
អ្នកឃ្លាំមើលលើកឡើងថា ក្នុងជម្លោះព្រំដែន ភាគីថៃបានប្រើប្រាស់យុទ្ធសាស្ត្រ និងឧបាយកលគ្រប់ទម្រង់ ទាំងនៅក្នុងវិស័យយោធា ព័ត៌មាន និងការទូត ដើម្បីយកប្រៀបលើភាគីកម្ពុជា។ ពួកគាត់យល់ថា នៅក្នុងបរិបទនេះ កម្ពុជាគួរតែវាយបក ដោយប្រើប្រាស់សិទ្ធិការពារខ្លួនខាងផ្នែកយោធា និងម្ខាងទៀត កម្ពុជាត្រូវរកវិធីបង្ហាញព័ត៌មានឱ្យពិភពលោកដឹងថា ថៃដែលជាប្រទេសមានកម្លាំងយោធាធំ បានឈ្លានពានកម្ពុជា ដែលជាប្រទេសទន់ខ្សោយ។
យោធាថៃបានបង្កើនការវាយប្រហារកាន់តែខ្លាំង ទោះបីជាកម្ពុជា ដែលជាគូភាគី បានបើកភ្លើងខៀវសម្រាប់ចរចាយ៉ាងណាក្ដី។
ប្រធាននៃស្ថាប័នអធិបតេយ្យភាពជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែធ្នូ ថា យុទ្ធសាស្ត្រទ័ពរបស់យោធាថៃ គឺពឹងផ្អែកសំខាន់ទៅលើយន្តហោះចម្បាំង ដ្រូនពិឃាដ និងកាំភ្លើងធំ ក្នុងការវាយប្រហារសន្ធប់មកលើកងទ័ពខ្មែរ មុននឹងបញ្ជូនទ័ពថ្មើរជើង ឱ្យចូលមកវាយប្រហារតាមក្រោយ។ លោកបន្តថា ចំពោះយុទ្ធសាស្ត្រនេះ កម្ពុជាគួរតែប្រើប្រាស់ ហេតុផលទល់នឹងហេតុផល ពោលគឺ បើយោធាថៃមកវាយប្រហារខ្មែរ ដោយអាងថា ជាការប្រើប្រាស់សិទ្ធិដើម្បីការពារខ្លួន កម្ពុជាក៏អាចប្រើប្រាស់ហេតុផលនេះបានដូចគ្នា ដោយប្រើប្រាស់កាំជ្រួចប្រឆាំងយន្តហោះថៃ ឬសំណាញ់មេឃ ដើម្បីប្រឆាំងនឹងការវាយប្រហារ និងការពារអាយុជីវិតរបស់ទាហានខ្មែរ និងបូរណភាពទឹកដី។

លោក អ៊ុំ សំអាន៖ «ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ គួរតែដាក់ពាក្យប្ដឹងទៅកាន់តុលាការ ICC ក្នុងករណីទាហានថៃ រំលោភលើស្ត្រីខ្មែរ ការបាញ់ពលរដ្ឋខ្មែរស្លាប់ម្នាក់នៅភូមិព្រៃចាន់ ហើយថ្មីៗនេះ បានសម្លាប់ពលរដ្ឋខ្មែរជាច្រើន នៅក្នុងសង្គ្រាមពេលនេះ»។
ការផ្ទុះអាវុធជាំលើកទី២រវាងកម្ពុជា និងថៃ នេះ បានចាប់ពន្លកឡើងតាំងពីប្រទេសទាំង២ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីថ្មោង កាលពីថ្ងៃទី២៨ ខែកក្កដា ក្រោមការសម្របសម្រួល ពីប្រធានអាស៊ានប្ដូរវេន គឺប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក បន្ទាប់ពីភាគីទាំង២ បានវាយប្រហារគ្នាអស់រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់យប់ថ្ងៃទី២៨ ខែកក្កដា ដែលបណ្ដាលឱ្យទាហាន និងជនស៊ីវិលរបស់ភាគីទាំង២ ស្លាប់ និងរបួសជាច្រើននាក់។
ក៏ប៉ុន្តែ នៅប៉ុន្មានម៉ោងក្រោយកិច្ចព្រមព្រៀងនេះ ក្រុមយោធាថៃបានប្រើឧបាយកលចាប់ខ្លួនទាហានខ្មែរចំនួន ២១នាក់ ក្នុងនោះមានម្នាក់បានស្លាប់ និង២នាក់ត្រូវបានដោះលែងវិញ ក្រោមសភាពពិការ និងវង្វេងស្មារតី ខណៈ ១៨នាក់ទៀត ត្រូវបានយោធាថៃបន្តរក្សាទុកធ្វើជាឈ្លើយសឹក រហូតមកដល់បច្ចុប្បន្ននេះ។
ជាថ្មីម្ដងទៀត យោធាថៃបានលើកយកហេតុការណ៍ជាន់មីនផ្ទុះ នៅតាមបណ្ដាញព្រំដែន មកដាក់សម្ពាធលើកម្ពុជា ហើយបានបញ្ជូនទាហានមករាយបន្លាលួស ព័ទ្ធយកដីភូមិម្កររបស់ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅក្នុងករណីនេះ យោធាថៃបានបង្កហិង្សាដាក់ពលរដ្ឋខ្មែរជាច្រើនដង រហូតដល់មានការបាញ់ប្រហារមកលើពលរដ្ឋខ្មែរ បណ្ដាលឱ្យស្លាប់ទៀតផង។
ជាចុងក្រោយ ថៃបានហែកចោលកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយលើកយកករណីទាហានថៃដើរជាន់មីននៅតំបន់ព្រំដែន មកធ្វើជាលេសម្ដងទៀត ទោះបីជាភាគីកម្ពុជា បានថ្នមសភាពការណ៍ និងមានការទទូចពីប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលធ្វើជាសាក្សីក៏ដោយ។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី យល់ឃើញថា ភាគីថៃហាក់បានត្រៀមយុទ្ធសាស្ត្រ និងផែនការយ៉ាងម៉ត់ចត់ មុននឹងបើកការវាយប្រហារមកលើកម្ពុជា ហើយក្នុងកាលៈទេសៈនេះ បើកម្ពុជាចង់ចរចា លុះត្រាតែកម្ពុជា មានប្រៀបទៅលើសមរភូមិប្រយុទ្ធ។ លោកបន្ថែមថា កម្ពុជាគួរតែវាយបកទៅលើភាគីថៃវិញ ដោយប្រើប្រាស់សិទ្ធិការពារខ្លួនខាងផ្នែកយោធា និងម្ខាងទៀត កម្ពុជាត្រូវរកវិធីបង្ហាញព័ត៌មានឱ្យពិភពលោកដឹងថា ភាគីថៃដែលជាប្រទេសមានកម្លាំងយោធាធំ បានឈ្លានពានកម្ពុជា ដែលជាប្រទេសទន់ខ្សោយ។

លោក មាស នី៖ «ស្ដាយដែរ កម្ពុជាយើងជាង៣០ឆ្នាំនេះ អត់បានរៀបចំខ្លួនដើម្បីពង្រឹងសមត្ថភាពកងទ័ពទេ។ យើងហាក់បីដូចជាឆកល្វែងពេក ហើយនៅពេលមានអាសន្នមក យើងបានចាញ់ប្រៀបគេ ជាពិសេសលើផ្នែកយោធា»។
នៅក្នុងការប្រយុទ្ធគ្នាជាលើកទី២នេះ យោធាថៃបានប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារមកលើកម្ពុជា ជាជំហាន ដោយនៅពេលវាយប្រហារមកលើកម្ពុជារួច ពួកគេបានចោទថា ទីតាំងនោះគឺជាមូលដ្ឋានទ័ពរបស់ទាហានខ្មែរ និងលើកហេតុផលថា នេះជាការប្រើប្រាស់សិទ្ធិការពារខ្លួន។ ក្រៅពីរៀបក្បួននៅលើសមរភូមិប្រយុទ្ធ យោធាថៃបានប្រើយុទ្ធសាស្ត្រការទូត និងប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការផ្ដល់សម្ភាស និងបញ្ជូនព័ត៌មានទៅកាន់ស្ថាប័នផ្សព្វផ្សាយ របស់អន្តរជាតិល្បីៗ ដើម្បីផ្សាយអំពីហេតុការណ៍នៅក្នុងទឹកដីថៃ ឱ្យសម្បូរបែប ដែលធ្វើឱ្យស្ថាប័នអន្តរជាតិធំៗមួយចំនួន ដកស្រង់នូវការចុះផ្សាយទាំងនេះ យកមកធ្វើជាឯកសារយោង។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលយល់ឃើញថា ទោះបីជាជម្លោះព្រំដែននេះ កើតឡើងដោយសារការទាញប្រជាប្រិយភាពរបស់អ្នកនយោបាយ ក្នុងចំណោមមេដឹកនាំនៃភាគីណាមួយ ឬកើតចេញពីជម្លោះប្រវត្តិសាស្ត្រក្ដី មេដឹកនាំកម្ពុជាគួរតែ បើកលំហសេរីភាពសារព័ត៌មាន និងពង្រឹងវិស័យយោធាឡើងវិញ ដោយពួកគាត់បានលើកឡើងថា នៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមឈ្លានពាន ប្រទេសដែលមានប្រជាជន និងយោធាមានចំនួនតិច នៅតែអាចការពារខ្លួន និងវាយបកទៅកាន់សត្រូវវិញបាន ដោយអាស្រ័យលើគុណភាព និងការធ្វើទំនើបកម្មនៅក្នុងវិស័យការពារជាតិ៕










