អាដហុក​ថា ការ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ដើម្បី​គ្រប់គ្រង​មតិ​រិះគន់ ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា

0
42
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ស្នើ​ឲ្យ​រដ្ឋាភិបាល​កែ​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ថា បទចោទប្រកាន់​«​ញុះញង់​»​នៃ​មាត្រា​នេះ ត្រូវ​បាន​អាជ្ញាធរ និង​រដ្ឋាភិបាល​យក​មក​អនុវត្ត​យ៉ាង​ទូលំទូលាយ ដើម្បី​រឹតត្បិត​សិទ្ធី សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញមតិ។ អាដហុក​ថា ការ​រឹតត្បិត​សេរីភាព បញ្ចេញមតិ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៥ មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៤ ជាពិសេស បញ្ហា​ប្រឈម​នឹង​និន្នាការ​រឹតត្បិត​លំហ​សេរីភាព​មូលដ្ឋាន សិទ្ធិ នយោបាយ និង​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌។

ការ​អះអាង​នេះ ធ្វើឡើង​នៅក្នុង​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក​ចំនួន​១៩​ទំព័រ មាន​ចំណង ជើង​ថា ស្ថានភាព​សិទ្ធិមនុស្ស «​ឆ្លុះបញ្ចាំង​ការ អនុវត្ត​សេរីភាព​មូលដ្ឋាន ឆ្នាំ​២០២៥» ដែល ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែមីនា។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក រកឃើញ​ថា ក្នុង​ឆ្នាំ​២០២៥ ករណី​រំលោភ សិទ្ធិ និង​ការ​រឹតត្បិត​សេរីភាព​មាន​ចំនួន ២១៥ ករណី ដែល​មាន​ជនរងគ្រោះ និង​អ្នក​ទទួលរង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ជាង ១​ម៉ឺន​៥​ពាន់ (១៥,០៣៩)​នាក់ ក្នុង​នោះ ស្ត្រី ៥០.៣% ដែល​ភាគច្រើន​ជា​អ្នកមាន​ជីវភាព​ក្រីក្រ និង​ជំពាក់​បំណុល ធនាគារ។ ការ​រឹតត្បិត និង​រំលោភ​សិទ្ធិ​សេរីភាព ភាគច្រើន គឺ​ផ្តោត​លើ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម រួមមាន អ្នកការពារ​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន សហជីព និង​ក្រុម​យុវជន រួម​ទាំង​អ្នកប្រើប្រាស់ បណ្ដាញ​សង្គម ក្នុង​ការ​បញ្ចេញមតិ។

អាដហុក​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ធ្វើឡើង​ក្រោម​រូបភាព​ជា​ការ​គំរាមកំហែង ដើម្បី​បំបាក់ស្មារតី​ជនរងគ្រោះ ការរិះគន់​រដ្ឋាភិបាល​ការ​បង្ខំ​ឲ្យ​ទទួលយក​ដំណោះស្រាយ និង​ការប្រើប្រាស់​បទ​ចោទ​«​ញុះញង់​» តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​លើ​អ្នក​បញ្ចេញមតិ។

អាដហុក​ចាត់ទុក ការប្រើ​បទចោទប្រកាន់ «​ញុះញង់​» ក្នុង​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដើម្បី​គ្រប់គ្រង​មតិ​រិះគន់ ការ​គំរាមកំហែង​សកម្មជន​និង ការប្រើ អំពើ​ហិង្សា​ក្នុង​ដំណាក់កាល​សួរចម្លើយ​ថា បាន​ប៉ះពាល់​ដល់ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ខណៈ​សកម្មភាព​នេះ អាច​ប៉ះពាល់​ដល់​កាតព្វកិច្ច​អន្តរជាតិ​របស់ កម្ពុជា និង​ទំនុកចិត្ត​សាធារណៈ​លើ​ប្រព័ន្ធ​យុត្តិធម៌​និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ សមាគម​ការពារ​សិទ្ធិ មនុស្ស​អាដហុក លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែមីនា ថា បើ​រដ្ឋាភិបាល​នៅតែ​បណ្ដោយ​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស និង​សេរីភាព បញ្ចេញមតិ​កើតឡើង​ទៀត វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់ រដ្ឋាភិបាល នៅ​លើ​ឆាក​អន្តរជាតិ​។ លោក​ថា កន្លងមក សហគមន៍​អន្តរជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ប្រសើរ​ឡើងវិញ បើ​មិន​ដូច្នេះ​ទេ កម្ពុជា​នឹង​រង​ទណ្ឌកម្ម​បន្ថែម​ទៀត។

លោក យិន ម៉េងលី៖ «បើសិន​នៅ​បន្ត​ទៀត វា​អាច​កើតមាន​ខ្លាំង​ថែមទៀត ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច ហើយនឹង​បញ្ហា​មុខមាត់​របស់​រដ្ឋាភិបាល​នោះ​ឯង។ កាលណា មាន​បញ្ហា​សេដ្ឋកិច្ច​កើត អ៊ីចឹង​ហើយ រដ្ឋាភិបាល​ថា មិន​ប៉ះពាល់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ប៉ះពាល់​ទៅដល់​ប្រជាពលរដ្ឋ ឧទាហរណ៍​បើសិន​ជា​មាន​បញ្ហា​ហ្នឹង កើតឡើង ពាក់ព័ន្ធ​នឹង​កម្មករ ពាក់ព័ន្ធ​នឹង​អ្នកបញ្ជា​ទិញ​។ អ៊ីចឹង​អាហ្នឹង​ហើយ ដែល​ជា​ផល​ប៉ះពាល់ ពី​បញ្ហា​ផ្សេងៗ ដែល​មាន​ដោយសារ​ការ​រឹតត្បិត ការ​រំលោភសិទ្ធិ​មនុស្ស​នេះឯង»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បានទេ នៅ​ថ្ងៃទី​២៣ ខែ​មីនា។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​ចេញ​របាយការណ៍​ក្នុង​ឆ្នាំ​២០២៦​ដោយ​រក​ឃើញ​ថា ចាប់តាំងពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ដាំ​ក្បាល ចុះ​តាមរយៈ​ការ​ចាប់ខ្លួន​អ្នក​រិះគន់ ក្រោម​បទ​ចោទ​«​ញុះញង់​» ឬ​«​រួមគំនិត​ក្បត់​»។ រីឯ តុលាការ​បាន​ក្លាយ ជា​ឧបករណ៍​នយោបាយ​ចាំ​បង្ក្រាប​អ្នកមាន​គំនិត​ផ្ទុយ ហើយ​ការពារ​ឥស្សរជន​នយោបាយ​បក្ស​កាន់​អំណាច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ