អាដហុក​ដាក់​លិខិត​ស្នើ​តុលាការខេត្ត​បន្ទាយមានជ័យ​ដោះលែង​អ្នកកាសែត​ផ្សាយ​រឿង​ឆបោក​អនឡាញ

0
37
លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online។ រូប៖ បណ្ដាញសង្គម
លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online។ រូប៖ បណ្ដាញសង្គម

សមាគម​អាដហុក​បាន​ដាក់​លិខិត​ស្វែងរក​អន្តរាគមន៍ ពី​ប្រធាន​តុលាការខេត្ត​បន្ទាយមានជ័យ​ឲ្យ​ដោះលែង​លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online ឲ្យ​មាន​សេរីភាព​វិញ។ ការ​ស្នើ​សុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ចោទប្រកាន់​អ្នកសារព័ត៌មាន​រូប​នេះ ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» និង បទ​«​ស្តាប់​ឮ​និង​ថត​ពាក្យ​សម្ងាត់​ឯកជន​» ក្រោយពី​ផ្សាយ​រឿង​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។

សមាគម​ការពារ​សិទិ្ធមនុស្ស​អាដហុក លើកឡើង​ក្នុង​លិខិត​ដែល​បាន​ដាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី​១១ ខែកុម្ភៈ​ថា លោក ហែម វណ្ណា ជា​ចាងហ្វាង​ការផ្សាយ​ព័ត៌មាន HVNN TV online ដែល​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​កម្ចាត់​អំពើ​ឆបោក​តាម​អន​ឡាញ​ចេញពី​កម្ពុជា។

លើស​ពី​នេះ ក្រោយ​ពេល​លោក ហែម វណ្ណា ចុះផ្សាយ​ព័ត៌មាន​ថា «​ពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ជនជាតិ​បរទេស​ចំនួន​៤​ទៅ​៥​នាក់​រង​នៅ​អំពើ​ហិង្សា​ពី​សំណាក់ មនុស្ស​មួយ​ក្រុម​ផ្សេងទៀត ដែល​គេ​ដឹង​ថា ជា​អ្នក​បម្រើការ​នៅក្នុង​បរិវេណ​អគារ បិទ​ខ្ទប់​ជាទី​អាថ៌កំបាំង​នៅ​ខាងក្រោយ​បន្ទាយប៉េអិម​ក្រុង​ប៉ោយប៉ែត ករណី​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​ជា​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់​បង្ខំ​ឲ្យ​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ Online Scammer រួច​មក គឺ​មិន​មាន​ស្ថាប័ន​ណាមួយ ឬ​ជន​ណាមួយ ដាក់​លិខិត​ជា​លាយ​លក្ខ​អក្សរ ឬ ដោយ​ផ្ទាល់​មាត់ សុំ​ធ្វើការ​កែតម្រូវ​ឡើយ។

សមាគម​អាដហុក​ថា ការ​ចុះផ្សាយ​ព័ត៌មាន​របស់​លោក ហែម វណ្ណា ស្រប​ទៅ​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ ទោះបី​ជា​មាន​កំហុស​បច្ចេកទេស ដោយសារតែ​យកសម្ដី​របស់​គេ​មក​ដាក់​ក្នុង​ការផ្សាយ ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត។ សមាគម​អាដហុក​ទទូច​ឲ្យ​តុលាការ​ពិនិត្យ​ទៅលើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​មុន​ធ្វើការ​ចោទ​ប្រកាន់​ទៅ​លើ​លោក ហែម វណ្ណា។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប ពី​ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​លោក សេង លាង និង​អ្នកនាំពាក្យ​លោក រឿន លីណា បាន​ទេ នៅ​ថ្ងៃ ទី​១២ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ស្នើ​សុំ​ឲ្យ​ដោះលែង លោក ហែម វណ្ណា ពីព្រោះ​ការ​ផ្សាយ​ព័ត៌មាន​រឿង​ឆបោក​អនឡាញ គឺជា​ការ​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ដូច្នេះ មិនមែន​ជា​បទល្មើស​នោះ​ទេ។

លោក​ថា រដ្ឋាភិបាល​បាន​តាំងចិត្ត និង​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​លុបបំបាត់ ការ​ឆបោក​តាម ប្រព័ន្ធ​អនឡាញ​ឲ្យ​អស់ពី​កម្ពុជា ដូច្នេះ​ការផ្សាយ​ព័ត៌មាន​ឧក្រិដ្ឋកម្ម អនឡាញ របស់​លោក ហែម វណ្ណា មិនមែន​ជា​បទល្មើស​នោះ​ទេ​។ ផ្ទុយទៅវិញ លោក​ថា គឺជា​ការ​ចូលរួមចំណែក​ជាមួយ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​រដ្ឋាភិបាល។

លោក យិន ម៉េងលី ថា ករណី​លោក ហែម វណ្ណា​នេះ គួរ​យក​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​មក​អនុវត្ត ពីព្រោះ​លោក​ជា​អ្នកសារព័ត៌មាន​។ លោក​ចាត់ទុក​ការចោទប្រកាន់​លោក ហែម វណ្ណា ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សេរីភាព​សារព័ត៌មាន ហើយ​រដ្ឋាភិបាល​នឹង​រង​ការរិះគន់​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ។

លោក យិន ម៉េងលី៖ «បើ​យើង​ធ្វើ​របៀប​ហ្នឹង យើង​ឃើញថា ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់ សេរីភាព​សារព័ត៌មាន ហើយ​ចុងក្រោយ​បំផុត គឺ​ធ្លាក់​ទៅលើ រដ្ឋាភិបាល នៅ​ក្នុង​រឿង​ហ្នឹង​។ ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ប្រទេស​យើង​នឹង ធ្លាក់ចុះ​នៅ ពេល ដែល​គេ​ធ្វើការ​វាយតម្លៃ​។ ត្រង់​ហ្នឹងហើយ ដែល​ធ្វើ​លិខិត​នេះ គឺ​យើង​ទទូច​ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង ទម្លាក់​បទ​ចោទ​ទៅលើ​លោក ហែម វណ្ណា នេះ ហើយ​យើង​នៅតែ​សង្ឃឹម​អ៊ីចឹង តុលាការ​ពិចារណា​ទៅលើ​អង្គហេតុ និង​អង្គច្បាប់​ហើយ​ធ្វើការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ»។

លោក ហែម វណ្ណា ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ក្រោយ​បាន​រាយការណ៍​ព័ត៌មាន​តាម​អនឡាញ​ពី​ទីតាំង​អគារ​មួយ​កន្លែង​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ការប្រើប្រាស់​ហិង្សា​លើ​ជនជាតិ​ចិន។ នៅក្នុង​វីដេអូ​នោះ លោក​បាន​រៀបរាប់​ថា ទីតាំង​ឆបោក​អនឡាញ​នោះ​ស្ថិតនៅ​ខាងក្រោយ​បញ្ជការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ប្រមាណ ១០០​ម៉ែត្រ​ប៉ុណ្ណោះ ដោយ​ហាក់​ចង់​បញ្ជាក់​ថា បើ​វា​នៅ​ជិត​គ្នា​បែប​នេះ សមត្ថកិច្ច​គួរតែ​បាន​ដឹង​អំពី​បញ្ហា​នេះ។

ទោះជា​យ៉ាងណា ក្រោយ​ការផ្សាយ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​លោក​សួរនាំ និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដោយ​តុលាការ​បាន​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​គឺ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» និង «​ស្តាប់​ឮ​និង​ថត​ពាក្យ​សម្ងាត់​ឯកជន​» តាម​មាត្រា ៤៩៥ និង ៣០១ នៃ​ក្រមព្រហ្មទណ្ឌ។

អង្គការ​សង្គម​ស៊ីវិល ចាត់ទុក​ការ​ចាប់​ឃុំខ្លួន​លោក ហែម វណ្ណា ជា​ការ​បំបិទ​សំឡេង​របស់​អ្នកសារព័ត៌មាន​បន្ថែម​ទៀត ក្រោយពី​អ្នកសារព័ត៌មាន​យ៉ាងហោចណាស់​ចំនួន ៥​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដោយសារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ចាប់តាំងពី​ខែមករា​មក​។ ពួកគេ​បាន​ទាមទារ​រដ្ឋាភិបាល​គោរព និង​ការពារ​សេរីភាព​អ្នកសារព័ត៌មាន​ដើម្បី​ពួកគេ​អាច​បំពេញ​មុខងារ​វិជ្ជា​ជីវៈ​ដោយ​មិន​មាន​ការភ័យខ្លាច ការ​យាយី ការ​បំភិតបំភ័យ និង​ការ​ចាប់​ដាក់​ពន្ធនាគារ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​លេខ ១៦១ ក្នុង​ចំណោម ១៨០ ប្រទេស​នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២៥។ ចំណាត់ថ្នាក់​នេះ បង្ហាញ​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម ៤២ ​ផ្សេងទៀត​ដែល​សេរីភាព​សារព័ត៌មាន​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ