

ព្រះសង្ឃ និងពលរដ្ឋទទូចឱ្យអាជ្ញាធរពាក់ព័ន្ធជួយផ្ដល់ស្បៀង និងសេវាថែទាំសុខភាព ដល់ជនភៀសសឹក ព្រោះថា ពលរដ្ឋមួយចំនួន ដែលចាកចេញពីលំនៅឋាន មកស្នាក់នៅតាមតង់កៅស៊ូ នៅទីសុវត្ថិភាព ពុំបានត្រៀមស្បៀង និងសម្ភារៈគ្រប់គ្រាន់នោះទេ ខណៈផ្ទះសម្បែង របស់ពលរដ្ឋខ្លះ រងការខូចខាត ក្រោយពីទាហានថៃ បើកការបាញ់ប្រហារយ៉ាងខ្លាំង នៅតាមខេត្ត ជាប់ព្រំដែន រយៈពេល ៣ថ្ងៃមកនេះ។
ព្រះតេជព្រះគុណ ពៅ ចិនរ៉ា គង់នៅខេត្តសៀមរាប ដែលកំពុងតែប្រឹងប្រែង រកជំនួយជួយដល់ជនភៀសសឹក នៅតាមខេត្តឧត្តរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ ជាដើម បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៩ ខែធ្នូថា រយៈពេលបីថ្ងៃនេះ មានពលរដ្ឋរាប់ពាន់គ្រួសារបានចាក់ចេញពីលំនៅឋាន ហើយមករស់នៅ តាមជំរំជនភៀសសឹក។ ព្រះអង្គឱ្យដឹងថា ជនភៀសសឹកភាគច្រើន ជួបផលលំបាក ក្នុងជីវភាពជាខ្លាំង ព្រោះ ពុំសូវមានស្បៀង និងសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ដោយសារតែ អំឡុងពេលការផ្ទុះអាវុធភ្លាមៗពួកគាត់នាំគ្នាចាកចេញពីផ្ទះប្រញាប់ប្រញាល់ ដោយគ្រាន់តែយកសម្ភារៈ និងគ្រឿងបរិភោគមកជាមួយបានតិចតូច។
ព្រះតេជព្រះគុណ ពៅ ចិនរ៉ា៖ «មិនថាខាងស្រុក មិនថាខាងខេត្តទេសូមឱ្យយកចិត្តទុកដាក់ជាមួយនឹងបងប្អូនបន្ថែមទៀត ព្រោះគាត់មកនេះ មកតែខ្លួនទទេ អត់មានអីសោះ។ នៅក្នុងដំណាក់កាលនេះគឺ យើងជួបបញ្ហាច្រើនតាំងពីផុតពីកូវីដ-១៩ មក ដល់សង្គ្រាមទៀត។ អ្នកខ្លះអត់មានការងារដែលសមប្រកបទេ។ ភាគច្រើនអត់សូវមានការងារធ្វើទេ ហើយនិយាយពីស្រូវស្រែកាន់តែពិបាកទៀត។ គាត់មានការលំបាកច្រើន សូមឱ្យប្រមុខរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់នឹង សូមជួយដល់ពួកគាត់»។
រីឯ ពលរដ្ឋម្នាក់ទៀតនៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោក ជឹម សុជា បានលើកឡើងថា លោកបានចាកចេញពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ជាមួយនឹងពលរដ្ឋរាប់រយនាក់ កាលពីយប់ថ្ងៃទី៧ ខែធ្នូ ព្រោះបារម្ភពីសុវត្ថិភាព ហើយមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងបរិវេណវត្តចាន់ស៊ី សាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ។ លោកថា ជនភៀសសឹក រស់នៅក្នុងវត្តនេះ មានរាប់ពាន់គ្រួសារ ក្រោយពីស្ថានភាពនៅភូមិព្រៃចាន់ និង ភូមិជោគជ័យ កំពុងតែបាញ់ផ្លោងដាក់គ្នាយ៉ាងខ្លាំង ខណៈផ្ទះសម្បែងអ្នកភូមិខ្លះ ត្រូវទាហានថៃ ផ្លោង ចំឆេះអស់ជាច្រើនខ្នង។
លោកបារម្ភជាខ្លាំង ចំពោះការផ្ទុះសង្គ្រាមជាថ្មី រវាង កម្ពុជា-ថៃ ព្រោះខ្លាចគ្រាប់ធ្លាក់ចំផ្ទះពលរដ្ឋ ខណៈពលរដ្ឋភាគច្រើនមានជីវភាពខ្វះខាត មិនដឹងមានលុយឯងណា ធ្វើផ្ទះនៅវិញបាន ក្រោយពីសង្គ្រាមបានបញ្ចប់។ លោកបន្តថា ប្រសិនបើ ផ្ទុះអាវុធនេះ អូសបន្លាយយូរទៀតនោះ ជនភៀសសឹកកាន់តែមានជីវភាពលំបាក ព្រោះពួកគាត់ ពុំសូវមានស្បៀងសម្រាប់ទុកបរិភោគបានយូរនោះទេ ។ បន្ថែមពីនោះ លោកស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជនជួយផ្ដល់ជំនួយខ្លះ ដូចជា អង្ករ គ្រឿងបរិភោគ និងថ្នាំពេទ្យជាដើម។
លោក ជឹម សុជា៖ «បើបានការហូបចុក និងមានថ្នាំលេច ជារឿងល្អ។ ពួកយើងមកភៀសសឹកអ៊ីចឹង វាមិនដូចនៅផ្ទះយើង ។ ការលំបាកនេះ មិនមែនតែចំពោះតែ១គ្រួសារទេ គឺវាមានច្រើន។ សំខាន់គឺចង់បាន ថ្នាំលេច អង្ករសម្រាប់ទុកហូប ព្រោះយើងមិនដឹងថា ពេលណា ថ្ងៃណា ទើបបានសង្គ្រាមចប់ទេ»។
ចំណែក ជនភៀសសឹកនៅខេត្តឧត្ដរមានជ័យ បានប្រាប់អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា លោកស្រីភៀសមករស់នៅក្នុងមណ្ឌល ជំរំភៀសសឹក វត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំបិល នៅថ្ងៃទី៨ ខែធ្នូ ។ លោកស្រីថា ទាហានថៃ បានបាញ់ផ្លោង ចូលផ្ទះអ្នកភូមិ នៅជាប់ម្ដុំ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី យ៉ាងខ្លាំង ដោយពុំខ្វល់ពីផ្ទះសម្បែងពលរដ្ឋនោះទេ ខណៈពលរដ្ឋខ្លះរត់មិនទាន់ត្រូវរងរបួសធ្ងន់ ព្រោះអំបែងគ្រាប់ខ្ទាតត្រូវ និងផ្ទះអ្នកភូមិខ្លះ ត្រូវភ្លើងឆេះ។
លោកស្រីថា ការផ្ទុះអាវុធជាថ្មីនេះ ទាហានថៃពុំបានខ្វល់ពីពលរដ្ឋខ្មែរនោះឡើយ ពួកគេបានសម្រុកបាញ់ផ្លោង ចូលដីខ្មែរតាមអំពើចិត្ត។ លោកស្រីមានអារម្មណ៍តក់ស្លូតនៅពេលនឹកឃើញ ដល់ព្រឹត្តិការណ៍នោះ។ លោកស្រីស្នើឱ្យរដ្ឋាភិបាលប្ដឹងថៃ ទៅកាន់ស្ថាប័នអន្តរជាតិ អំពីអំពើឃោរឃៅ របស់ទាហានថៃដែលបានបាញ់សង្គ្រុបមកលើជនស៊ីវិល និងផ្ទះសម្បែងពលរដ្ឋ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងអភិបាលរងខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី៩ ខែ ធ្នូ។ រីឯ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា ក៏មិនអាចទាក់ទងបានដែរ។
គិតត្រឹមថ្ងៃទី៩ ខែធ្នូ មានពលរដ្ឋជាង ១៦ម៉ឺន (១៦,៥៦៨)នាក់ ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និង ខេត្តបន្ទាយមានជ័យ បានភៀសសឹកទៅរកទីសុវត្ថិភាព ក្រោយពីទាហានថៃ បានបើក ការបាញ់ប្រហារមកលើកងទ័ពកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មក ដោយគ្មានការរើសគោលដៅជាក់លាក់នោះឡើយ ក្នុងការបាញ់ផ្លោងចូលទឹកដីកម្ពុជា ករណីនេះបានបណ្ដាលឱ្យផ្ទះអ្នកភូមិ មួយចំនួនរងការខូចខាត និងពលរដ្ឋចំនួន៧នាក់បានស្លាប់ ហើយ ២០នាក់របួស។
ជាមួយគ្នានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលក្រៅពីយកចិត្តទុកដាក់ លើកងទ័ពជួរមុខ ក៏គួរតែ គិតគូរដល់ពលរដ្ឋភៀសសឹកឱ្យបានដិតដល់ ព្រោះពួកគាត់ក៏ជាជនរងគ្រោះ ដែរ។ បន្ថែមពីនោះ លោកថា អាជ្ញាធរមូលដ្ឋាន គួរតែផ្ដល់ស្បៀង ថ្នាំសង្កូវ និងសេវាព្យាបាលជំងឺមួយចំនួនដោយឥតគិតថ្លៃ ដើម្បីកុំឱ្យពួកគាត់មានអារម្មណ៍តែលតោល និងភ័យខ្លាច។
លោក យង់ គិមអេង៖ «សូមឱ្យអាជ្ញាធរធ្វើយ៉ាងណាឱ្យពួកគាត់មានអាហារ មានទីកន្លែងស្នាក់នៅ ឱ្យគាត់មានម៉ុងមានភួយដើម្បីឱ្យពួកគាត់ និងតង់ ដើម្បីការពារទឹកសន្សើម និងផ្ដល់គ្រួពេទ្យ ដើម្បីជួយមើល ជួយថែមទាំ នេះជារឿងសំខាន់ណាស់»។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការផ្ទុះអាវុធជាថ្មីនេះ អាចនឹងបង្កផលប៉ះពាល់ដល់ជីវភាពពលរដ្ឋកាន់តែច្រើន និងយូរជាងមុន ដូច្នេះ អាជ្ញាធរពាក់ព័ន្ធគួរតែ រៀបចំ ជំរំភៀសសឹក ជូនដល់ពលរដ្ឋ ឱ្យបានត្រឹមត្រូវ និងមានផាសុកភាពដូចជា មានតង់កៅស៊ូ មានទឹកភ្លើងប្រើប្រាស់ត្រឹមត្រូវ មាន មណ្ឌលសិក្សារបស់ក្មេងៗ និងសេវាព្យាបាលជំងឺ បឋមដោយឥតគិតថ្លៃ។ ជាពិសេសនោះ រដ្ឋាភិបាលគួរតែសម្រួលនឹងធនាគារ មីក្រូហិរញ្ញវត្ថុ ក្នុងការផ្អាកបណ្ដោះអាសន្ន ដែលតម្រូវឱ្យអតិថិជន សង់លុយ ក្នុងគ្រាលំបាកបែបនេះ ដើម្បីកាត់បន្ថយបញ្ហាផ្លូវចិត្តមួយចំនួន។
កាលពីផ្ទុះអាវុធជាលើកទី១ រវាងកម្ពុជា-ថៃចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៩ ខែកក្កដា បានបង្ខំឱ្យពលរដ្ឋ រាប់ម៉ឺនគ្រួសារ ចាក់ចេញពីលំនៅឋាន ទៅរស់នៅជំរំភៀសសឹកចំនួន ៤៣កន្លែង ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ។ ក្នុងនោះ កាលពីថ្ងៃទី១២ ខែសីហា អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា (World Vision) រកឃើញថា ជនភៀសសឹកជាង ៦០% មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ក្រោយពីជម្លៀសចេញពីផ្ទះសម្បែង ការជួបប្រទះផ្ទាល់ជាមួយគ្រាប់បែក និងសំឡេងកាំភ្លើង ជាពិសេស គឺការបាត់បង់សមាជិក និងបញ្ហាជីវភាពជាដើម។
បន្ថែមពីនោះ ក្នុងចំណោមជនភៀសសឹកមាន កុមារចំនួនជាង ៦០នាក់ មានអារម្មណ៍តក់ស្លុត និងភ័យខ្លាច។ ប្រភពដដែលបញ្ជាក់ថា ក្នុងគ្រាលំបាកនេះ កុមារត្រូវការចាំបាច់បំផុត គឺការអប់រំ និងសម្ភារៈសម្រាប់លេង។ ចំណែក ពលរដ្ឋភៀសសឹកពេញ វ័យត្រូវការខ្លាំង បំផុតនោះគឺស្បៀងសម្រាប់ ហូបចុក តង់ និងសម្ភារៈអនាម័យជាដើម៕









