

ជនរងគ្រោះ និងសង្គមស៊ីវិលទទូចឱ្យអាជ្ញាធរខ្មែរ ពន្លឿនការប្ដឹងទាហានថៃករណីដែល ចាប់ពលករខ្មែរចំនួន ១២នាក់ យកមកធ្វើទារុណកម្ម និង រំលោភបំពានផ្លូវភេទលើនារីខ្មែរម្នាក់ អាយុ១៨ឆ្នាំ អំឡុងពេល ដែលពលករខ្មែរទាំងនោះ កំពុងតែធ្វើដំណើរលើឡានចេញពីប្រទេសថៃ ត្រឡប់មកស្រុកកំណើតវិញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា។
រយៈពេល៧ថ្ងៃហើយ ដែលពលករខ្មែរចំនួន ១៣នាក់ បានរងទារុណកម្ម និងអំពើរំលោភបំពានផ្លូវភេទ ពីសំណាក់ទាហានឈុតខ្មៅថៃ ដោយពុំទាន់ទទួលបានយុត្តិធម៌។ បើទោះជា ថ្មីនេះ គេឃើញមាន ក្រសួងពាក់ព័ន្ធ ជាច្រើន ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស ចំពោះទង្វើឃោរឃៅ របស់ទាហានថៃទាំងនោះក្ដី ក៏ប៉ុន្តែ មកទល់ពេលនេះ អាជ្ញាធរខ្មែរនៅមិនទាន់ប្ដឹងករណីនេះ ទៅកាន់រដ្ឋាភិបាលថៃ ឱ្យបើកការស៊ើបអង្កេត និងចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសនោះឡើយ។
ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះចំនួន ១៣នាក់ លោកស្រី ស៊ាង ហាច ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២១ ខែវិច្ឆិកា ថា លោកស្រីនៅតែមានអារម្មណ៍ក្ដុកក្ដួល និងភ័យខ្លាចនៅពេលនឹកឃើញដល់ទង្វើដ៏ព្រៃផ្សៃរបស់ទាហានថៃ ដែលបានទាត់ធាក់ប្ដី លោកស្រី នៅចំពោះមុខស្ទើរ តែបាត់បង់ស្មារតី។ នៅគ្រានោះ បើទោះជា លោកស្រី បានស្រែកយំអង្វរកុំឱ្យទាហានថៃ ធ្វើបាបប្ដីលោកស្រីយ៉ាងណាក្ដី ពួកគេមិនស្ដាប់នោះឡើយ ហើយ ថែមទាំង គំរាមបាញ់ លោកស្រី នឹងកាំភ្លើង ប្រសិនបើ លោកស្រីនៅតែបន្ត ស្រែកយំអង្វរ។
លោកស្រីបញ្ជាក់ថា នៅពេលនោះ លោកស្រីមិនត្រូវបានទាហានថៃធ្វើបាប ដូចនឹងពលរដ្ឋដទៃទៀតនោះទេ ក៏ប៉ុន្តែលោកស្រីត្រូវបានទាហានទាំងនោះបង្ខំឱ្យដើរឆ្លងទឹកអូរ មានជម្រៅស្ទើរលិចក្បាល ដើម្បីឆ្លងទៅកាន់ទឹកដីខ្មែរទាំងយប់ងងឹត អស់រយៈពេលជិតកន្លះម៉ោង ជាមួយនឹងអារម្មណ៍តក់ស្លុត និងក្ដីភ័យខ្លាច។ លោកស្រីទទូចឱ្យអាជ្ញាធរខ្មែរជួយពន្លឿនករណីនេះ ប្ដឹងទៅរដ្ឋាភិបាលថៃ និងស្ថាប័នអន្តរជាតិ ដើម្បីឱ្យបើកការស៊ើបអង្កេត រកការពិត និង ចាប់ខ្លួនជនល្មើសទាំងនោះ មកផ្ដន្ទាទោសចំពោះមុខច្បាប់។
លោកស្រី ស៊ាង ហាច៖ «ខ្ញុំសូមឱ្យអាជ្ញាធរខាងខ្មែរឱ្យគេដាក់ពាក្យប្ដឹងទៅថៃផង ដើម្បីកុំឱ្យជនជាតិខ្មែរយើង ត្រូវបានទាហានថៃធ្វើបាប ជិះជាន់សង្កាត់គ្នាអ៊ីចឹងទៀត។ អ្នកគ្នានៅក្រោយៗចង់មក គឺគាត់មានការភិតភ័យ ណាស់»។
ក្រោយកើតហេតុការណ៍នេះបានមួយថ្ងៃ គេឃើញមានក្រសួងពាក់ព័ន្ធជាច្រើន ក្នុងនោះមាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ និង ក្រុមអង្គការសង្គមស៊ីវិលជាង២០០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ មកលើទាហានថៃ ចំនួន ៧នាក់ ដែលបានប្រព្រឹត្តអំពើអមនុស្ស និង អំពើព្រៃផ្សៃ មកលើពលករខ្មែរ។
ភ្លាមៗបន្ទាប់ពីព័ត៌មានទាំងនេះ ត្រូវបានចែកចាយ ព្រោងព្រាតនៅលើបណ្ដាញសង្គម គេក៏ឃើញមានសារព័ត៌មានថៃ ដូចជា សារព័ត៌មាន ខាវស៊ុត (Khaosod English) សារព័ត៌មាន AmarinTV និង សារព័ត៌មាន Thai PBS World បានចេញផ្សាយ ដោយយោង សម្ដីរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ដែលបានថ្លែង បដិសេធថា កងទ័ពជើងទឹកថៃ មិនបានចាប់ពលករខ្មែរធ្វើទារុណកម្ម និង រំលោភផ្លូវភេទដូចការចោទប្រកាន់របស់ភាគី កម្ពុជានោះទេ។ ពួកគេថា ព័ត៌មានទាំងនោះ គឺ «មិនពិត និងក្លែងក្លាយ»។ បន្ថែមពីនោះ ពួកគេ ថែមទាំងបានចោទប្រកាន់ មកលើភាគីកម្ពុជា ថាបានប្រឌិតរឿង ដើម្បី វាយប្រហារមកលើកងទ័ពថៃ ស្របពេលដែលប្រទេសទាំងកំពុងមានជម្លោះព្រំដែននៅឡើយ។
ទោះជាយ៉ាងណា អ្នកការពារសិទ្ធិពលករលើកឡើងថា ការឆ្លើយតបរបស់ភាគីថៃទាំងដែលពុំទាន់បានបើកការស៊ើបអង្កេតជាមុននេះ គឺគ្រាន់តែដើម្បីលាក់បាំងកំហុសទុច្ចរិតរបស់ខ្លួន ប៉ុណ្ណោះ។ ដូចនេះ ពួកគាត់ថា ដើម្បីស្រាយ មន្ទិលសង្ស័យនេះឱ្យបានឆាប់ អាជ្ញាធរកម្ពុជា ត្រូវប្រញាប់ពន្លឿនប្ដឹងទៅភាគីថៃ និងស្ថាប័នអន្តរជាតិ ដើម្បីបើកការស៊ើបអង្កេត ដោយឯករាជ្យ។អ្នកការពារសិទ្ធិពលករបន្តថា កម្ពុជាមិនត្រូវបណ្ដែតបណ្ដោយឱ្យបញ្ហានេះស្ងៀមស្ងាត់ ដោយគ្រាន់តែការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសកងទ័ពថៃ ហើយក៏ចប់នោះទេ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទង អ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី ២១ ខែវិច្ឆិកា។ ចំណែក អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ឆ្លើយតបថា កំពុងជាប់រវល់។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍ នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ប្រាប់ទូរទស្សន៍ អាស៊ីសេរី នៅថ្ងៃដដែលនេះថា លោកសោកស្ដាយជាខ្លាំង ចំពោះការយឺតយ៉ាវ របស់អាជ្ញាធរកម្ពុជា ក្នុងការប្ដឹងទាហានថៃ។ លោកបន្តថា ករណីទាហានថៃ រំលោភផ្លូវភេទមកលើ នារីខ្មែរនេះ មិនមែនជាលើកទី១ទេ វាបានកើតឡើង ជាច្រើនលើកហើយ ក៏ប៉ុន្តែ ជនរងគ្រោះខ្មែរ ទាំងនោះ ពុំហ៊ានប្ដឹងអាជ្ញាធរខ្មែរ ដោយសារតែភ័យខ្លាច និងខ្មាសអៀន ដូចនេះ លោកថា នៅពេលមាន អ្នករងគ្រោះ ហ៊ានប្ដឹងហើយនោះ គួរណាស់តែអាជ្ញាធរកម្ពុជា ធ្វើការដោយម៉ឺងម៉ាត់ និងច្បាស់លាស់ ប្ដឹងទៅភាគីថៃ និងស្ថាប័នអន្តជាតិ ឱ្យបានទាន់ពេលវេលា។
លោក ឌី ថេហូយ៉ា៖ «វាអត់បានបង្ហាញពីការយកចិត្តទុកដាក់ ចំពោះអ្នកដែលគាត់រងគ្រោះ ។ជាពិសេសពលរដ្ឋដែលទាហានថៃមួយចំនួន ប្រព្រឹត្តអំពើអមនុស្សនេះ ហើយនៅតែប្រព្រឹត្ត ហើយមិនបានស្វែងរក ថា កន្លងមកក្ដី ក្នុងករណីនេះក្ដី ថា ទាហានឈុតខ្មៅថា ធ្លាប់ប្រព្រឹត្ត អំពើអមនុស្សនេះ ចំពោះពលរដ្ឋខ្មែរយើង។ អ៊ីចឹង វាមានន័យថា វាជះឥទ្ធិពលខ្លាំងជាអវិជ្ជមាន ទៅលើទីមួយ ពលការិនី ក៏ដូចជាពលករដែលរងគ្រោះចំពោះអំពើអមនុស្សនេះ»។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចុះទៅជួបនារីរងគ្រោះពីការរំលោភបំពានផ្លូវភេទរបស់ទាហានថៃ នៅមន្ទីរពេទ្យបង្អែកស្រុកកំរៀង ខេត្តបាត់ដំបង ហើយ ក្រោយមក លោក ស សុខា បានប្ដេជ្ញានៅចំពោះមុខសារព័ត៌មានថា លោកបានបញ្ជាឱ្យគណៈកម្មការពាក់ព័ន្ធរៀបចំប្ដឹង ទៅកាន់ភាគីថៃ ឱ្យខានតែបាន ព្រោះលោកថា ទង្វើរបស់ទាហានថៃ ធ្វើមកលើនារីខ្មែរនេះ ជាអំពើឃោរឃៅ និងអមនុស្សធម៌ជាទីបំផុត។
បើទោះជាបែបនេះក្ដី អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា រដ្ឋាភិបាលកម្ពុជាហាក់ ពុំបានចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងច្បាស់លាស់នោះទេ ជាពិសេស ករណីទាហានថៃ រំលោភបទឈប់បាញ់ ហើយចាប់ទាហានខ្មែរ ១៨នាក់ ធ្វើជាឈ្លើយសឹក និងការបាញ់សម្លាប់ជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ជាដើមប៉ុន្តែ ពុំឃើញអាជ្ញាធរកម្ពុជា យកសំណុំរឿងទាំងអស់នេះ ប្ដឹងទៅកាន់ស្ថាប័នយុត្តិធម៌អន្តរជាតិ ដូចជាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)នោះឡើយ។
ផ្ទុយទៅវិញ អ្នកឃ្លាំមើលថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បែរជាគំរាមចាប់ដាក់គុក ដល់អ្នកទាំងឡាយណាមិនថា ព្រះសង្ឃ ឬពលរដ្ឋ ទូទៅនោះទេ ប្រសិនបើ ហ៊ានរិះគន់ពីបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា-ថៃ និងចោទប្រកាន់ថា កូនប្រុសរបស់លោកគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមេដឹកនាំអសមត្ថភាព ដែលធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីឱ្យទៅភាគីថៃនោះ អ្នកទាំងនោះនឹងត្រូវចាប់ខ្លួនភ្លាមៗ បើពួកគេរស់នៅក្នុងស្រុក៕









