

អ្នកឃ្លាំមើលសង្គមអំពាវនាវឲ្យអ្នកប្រជាធិបតេយ្យរួបរួមគ្នាដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ បើចង់ឈ្នះក្នុងសមរភូមិនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខណៈពួកគេមើលឃើញថា បក្សកាន់អំណាចហាក់អសមត្ថភាពដោះស្រាយបញ្ហាសង្គម និងទឹកដី។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ មានប្រសាសន៍ថា អ្នកប្រជាធិបតេយ្យមិនអាចដើរផ្លូវរៀងៗខ្លួនបានទៀតទេ។
លោក សេក សុជាតិ បន្ថែមទៀតថា អ្នកប្រជាធិបតេយ្យឈប់ជជែកថា គណបក្សអ្នកណាខ្លាំងជាង គណបក្សណា ប៉ុន្តែត្រូវជជែកថា តើអ្វីទៅជាផលប្រយោជន៍ដែលប្រជាពលរដ្ឋចង់បាន ដូច្នេះត្រូវបង្កើត ធម្មនុញ្ញប្រជាធិបតេយ្យរួមគ្នា មួយ ដែលគ្រប់គណបក្សទាំងអស់យល់ព្រមអនុវត្តតាម ទោះគណបក្សណាឈ្នះឆ្នោតក៏ដោយ។
អ្នកឃ្លាំមើលសង្គមរូបនេះអះអាងថា កំហុសធំបំផុតក្នុងអតីតកាល គឺការដណ្តើមគ្នាធ្វើមេដឹកនាំ។ លោកថា ទំនាស់រវាងថ្នាក់ដឹកនាំចាស់ៗ ជារឿយៗជាឧបសគ្គដល់ការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យនៅកម្ពុជា ដូច្នេះ ត្រូវបង្កើតសម្ព័ន្ធយុវជនជំនាន់ថ្មី ជាស្ពានចម្លង។ ការផ្តល់អំណាចសម្រេចចិត្តដល់យុវជនក្នុងគណបក្សឱ្យកាន់តែច្រើន គឺយុវជនមានចិត្តទូលាយ និងងាយស្រួលសហការគ្នា។
លោក សេក សុជាតិ បន្ថែមទៀតថា គ្រប់ក្រុមប្រជាធិបតេយ្យ ត្រូវមានអ្នកនាំពាក្យរួម ឬប្រព័ន្ធផ្សព្វផ្សាយដែលស៊ីចង្វាក់គ្នា។ ឈប់វាយប្រហារគ្នាឯងតាម Facebook ឬលើបណ្ដាញសង្គមផ្សេងៗ។ លោកថាការឈ្លោះគ្នាឯងក្នុងផ្ទះ គឺជាការគាំទ្រដល់កម្លាំងរបស់សត្រូវខាងក្រៅ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការរួបរួបអ្នកប្រជាធិបតេយ្យគឺជារឿងចាំបាច់ដែលត្រូវធ្វើដើម្បីកសាងកំលាំងប្រជាធិបតេយ្យរឹងមាំ ផ្តល់សេចក្តីសង្ឃឹមទៅដល់ប្រជាពលរដ្ឋដែលចង់បាន ក៏ប៉ុន្តែការយកឈ្នះគណបក្សប្រជាជនកម្ពុជាមិនមែនពឹងផ្អែកតែលើការរួបរួមរបស់អ្នកប្រជាធិបតេយ្យតែមួយមុខទេ គឺអ្នកប្រជាធិបតេយ្យត្រូវការចាំបាច់ចេញមុខទាមទារឲ្យមានប្រព័ន្ធបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក គឹម សុខ៖ «សំណួរត្រង់ថាតើឲ្យពលរដ្ឋជាង១០លាននាក់រួបរួមគ្នាឲ្យសកម្មយ៉ាងម៉េច បើក្រុមប្រជាធិបតេយ្យមិនដល់១០០នាក់ផងនិយាយគ្នាមិនត្រូវរួបរួមគ្នាមិនបាន ដូច្នេះគណបក្សនយោបាយនានាដែលអះអាងថា ខ្លួនដើរលើគោលការណ៍សេរីពហុបក្សហ្នឹង គួរគិតឡើងវិញ»។
កន្លងមក ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ណែនាំឱ្យអ្នកប្រជាធិបតេយ្យផ្ដោតសកម្មភាពជាអាទិភាពសម្រាប់ប្រទេសកម្ពុជា ជុំវិញការរៀបចំការបោះឆ្នោតដោយសេរី បើកចំហ អហិង្សា ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ជាជាងការឈ្លោះប្រកែកគ្នា។
មាត្រា១នៃរដ្ឋធម្មនុញ្ញចែងថា ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលប្រតិបត្តិតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែ កម្ពុជាក្រោមការដឹកនាំអស់រយៈពេលជាង៤០ឆ្នាំរបស់លោក ហ៊ុន សែន ត្រូវគេមើលឃើញថា កំពុងធ្លាក់ទៅក្នុងការគ្រប់គ្រងតាមបែបគ្រួសារនិយម ដោយផ្ទេរអំណាចពីឪពុកទៅកូន។
យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា ប្រទេសកម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា អ្នកនយោបាយខ្មែរ នៅតែមិនបោះបង់ចោលឥរិយាបថនយោបាយចាត់ទុកគ្នាជាសត្រូវ ហើយឈ្លោះគ្នារាល់អាណត្តិ ធ្វើឲ្យកម្ពុជា ដើរទៅមុខបានដោយយឺត។ ការជេរប្រទេចគ្នា របស់អ្នកនយោបាយខ្មែរ ធ្វើឲ្យអ្នកនយោបាយខ្លះកំពុងជាប់ពន្ធនាគារ និងជាប់បណ្តឹងនៅតុលាការ។
ក្រុមអ្នកឃ្លាំមើលសង្គម បន្ថែមទៀតថា ការឈ្លោះគ្នារបស់អ្នកនយោបាយ ធ្វើឲ្យពលរដ្ឋកើតទុក្ខ បាត់បង់ជីវិត ខូចកិត្តិយសប្រទេស និងបាត់បង់ធនធាន ដើម្បីអភិវឌ្ឍកម្ពុជា។ ប្រសិនបើអ្នកនយោបាយខ្មែរ មានភាពចាស់ទុំ ឈប់ធ្វើនយោបាយដោយការចងគំនុំ ឈ្នានីសគ្នា ពលរដ្ឋកម្ពុជានឹងអាចជឿនលឿនដូចប្រទេសដទៃបាន៕









