​កម្មករ​នោះ ធ្វើការ​ពុំ​សូវ​បាន​ល្អ ឬ​មិន​ត្រូវចិត្ត របស់​មេការ និង​បុគ្គលិក​រដ្ឋបាល​រោងចក្រ ពួកគាត់​នឹង​រង​ការ​ជេរប្រមាថ​ខ្លាំងៗ និង​ត្រូវ​បញ្ចប់​កុងត្រា​ការងារ​ក្រោម​លេស​មិន​សម្បូរ​ការងារ​។ លោក សង្កេត​ឃើញ​ថា កម្មករ​ភាគច្រើន រង​សម្ពាធ​ផ្លូវចិត្ត​ជា​ខ្លាំង ព្រោះតែ​ធ្វើការ​លើស​កម្លាំង និង​ត្រូវ​គេ​ជេរប្រមាថ​ខ្លាំងៗ​។ ចំណែក​ពេល​សុំច្បាប់​ឈឺ គឺ​តម្រូវ​ឱ្យ​មាន​លិខិតបញ្ជាក់​ពី​ពេទ្យ​ជាមុន។

លោក ថន ធន៖ «ទាក់ទង​រឿង​អាកាសធាតុ ទាក់ទង​រឿង​ធាតុ​ពុល គឺ​រោងចក្រ​ផលិត​កំណាត់​ដេក​ភាគច្រើន មាន​ធូលី អ៊ីចឹង​កម្មករ​ភាគច្រើន​គាត់​មាន​ផល​ប៉ះពាល់​ផ្លូវដង្ហើម​។ រោងចក្រ​ផលិត​ដេក​ស្បែក​យើង វា​មាន​ក្លិន​ស្បែក និង​ក្លិន​កាវ វា​មាន​ផល​ប៉ះពាល់​ខ្លាំង វា​អាច​ប៉ះពាល់​ដល់​សួត​។ ព្រោះ​អី​កម្មករ​រោងចក្រ​ដល់ពេល​គាត់​ធ្វើការ​យូរៗ​ទៅ​កើតជា​ជំងឺ​វិជ្ជាជីវៈ ដូចជា​ជំងឺ​ផ្លូវដង្ហើម»។

រីឯ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ហៅ​កាត់​ថា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ លើកឡើង​ស្រដៀង​គ្នា​ថា ប៉ុន្មាន​ឆ្នាំ​ចុង​នេះ ស្ថានភាព​កម្មករ​រោងចក្រ ពុំ​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ ជាពិសេស​ការរំលោភ​សិទ្ធិ​កម្មករ​សហជីព បញ្ហា គ្មាន​ផាសុកភាព​ក្នុង​កន្លែង​ការងារ និង​ការ​បង្ខិតបង្ខំ ឱ្យ​កម្មករ ធ្វើ​លើស​កម្លាំង រហូត​អ្នក ខ្លះ​ដួលសន្លប់ និង​អ្នក​ខ្លះទៀត ស្លាប់​ក្នុងអំឡុងពេល ធ្វើការ ជាដើម គឺជា​ក្ដី​បារម្ភ​ដ៏​ធំ ដែល​កំពុង​កើតមានឡើង​។ រឹតតែ​ពិបាក​ទៀត​នោះ អ្នកស្រី​ថា គឺ​ការបង្កើត សហជីព​ឯករាជ្យ ឱ្យ​ជួយ​មើល​ការខុសត្រូវ នៅ​តាម​រោងចក្រ ក៏​កាន់តែ​មានការ​រឹតត្បិត​ខ្លាំង ដែល​ធ្វើ​ឱ្យ​អត្រា​នៃ​ការរំលោភ​សិទ្ធិ​កម្មករ​កើនឡើង។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ធម្មតា​បើ​យើង មើល​ច្បាប់​ការងារ​គឺ​បើក​សិទ្ធិ​ឱ្យ​កម្មករ គាត់​និយាយ​ថា តើ បរិយាកាស​នៅក្នុង​ក្រុមហ៊ុន​នោះ វា​មាន​បរិយាកាស​បែប​ណា​។ បើ​និយាយ​ពី​សុខ​សុវត្ថិភាព​នៅ​កន្លែង​ការងារ​។ អ៊ីចឹង​កម្មករ​និយោជិក​យើង គាត់​ត្អូញត្អែរ ច្រើនណាស់ នៅ​កន្លែង​ក្រុម​គាត់​នឹង​វា​ក្ដៅ វា​អី​អញ្ចឹង​។ អ៊ីចឹង​បើ​កន្លែង​ក្រុមហ៊ុន​ក្ដៅ វា​បញ្ជាក់​មក​ថា អត់​មាន​សុវត្ថិភាព​សម្រាប់​គាត់ ។ អ៊ីចឹង ខ្ញុំ​ចង់ឱ្យ​បើ​កម្មករ​គាត់​ត្អូញត្អែរ ក្រុមហ៊ុន ត្រូវ​រក​វិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា»។

ការ​លើកឡើង​នេះ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង មួយ​នៅ​រោងចក្រ​កាត់ដេរ ឈ្មោះ ខេមបូ យូនីសូល ( Cambo Unisoll LTD) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​កម្មករ ចំនួន​១១​នាក់ បាន​ដួលសន្លប់ និង​កម្មការិនី​ម្នាក់ ឈ្មោះ យីម រីន អាយុ ៣២​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​២៧​កុម្ភៈ​។ ក្រោយមក ក្រសួងបរិស្ថាន ក៏​ចេញ សេចក្ដីជូនដំណឹង បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ចុះ ប្រមូល​ព័ត៌មាន ដើម្បី​ឱ្យ​បានដឹង​ពី​មូលហេតុ​ទាំងនោះ​ប៉ុន្តែ រហូតមកដល់​ពេលនេះ ក្រសួង​ពុំបាន បង្ហាញ​លទ្ធផល​នោះ​ឡើយ។ រីឯ ក្រុមហ៊ុន ក៏​គេ​នៅ​ពុំ​ឃើញ​ទទួលខុសត្រូវ ចំពោះ​ការ​ស្លាប់​របស់​កម្មការិនី​បែប​ណា​នោះ​ដែរ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេសា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង នេះ​បានទេ នៅ​ថ្ងៃទី៦ ខែមីនា ដោយ ថា ជាប់រវល់។

នាយក​ប្រតិបត្តិ​នៃ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា យល់ថា ស្របពេល ប្រជាជន​ខ្មែរ ជាច្រើន បាន​វិលត្រឡប់ ពី​ប្រទេស​ថៃ​វិញ ដើម្បី​រក​ការងារ​ក្នុងស្រុក​នោះ ម្ចាស់​រោងចក្រ​ខ្លះ មាន​ជម្រើស​ច្រើន ក្នុង​ការ​ជ្រើសរើស កម្មករ​ធ្វើការ​។ ដូច្នេះ លោក​ថា ពួកគេ ចង់​ដាក់​សម្ពាធ និង បញ្ឈប់​កម្មករ​ណា​ម្នាក់ ពី​ការងារ​តាមតែ​អំពើ​ចិត្ត ដោយ​ពុំ​សូវ​ខ្វល់​រឿង គោរព​សិទ្ធិ​កម្មករ​នោះ​ទេ​។ ទន្ទឹមគ្នា​នោះ លោក​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព​ឯករាជ្យ​កាន់តែ​ខ្លាំង​ផង​នោះ ធ្វើ​ឱ្យ​សង្គម​ស៊ីវិល​ពិបាក​ក្នុង​ការ​ឃ្លាំមើល ទើប​ម្ចាស់​រោងចក្រ​ខ្លះ​រំលោភសិទ្ធិ​កម្មករ តាម​អំពើ​ចិត្ត។

លោក មឿន តុលា៖ «ដោយសារតែ​ការ​រឹតត្បិត​សេរីភាព​នៅ​ស្រុក​ខ្មែរ​វា​កាន់តែ​រឹត​ខ្លាំង អ៊ីចឹង​វា​ធ្វើ​ឱ្យ​ចលនា​សហជីព តួនាទី​អង្គការ​សង្គម​ស៊ីវិល មិនអាច​ធ្វើ​អី​បាន​ដូច​មុន​ទេ​។​ជាក់ស្ដែង​កម្ពុជា មិន​អាច​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ដូច​មុន​បានទេ​។ អ៊ីចឹង និយោជក គាត់​ហាក់ដូច​យក​ប្រយោជន៍​តាម​នោះដែរ​។ នៅ​ពេល​ដែល​កម្មករ​មិនអាច​ធ្វើ​អ្វី​បាន សហជីព​ពុំ​អាច​ធ្វើ​អី​បាន គឺ​គាត់​យក​ឱកាស​ហ្នឹង កៀបសង្កត់​ទៅ​កម្មករ​ថែមទៀត»។

ទាក់ទិន​រឿង​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៥ ធ្លាប់​បាន​លើក​ពី​ការ​បរាជ័យ របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក្នុង​ការធានា​នូវ​កម្រិតជីវភាព​សមរម្យ ការអប់រំ និង​ការថែទាំ​សុខភាព ចំពោះ​ពលករ និង​ប្រជាពលរដ្ឋ ដែល​ធ្វើ​ពលរដ្ឋ ទទួលរង​សម្ពាធ​ដោយសារ បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។

បន្ថែម​លើ​នោះ ពលករ​ខ្មែរ រាប់​សិប​ម៉ឺន​នាក់ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ភាគច្រើន​ពួកគេ​នៅ​មិនទាន់​ទទួល​បាន​ការងារ​ធ្វើ មាន​ប្រាក់ចំណូល​សមរម្យ និង ការ​ជួយ​សម្រួល​បំណុល​ដូច​ការសន្យា​របស់​រដ្ឋាភិបាល​នោះ​ឡើយ​។ បន្ថែម​ពី​នោះ អ្នកឃ្លាំមើល​ថា ការងារ​តាម​រោងចក្រ​ខ្លះ ដែល​រដ្ឋាភិបាល​រៀបចំ​ឱ្យ​ពលរដ្ឋ​ទៅ​ធ្វើ ភាគច្រើន​ជា ក្រុមហ៊ុន​ចិន ដែល​ពុំ​សូវ​គោរព​ច្បាប់​ការងារ ហើយ​ពួកគេ តែង​បង្ខំ​ឱ្យ​កម្មករ​ធ្វើការ​លើស​កម្លាំង​ពលកម្ម អ្នកខ្លះ ទ្រាំ​ពុំបាន​ក៏​លាឈប់​ធ្វើ ហើយ ត្រឡប់​ទៅ​ធ្វើ​ការងារ​ផ្សេង​។ អ្នក​ខ្លះទៀត​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ