ពលរដ្ឋ​លើក​ឡើង​ពី​ភាព​ស្ងប់ស្ងាត់​របស់​សារព័ត៌​មាន​រឿង​ព្រំដែន និង​ចោទ​ស្ថាប័នរដ្ឋ​ផ្សាយ​ព័ត៌មាន​មិន​ស៊ី​ជម្រៅ

0
43
ទិដ្ឋភាព​​អ្នកកាសែត​កម្ពុជា​ចុះ​យក​ព័ត៌មាន​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្រោយ​​ការ​ឈ្លានពាន​របស់​ថៃ ដែល​ក្រសួង​ព័ត៌មាន​រៀបចំ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​នេត្រ ភក្ត្រា
ទិដ្ឋភាព​​អ្នកកាសែត​កម្ពុជា​ចុះ​យក​ព័ត៌មាន​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្រោយ​​ការ​ឈ្លានពាន​របស់​ថៃ ដែល​ក្រសួង​ព័ត៌មាន​រៀបចំ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​នេត្រ ភក្ត្រា

ពលរដ្ឋ​លើកឡើង​ថា ការ​ផ្សព្វផ្សាយ​ពី​សភាពការណ៍​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស កាន់តែ​ស្ងប់ស្ងាត់ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​ទទួល​បាន​ព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព​ពី​វិវាទ​ព្រំដែន​។ ពួកគាត់​ចោទ​ថា បញ្ហា​នេះ គឺ​បណ្ដាលមកពី​រដ្ឋាភិបាល​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ពលរដ្ឋ​ឆាប់​ភ្លេច​រឿង​បាត់បង់​ទឹកដី​តាម​ព្រំដែន​ទៅកាន់​ភាគី​ថៃ ដែល​បង្ហាញ​ពី​អសមត្ថភាព​របស់​មេដឹកនាំ។

សំឡេង​គ្រឿងចក្រ​របស់​ថៃ ដែល​កំពុង​បន្ត​ឈូស​ឆាយ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទឹកដី​ខ្មែរ តាម​បណ្ដោយ​ព្រំដែន នៅ​ឮសូរ​លាន់​រំពង​នៅឡើយ ក៏ប៉ុន្តែ​ព័ត៌មាន និង​ការ​ជជែក​អំពី​រឿង​នេះ នៅ​លើ​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពុំ​សូវ​មាន​ភាព​ផុសផុល​ដូច​ពីមុន​នោះ​ឡើយ។

ពលរដ្ឋ​នៅ​ឃុំ​អូរបីជាន់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា លោកស្រី​ឈឺចាប់ នៅ​ពេល​បានឃើញ​ក្រុម​ទាហាន​ថៃ កំពុង​ដាក់​ពង្រាយ​បន្លា​លួស ទូកុងតឺន័រ និង​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ និង​ឮ​សំឡេង​ទួញ​សោក​របស់​ជនភៀសសឹក​ពី​ក្នុង​ជំរំ​តង់​កៅស៊ូ ប៉ុន្តែ​ករណី​ទាំងនេះ បែរជា​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង​ទូលំទូលាយ​នោះ​ឡើយ។

ពលរដ្ឋ៖ «សម្រាប់​មេដឹកនាំ ដែល​ទន់ខ្សោយ និង​គ្មាន​ចំណេះដឹង​សម្រាប់​ការពារ​ប្រទេស បាន​គំរាម អ្នក​និយាយ​រឿង​ព្រំដែន នឹង​ចាប់​ដាក់គុក​។ អ៊ីចឹង​ប្រជាពលរដ្ឋ​ម្នាក់ៗ គឺ​ភ្លេច​អស់ហើយ គឺ​មានតែ​ជនភៀសសឹក ដែល​គាត់​មិនទាន់​មាន​ផ្ទះសម្បែង គឺ​ពួកគាត់​នៅ​ចងចាំ និង​ឈឺចាប់​រហូត​កើតរោគ​ចិត្ត»។

នៅ​លើ​បណ្ដាញ​សង្គម​របស់​កម្ពុជា​បច្ចុប្បន្ន ការ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍ នៅ​តំបន់​ព្រំដែន មាន​សភាព​កាន់​ស្ងប់ស្ងាត់ ជាពិសេស ចំពោះ​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ នៅ​លើ​ទឹកដី​កម្ពុជា ភាព​តានតឹង​នៅ​តាម​តំបន់​ព្រំដែន ស្ថានភាព​រស់នៅ​របស់​ជនភៀសសឹក បញ្ហា​កងទ័ព​នៅ​ជួរមុខ និង​អំពើពុករលួយ​នៅក្នុង​វិស័យ​ការពារ​ជាតិ។

ចំណែក​ក្រសួង​ស្ថាប័នរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ស្និទ្ធ​នឹង​គណបក្សកាន់អំណាច បាន​ផ្ដោត​សំខាន់​លើ​ព័ត៌មាន​បែប​ពិធីការ និង​សារ​ការទូត ដែល​មាន​លក្ខណៈ ជា​ការ​លើកស្ទួយ​មុខមាត់​របស់​មេដឹកនាំ។

អ្នកសារព័ត៌មាន​ឯករាជ្យ​ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​លើកឡើង​ថា មូលហេតុ​ដែល​ស្ថាប័ន​សារព័ត៌មាន​ភាគច្រើន មិន​ហ៊ាន​ចុះផ្សាយ​ព័ត៌មាន​ស្ដីពី​បញ្ហា​ព្រំដែន ដោយសារតែ​រដ្ឋាភិបាល​បាន​រឹតត្បិត​សិទ្ធិ ដោយ​យក​បញ្ហា​សន្តិសុខ​ជាតិ មក​ធ្វើជា​បន្ទាត់​ខណ្ឌ​ដល់​អ្នកសារព័ត៌មាន​។ កញ្ញា​បន្ត​ថា ប្រឈម​នឹង​បញ្ហា​សម្ពាធ​បែបនេះ ស្ថាប័ន​ផ្សព្វផ្សាយ​ភាគច្រើន គ្មាន​ជម្រើស​អ្វី ក្រៅតែ​ពី​ផ្សាយ​ព័ត៌មាន​ដោយ​ដេញ​តាម​ព្រឹត្តិការណ៍​សង្គម និង​រឿងរ៉ាវ​របស់​បុគ្គល​ឯកជន ដែល​មាន​អ្នក​តាមដាន និង​ទស្សនា​ច្រើន។

អ្នកសារព័ត៌មាន​៖ «ពលរដ្ឋ​នៅក្នុង​ប្រទេស​មិនបាន​តាមដាន​ឱ្យ​បាន​ជាប់ មិន​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ពេញលេញ អ៊ីចឹង​វា​ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន អាច​ថា​មាន​ចន្លោះប្រហោង​។ វា​ប្រៀប​ដូចជា​មេរៀន​អ៊ីចឹង នៅ​ពេល​យើង​រៀន​ខានៗ គឺ​អត់​ចាំ​ទេ»។

តាំងពី​ផ្ទុះ​សង្គ្រាម​ជាមួយ​ថៃ នៅ​តាម​បណ្ដោយ​ព្រំដែន​មក រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ប្រើប្រាស់​វិធីសាស្ត្រ​គ្រប់គ្រង​ព័ត៌មាន តាម​បែប​ប្រទេស​កុម្មុយនិស្ត ដោយ​ស្ថាប័នរដ្ឋ បាន​ក្ដោប​ក្ដាប់ និង​បិទ​ព័ត៌មាន​សំខាន់ៗ​ជាច្រើន ទោះបីជា​ដំណឹង​ទាំងនោះ មិន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​ក៏ដោយ​។ ជាក់ស្ដែង ដូច​ជា​ការ​លាក់បាំង​អំពី​ការវាយប្រហារ​របស់​យោធា​ថៃ មក​លើ​ទីតាំង​យោធា និង​តំបន់​ជន​ស៊ីវិល ក្នុង​ទឹកដី​ខ្មែរ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ភៀស​សឹក​យ៉ាង​តក់ក្រហល់ ដោយ​មិនបាន​រៀបចំ​ទុកជាមុន។

ក្នុង​នោះ រដ្ឋាភិបាល​កម្ពុជា បាន​ពន្យារពេល​ការ​បញ្ចេញ​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ទាហាន​ខ្មែរ​ម្នាក់ គឺ​លោក សួន រ៉ោន កាលពី​ផ្ទុះអាវុធ​លើកដំបូង​នៅ​តំបន់​មុំ​បី ដែល​ធ្វើ​ឱ្យ​ភាគី​ថៃ ផ្សាយ​បាន​មុន ជាហេតុ​ធ្វើ​ឱ្យ​អន្តរជាតិ​មានការ​ភាន់ច្រឡំ​មក​លើ​កម្ពុជា ថា ជា​អ្នក​បង្ក​ហេតុ​មុន និង​ការ​លាក់បាំង​ពី​ដំណឹង​ទាហាន​ថៃ ប្រើ​ឧបាយកល​ចាប់​ទាហាន ២១​នាក់ ធ្វើជា​ឈ្លើយសឹក​ជាដើម។

ក្រៅ​ពី​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ផ្សាយ​បំប៉ោង​ពី​សមត្ថភាព​របស់​កង​ទ័ព​ខ្មែរ នៅក្នុង​សមរភូមិ​ប្រយុទ្ធ ដោយ​អះអាង​ថា ទាហាន​ខ្មែរ​កំពុង​ឈរជើង និង​ការពារ​យ៉ាង​រឹងមាំ ទាំង​ដែល​ការពិត ទាហាន​ខ្មែរ​ត្រូវ​ទាហាន​ថៃ វាយប្រហារ​យ៉ាង​សន្ធប់​ពីលើ​អាកាស និង​លើគោក រហូត​បាត់បង់​លទ្ធភាព​វាយ​តបត ដែល​បណ្ដាល​ឱ្យ​ទាហាន​ជាង ១០០​នាក់ បាន​ពលី និង​ទឹកដី​ជាង ៤០​ទីតាំង ត្រូវ​យោធា​ថៃ​ចូល​កាន់កាប់។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​៣ ខែ​មីនា។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ខេមបូចា លោក ណុប វី យល់ឃើញ​ថា ភាព​ស្ងប់ស្ងាត់​របស់​សារព័ត៌មាន​អំពី​រឿង​បញ្ហា​ព្រំដែន អាច​បណ្ដាលមកពី​ចំណាប់អារម្មណ៍​របស់​អ្នក​សារព័ត៌មាន ទៅលើ​ប្រធានបទ កង្វះ​ស្ថាប័ន​ឯករាជ្យ ការ​ថយ​ចុះ​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន និង​ការ​ដាក់​សម្ពាធ​ផ្លូវច្បាប់ ចំពោះ​អ្នកសារព័ត៌មាន​។ លោក​បន្ត​ថា ភាព​ស្ងប់ស្ងាត់​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​សំឡេង ក្នុង​ការ​ពាំនាំ​យក​ភាព​អយុត្តិធម៌​របស់​កម្ពុជា ទៅ​ផ្សព្វផ្សាយ​ឱ្យ​អន្តរជាតិ​បានឮ។

លោក ណុប វី​៖ «​ឬក៏​យើង​ធ្វើ​ឱ្យ​ច្បាស់លាស់​តែម្ដង​ថា តើ​កម្រិត ឬ​ក្របខ័ណ្ឌ​ព័ត៌មាន​ណាខ្លះ ដែល​ចាត់​បញ្ចូល​ជា​ព័ត៌មាន​សម្ងាត់​របស់​យោធា។ អ៊ីចឹង​វា​អាច​ជួយ​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​យល់​បាន​ច្បាស់លាស់ និង​អាច​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​ផ្សេងៗ ដែល​ជា​ការ​ព្រួយបារម្ភ​របស់​អាជ្ញាធរ ឬក៏​រដ្ឋាភិបាល ហើយ​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន មាន​លំហ​មួយ​ច្បាស់លាស់​ដែល​អាច​ធ្វើ​ការងារ​ឱ្យ​បាន​មាន​ប្រសិទ្ធភាព»។

របាយការណ៍​របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ខេមបូចា ចេញផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ រក​ឃើញ​ថា នៅ​ចន្លោះ​ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ​២០២៥ មាន​អ្នកសារព័ត៌មាន ចំនួន ១៤​នាក់ បាន​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​បាន​រាយការណ៍​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ។

ក្រៅ​ពី​នេះ របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០២៥ មាន​ពលរដ្ឋ​យ៉ាង​តិច​ណាស់​ចំនួន ៨២​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំខ្លួន និង​ចោទប្រកាន់ បន្ទាប់ពី​អ្នក​ទាំង​នោះ​បាន​បញ្ចេញមតិ និង​បង្ហាញ​ការយល់ឃើញ​របស់​ពួកគេ​នៅ​លើ​បណ្ដាញ​សង្គម អំពី​រឿង​បញ្ហា​សង្គម និង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

ពលរដ្ឋ​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​បិទបាំង​ព័ត៌មាន​នៅ​តាម​ព្រំដែន គឺជា​ការ​បង្ហាញ​ពី​ភាព​ទន់ខ្សោយ និង​ភាព​ទុច្ចរិត​របស់​មេដឹកនាំ ដែល​យក​បញ្ហា​បូរណភាព​ទឹកដី មក​ពាក់ព័ន្ធ​នឹង​ការ​ការពារ​អំណាច​របស់​ខ្លួន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ