

ក្រុមហ៊ុនវៀតណាមនៅស្រុកសំបូរ ខេត្តក្រចេះ បន្តលួចឈូសឆាយព័ទ្ធយកដីព្រៃសហគមន៍សំពុងសាជាថ្មី ដោយមានការជ្រោមជ្រែងពីមន្ត្រីបរិស្ថានឈរជើងការពារតំបន់នោះ។ ពលរដ្ឋសង្ស័យថា មន្ត្រីបរិស្ថានបានលក់ដីព្រៃសហគមន៍មួយនេះ ទៅឲ្យក្រុមហ៊ុនវៀតណាម។
ពលរដ្ឋនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ អះអាងថា គ្រឿងចក្ររបស់ក្រុមហ៊ុនវៀតណាម បន្តលួចឈូសឆាយព័ទ្ធយកដីព្រៃសហគមន៍សំពុងសាជាថ្មីម្ដងទៀត ខណៈពេលកំពុងឈូសឆាយ ពលរដ្ឋបាននាំគ្នាថតរូប និងវីដេអូ ទុកជាភស្តុតាង ប៉ុន្តែមេការក្រុមហ៊ុនបញ្ជាឲ្យកម្មករបើកគ្រឿងចក្ររត់ចូលទៅក្នុងក្រុមហ៊ុនវិញ។
តំណាងពលរដ្ឋរងគ្រោះ លោកស្រី អ៊ែល រ៉ូស្សា អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៦ ខែមីនាថា ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង លបលួចឈូសឆាយដីព្រៃសហគមន៍សំពុងសាជាថ្មី កាលពីថ្ងៃទី៤ ខែមីនា ហើយបានបើកគ្រឿងចក្ររត់គេងចូលទៅក្នុងបរិវេណក្រុមហ៊ុនវិញ បន្ទាប់ពីប្រជាពលរដ្ឋថតរូបភាព និងវីដេអូ ។ លោកស្រីឆ្ងល់ថា ហេតុអ្វីបាននាំគ្នាបើកគ្រឿងចក្ររត់គេចពលរដ្ឋ ឬមួយក្រុមហ៊ុនប្រព្រឹត្តទង្វើខុសច្បាប់។
លោកស្រី អ៊ែល រ៉ូស្សា៖ «គ្រឿងចក្រចូលទៅវ៉ៃព្រៃហេតុអ្វីបានថាអត់ដឹង ចុះទៅថតផ្ទាល់ គ្រាន់តែឃើញប្រជាពលរដ្ឋថតផ្ទាល់នឹងនាំគ្នារត់ យកគ្រឿងចក្រចេញ ហើយមន្ត្រីបរិស្ថានរត់ជាន់ជើងគ្នា»។
លោកស្រី អ៊ែល រ៉ូស្សា អះអាងទៀតថា បច្ចុប្បន្នពលរដ្ឋកំពុងឃ្លាំមើលដីព្រៃសហគមន៍ ពីព្រោះពលរដ្ឋខ្លាចមន្ត្រីបរិស្ថានលួចឃុបឃិតគ្នាជាមួយក្រុមហ៊ុន បណ្ដោយឲ្យក្រុមហ៊ុនមួយនេះ រំលោភយកដីព្រៃសហគមន៍បន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុនព្យាយាមដណ្ដើមយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋហើយនោះ។
ប្រធានសហគមន៍សំពុង លោក យ៉ប ចាន់ធំ ឲ្យដឹងថា លោកមិនទាន់បានចុះទៅល្បាតព្រៃនោះទេ ប៉ុន្មានមកថ្ងៃនេះ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនទាន់អាចទាក់ទងអភិបាលខេត្តក្រចេះ លោក វ៉ា ថន និង ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ លោក គា ប៊ូ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៦ ខែមីនា។
កាលពីឆ្នាំ២០២៤ ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បានលួចឈូសឆាយដីព្រៃសហគមន៍សំពុង ដែលមានផ្ទៃដីជាង ១ពាន់(១.៣៩៨)ហិកតារម្ដងរួចហើយ ពេលនោះពលរដ្ឋបាននាំគ្នាតវ៉ា និងទាមទារទុកដីព្រៃមួយ ឲ្យពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរគួររកដំណោះស្រាយឲ្យប្រជាពលរដ្ឋបានឆាប់រហ័ស កុំទុកឲ្យពលរដ្ឋរងការឈឺចាប់ និងទុក្ខវេទនាបែបនេះទៀត។
លោក យិន ម៉េងលី៖ «វាមិនមានអ្វីលំបាកនោះទេ ឲ្យតែមានការសម្រេចចិត្តក្នុងការដោះស្រាយបញ្ហា កុំទុកបញ្ហាតូចក្លាយទៅជាធំនោះ អ៊ីចឹងយើងធ្វើការផ្ទៀងផ្ទាត់ឡើងវិញទៅលើឯកសារគតិយុត្តិណុង ក្រុមហ៊ុនមានទេ បើក្រុមហ៊ុនអត់មានផងហើយទៅឈូសឆាយមានការខុសធ្ងន់ធ្ងរណាស់ មានវិធានការមានពិន័យទៅលើក្រុមហ៊ុនហ្នឹង អត់អាចធ្វើអញ្ចឹងបានទេ ពីព្រោះប្រទេសយើងមានច្បាប់ទម្លាប់ត្រឹមត្រូវ»។
ក្រៅពីលបលួចឈូសឆាយដីព្រៃសហគមន៍ ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បានឈូសឆាយបំផ្លាញផលដំណាំ ដុតផ្ទះសម្បែង និងហ៊ុមព័ទ្ធយកដីស្រែចម្ការរបស់ពលរដ្ឋនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ជាង៣០០គ្រួសារ។ពលរដ្ឋបាននាំគ្នាចេញតវ៉ាទាមទារ ឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយរកដំណោះស្រាយឲ្យបានសមរម្យដល់ពលរដ្ឋ។ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធមិនបានស្វែងរកដំណោះស្រាយឲ្យពលរដ្ឋនោះឡើយ លើសពីនោះ ក្រុមហ៊ុនបានប្ដឹងតំណាងពលរដ្ឋ ហើយអាជ្ញាធរបានចាប់តំណាងពលរដ្ឋដាក់ពន្ធនាគារថែមទៀត៕









