

នៅព្រឹកថ្ងៃច័ន្ទ ទី២២ ធ្នូ នេះ ពលរដ្ឋមួយក្រុមដែលមានគ្នាជិត ១០នាក់តំណាងពលរដ្ឋប្រមាណ ១០០នាក់ បានធ្វើញត្តិរួមគ្នា ទាមទារឱ្យសហរដ្ឋអាមេរិកទទួលខុសត្រូវ និងអន្តរាគមន៍ជាបន្ទាន់បញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា និងបញ្ឈប់ការប្រើប្រាស់យន្តហោះចម្បាំង F-16។
ការដាក់ញត្តិនេះធ្វើឡើងនៅមុខស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយពួកគេបានកាន់បដាមានរូបប្រធានាធិបតីអាមេរិក និងគូររូបយន្តហោះចម្បាំង F-16 អមនឹងសារស្នើប្រទេសមហាអំណាចនេះ ឱ្យចាត់វិធានការជាក់ស្ដែងលើប្រទេសថៃដែលកំពុងឈ្លានពានកម្ពុជា។
តំណាងពលរដ្ឋលោក អ៊ុង សេរីវុទ្ធ ថ្លែងនៅមុខស្ថានទូតទាំងអាក់អន់ចិត្ត បន្ទាប់ពីមន្ត្រីទូតណែនាំឱ្យយកញត្តិទៅដាក់នៅប៉ុស្តិ៍ប្រៃសណីយ៍ ដែលទូតអះអាងថា ជានីតិវិធីសម្រាប់ពលរដ្ឋចង់ស្នើអ្វីមួយមកសហរដ្ឋអាមេរិក។ លោកអះអាងថា ក្នុងនាមលោកជាពលរដ្ឋត្រូវរួមគ្នាស្នើកិច្ចអន្តរាគមន៍ពីអាមេរិកជាចាំបាច់ ព្រោះអាមេរិកជាមហាអំណាច និងម្ចាស់យន្តហោះចម្បាំង F-16។ លើសពីនេះ អាមេរិកធ្លាប់បានអន្តរាគមន៍បញ្ចប់ការវាយប្រហារគ្នាម្ដងរួចមកហើយ កាលពីខែកក្កដាកន្លងទៅ។
លោក អ៊ុង សេរីវុទ្ធ បន្តថា ការចាប់ផ្ដើមដាក់ញត្តិនេះ ធ្វើឡើងដើម្បីការពារអាយុជីវិតពលរដ្ឋស៊ីវិលកម្ពុជា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង វត្តអារាម ស្ពានថ្នល់ និងប្រាសាទបុរាណ ដែលយោធាបន្តទម្លាក់គ្រាប់បំផ្លាញដោយឥតត្រាប្រណី។ លោកបន្តដោយច្រានចោលការយកលេសរបស់យោធាថៃ ពីការបង្ក្រាបក្រុមឧក្រិដ្ឋជនអនឡាញ (Online Scam) មកឈ្លានពានកម្ពុជា។

ចំណែកតំណាងពលរដ្ឋម្នាក់ទៀត គឺអ្នកនាង ម៉ម សុវឌ្ឍិន កាន់តែពុំសប្បាយចិត្តនឹងទូតអាមេរិកដែលមិនព្រមទទួលញត្តិរបស់ពួកគេ។ អ្នកនាងសង្កត់ធ្ងន់ថា អាមេរិកត្រូវទទួលខុសត្រូវលើសកម្មភាពយោធាប្រើយន្តហោះចម្បាំងរបស់ខ្លួន រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពកម្ពុជា ដូច្នេះអាមេរិកត្រូវពិនិត្យមើលជាបន្ទាន់ ដើម្បីបញ្ឈប់ភាពគឃ្លើនរបស់របស់យោធាថៃ។
ក្រៅពីសុំអន្តរាគមន៍ពីប្រទេសមហាអំណាចនេះ លោក អ៊ុង សេរីវុទ្ធ ក៏ស្នើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យទទួលយកសំណើពីសហគមន៍អន្តរជាតិ រួមមានអាមេរិកផង ឱ្យដោះលែងអ្នកទោសនយោបាយ ដែលលោកអះអាងថា ពួកគេត្រូវបានចោទប្រកាន់ដោយពុំសមហេតុផល។ លោកបញ្ជាក់ថា បើកម្ពុជាខ្លួនឯងពុំស្ដាប់ការអំពាវនាវឱ្យដោះលែងពលរដ្ឋខ្លួនឯងផង តើកម្ពុជាមានសង្ឃឹមអីស្នើអន្តរជាតិឱ្យជួយក្នុងអំឡុងពេលដែលកម្ពុជាកំពុងរងគ្រោះពីការឈ្លានពានរបស់ប្រទេសជិតខាង។ លោកស្នើរដ្ឋាភិបាលបង្ហាញឆន្ទៈរួបរួមគ្នាដើម្បីភាពចម្រើនរបស់កម្ពុជានាពេលអនាគត។
ក្រោយការដាក់ញត្តិតាមនីតិវិធីរបស់ស្ថានទូត ក្រុមយុវជនទាំងនោះអះអាងថា ពួកគេនឹងបន្តប្រមូលការគាំទ្រពីរបស់ពលរដ្ឋនៅក្នុងប្រទេសបន្ថែមទៀត ដោយព្រមានថា នឹងយកញត្តិដូចគ្នានេះដាក់ជូនស្ថានទូតសាជាថ្មីទៀត បើការស្នើសុំរបស់ពួកគេពុំមានប្រសិទ្ធភាព៕
ខ្លឹមសារញត្តិផ្ញើជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៖










