

ប្រភពពីយោធាខ្មែរ ដែលប្រចាំការនៅតំបន់ប្រាសាទតាមាន់ធំ បានអះអាងថា មានទាហានខ្មែរម្នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃ នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រភពបានអះអាងថា ទាហានខ្មែរដែលត្រូវភ្លើងឆេះស្លាប់នោះ គឺលោក រៀម ឃឿន ជាទាហានប្រចាំការនៅតំបន់ប្រាសាទតាមាន់ធំ ដែលបានបាត់ខ្លួន កាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីលោកបានទទួលភារកិច្ចឱ្យទៅពន្លត់ភ្លើងឆេះព្រៃ នៅតំបន់នោះ។
ប្រភពអះអាងថា សាកសពរបស់លោក រៀម ឃឿន ត្រូវគេរកឃើញ នៅខាងត្បូងប្រាសាទតាមាន់ធំ នៅព្រឹកថ្ងៃទី២១ នេះ ក្នុងសភាពឆេះខ្លោចស្បែក និងសាច់ក្លាយជាធ្យូង។ ទាហានខ្មែរដែលឈរជើងក្នុងអង្គភាពជាមួយគ្នា បានដាក់ការសន្និដ្ឋានថា ករណីនេះ បង្កឡើងដោយភ្លើងឆេះព្រៃ ត្រូវខ្យល់បក់ និងឆេះកាត់ផ្លូវ ធ្វើឱ្យលោក រៀម ឃឿន មិនអាចដកថយបាន ទើបបណ្ដាលឱ្យឆេះស្លាប់។
ទូរទស្សន៍អាស៊ីសេរី បានព្យាយាមទាក់ទងទៅគ្រួសារសពលោក រៀម ឃឿន ដើម្បីសុំការអត្ថាធិប្បាយអំពីរឿងនេះដែរ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ប៉ុន្តែត្រូវមន្ត្រីយោធាម្នាក់ បានលើកទូរស័ព្ទជំនួស និងបដិសេធមិនផ្ដល់បទសម្ភាសន៍។
មកដល់ពេលនេះ មិនទាន់មានការផ្សព្វផ្សាយ អំពីលទ្ធផលការស៊ើបអង្កេតណាមួយច្បាស់លាស់ ដែលបញ្ជាក់អំពីមូលហេតុនៃការស្លាប់របស់លោក រៀន ឃឿន នោះឡើយ ខណៈទាហានខ្មែរមួយចំនួន ដែលឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ បានអះអាងថា កន្លងមកធ្លាប់មានករណីលួចបាញ់ឆ្មក់ ពីសំណាក់ទាហានថៃ មកលើទីតាំងឈរជើងរបស់ទាហានខ្មែរម្ដងម្កាលដែរ ក្រោយពីមានបទឈប់បាញ់។
បច្ចុប្បន្ន សពរបស់លោក រៀម ឃឿន ត្រូវអង្គភាពបញ្ជូនទៅឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។
នៅក្នុងរដូវប្រាំងឆ្នាំនេះ មានហេតុការណ៍ភ្លើងឆេះព្រៃជាច្រើនទីតាំង ក្នុងតំបន់តាមបណ្ដោយព្រំដែន ដូចជានៅតំបន់ជាំតែ មុំបី ប្រាសាទតាមាន់ធំ ប្រាសាទខ្នា តំបន់អូរស្មាច់ និងនៅតំបន់ថ្មដា ជាដើម។ ទាហានខ្មែរ និងទាហានថៃ បានយកករណីនេះ មកចោទប្រកាន់គ្នាទៅវិញទៅមក ដោយទាហានថៃ បានចោទមកលើទាហានខ្មែរថា គ្មានវិន័យ មានចេតនាដុតព្រៃ ដើម្បីរំខានទាហានថៃ និងលួចចល័តសព្វាវុធ រហូតដល់ថ្នាក់ព្រមានពីការផ្ទុះសង្គ្រាមលើកទីបីទៀតផង។
ចំណែកទាហានខ្មែរបានអះអាងថា មូលហេតុដែលនាំឱ្យឆេះព្រៃ គឺភាគច្រើន បណ្ដាលមកពីកត្តាអាកាសធាតុក្ដៅ និងករណីខ្លះ បណ្ដាលមកពីទាហានថៃលួចដុត៕









