

គ្រួសាររបស់យោធាខ្មែរ ដែលបានពលីក្នុងសមរភូមិប្រយុទ្ធនៅតំបន់ព្រំដែនកម្ពុជា-ថៃ បានអះអាងថា ពួកគាត់នៅមិនទាន់បានទទួលសពរបស់សាច់ញាតិនៅឡើយ ខណៈពិធីបុណ្យកំពុងប្រារព្ធឡើង។ អ្នកច្បាប់លើកឡើងថា ការចុះទៅប្រមូលសពទាហានដែលបានពលីក្នុងសមរភូមិ គឺជាភារកិច្ចរបស់ក្រុមស្ថាប័នឯករាជ ដែលមិនពាក់ព័ន្ធនឹងយោធា ហើយត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌។
បន្ទាប់ពីបទឈប់បាញ់បណ្ដោះអាសន្ន រយៈពេល ៧២ម៉ោង បានផុតកំណត់ ទាហានខ្មែរនៅជួរមុខ ដែលបានប្រយុទ្ធគ្នាអស់រយៈពេល ២១ថ្ងៃ ជាមួយយោធាថៃ នៅតាមព្រំដែន និងមានសំណាងរួចផុតពីពលីកម្មនោះ បានទៅជួបជុំគ្រួសារ និងខ្លះកំពុងបន្តឈរជើងនៅទីតាំងដើមនៅឡើយ។ ក៏ប៉ុន្តែទាហានមួយចំនួនទៀត ដែលបានពលីនៅលើសមរភូមិ សពរបស់ពួកគាត់នៅមិនទាន់បានបញ្ជូនទៅឱ្យសាច់ញាតិនៅឡើយទេ។
កូនស្រីរបស់ទាហានពលី លោក សឿន សាលី គឺកញ្ញា សឿន ណារី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣០ ខែធ្នូ ថា ឪពុករបស់កញ្ញា បានពលីកាលពីថ្ងៃទី២៦ ខែធ្នូ នៅក្នុងសមរភូមិ ភូមិជោគជ័យ។ កញ្ញាអះអាងថា កញ្ញាបានដឹងរឿងនេះ នៅពេលបានឃើញរូប ដែលយោធាថៃបានបង្ហោះនៅលើបណ្ដាញសង្គម ដោយបង្ហាញពីទាហានថៃ បានចងដៃអូសសពឪពុករបស់កញ្ញា ចេញពីក្នុងលេណដ្ឋាន ហើយមកដល់ពេលនេះគ្រួសាររបស់កញ្ញា នៅមិនទាន់ទទួលបានសពរបស់ឪពុក គឺលោក សឿន សាលី នៅឡើយ ខណៈពិធីបុណ្យកំពុងតែប្រព្រឹត្តទៅបណ្ដើរៗ។
កញ្ញា សឿន ណារី៖ «ថៃអត់ទាន់ ឱ្យមក។ កាលពីលើកទី២ គេថានឹងមកដល់ល្ងាចម្សិលមិញ ឬមកដល់ព្រឹកនេះ។ ក៏ប៉ុន្តែនៅពេលមេបញ្ជាការ ខាងបន្ទាយ ដែលឪពុកខ្ញុំបានឈរជើង គាត់ទទួលបានពីថៃវិញ គេប្រាប់ថា អត់ទាន់ឱ្យមកទេ ពន្យារពេលសិន»។
ទោះជាយ៉ាងនេះក្ដី អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានអះអាងថា រូបភាពដែលបង្ហាញពីទាហានថៃ ចាប់ទាញសពទាហានកម្ពុជា លោក សឿន សាលី គឺជារូបភាពបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត(Ai) និងហាមមិនឱ្យពលរដ្ឋចែករំលែករូបភាពនេះ ឬធ្វើការរីផត(Report) ដើម្បីលុបចោល។
ទោះជាយ៉ាងណា ក្នុងប្រតិបត្តិការបោសសម្អាតលេណដ្ឋាន ដែលដណ្ដើមបានពីទាហានខ្មែរ យោធាថៃ បានបង្ហោះវីដេអូ នៅក្នុងបណ្ដាញសង្គម ដោយអះអាងពីការរកឃើញសពទាហានខ្មែរជាច្រើននាក់ ក្នុងអាការៈហើមស្អុយ ដែលខ្លះត្រូវបានដីបាក់សង្កត់ ខ្លះត្រូវភ្លើងឆេះ ខ្លះស្លាប់ក្នុងលេណដ្ឋាន ឬក្នុងព្រៃ និងខ្លះទៀត នៅសល់តែបំណែកសាកសព។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣០ ខែធ្នូ។
គិតមកដល់ពេលនេះ ក្រសួងការពារជាតិកម្ពុជា នៅមិនទាន់បង្ហាញពីចំនួនកងកម្លាំងខ្មែរ ដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធរយៈពេល ២១ថ្ងៃ នៅតាមបណ្ដោយព្រំដែនជាមួយយោធាថៃនៅឡើយទេ ខណៈភាគីថៃ បានបង្ហាញថា មានយោធាថៃចំនួន ៤២នាក់ បានពលីនៅក្នុងសមរភូមិ។ ទោះជាយ៉ាងណា មានឃ្លីបវីដេអូមួយចំនួន ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញអំពីការចុះទៅប្រមូលសពទាហានខ្មែរ ដែលបានស្លាប់ត្រាំក្នុងទឹក នៅតំបន់ភូមិសាស្ត្របឹងត្រកួនផងដែរ ប៉ុន្តែអាជ្ញាធរកម្ពុជា មិនទាន់បង្ហាញប្រតិកម្មនៅក្នុងរឿងនេះនៅឡើយទេ។
ទន្ទឹមគ្នានេះ គ្រួសារទាហានខ្មែរ ដែលបានពលីមួយចំនួន បានបង្ហោះវីដេអូ ដោយបានអះអាងថា ពួកគាត់បានចូលទៅយកសពគ្រួសាររបស់ពួកគាត់ ដោយខ្លួនឯងទៀតផង ខណៈគ្រួសាររបស់យោធាខ្លះទៀត បានប្រកាសស្វែងរកគ្រួសារ បន្ទាប់ពីបាត់ដំណឹងក្រោយបទឈប់បាញ់បណ្ដោះអាសន្ន និងខ្លះទៀត បានទទួលដំណឹងពីការស្លាប់របស់សាច់ញាតិ ប៉ុន្តែក៏នៅមិនទាន់ទទួលបានសពនោះនៅឡើយ។
ជុំវិញរឿងនេះ ប្រធានក្រុមអ្នកច្បាប់អមរិន្ទលោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ការចុះទៅប្រមូលសពទាហាន របស់ភាគីណាមួយ នៅក្នុងសមរភូមិ អាចធ្វើទៅបាន លុះត្រាតែអ្នកចុះទៅប្រមូល គឺជាក្រុមដែលមិនពាក់ព័ន្ធនឹងវិស័យកងទ័ព ដែលអាចឆ្លៀតយកការណ៍ពីភាគីម្ខាង ទៅឱ្យភាគីម្ខាងទៀត និងត្រូវប្រាកដថា តំបន់នោះ មិនមានបង្កប់មីន។ លោកបន្តថា សពដែលស្លាប់ដោយគ្រាប់កាំភ្លើង និងអាវុធ គឺឆាប់ស្អុយរលួយណាស់ ដូច្នេះបញ្ហានេះ គឺជារឿងពិបាក ក្នុងការបញ្ជូនសពទាហានពលី ទៅឱ្យគ្រួសារ។
លោក សុក សំអឿន៖ «ហើយកាន់តែឆាប់ស្អុយរលួយទៀតនោះ ការដែលស្លាប់ដោយសាររបួសដាច់ ឬរយះស្បែក។ ដូចនេះមិនអាចបន្ទោសនរណាម្នាក់បាននោះទេ ហើយក៏មិនមែនជាកំហុសដែរ ដែលទាហានកម្ពុជា ម្ដេចមិនចូលប្រមូលសាកសពទាហានសៀម ដែលចោលនៅក្នុងព្រៃនោះ ព្រោះយើងក៏មិនអាចកំណត់ថា សមរភូមិនៅតាមព្រំដែន គឺមានសល់គ្រាប់មីន ឬគ្រឿងផ្ទុះនោះទេ ប៉ុន្តែកម្ពុជា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព តាមដែលអាចធ្វើទៅបាន គឺថតរូបសាកសព ឬរកមើលឈ្មោះសាកសព ដើម្បីឱ្យគ្រួសារងាយនឹងសម្គាល់សាកសព ហើយបូជា ឬកប់សាកសពទាំងនោះបាន»។
ក្នុងប្រតិបត្តិការនេះ ក្រុមយោធាថៃ បានប្រមូលសពទាហានខ្មែរមួយចំនួនរុំនឹងអង្រឹង និងតម្រៀបគ្នាជាជួរ ដើម្បីរង់ចាំភាគីកម្ពុជាមកទទួល។ ក្នុងនោះយោធាថៃមួយចំនួន បានសូមអហោសិកម្ម និងបានរៀបរាប់ថា ទោះបីជាទាហានខ្មែរជាគូបដិបក្ខនឹងគ្នាក្ដី ក៏ពួកគេសូមផ្ដល់កិត្តិយស ក្នុងអាជីពជាទាហានដូចគ្នា ដែលចាកចេញពីគ្រួសារ ហើយត្រូវពលីជីវិតដើម្បីការពារបូរណភាពទឹកដីរៀងៗខ្លួន។
ក្នុងនោះ យោធាថៃបានរិះគន់មេដឹកនាំកម្ពុជាថា ការទុកឱ្យរាងកាយរបស់យោធា ដែលបានពលីក្នុងបុព្វហេតុការពារជាតិ ចោលនៅក្នុងព្រៃ គឺជាការប្រមាថ និងមិនឱ្យតម្លៃ នៅពេលដែលរាងកាយរបស់ពួកគេ ចាប់កាន់អាវុធច្បាំងលែងកើត ខណៈទាហានដែលមានខ្សែ និងបក្ខពួកខ្លះ អង្គុយចាំតែបើកប្រាក់ខែ និងមិនដែលឡើងសមរភូមិទាល់តែសោះ៕









