

យោធាថៃដោះលែងយោធិនកម្ពុជាទាំង១៨នាក់ហើយ ក្រោយពួកគាត់ត្រូវបានចាប់ខ្លួនដោយខុសច្បាប់ និងឃុំឃាំងអស់រយៈពេល ១៥៥ថ្ងៃ។
យោធិនកម្ពុជាទាំង ១៨រូប ត្រូវបានដោះលែងនៅព្រឹកថ្ងៃទី៣១ ធ្នូ តាមច្រកព្រំដែនខេត្តប៉ៃលិន និងត្រូវបានដឹកតាមឧទ្ធម្ភាគចក្រចេញពីខេត្តបាត់ដំបងមកកាន់ព្រលានយន្តហោះពោធិចិនតុង នៅវេលាម៉ោង១១.៣០ ព្រឹកនេះ។
ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ការដោះលែងនេះ ធ្វើឡើងស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ កាលពីថ្ងៃទី២៧ ខែធ្នូ និងបន្ទាប់ពីមានការគោរពយ៉ាងពេញលេញបទឈប់បាញ់រយៈពេល៧២ម៉ោង។
កន្លងមក ភាគីថៃមិនបានគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលា ក្រោមការផ្ដួចផ្ដើម និងធ្វើជាសាក្សីដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ឡើយ ខណៈកិច្ចព្រមព្រៀងនេះបានកំណត់ឱ្យកងទ័ពថៃត្រូវដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ភ្លាមៗ បន្ទាប់ពីចុះហត្ថលេខា។
ក្រោយមិនគោរពកិច្ចព្រមព្រៀងនេះ និងពន្យារពេលដោះលែងកងទ័ពខ្មែរទាំង១៨នាក់ កងទ័ពថៃបានប្រើលេសទាហានខ្លួន «ដើរជាន់មីន» ដើម្បីប្រើកម្លាំងទ័ពវាយឈ្លានពានទ្រង់ទ្រាយធំជាលើកទី២មកលើប្រទេសកម្ពុជា អស់រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី២៧ខែធ្នូ ដើម្បីដណ្ដើមយកទឹកដីកម្ពុជា។
ទោះជាយ៉ាងណាក្ដី ការសម្រេចចុងក្រោយដោះលែងកងទ័ពខ្មែរទាំង១៨នាក់នៅពេលនេះ ហាក់ធ្វើឡើងបន្ទាប់ពីកងទ័ពថៃសម្រេចបានមហិច្ឆតាឈ្លានពានរបស់ខ្លួន ដោយបានចូលគ្រង់គ្រងទឹកដីក្នុងតំបន់មួយចំនួននៅតាមព្រំដែនកម្ពុជា-ថៃ និងបន្ទាប់ពីប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកបំផ្លាញទីតាំងយោធាកម្ពុជាអស់ជាច្រើនកន្លែង រួមទាំងបំផ្លិចបំផ្លាញធ្ងន់ធ្ងរផ្ទះសម្បែងពលរដ្ឋខ្មែរ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរាប់មិនអស់ជាច្រើនទៀត ដូចជាស្ពាន ថ្នល់ សាលារៀន វត្តអារាម និងមន្ទីរពេទ្យជាដើម៕









