
តុលាការសហរដ្ឋអាមេរិកកាត់ទោសឧក្រិដ្ឋជនជនជាតិចិនម្នាក់ឈ្មោះ ជីនលៀង ស៊ូ (Jingliang Su) ឱ្យជាប់គុកជិត ៤ឆ្នាំ និងបង្គាប់ឱ្យបង់ប្រាក់សំណងជិត ២៧លានដុល្លារ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ជិត ៣៧លានដុល្លារ និងអំពើឆបោកតាមអនឡាញដែលមានមូលដ្ឋាននៅកម្ពុជា។ តុលាការអាមេរិករកឃើញថា ឧក្រិដ្ឋជន ជីនលៀង ស៊ូ និងបក្ខពួកយ៉ាងហោច ៨នាក់ទៀតបានប្រើប្រាស់កម្ពុជាធ្វើជាមូលដ្ឋានសម្រាប់លាងលុយកខ្វក់ និងបានដាក់គោលដៅលើជនរងគ្រោះជាជនជាតិអាមេរិកសម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ និងការក្លែងបន្លំតាមរយៈវិស័យរូបិយប័ណ្ណគ្រីបតូ (Crypto)។
ក្រសួងយុត្តិធម៌អាមេរិកនៅថ្ងៃទី២៨ ខែមករា ចេញសេចក្ដីប្រកាសថា ឧក្រិដ្ឋជនជនជាតិចិន ជីនលៀង ស៊ូ និងបក្ខពួករបស់ខ្លួនផ្សេងទៀតបានប្លន់លុយជនជាតិអាមេរិកចំនួន ១៧៤នាក់ តាមរយៈប្រតិបត្តិការឆបោកតាមអនឡាញ និងការក្លែងបន្លំតាមរយៈវិស័យរូបិយប័ណ្ណគ្រីបតូ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។
ក្រសួងយុត្តិធម៌អាមេរិកឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការឆបោកលុយរបស់ក្រុមឧក្រិដ្ឋជន ជីនលៀង ស៊ូ គឺពួកគេបានព្យាយាមបញ្ចុះបញ្ចូល និងដាក់គោលដៅឆបោកលើជនជាតិអាមេរិកតាមរយៈការឃោសនាផ្សព្វផ្សាយតាមបណ្ដាញសង្គម និងគេហទំព័រក្លែងក្លាយពីឱកាសវិនិយោគថ្មីៗ ដែលអនុញ្ញាតឱ្យឧក្រិដ្ឋជនអាចលួចលុយពីជនរងគ្រោះ និងលាងលុយកខ្វក់រាប់សិបលានដុល្លារ។
តុលាការអាមេរិកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) នៅថ្ងៃទី២៧ ខែមករា បានសម្រេចកាត់ទោសឧក្រិដ្ឋជន ជីនលៀង ស៊ូ មានសញ្ជាតិចិនឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ៨ខែ ពីបទលាងលុយកខ្វក់ជិត ៣៧លានដុល្លារពីជនរងគ្រោះដែលបានមកការក្លែងបន្លំតាមរយៈវិស័យរូបិយប័ណ្ណគ្រីបតូ និងប្រតិបត្តិការឆបោកតាមអនឡាញដែលមានមូលដ្ឋាននៅកម្ពុជា។ តុលាការអាមេរិកក៏បង្គាប់ឱ្យឧក្រិដ្ឋជន ជីនលៀង ស៊ូ បង់ប្រាក់សំណងជិត ២៧លានដុល្លារ ហើយឧក្រិដ្ឋជនរូបនេះក៏បានសារភាពកំហុសកាលពីខែមិថុនា ឆ្នាំ២០២៥ ចំពោះដំណើរការអាជីវកម្មឆបោកតាមអនឡាញ និងការផ្ទេរលុយដោយខុសច្បាប់របស់ខ្លួន។
តុលាការអាមេរិកបញ្ជាក់ទៀតថា ឧក្រិដ្ឋជន ជីនលៀង ស៊ូ គឺជាផ្នែកមួយនៃបណ្ដាញឧក្រិដ្ឋកម្មអន្តរជាតិ បញ្ចុះបញ្ចូលជនរងគ្រោះអាមេរិកឱ្យផ្ទេរប្រាក់ទៅគណនីធនាគារបក្ខពួករបស់ខ្លួន។ តុលាការអាមេរិកក៏បានកាត់ទោសបក្ខពួកឧក្រិដ្ឋជន ជីនលៀង ស៊ូ ចំនួន ២នាក់ទៀតក្នុងនោះមានឈ្មោះ ហូសេ សូម៉ារីបា (Jose Somarriba) ឱ្យជាប់គុក ៣ឆ្នាំ និងឈ្មោះ ហ្សេងហ្សេង ហ៊ី (Shengsheng He) ឱ្យជាប់គុក ៤ឆ្នាំ ៣ខែ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធប្រតិបត្តិការផ្ទេរប្រាក់ដោយខុសច្បាប់។
ទាក់ទងនឹងចំណាត់ការតុលាការអាមេរិកនេះ ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ដើម្បីអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៨ ខែមករា។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ និងជាអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា អាមេរិកនឹងមិនបន្ធូរដៃក្នុងការកម្ចាត់ឧក្រិដ្ឋកម្មអនឡាញ និងកាត់ទោសឧក្រិដ្ឋជនឡើយ។ លោកថា ចំណាត់ការរបស់តុលាការអាមេរិកក៏កំពុងធ្វើឱ្យសមាជិកក្រុមគ្រួសាររដ្ឋាភិបាលត្រកូល ហ៊ុន ជ្រួលច្របល់ និងជឿជាក់ថា ជោគវាសនាពួកគេទំនងក៏មិនខុសពីឧក្រិដ្ឋជនចិននោះឡើយដែលតុលាការអាមេរិកនឹងកាត់ទោសក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅថ្ងៃអនាគត។
លោក គឹម សុខ៖ «អាមេរិកកាំងកាត់ទោសមេបណ្ដាញម្នាក់ម្ដងៗ ហើយរឿងនេះវាអាចហៀរដល់សមាជិកនៃក្រុមគ្រួសារ ហ៊ុន តែម្ដង ឬក៏ទម្រាំដល់ការកាត់ទោសសមាជិកណាម្នាក់នៃក្រុមគ្រួសារ ហ៊ុន អាមេរិកអាចជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅនៃការចរាចរហិរញ្ញវត្ថុអន្តរជាតិ ដើម្បីខ្ទប់ដង្ហើមរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែម្ដង ព្រោះសហរដ្ឋអាមេរិកដឹងច្បាស់ណាស់ថា លោក ហ៊ុន សែន និងក្រុមគ្រួសារ ហ៊ុន គឺជាមេបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ»។
កាលពីចុងឆ្នាំ២០២៥ តុលាការអាមេរិកក៏បានចេញដីកាឱ្យតុលាការនៅទីក្រុងញូវយ៉ក (New York) ចេញដីកាចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ពីបទឃុបឃិតលាងលុយកខ្វក់ និងឃុបឃិតក្លែងបន្លំតាមប្រព័ន្ធអេឡិចត្រូនិក។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានចាប់បញ្ជូនឧក្រិដ្ឋជនរូបនេះទៅដំណើរការក្ដីក្ដាំនៅតុលាការចិនវិញ បន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) និងបង្កកទ្រព្យសម្បត្តិ ឧក្រិដ្ឋជន ចេន ហ្ស៊ី ប្រមាណ ១៥ពាន់លានដុល្លារដែលបានមកពីអំពើឆបោកតាមអនឡាញ និងអំពើលាងលុយកខ្វក់នៅកម្ពុជា។
ក្រៅពីចំណាត់ការតុលាការអាមេរិកលើក្រុមឧក្រិដ្ឋជនអន្តរជាតិឆបោកតាមអនឡាញ សមាជិកសភាអាមេរិកក៏កំពុងដាក់មន្ត្រីកំពូលៗរបស់កម្ពុជា និងគ្រួសាររបស់ពួកគេ រួមទាំងអ្នកជំនួញធំៗមួយចំនួនចូលក្នុងបញ្ជីដាក់ទណ្ឌកម្មក្នុងសេចក្តីស្នើច្បាប់ H.R5490 ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនេះដែរ។ អ្នកទាំងនោះរួមមានដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រីលោក នេត សាវឿន អគ្គស្នងការរងនគរបាលជាតិ និងត្រូវជាប្អូនថ្លៃរបស់លោក ហ៊ុន ម៉ាណែត គឺលោក ឌី វិជ្ជា បងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ អភិបាលខេត្តកណ្តាល លោក គួច ចំរើន ម្ចាស់ក្រុមហ៊ុនកាស៊ីណូក្រោន និងជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច លោក កុក អាន អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ និងកូនប្រុសអតីតឧបនាយករដ្ឋមន្ត្រីលោក យឹម ឆៃលី គឺលោក យឹម លក្ខណ៍ជាដើម៕









