អ្នកវិភាគ​ថា កម្ពុជា​គួរ​រក្សា​ភាព​ស្ងៀមស្ងាត់​រឿង​នយោបាយ​ថៃ ដើម្បី​បញ្ឈប់​ការ​ចោទ​ថា កម្ពុជា​ជ្រៀតជ្រែក​ផ្ទៃក្នុង

0
70
អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន (ឆ្វេង) និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន (ឆ្វេង) និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកវិភាគ​លើកឡើង​ថា កម្ពុជា​មិន​ចាំបាច់​ឆ្លើយឆ្លង​ជុំវិញ​ការចោទប្រកាន់​របស់​ភាគី​ថៃ ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​រឿង​នយោបាយ​របស់​ពួកគេ​នោះ​ទេ ដោយ​កម្ពុជា​ត្រូវ​ទុក​ឱ្យ​ចរន្ត​នយោបាយ​របស់​ថៃ វិវត្ត​តាម​ដំណើរ។ ការ​ថ្លែង​នេះ គឺ​បន្ទាប់ពី​អ្នកនយោបាយ​ថៃ បាន​ចោទ​កម្ពុជា​ថា ជ្រៀតជ្រែក​ក្នុង​រឿង​នយោបាយ​ថៃ ក្រោយ​មេ​ស្ថាប័ន​សិទ្ធិមនុស្ស​កម្ពុជា​នៃ​រដ្ឋាភិបាល​កម្ពុជា លោក កែវ រ៉េមី លើកឡើង​ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) ចាញ់ឆ្នោត នោះ​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​លើក​ទី​៣ រវាង​កម្ពុជា និង​ថៃ នឹង​ថយចុះ។

បើទោះបីជា​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​តំបន់​ព្រំដែន រវាង​កម្ពុជា និង​ថៃ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ទៅ​ហើយ​ក្ដី ក៏​ភាគី​ទាំងពីរ​នៅតែ​មាន​ភាព​រកាំរកូស​ជាមួយគ្នា ខាង​ផ្នែក​នយោបាយ បន្ទាប់ពី​ក្រុម​អ្នកនយោបាយ​ថៃ នៅតែ​បន្ត​ចោទប្រកាន់​មក​លើ​កម្ពុជា ថា​បាន​ជ្រៀតជ្រែក​រឿង​កិច្ចការ​នយោបាយ​របស់​ថៃ​។ ជាពិសេស ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា លោក កែវ រ៉េមី ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ក្នុង​ប្រទេស​ថៃ កំពុង​ក្លាយជា​បញ្ហា​ធំ​មួយ​ដែល​មាន​ការ​ជជែក​វែក​ញែក​ច្រើន​ក្នុងចំណោម​អ្នកនយោបាយ​ថៃ។

សមាជិក​តំណាងរាស្ត្រ របស់​គណបក្ស​ភឿថៃ បាន​ចោទប្រកាន់​មក​លើ​មេដឹកនាំ​កម្ពុជា ថា​មាន​បំណង​សម្អុយ​ប្រជាប្រិយភាព​របស់​គណបក្ស​ភឿថៃ តាមរយៈ​ការប្រើប្រាស់​ឧបាយកល ឧទ្ទេសនាម ឱ្យ​គណបក្ស​ភឿថៃ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ថៃ​យល់​ច្រឡំ​ថា គណបក្ស​ភឿថៃ គឺជា​បក្សពួក ឬ​ជា​សម្ព័ន្ធមិត្ត​ជាមួយ​មេដឹកនាំ​កម្ពុជា។

ទន្ទឹម​គ្នា​នេះ ក្រុម​អ្នកនយោបាយ របស់​គណបក្ស​ភឿថៃ បាន​ចោទប្រកាន់​លើ​កម្ពុជា ថា​កំពុង​ជួយ​ស្វែងរក​ប្រជាប្រិយភាព​ឱ្យ​គណបក្ស​ភូមិ​ចៃ​ថៃ របស់​លោក អានុទីន ចាន់វីរៈគុល ដែល​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ និង​បាន​លួច​ចងសម្ព័ន្ធភាព​ដោយ​ប្រយោល​ជាមួយគ្នា ដើម្បី​ផលប្រយោជន៍​នយោបាយ។

ជាមួយ​គ្នា​នេះ តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​ថៃ បាន​រម្លឹក​ឱ្យ​មេដឹកនាំ​គណបក្ស​ភូមិ​ចៃ​ថៃ លោក អានុទីន កុំ​ឆ្លៀតឱកាស​យក​ការ​អត្ថាធិប្បាយ​របស់​ភាគី​កម្ពុជា ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព តាម​រូបភាព​ជាតិនិយម​របស់​ប្រជាពលរដ្ឋ។

ចំណែក​ប្រធាន​គណបក្ស​ភូមិចៃ​ថៃ លោក អានុទីន វិញ លោក​បាន​បញ្ចេញ​ត្រតិកម្ម​ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​លើកឡើង​ពី​បញ្ហា​នយោបាយ​ថៃ របស់​មន្ត្រី​កម្ពុជា​នោះ​ទេ ដោយ​លោក​លើកឡើង​ថា ការវាយប្រហារ​មក​លើ​រូបលោក ពី​សំណាក់​មន្ត្រី​កម្ពុជា​នេះ គឺ​មកពី​កម្ពុជា​ខ្លាច​វត្តមាន​របស់​លោក។

ទំនាស់​ពាក្យសម្ដី របស់​ក្រុម​អ្នកនយោបាយ​ថៃ​នៃ បាន​កើតឡើង​បន្ទាប់ពី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​លោក កែវ រ៉េមី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី​៨ ខែ​មករា ថា ប្រសិនបើ​គណបក្ស​ភូមិ​ចៃ​ថៃ របស់​លោក អានុទីន ចាញ់​ឆ្នោត នោះ​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​លើក​ទី​៣ រវាង​កម្ពុជា និង​ថៃ នឹង​ថយ​ចុះ។

ក្រៅពី​វាយប្រហារ​មកកាន់​លោក អានុទីន លោក កែវ រ៉េមី បាន​ឧទ្ទេសនាម​ដល់​គណបក្ស​ប្រជាជន​ថៃ ឬ​គណបក្ស​ភឿថៃ ថា ប្រសិនបើ​គណបក្ស​ណាមួយ ក្នុងចំណោម​ទាំងពីរ​នេះ បាន​ឈ្នះ​ឆ្នោត នោះ​ពួកគេ​នឹង​មិន​លេងល្បែង​សង្គ្រាម​នោះ​ទេ ពីព្រោះ​គណបក្ស​ទាំងពីរ ផ្ដោត​ទៅ​លើ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​អន្តរជាតិ ជាជាង​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង។

ក្រុម​អ្នក​នយោបាយ​ថៃ បាន​ចោទ​ថា ការ​លើកឡើង​របស់​លោក កែវ រ៉េមី គឺ​ធ្វើ​ឡើង ដោយមាន​ការរៀបចំ​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​កន្លងមក លោក​ធ្លាប់​មាន​ទំនាក់ទំនង និង​ទំនាស់​លក្ខណៈ​បុគ្គល ជាមួយ​គ្រួសារ​មេដឹកនាំ​នៃ​ត្រកូល​ស៊ីណាវ៉ាត់ របស់​គណបក្ស​ភឿថៃ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កែវ រ៉េមី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៦ ខែមករា។

ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណ​លី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៦ ខែ​មករា ថា ស្ថានភាព​នយោបាយ​រវាង​កម្ពុជា និង​ថៃ ដែល​កំពុង​កើតឡើង​នេះ ជា​សញ្ញា​មួយ​ដែល​ព្រមាន​ឱ្យ​ឃើញ​ថា បញ្ហា​ជាតិនិយម នៅតែ​ជា​អាវុធ​ដ៏​មុត​ស្រួច ដែល​អាច​បង្កើត​ជា​ភ្លើង​វិវាទ​បាន​គ្រប់ពេលវេលា។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មន្ត្រី​កម្ពុជា​មិន​ចាំបាច់​បកស្រាយ ឬ​ឆ្លើយឆ្លង​ជា​សាធារណៈ​អ្វី​នោះ​ទេ ដោយ​កម្ពុជា​ត្រូវ​ទុក​ឱ្យ​ចរន្ត​នយោបាយ​របស់​ថៃ វិវត្ត​តាម​ដំណើរ ក៏ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ កម្ពុជា​គួរ​ប្រើ​ប្រាស់​យន្តការ​ការទូត ដើម្បី​បញ្ជាក់​មកកាន់​ភាគី​ថៃ អំពី​គោលជំហរ​មិន​ជ្រៀតជ្រែក ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ថៃ។

លោក សេង វណ្ណលី៖ «ដូច្នេះហើយ អ្វី​ដែល​យើង​មើលឃើញ គឺជា​សង្គ្រាមចិត្តសាស្ត្រ និង​ការ​ប្រើប្រាស់​វោហារសាស្ត្រ​នយោបាយ ដើម្បី​ទប់ទល់​អំណាច​គ្នា​នៅក្នុង​ស្រុក ច្រើនជាង​បំណង​ចង់​បង្កជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេសជិតខាង។ តែ​យ៉ាងណាក្ដី អ្នកនយោបាយ​កម្ពុជា ត្រូវតែ​ប្រយ័ត្នប្រយែង​ខ្ពស់ នៅក្នុង​ការ​និយាយ​ស្ដីអ្វី ដើម្បី​កុំឱ្យ​ក្លាយជា​ឧបករណ៍​នយោបាយ​ណាមួយ​របស់​ប្រទេស​ថៃ បើ​មិន​ដូច្នេះ​ទេ ជម្លោះ​ទ្វេភាគី និង​កាន់តែ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី រយៈពេល​វែង»។

លោក សេង វណ្ណ​លី បន្តថា ភាពចម្រូងចម្រាស​រឿង​នយោបាយ រវាង​ប្រទេស​ទាំងពីរ​នេះ មាន​ភាគរយ​តិចតួច ដែល​អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ព្រំដែន​សាជាថ្មី​ម្ដងទៀត ដោយសារតែ​ប្រទេស​ទាំងពីរ ត្រូវការ​ពឹងពាក់​គ្នា​ទៅវិញទៅមក នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។

ទោះជា​យ៉ាងណា អតីត​មេទ័ព​ភូមិភាគ​២​ថៃ និង​ជាទី​ប្រឹក្សា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក លោក ប៊ុនស៊ីន ផាត់ក្លាង បាន​ថ្លែង​កាលពី​ថ្ងៃទី​១៣ ខែ​មករា ថា ឱកាស​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន ជាមួយ​កម្ពុជា ជា​លើក​ទី​៣ គឺ​មាន​ចំនួន ៥០​លើ​៥០ ដោយ​អាស្រ័យ​លើ​គោលជំហរ​របស់​កម្ពុជា ដែល​បាន​ទាមទារ​ទឹកដី ដែល​យោធា​ថៃ​កំពុង​កាន់កាប់​ត្រឡប់​ទៅវិញ។

លោក​ព្រមាន​ថា ប្រសិនបើ​ផ្ទុះ​សង្គ្រាម​លើក​ទី​៣ គឺ​អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន ដោយសារ​យោធា​ថៃ បាន​ត្រៀម​បំពាក់អាវុធ​ធុន​ធ្ងន់​ច្រើនជាង​មុន។

កម្ពុជា និង​ថៃ បាន​ធ្វើ​សង្គ្រាម​ជាមួយគ្នា​នៅ​តាម​ព្រំដែន ចំនួន​២​ដង​មក​ហើយ កាលពី​ចុងខែ​កក្កដា និង​ដើមខែ​ធ្នូ ឆ្នាំ​២០២៥។ អ្នកឃ្លាំមើល យល់​ឃើញ​ថា ដើមចម​នៃ​សង្គ្រាម​នេះ គឺ​កើត​ចេញ​ពី​ជម្លោះ​បុគ្គល​របស់​អតីត​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​បងធម៌ ដែល​ជា​អតីត​មេដឹកនាំ​ថៃ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ ជម្លោះ​នេះ បាន​រាលដាល​កាន់តែ​ខ្លាំង បន្ទាប់ពី​លោក ហ៊ុន សែន បាន​បរិហារកេរ្តិ៍ លោក ថាក់ស៊ីន និង​លូកដៃ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រុម​ឥស្សរជន​នយោបាយ​ថៃ រហូតដល់​មានការ​ផ្ទុះអាវុធ​ដាក់គ្នា នៅ​តាម​បណ្ដោយ​ព្រំដែន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ