

អ្នកវិភាគបញ្ហាភូមិសាស្ត្រនយោបាយ និងសង្គម រិះគន់ រដ្ឋមន្ត្រីការបទេស លោក ប្រាក់ សុខុន ថា ខ្វះគោលជំហរច្បាស់លាស់និងភាពម៉ឺងមាត់ ក្នុងការជំរុញឱ្យអាស៊ាន ជួយស្វែងរកដំណោះស្រាយបញ្ហាថៃ បង្កសង្គ្រាមឈ្លានពានកម្ពុជា និងសម្លាប់ជនស៊ីវិលខ្មែរទើបធ្វើ ឱ្យករណីនេះ មិនសូវទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីអ្នកសារព័ត៌មានបរទេស និងសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំចង្អៀត នាទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។
កិច្ចប្រជុំអាស៊ាន ដែលធ្វើឡើងជាលើកទីដំបូង ក្នុងនាមប្រទេសហ្វីលីពីនជាប្រធានប្ដូរវេន បន្តពីប្រទេស ម៉ាឡេស៊ី អស់រយៈពេល២ថ្ងៃមក គឺបានផ្ដោតសំខាន់ទៅលើ បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានៅប្រទេស មីយ៉ាន់ម៉ា។ ទន្ទឹមគ្នានោះ គេក៏ឃើញខ្លះៗដែរ ពីការលើកឡើងជុំវិញ ជម្លោះព្រំដែន រវាងកម្ពុជា-ថៃ ប៉ុន្តែ ពុំសូវមានការជជែកឱ្យទូលំទូលាយនោះទេ ។ ជាក់ស្ដែង ក្រោយពីបិទបញ្ចប់កិច្ចប្រជុំនេះ ប្រធានអាស៊ានបានអះអាងថា ជម្លោះកម្ពុជា-ថៃពុំបានសម្រេច លទ្ធផលអ្វីនោះឡើយ ហើយអ្នកសារព័ត៌មាន ក៏មិនសូវមានសួរនាំលើករណីរឿងនេះដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣០ ខែ មករាថា ការដែលអាស៊ានមិនសូវលើកយកជម្លោះព្រំដែនកម្ពុជា-ថៃ ជជែកឱ្យជម្រៅក្នុងកិច្ចប្រជុំនេះព្រោះថាអាស៊ានគ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់សមាជិកខ្លួននោះទេ។ ប៉ុន្តែ យ៉ាងណា លោកថា ក្នុងករណីដែលកម្ពុជា ចង់ឱ្យអាស៊ាន ជួយរកដំណោះស្រាយ គឺតម្រូវឱ្យកម្ពុជា ត្រូវតែសកម្ម និង បង្ហាញគោលជំហរម៉ឺងម៉ាត់ ជំរុញឱ្យអាស៊ានលើកយកជម្លោះព្រំដែនជាមួយថៃនេះ ដាក់ក្នុងរបៀបវារៈ ហើយបង្ហាញថា កម្ពុជាជាប្រទេសរងគ្រោះពិតប្រាកដ។
បណ្ឌិត មាស នី៖ «ខ្ញុំគិតថាពេលនេះមានតែកម្ពុជាខ្លួនឯងទេដែល ត្រូវតែដុតដៃដុតជើង។ ក្នុងកិច្ចប្រជុំរបស់អាស៊ាននេះ ខាងតំណាងខ្មែរយើងត្រូវតែយករឿងនេះទៅលើក បើទោះបីជាគេដោះស្រាយ គេជជែក ឬមិនជជែក យើងត្រូវស្នើសុំដាក់របៀបវារៈ។ នេះជារឿងបន្ទាន់មួយសម្រាប់កម្ពុជា ក្នុងនាមសមាជិកអាស៊ានម្នាក់ដែរ។ បើកម្ពុជាយើងមិនលើកមកនិយាយឱ្យក្ដៅ ខ្ញុំគិតថាអាស៊ានក៏គេមិនសូវចង់មានរឿងរ៉ាវអីច្រើន ជជែកដោះស្រាយនោះដែរ»។
ប្រតិកម្មនេះ ធ្វើឡើយក្រោយពីកិច្ចប្រជុំចង្អៀតរបស់អាស៊ាន បានធ្វើឡើងអស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់២៩ ខែមករា នៅប្រទេសហ្វីលីពីន។ កិច្ចប្រជុំនេះ គេឃើញថា សមាជិកអាស៊ាន ជជែកដេញដោលគ្នាយ៉ាងក្ដៅគគុក ជុំវិញ ជម្លោះសមុទ្រចិនខាងត្បូង និងបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះសមាជិកអាស៊ាន បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតកាលពីថ្មីៗ នៅប្រទេសមីយ៉ាន់ម៉ា ដោយថាធ្វើឡើង ដោយមិនស្របនឹងច្បាប់អន្តរជាតិ។
បន្ថែមពីនោះ បើតាមសារព័ត៌មានក្នុងស្រុក និងសារព័ត៌មានបរទេសខ្លះបានលើកឡើងពីទិដ្ឋភាពនៅក្នុង កិច្ចប្រជុំ ហើយក្នុងនោះរដ្ឋមន្ត្រីការបរទេសហ្វីលីពីន អ្នកស្រី ដៀរេហ្សា ឡាហ្សារ៉ូ (Theresa Lazaro) បានផ្ដល់ឱកាសឱ្យរដ្ឋមន្ត្រីការបទេសកម្ពុជា លោក ប្រាក់ សុខុន លើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយរៀបរាប់ពីស្ថានភាពទុក្ខលំបាក របស់ជនភៀសសឹកខ្មែរ ដែលបានចាកចេញពីលំនៅឋាន ក្រោយពីយោធាថៃ បានដុតបំផ្លាញផ្ទះសម្បែង និងដាក់ពង្រាយ កុងតឺន័រ រារាំង មិនឱ្យអ្នកភូមិចូលទៅរស់នៅវិញបាន ។ ចុងបញ្ចប់ លោកបានបញ្ជាក់ថា កម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ទោះជាបែបនេះក្ដី រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានឆ្លើយតបភ្លាមៗ នៅក្នុងអង្គប្រជុំនោះថា ការផ្ទុះអាវុធរវាងកម្ពុជាថៃ គឺភាគីថៃ ធ្វើឡើងក្នុងគោលដៅ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដែលមានមូលដ្ឋានលើទឹកដីកម្ពុជា។ ទន្ទឹមគ្នានោះលោកថា ជារឿងធម្មតា នៅពេលមានជម្លោះ គឺតែងតែមាន ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសហគមន៍។ ក្រោយមកទៀត សមាជិកអាស៊ានខ្លះក៏បានលើកឡើងបន្ត ដោយជំរុញឱ្យកម្ពុជានិងថៃ ងាកទៅអនុវត្តឱ្យពេញលេញតាមស្មារតី នៃសេចក្ដីថ្លែងការណ៍នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងបន្តដោះស្រាយដោយសន្តិវិធី។
ក្រោយកិច្ចប្រជុំអាស៊ានបានបិទបញ្ចប់ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន អ្នកស្រី ដៀរេហ្សា ឡាហ្សារ៉ូ (Theresa Lazaro) បានធ្វើសន្និសីទព័ត៌មាន ជិតកន្លះម៉ោង។ ក្នុងនោះអ្នកស្រីបានឆ្លើយតប នឹងអ្នកសារព័ត៌មានម្នាក់ដែលបានសួរនាំជុំវិញជម្លោះកម្ពុជា-ថៃ ហើយអ្នកស្រីបានឆ្លើយតបថា មិនមានការសម្រេចអ្វីណាមួយនោះទេ ហើយអ្នកស្រីភ្ញាស់ផ្អើលនៅពេល ពុំសូវមានអ្នកសារព័ត៌មាន សួរនាំអំពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងរដ្ឋមន្ត្រីការបទេសកម្ពុជា លោក ប្រាក់ សុខុន និងអ្នកនាំពាក្យបណ្ដោះអាសន្ន ក្រសួងការបរទេស លោក កែវ រតនៈ ដើម្បីបញ្ជាក់បន្ថែម ជុំវិញរឿងនេះបាននៅឡើយ នៅថ្ងៃទី៣០ ខែមករា។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា បញ្ហាដែលធ្វើឱ្យសមាជិកអាស៊ាន មិនសូវចាប់អារម្មណ៍លើរឿងជម្លោះព្រំដែនកម្ពុជា-ថៃ គឺបណ្ដាលមកពី កម្ពុជា មានរឿងអាស្រូវនៅលើឆាកអន្តរជាតិច្រើន ដូចជា ការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញ ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។ ទន្ទឹមគ្នានោះ លោកថា រដ្ឋាភិបាលកម្ពុជា តែងតែរឹតត្បិតសេរីភាពសារព័ត៌មានឯករាជ្យ និងការរាំងអ្នកសារព័ត៌មានបរទេសមិនឱ្យរាយការណ៍ ឱ្យបានទូលំទូលាយ នៅក្នុងប្រទេសដែលជាហេតុធ្វើឱ្យអ្នកសារព័ត៌មានបរទេស មិនសូវចាប់អារម្មណ៍ រឿងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងការជួយពន្លឺសំឡេង កម្ពុជា បើទោះជាកម្ពុជាជាប្រទេស ត្រូវបានថៃ ឈ្លានពានក្ដី។
កាន់តែធ្ងន់ធ្ងរទៀតនោះ លោកមើលឃើញថា កម្ពុជាក៏មានរឿងអាស្រូវសម្បើមណាស់ ពាក់ព័ន្ធឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ និងការជួញដូរមនុស្ស ដែលធ្វើឱ្យបណ្ដាប្រទេសលើពិភពលោក មើលមកកម្ពុជាក្នុងផ្លូវមិនល្អ។ ជាមួយគ្នា នោះលោកថា ចរិតមេដឹកនាំកម្ពុជា ក្នុងការធ្វើកិច្ចការទូតទៀតសោត គឺមានលក្ខណៈរបៀប «ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ» ដើម្បីតែអំណាចរបស់ខ្លួន ជាងផលប្រយោជន៍រួម។ ដូច្នេះ លោកថា សហគមន៍អន្តរជាតិខ្លះ វាយតម្លៃថា ជម្លោះព្រំដែននេះ ហាក់មិនមែនជាជម្លោះ នៃការឈ្លានពានទឹកដីនោះទេ គឺជាជម្លោះនយោបាយរវាងបុគ្គល និងបុគ្គល។
លោក សេង វណ្ណលី៖ «ចរិតលក្ខណៈនៃការធ្វើការទូតរបស់មេដឹកនាំកម្ពុជា ដែលអន្តរជាតិភាគីច្រើនវាយតម្លៃថា ជាអ្នកនយោបាយពូកែឆ្លៀតឧកាស និងមានចរិតឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ តាមរយៈការផ្លាស់ប្ដូរជំហរ ដើម្បីរស់រាននៃ អំណាចផ្ទាល់ខ្លួន»។
ទោះជាយ៉ាងណា អ្នកវិភាគ និងប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក នៅតែបន្តជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញទង្វើឈ្លានពាន និងឧក្រិដ្ឋកម្មសង្គ្រាម ដែលយោធាថៃ បានបំពានមកលើកម្ពុជា ដើម្បីបន្ថែមពីលើ យន្តការការទូតរបស់អាស៊ាន ព្រោះថា ករណីនេះតម្រូវឱ្យរដ្ឋាភិបាលប្រឹងប្រែងធ្វើសកម្មភាព ឱ្យភាពម៉ឺងម៉ាត់ និងច្បាស់លាស់ ក្នុងការពន្លឿន នៃការស្ដារមុខមាត់ប្រទេសជាតិឡើងវិញ៕








