

ទាហានមួយចំនួនដែលកំពុងឈរជើងនៅព្រំដែនខេត្តបន្ទាយមានជ័យ បានអះអាងថា ពួកគាត់ត្រូវមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា អូសទាញឱ្យចូលបម្រើទ័ពស្ម័គ្រចិត្ត នៅមុនពេលផ្ទុះសង្គ្រាមតាមព្រំដែន ដោយការសន្យាផ្ដល់ក្របខ័ណ្ឌជាទាហានពេញសិទ្ធិ ក្រោយឈរជើងបាន ៣ខែ។ ក៏ប៉ុន្តែ ពួកគាត់ថា ក្រោយឆ្លងកាត់សមរភូមិប្រយុទ្ធជាង ២០ថ្ងៃ និងហួសកាលកំណត់ហើយនេះ ពួកគាត់ត្រូវគេទុកចោលយ៉ាងកម្សត់នៅតំបន់ព្រំដែន និងមិនបានផ្ដល់ក្របខ័ណ្ឌពេញសិទ្ធិតាមការសន្យានោះឡើយ។
ទាហានម្នាក់ កំពុងឈរជើងនៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងថា នៅមុខផ្ទុះសង្គ្រាមនៅតាមព្រំដែនថៃជាលើកទី២ លោក ប៉ាន់ខែម ប៊ុនថន ដែលមានតួនាទីជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែត របស់គណបក្សប្រជាជនកម្ពុជា បានចេញមកប្រកាសជ្រើសរើសទាហានស្ម័គ្រចិត្តនៅភូមិបឹងជង្រុក ក្នុងស្រុកម៉ាឡៃ ដើម្បីឱ្យទៅឈរជើងនៅតាមតំបន់ព្រំដែន ដោយមន្ត្រីរូបនេះ បានធានាថា នឹងផ្ដល់ប្រាក់ឧបត្ថម្ភក្នុងមួយខែចំនួន ១លានរៀល និងបញ្ចូលឈ្មោះជាយោធាពេញសិទ្ធិ បន្ទាប់ពីចូលបម្រើការបានរយៈពេល ៣ខែ។
លោកបន្តថា ក្រោយធ្វើកងទ័ពស្ម័គ្រចិត្តអស់រយៈពេលជិត ៣ខែមក សង្គ្រាមតាមព្រំដែនថៃបានផ្ទុះឡើង ហើយលោកត្រូវថ្នាក់លើបញ្ជាឱ្យចេញច្បាំង រហូតដល់សង្គ្រាមត្រូវបានផ្អាក លោកនៅតែបន្តឈរជើងនៅតំបន់ព្រំដែនដដែល ព្រោះខ្លាចបាត់សិទ្ធិបញ្ចូលឈ្មោះក្នុងក្របខ័ណ្ឌទាហាន។
ទោះជាយ៉ាងណា លោកអះអាងថា មកដល់ពេលនេះ គឺមានរយៈពេលជាង ៤ខែទៅហើយ លោកនៅមិនទាន់បានបញ្ចូលឈ្មោះទៅក្នុងក្របខ័ណ្ឌទាហាននោះឡើយ ផ្ទុយទៅវិញ អង្គភាពរបស់លោក ត្រូវថ្នាក់លើទុកចោលនៅតំបន់ព្រំដែន ដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។
ទាក់ទិនរឿងនេះ នាយទាហានម្នាក់ ដែលកំពុងឈរជើងនៅព្រំដែនខេត្តបន្ទាយមានជ័យ ដែរនោះ បានអះអាងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពិតជាមានការប្រមូលទាហានស្ម័គ្រចិត្តយកទៅច្បាំងនៅតំបន់ព្រំដែនពិតប្រាកដមែន។ លោកបន្តថា ទាហានស្ម័គ្រចិត្តទាំងនេះ ភាគច្រើនជាអតីតទាហានខ្មែរក្រហម និងទាហានរបស់ក្រុមរណសិរ្សផ្សេងៗ មកពីតំបន់បឹងជង្រុក និងតាមបណ្ដាខេត្ត ដែលមានចំនួនសរុបប្រហែលជាង ៣រយនាក់។
ទាហាន៖ «សួរថា រើសធ្វើអី រើសម្ដង៤ពាន់នាក់ សួរថាអ្នកស្ម័គ្រចិត្តនៅហ្នឹងអត់ដាក់បញ្ចូលមក។ សូម្បីខោអាវទាហាន បានទាហានពេញសិទ្ធិហ្នឹងហើយអ្នកឱ្យ និងរើសខោអាវអ្នករត់ចោលជួរមកស្លៀក»។
យោធិនរូបនេះ អះអាងថា ក្នុងអំឡុងផ្ទុះសង្គ្រាមជាមួយថៃ ទាហានស្ម័គ្រចិត្តទាំងនោះ គ្មាននរណាម្នាក់រត់ចោលជួរនោះឡើយ ទោះបីជាពួកគាត់មួយចំនួនគ្មានវិទ្យុទាក់ទង គ្មានកាំភ្លើងប្រយុទ្ធ និងខ្លះទៀត ទទួលបានតែកាំភ្លើង ដែលឡើងស្និម និងបាញ់ស្ទើរតែមិនចេញគ្រាប់ក៏ដោយ។
ទាហាន៖ «ទោះបីជាមិនបានហ្វឹកហាត់ ក្នុងសង្គ្រាម២១ថ្ងៃ គាត់អត់បានរត់ចោលជួរទេ គាត់នៅតតាំង ចំណែកទាហានដែលស៊ីឈ្មោះ និងសូកលុយ បានរត់ចោលជួរទាំងកាំភ្លើងទៀត»។
ទោះជាយ៉ាងនេះក្ដី ក្រោយផ្អាកសង្គ្រាម ទាហានស្ម័គ្រចិត្តមួយចំនួន បានអះអាងថា ពួកគាត់ត្រូវអង្គភាពទុកចោលឱ្យរស់នៅស៊ីអត់ស៊ីឃ្លាននៅក្នុងលេណដ្ឋាន ក្រោមសំពត់តង់កៅស៊ូធ្លុះធ្លាយ និងខ្វះខាតការផ្គត់ផ្គង់ចំណីអាហារ ដោយមួយរយៈកាលកន្លងមកនេះ ពួកគាត់បរិភោគតែមីកញ្ចប់ និងត្រីខកំប៉ុង រហូតបណ្ដាលឱ្យកើតរោគក្រពះ និងក្អួតចង្អោរជាញឹកញាប់។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា និងរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៉ាន់ខែម ប៊ុនថន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៦ ខែកុម្ភៈ។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា ប្រសិនបើលោក ប៉ាន់ខែម ប៊ុនថន ពិតជាបានជ្រើសរើសទាហានស្ម័គ្រចិត្ត ដូចការលើកឡើងមែននោះ ករណីនេះគឺជាការជ្រៀតជ្រែកចូលក្នុងការងារកងទ័ព ពីសំណាក់មន្ត្រីស៊ីវិល របស់គណបក្សកាន់អំណាច ដែលធ្វើឱ្យការគ្រប់គ្រងវិស័យការពារជាតិមានភាពច្របូកច្របល់ ចុះទន់ខ្សោយ និងមិនឯករាជ្យ។
លោក អ៊ុំ សំអាន៖ «ការជ្រើសរើសទាហាន ដោយមិនឆ្លងកាត់ក្រសួងការពារជាតិ និងការបណ្ដុះបណ្ដាលត្រឹមត្រូវ ធ្វើម៉េចនឹងច្បាំងឈ្នះគេ ដល់ពេលអ៊ីចឹងគឺធ្វើឱ្យបាត់បង់ទឹកដី ហើយការធ្វើឱ្យបាត់បង់ទឹកដីហ្នឹង គឺជាអំពើក្បត់ជាតិ។ នេះគឺជារឿងធំសម្រាប់ប្រទេសជាតិ ដូច្នេះអ្នកដែលប្រព្រឹត្តិខុស គួរតែទទួលខុសត្រូវតាមផ្លូវច្បាប់»។
លោក អ៊ុំ សំអាន បន្តថា ករណីនេះ ក៏បានបង្ហាញពីអំពើពុករលួយនៅក្នុងវិស័យការពារជាតិរបស់កម្ពុជា ដែលមានការបង្កើនឈ្មោះទាហានខ្មោច ដែលធ្វើឱ្យចំនួនកងទ័ព ច្រើនតែតួលេខ ទាហានពិតដែលទៅច្បាំងនៅលើសមរភូមិ មានចំនួនតិចតួច។
ទាហានស្ម័គ្រចិត្ត បានអះអាងថា ពួកគាត់បានសម្រេចចិត្តចូលបម្រើកងទ័ពនៅពេលនេះ គឺមិនមែនប្រាថ្នាចង់បានប្រាក់ខែ ឬប្រាក់ចូលនិវត្តន៍ និងតំណែងបុណ្យស័ក្ដិនោះទេ ព្រោះពួកគាត់ភាគច្រើន សុទ្ធតែមានអាជីព និងមុខរបរដែលអាចចិញ្ចឹមជីវិតដោយសមរម្យទៅហើយ ប៉ុន្តែពួកគាត់ចូលមកនេះ គឺដើម្បីបម្រើប្រទេសជាតិជាធំ ដោយសារឈឺចាប់នឹងទង្វើឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា។
ពួកគាត់ចោទថា ហេតុដែលនាំឱ្យកម្ពុជាចាញ់សង្គ្រាមជាមួយថៃ ដូចក្នុងពេលកន្លងទៅនេះ គឺមកពីមេដឹកនាំគ្រប់គ្រងស្ថាប័នការពារជាតិ បែបសែស្រឡាយ បក្ខពួកនិយម និងផាត់ចោលមនុស្សដែលមានឆន្ទៈ និងសមត្ថភាព ទើបធ្វើឱ្យស្ថាប័នមួយនេះ គ្មានការរីកចម្រើន និងទន់ខ្សោយ៕








