ពលរដ្ឋ​ចាញ់បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ដោះស្រាយ ខណៈ​រឿង​នេះ​អូស​បន្លាយ​ជិត ៣​ឆ្នាំ

0
104
ពលរដ្ឋ​រងគ្រោះ ចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា មកពី​តាម​បណ្ដា​ខេត្ត​នានា បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋ​រងគ្រោះ ចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា មកពី​តាម​បណ្ដា​ខេត្ត​នានា បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​ដែល​ចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា នៅ​តាម​ខេត្ត​ផ្សេងៗ បាន​នាំ​គ្នា​ឡើង​មក​ភ្នំពេញ តវ៉ា​និង​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​ក្រុម​មេធាវី​រដ្ឋាភិបាល ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ ខេត្តសៀមរាប ឲ្យ​ពន្លឿន​ដំណើរការ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​ជាប់​គាំង ជិត​៣​ឆ្នាំ​ហើយ។

ក្រុម​ពលរដ្ឋ​រងគ្រោះ អះអាង​ថា ការ​ពន្យារ​ពេល​រក​ដំណោះស្រាយ​របស់​តុលាការ​ខេត្តសៀមរាប ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ធ្វើ​ឲ្យ​កូនៗ​របស់​ពួកគាត់​មិនបាន​រៀនសូត្រ គ្រួសារ​បែកបាក់​គ្នា និង​ខ្លះទៀត​សម្លាប់​ខ្លួន ដោយសារតែ​ការ​ជំពាក់​បំណុល វ័ណ្ឌក។

ដោយ​ពិបាក​ទ្រាំ​រង់ចាំ​ដំណោះស្រាយ​យូរ​ពេក ពលរដ្ឋ​រងគ្រោះ មកពី​តាម​បណ្ដា​ខេត្ត​នានា បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ ក្នុង​រាជធានី​ភ្នំពេញ តាំង​ពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ដោយ​បាន​បិទផ្លូវ​ខាងមុខ​ក្រសួង​នេះ ប្រមាណ ជិត​មួយ​ម៉ោង​ដើម្បី​ស្នើសុំ​ជួប​តំណាង​មន្ត្រី​ក្រសួង​យុត្តិធម៌ ប៉ុន្តែ​រហូតដល់​ម៉ោង ប្រមាណ ៥:៤០ នាទី​រសៀល​ដែល​ជា​ម៉ោង​ឈប់ សម្រាក​ធ្វើការ ទើប​មន្ត្រី​ក្រសួង យុត្តិធម៌​បាន​ចេញ​មក​ហៅ​ពលរដ្ឋ​រងគ្រោះ​ចំនួន ៤ នាក់​ចូល​ទៅ​ខាងក្នុង​ក្រសួង។

ទោះជា​យ៉ាងណា នៅមុន​ពេល​មាន​មន្ត្រី​ចេញ​មក ពលរដ្ឋ​រងគ្រោះ​បាន​បិទផ្លូវ​ខាង​មុខ​ក្រសួង ហើយ​ក្រុម​មន្ត្រី​ក្រសួង​នាំគ្នា​ចេញពី​ធ្វើការ​តាម​ច្រក​ម្ខាង​ទៀត នៅ​ក្បែរ​មាត់ទន្លេ​ផ្នែក​ខាងក្រោយ​អគារ​ក្រសួង ដើម្បី​គេច​មុខ​ពី​ប្រជាពលរដ្ឋ ដែល​កំពុង​តវ៉ា។ ក្រុម​មន្ត្រី​បាន​ចេញ​តាមផ្លូវ​ក្រោយ​នេះ ម្តង​ម្នាក់ៗ ស្ទើរ​ស្ងាត់​ក្រសួង​ទាំងមូល។

តំណាង​ពលរដ្ឋ​រងគ្រោះ លោកស្រី ហាប ហៀម ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ ដោយសារតែ​ពួកគាត់​អស់​ការ​អត់ធ្មត់ ក្នុង​ការ​រង់ចាំ និង​ការសន្យា​ដដែលៗ ពី​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល និង​តុលាការ អស់​រយៈពេល​ជិត ៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​អ្វី​សោះ។ លោកស្រី​ថា បច្ចុប្បន្ន​គ្រួសារ​លោកស្រី និង​ពលរដ្ឋ​ដទៃទៀត កំពុង​ប្រឈម​នឹង​បំណុល​ធនាគារ​ធ្ងន់ធ្ងរ ជួប​វិបត្តិ​ខ្វះខាត​ក្នុង​ជីវភាព និង​កូនចៅ​ឈឺ​អត់​មាន​លុយ​ព្យាបាល ឪពុកម្ដាយ​ឈឺ​អត់​មាន​លុយ​យក​ទៅ​ពេទ្យ។

លោកស្រី ហាប ហៀម៖ «អ៊ីចឹង​ហើយ​ធ្វើ​យ៉ាងណា គិត​គួរតែ​ខាង​ធនាគារ​ទេ​សព្វថ្ងៃ​ហ្នឹង ហើយ​ឲ្យ​ពួក​ខ្ញុំ​គិត​គួរ​ធនាគារ​ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​ទៀត ទើប​បាន​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ បើ​ពួក​ខ្ញុំ​លំបាក​វេទនា​យ៉ាងនេះ។ បើ​ឲ្យ​ពួក​ខ្ញុំ​ទាំង​អស់ ស្លាប់​ដោយសារ​ការពារ​ទឹកដី ពួក​ខ្ញុំ​មាន​មោទនភាព តែបើ​ឲ្យ​ពួក​ខ្ញុំ​ស្លាប់​ដោយសារ តែ​បំណុល​ធនាគារ ដោយសារតែ​ការ​ចាញ់​បោក​ឧកញ៉ា ឡេង ចាន់ណា គឺ​ពួក​ខ្ញុំ​ស្លាប់​ទាំង​បិទ​ភ្នែក​អត់​ជិត​ទេ»។

ក្រៅពី​ស្នើ​ឲ្យ​ពន្លឿន​ដំណោះស្រាយ ពលរដ្ឋ​រងគ្រោះ​បាន​ទាមទារ​ឲ្យ​តុលាការ​ខេត្តសៀមរាប ដោះលែង​តំណាង​របស់​ពួកគាត់​ឈ្មោះ រ៉េត សុធី ឲ្យ​មាន​សេរីភាព​វិញ ដោយ​ថា លោកស្រី រ៉េត សុធី បាន​សម្រាលកូន​នៅក្នុង​ពន្ធនាគារ អំឡុង​ពេល​តុលាការ​បាន​ឃុំខ្លួន ២​ឆ្នាំ​ទាំង​អយុត្តិធម៌។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅ​ថ្ងៃទី​១៣ ខែ​មករា។

សំណុំរឿង​រកស៊ី​ឆបោក​ដ៏​កក្រើក​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី រយៈ ពេល​ជិត ៣​ឆ្នាំ​មក​នេះ តុលាការ​បាន​ត្រឹម​តែ​ចាប់​ឃុំ​ខ្លួន​នាយិកា ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា និង​បក្ខពួក​ប្រមាណ ១០​នាក់​ដាក់​ក្នុង​ពន្ធនាគារ។ បន្ថែម​ពី​លើ​នេះ កាល​ពី​ខែ​សីហា​កន្លង​ទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) សម្រេច​ព្យួរ​តំណែង​អនុប្រធាន​អង្គភាព​របស់​ខ្លួន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ គឺ លោក ស៊ាន បូរ៉ាត់ ព្រមទាំង​ព្យួរ​តំណែង​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ឧត្តមសេនីយ៍ ស ថាវី ដោយសារ​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​លុយ​រាប់​​លាន​ដុល្លារ ជាមួយ​អ្នកស្រី ឡេង ចាន់ណា។

លោក ស៊ាន បូរ៉ាត់ គឺជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ព្រោះ​លោក​ក៏​មាន​តួនាទី​ជា​អនុប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​ប្រធាន។ មកដល់ពេលនេះ តុលាការ​មិនទាន់​ចាប់ខ្លួន​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ទាំងនេះ​នៅ​ឡើយ​ទេ ហើយ​ពលរដ្ឋ​រងគ្រោះ​ជាង ១​ម៉ឺន ២​ពាន់​គ្រួសារ បានត្រឹម​តែ​ទន្ទឹងរង់ចាំ ដំណោះស្រាយ​ទាំង​ខកចិត្ត និង​ឈឺចាប់។

ពលរដ្ឋ​មកពី​ខេត្ត​កំពង់ធំ ដែល​ដាក់​វិនិយោគ​ជាមួយ ក្រុមហ៊ុន ប្រ៊ីលានស៊ីធី ចំនួន ៥​ម៉ឺន ៦​ពាន់​ដុល្លារ គឺ​លោកស្រី អ៊ុក វលក្ខណ៍ លើកឡើង​ថា ពួកគាត់​បាន​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន និង​តុលាការ​ដោះស្រាយ​ជាង ២​ឆ្នាំ​ហើយ ប៉ុន្តែ​នៅតែ​មិនទាន់​ឃើញ​ដំណោះស្រាយ​អ្វី​ទាំងអស់​។ លោកស្រី​រៀបរាប់​ថា ក្នុង​មួយ​ខែៗ គ្រួសារ​របស់​លោក​ស្រី ប្រឈម​បញ្ហា​ជីវភាព​ខ្លាំង ជាពិសេស​គឺ​ការ​រក​ប្រាក់​បង់​សង​ធនាគារ។

លោកស្រី អ៊ុក វលក្ខណ៍៖ «ពួក​ខ្ញុំ​ទុក​ពេល​ឲ្យ​ខាង​គាត់​ដោះស្រាយ​ឲ្យ​វា​ជាង ២ ឆ្នាំ​ហើយ ។ អ៊ីចឹង​បងប្អូន​គិត​មើល​សម្រាប់​ការ​បង់​ការប្រាក់​ទៅ​ខាង​ធនាគារ ២ ឆ្នាំ​ជាង​គឺ​វា​ច្រើនណាស់​ហើយ​អ្នកខ្លះ​មិនមែន​តែ​លុយ​ធនាគារ​ទេ បងប្អូន​មាន​ចងការ​លុយ​ឯកជន​ទៀត​។ អ៊ីចឹង​ម្នាក់ៗ អ្នកខ្លះ​រត់ចោលស្រុក​ក៏មានដែរ​។ ឥឡូវ​នៅ​តាម​ភូមិ​ជាក់ស្ដែង រាល់ថ្ងៃ​នេះ ចង់​ស្ងាត់​ភូមិ​អស់ហើយ ដោយសារ​រត់​ចោល​ផ្ទះ រត់​សម្បែង ដើម្បី​រក​លុយ​បង់​ធនាគារ។ អ្នកខ្លះ​ជំពាក់​លុយ​ឯកជន ដែល​មាន​ការប្រាក់​ថ្លៃ​ទៀត។ អ៊ីចឹង ពួក​ខ្ញុំ​មក​ថ្ងៃនេះ គឺ​សុំ​សំណូមពរ​ឲ្យ​ក្រសួង​យុត្តិធម៌​ជួយ​ដោះស្រាយ​ជួយ​ពន្លឿន​រឿង​នេះ​ដល់​ពួក​ខ្ញុំ​ផង»។

អតីត​ឧកញ៉ា ឡេង ចាន់ណា នាយិកា ក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន​បី​បទល្មើស រួម​មាន​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស បទ​មិន​បំពេញ​កាតព្វកិច្ច​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​និង​បទ​សម្អាត​ប្រាក់ កាលពី​ខែ​មីនា ឆ្នាំ​២០២៤ និង​ត្រូវ​បាន​បញ្ចប់​គោរមងារ «​ឧកញ៉ា​» ភ្លាមៗ នៅ​ពេល​នោះ នៅ​ក្រោយ​ការ​ផ្ទុះ​បញ្ហា​ឆបោក​នេះ ប្រមាណ​មួយឆ្នាំ។ ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​២ ពាន់​នាក់ ទាំង​ក្នុង​ប្រទេស និង​ទាំង​ពលករ​នៅ​ក្រៅ​ប្រទេស​ចាញ់បោក​ក្រុមហ៊ុន​នេះ អស់​ប្រាក់​ជាង ៣០០​លាន​ដុល្លារ។

អ្នកស្រី ឡេង ចាន់ណា កាល​នៅ​មាន​សេរីភាព​ធ្លាប់​បាន​និយាយ​ថា ការ​ចាត់ការ​ណាមួយ​លើ​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់​អ្នកស្រី​ស្មើនឹង​ប៉ះពាល់​លោក ហ៊ុន ម៉ាណែត រហូត​ដល់​អ្នកស្រី​ហ៊ាន​ប្រកាសប្រាប់​សមាជិក​ក្រុមហ៊ុន​ថា ប្រ៊ីលានស៊ីធី គឺជា​ក្រុមហ៊ុន​របស់​លោក ហ៊ុន ម៉ាណែត។

តំណាង​ពលរដ្ឋ​ទាំង ៤ នាក់​ដែល​បាន​ចូល​ទៅ​ក្នុង​ក្រសួងយុត្តិធម៌​នោះ បាន​ចេញ​មក​វិញ​នៅ​វេលា​ម៉ោង​ជិត ៧​យប់​ថ្ងៃ​ដដែល ក្នុង​ទឹកមុខ​ញញឹមញញែម។ តំណាង​ពលរដ្ឋ​អះអាង​ថា ពួកគាត់​មាន​សង្ឃឹម ៥០ ភាគរយ ថា នឹង​អាច​មាន​ដំណោះស្រាយ​ក្រោយពី​បាន​ជួបពិភាក្សា​ជាច្រើន​ជាមួយ​មន្ត្រី​ក្រសួង​យុត្តិធម៌ ដោយ​ក្រសួង​សន្យា​ថា នឹង​ឆ្លើយតប​ជាមួយ​ពលរដ្ឋ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយពី​ក្រសួង​ធ្វើការ​ជាមួយ​តុលាការ​ខេត្តសៀមរាប​។ ទោះជា​យ៉ាងណា តំណាង​ពលរដ្ឋ​អះអាង​ថា ចំពោះ​ពលរដ្ឋ​ដែល​មិន​មាន​វត្តមាន​ចូលរួម​តវ៉ា ឬ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដាក់​ជូន​ក្រសួង​នៅ​ថ្ងៃ​នេះ ក្រសួង​នឹង​មិន​បាន​ដោះស្រាយ​ជូន​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ