

ទាហានខ្មែរម្នាក់អះអាងថា កងទ័ពកម្ពុជា ដែលពលីនៅលើសមរភូមិប្រយុទ្ធក្នុងសង្គ្រាមជាមួយថៃ នៅតំបន់ព្រំដែន មានចំនួនយ៉ាងតិច ១៤០នាក់។ ប្រភពបានអះអាងទៀតថា ចំនួននេះ គឺបានមកពីការស្រង់ទិន្នន័យនៅតាមអង្គភាព និងកងពល ក៏ប៉ុន្តែទិន្នន័យទាំងនេះ ត្រូវបានថ្នាក់លើបិទមិនឱ្យបញ្ចេញជាសាធារណៈនោះឡើយ។
តាំងពីផ្ទុះសង្គ្រាមថៃឈ្លានពាន នៅតាមព្រំដែន រហូតដល់មានបទឈប់បាញ់ ភាគីកម្ពុជាមិនបានបង្ហាញពីចំនួនកងទ័ពដែលបានពលីនៅលើសមរភូមិនោះឡើយ។
ទាហានម្នាក់ ឈរជើងនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភខ្លាចប៉ះពាល់តួនាទីរបស់ខ្លួន បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៤ ខែមករា ថា កងទ័ពកម្ពុជា ដែលពលីនៅលើសមរភូមិក្នុងសង្គ្រាមជាមួយថៃ នៅតាមបណ្ដោយព្រំដែន យ៉ាងហោចណាស់មានចំនួន ១៤០នាក់ ដោយក្នុងនោះ មិនទាន់រាប់បញ្ចូលកងកម្លាំងនគរបាលការពារព្រំដែន និងទាហានដែលបានបាត់ខ្លួន ហើយរកសាកសពមិនទាន់ឃើញនោះឡើយ។ ប្រភពដដែលអះអាងថា នៅក្នុងសមរភូមិប្រយុទ្ធ ទាហានខ្មែរសឹងតែគ្មានឱកាសបាញ់តដៃជាមួយទ័ពសត្រូវនោះឡើយ ដោយទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់ទំនើបៗ បាញ់ចេញពីមូលដ្ឋានថ្មើរជើង និងទម្លាក់គ្រាប់បែកពីលើយន្តហោះ ខណៈទាហានខ្មែរ បានត្រឹមតែអោបអាវុធ និងផ្សងព្រេងបណ្ដោយតាមយថាកម្ម។
មេទាហាន៖«យើងមានឱកាសតិចណាស់។ បើគេវាយយើងហើយ បើយើងមិនរង និងតបត ម៉េចកើត។ ហើយយើងចេះតែទប់ ដោយសារអី ដោយសារគេចូលមកកាន់តែជ្រៅ។ បើឱ្យវ៉ៃពេញលេញហ្មង គឺគេវ៉ៃខ្ទេចអស់ឥឡូវហើយ ប៉ុន្តែគ្រាន់ថា បើយើងមិនទប់ទេម៉េចកើត»។
សារព័ត៌មានជប៉ុន នីកគី អេស៊ា (Nikkei Asia) ចុះផ្សាយកាលពីថ្ងៃទី១៣ ខែមករា បានបង្ហាញថា យ៉ាងហោចណាស់ មានទាហាន និងប៉ូលិសខ្មែរចំនួន ១១០នាក់ បានពលីនៅក្នុងសង្គ្រាមតាមព្រំដែនជាមួយប្រទេសថៃកាលពីខែធ្នូ។ នីកគី អេស៊ា បានអះអាងថា ទិន្នន័យនេះ គឺគេបានមកពីការស្រង់នៅតាមប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គមរបស់អង្គការរដ្ឋាភិបាល និងគ្រួសារយោធិនពលី ដែលចងក្រងដោយ Nikkei Asia ផ្ទាល់។ សារព័ត៌មានជប៉ុន នីកគី បញ្ជាក់ថា ការបង្ហោះបន្ថែមពីជនស៊ីវិល ចំនួនពិតប្រាកដអាចលើសពី ១៣០នាក់ ក៏ប៉ុន្តែចំនួននេះ នៅតែមិនទាន់បានផ្ទៀងផ្ទាត់នោះឡើយ។

កងទ័ពជួរមុខម្នាក់ទៀត ដែលឈរជើងនៅខេត្តព្រះវិហារ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភខ្លាចប៉ះពាល់តួនាទីរបស់ខ្លួន ដែរនោះ ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា នៅក្នុងសង្គ្រាមព្រំដែនលើកទី២ ជាមួយថៃ កងទ័ពខ្មែរមិនមែនស្លាប់ក្រោមអាវុធរបស់កងទ័ពថៃតែម្យ៉ាងនោះឡើយ ក៏ប៉ុន្តែ ភាពកម្សោយរបស់មេដឹកនាំ និងអំពើពុករលួយនៅក្នុងវិស័យការពារជាតិ បានសម្លាប់សមត្ថភាពរបស់កងទ័ពខ្មែរ នៅក្នុងការប្រយុទ្ធ។ លោកអះអាងថា នៅក្នុងអង្គភាពរបស់លោក ដែលមានចំនួនទ័ពជិត ៧ពាន់នាក់ គឺមានឈ្មោះទាហានខ្មោចយ៉ាងតិចចំនួន ៥រយនាក់ ក្នុងនោះទាហានមួយចំនួន ដែលជាកូនចៅរបស់អ្នកមានអំណាច និងមានបក្ខពួក មិនត្រូវបានគេបញ្ជូនទៅសមរភូមិនោះឡើយ ដែលកត្តានេះ បានធ្វើឱ្យកម្ពុជា ចាញ់ប្រៀបភាគីថៃ ទាំងចំនួនទ័ព និងសព្វាវុធ។
ទាហាន៖ «គេប្រើសុទ្ធតែបច្ចេកវិទ្យា ដល់ពេលយើងប្រើប្រាស់កម្លាំងមនុស្ស និងអាវុធធម្មតា ទៅទប់ទល់ជាមួយគេ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៤ ខែមករា។
ក្រោយសង្គ្រាមតាមព្រំដែន ដែលមានរយៈពេល ២១ថ្ងៃ បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានអះអាងពីចំនួនទាហានថៃ ដែលបានពលីនៅលើសមរភូមិ មានចំនួនសរុប ៤២នាក់។ ដោយឡែក ភាគីកម្ពុជា គ្មានស្ថាប័នណាមួយបង្ហាញពីចំនួនទាហានពលីនោះទេ ខណៈគ្រួសាររបស់យោធិនពលីមួយចំនួន នៅមិនទាន់បានទទួលសពគ្រួសារពួកគេយកទៅធ្វើបុណ្យនៅឡើយ។ កងទ័ពខ្មែរអះអាងថា ក្នុងចំណោមទាហានដែលបានពលី និងបាត់ខ្លួន គឺដោយសារត្រូវគ្រាប់ផ្លោងរបស់ថៃ បណ្ដាលឱ្យខ្ទេចសាកសព។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា ការបង្ហាញពីចំនួនទាហានដែលបានពលីនៅក្នុងសង្គ្រាម គឺជារឿងកម្រ ដែលបណ្ដាប្រទេសនៅលើពិភពលោក មិនងាយឱ្យដឹងនោះឡើយ ដោយសារពាក់ព័ន្ធនឹងយុទ្ធសាស្ត្រយោធា។ ក៏ប៉ុន្តែ លោកថា សម្រាប់កម្ពុជា ការលាក់បាំងពីចំនួនទាហានពលី គឺដើម្បីការពារមុខមាត់របស់មេដឹកនាំ ដោយកន្លងមករដ្ឋាភិបាល តែងតែប្រកាសដោយសម្ញែងអំពីភាពខ្លាំងក្លារបស់កងទ័ព បើទោះបីជាតំបន់មួយចំនួន ត្រូវយោធាថៃវាយចូលកាន់កាប់ហើយក៏ដោយ។
លោក ម៉ែន ណាត៖ «ជាយោបល់ កម្ពុជាឆ្លងកាត់សង្គ្រាមចំនួន២លើកមកនេះ អ្វីដែលកម្ពុជា គួររៀនសូត្រពីសង្គ្រាមហ្នឹង ធ្វើម៉េចពង្រឹងវិស័យកងទ័ពទៅ។ ទី២ធ្វើទំនើបកម្មយោធាឱ្យពិតប្រាកដ។ ទី៣ត្រូវបោសសម្អាតអំពើពុករលួយក្នុងជួរកងទ័ព។ ត្រូវលើកទឹកចិត្ត និងលើកស្ទួយជីវភាពកងទ័ព។ ថៃអាចនឹងមិនបញ្ឈប់ការឈ្លានពានមកលើកម្ពុជានោះទេ»។
នៅស្រុកខ្មែរ វិស័យការពារជាតិ ត្រូវគេមើលឃើញថា មានភាពទន់ខ្សោយ និងចាស់គំរឹល បើប្រៀបធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់។ ក្នុងនោះមេដឹកនាំកម្ពុជា លោក ហ៊ុន សែន មិនបានពង្រឹងវិស័យការពារជាតិឱ្យបានខ្លាំងក្លា ឬទិញយន្តហោះចម្បាំង សម្រាប់ទុកការពារដែនអាកាសនោះទេ ដោយបណ្ដោយឱ្យកងទ័ពជើងគោកខ្មែរ ទប់ទល់ជាមួយទ័ពថៃ ទាំងជើងគោក លើអាកាស និងនាវាចម្បាំងនៅលើសមុទ្រ។
កងទ័ពជួរមុខជំរុញឱ្យមេដឹកនាំកម្ពុជាប្រញាប់ផ្លាស់ប្ដូរទម្រង់របបដឹកនាំ និងធ្វើទំនើបកម្មវិស័យការពារជាតិ ដោយលុបបំបាត់អំពើពុករលួយ បើមិនដូច្នេះទេ កម្ពុជានឹងក្លាយជាប្រទេសកន្តឿ វិស័យការពារជាតិ និងត្រូវប្រទេសជិតខាងឈ្លានពានទឹកដីបន្ថែមទៀតជាមិនខាន៕








