

អ្នកវិភាគ និងអ្នកតាមបញ្ហានយោបាយលើកឡើងថា ប្រទេសចិនកុម្មុយនិស្តកំពុងបោះបង់រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន នៅក្នុងអំឡុងពេលសង្គ្រាមថៃវាយប្រហារឈ្លានពានទឹកដីកម្ពុជា។ អ្នកឃ្លាំមើលថា សារនយោបាយលោក ហ៊ុន សែន ដែលធ្លាប់អះអាងថា ភាគីចិនប្ដេជ្ញាជួយ និងការពារដែនអធិបតេយ្យកម្ពុជា គ្រាន់តែជាសារនយោបាយបង្ហាញពីឥទ្ធិពលចិនធ្វើជាបងធំកាងអំណាចឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន។
អ្នកឃ្លាំមើលលើកឡើងថា ប្រទេសចិនកុម្មុយនិស្តដែលជាមិត្តដែកថែបកម្ពុជានឹងមិនហ៊ានលូកដៃចូលក្នុងសង្គ្រាមរវាងកម្ពុជា និងថៃឡើយ។ ផ្ទុយទៅវិញពួកគាត់ថា ចិនកំពុងព្យាយាមរក្សាជំហរស្ងប់ស្ងាត់ ដើម្បីបញ្ចៀសអរិយភាពនយោបាយការទូតជាមួយភាគីដែលកំពុងមានជម្លោះដើម្បីការពារផលប្រយោជន៍ចិន។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១២ ខែធ្នូថា ប្រសិនបើប្រទេសចិនហ៊ានលូកដៃជួយកម្ពុជាតាមរយៈវិស័យយោធាណាមួយក្នុងសង្គ្រាមថៃឈ្លានពានលើទឹកដីកម្ពុជា នោះសង្គ្រាមនឹងកាន់តែរីករាលដាលធំឡើង។ ទោះជាយ៉ាងណា លោកថា រឿងនេះនឹងពិបាកទៅរួច ដោយសារតែថៃគឺជាដៃគូយុទ្ធសាស្ត្រទាំងសេដ្ឋកិច្ច នយោបាយ និងវិស័យការពារជាតិជាមួយចិន។
លោក គឹម សុខ បន្ថែមទៀតថា ភាគីចិនគ្រាន់តែប្រើប្រាស់រដ្ឋាភិបាលត្រកូល ហ៊ុន ធ្វើជាឈ្នាន់បម្រើភូមិសាស្ត្រនយោបាយឱ្យចិនក្នុងតំបន់ ហើយជំហរនយោបាយចិនក្នុងទំនាក់ទំនងជាមួយកម្ពុជា គឺចិនគិតគូរពីផលប្រយោជន៍របស់ខ្លួនដោយមិនមែនគិតគូរពីការជួយការពារអធិបតេយ្យ និងប្រជាធិបតេយ្យនៅកម្ពុជាឡើយ។
លោក គឹម សុខ៖ «ការនិយាយរបស់ចិនកន្លងមកថា ជួយការពារជាតិកម្ពុជានៅពេលរដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន កាន់អំណាចហ្នឹងមែនទែនគ្រាន់តែចង់សំដៅថា ការពារអំណាចក្រុមគ្រួសារ ហ៊ុន ដើម្បីឱ្យក្រុមគ្រួសារហ៊ុនជាឧបករណ៍បម្រើនយោបាយការបរទេសរបស់ចិននៅក្នុងតំបន់អាស៊ានតែប៉ុណ្ណោះ។ ខ្ញុំមើលឃើញថា ចិនកំពុងតែធ្វើនយោបាយបោះបង់អំណាចក្រុមគ្រួសារ ហ៊ុន ជាសន្សឹមៗដោយត្រជាក់ដោយសារតែចិនកំពុងពង្រឹងសេដ្ឋកិច្ចជាមួយថៃកាន់តែធំ ចិនលក់អាវុធឱ្យថៃក្នុងរយៈពេលប៉ុន្មានឆ្នាំនេះអាវុធក្នុងឃ្លាំង ៥០ភាគរយគឺជាអាវុធចិន។ ម្ល៉ោះហើយចិនចំណេញពីថៃច្រើនណាស់។ ចិនមិនល្ងង់មកឱបអំណាចក្រុមគ្រួសារ ហ៊ុន នោះទេ»។
រីឯ អ្នកសិក្សាសង្គម និងនយោបាយលោក ប៉ោ មករា កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា និងចិនចាប់ផ្ដើមធ្លាក់ចុះក្រោយលោក ហ៊ុន សែន បានផ្ទេរអំណាចឱ្យកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត ហើយភាគីចិនកាន់តែព្រងើយកន្តើយជាមួយរដ្ឋាភិបាលត្រកូល ហ៊ុន នៅពេលដែលថៃបើកការវាយប្រហារឈ្លានពានកម្ពុជា។ ក្រៅពីនេះ លោក ប៉ោ មករា មើលឃើញថា ទំនាក់ទំនងកម្ពុជា និងចិននាពេលកន្លងមកជាទំនាក់ទំនងបែប«កេងប្រវ័ញ្ច» និង«បោកបញ្ឆោត» ដោយសារកិច្ចប្រតិបត្តិការដូចជាវិស័យពាណិជ្ជកម្មមិនមានទំហំស្មើគ្នា។
ទោះជាយ៉ាងណា លោកវាយតម្លៃថា ក្នុងស្ថានភាពកម្ពុជាកំពុងរងការវាយប្រហារឈ្លានពានពីថៃនាពេលនេះ ចិនក្នុងនាមជាមិត្តដែកថែបកម្ពុជាទំនងប្រយ័ត្នប្រយែងក្នុងការបញ្ជាក់ជំហររបស់ខ្លួនគាំទ្រភាគីណាមួយ។
លោក ប៉ោ មករា៖ «ប្រសិនបើសង្គ្រាមនេះជាសង្គ្រាមបែបប្រពៃណីមានន័យថា ជាការផ្ទុះអាវុធរវាងរដ្ឋ និងរដ្ឋខ្ញុំគិតថា វាជារឿងមួយឆាប់ចប់ឆាប់ដឹងឈ្នះចាញ់ ប៉ុន្តែបើសង្គ្រាមនោះបែបភូមិសាស្ត្របែបទំនាក់ទំនងរដ្ឋ និងរដ្ឋរវាងប្រទេសភាគីជម្លោះជាមួយមហាអំណាចវាជារឿងមួយគ្រោះថ្នាក់ជារឿងបន្តអូសបន្លាយបញ្ហាជម្លោះនេះកាន់តែយូរ និងកាន់តែស្មុគស្មាញបន្ថែមទៀត»។
សង្គ្រាមឈ្លានពានថៃវាយប្រហារកម្ពុជាក្នុងរយៈពេលជិតមួយសប្ដាហ៍កន្លងមកនេះបានបង្កឱ្យទាហាន និងជនស៊ីវិលបាត់បង់ជីវិតទាំងសងខាង ប៉ុន្តែមកដល់ពេលនេះមិនមានប្រទេសណាមួយចេញមុខថ្កោលទោសលើភាគីជម្លោះណាមួយនៅឡើយ។ អ្នកឃ្លាំមើលវាយតម្លៃថា ការណ៍ដែលអន្តរជាតិគ្មានប្រតិកម្មថ្កោលទោសភាគីណាមួយនោះ ដោយសារតែជម្លោះសង្គ្រាមវាយប្រហារនៅតាមព្រំដែនគឺកើតចេញពីវិបត្តិនយោបាយផ្ទៃក្នុងកម្ពុជា និងថៃ។
ភាគីចិនដែលជាមិត្តដែកថែបកម្ពុជាក៏ហាក់រក្សាជំហរស្ងៀមស្ងាត់ ក្រៅពីបង្ហាញជំហរឱ្យកម្ពុជា និងថៃរក្សាភាពអត់ធ្មត់ និងធ្វើការជាមួយគ្នា ដើម្បីបញ្ចៀសស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។
កន្លងទៅស្ទើរតែរាល់ជំនួបរវាងមេដឹកនាំកម្ពុជា និងចិន ពួកគេតែងតែប្រកាសអំពីគោលនយោបាយជួយការពារគ្នាគ្រប់កាលៈទេសៈទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្ដែងកាលពីចុងឆ្នាំ២០២៤ ក្នុងជំនួបរវាងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីន (Xi Jinping) លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសថា ភាគីចិនបានប្ដេជ្ញាចិត្តពង្រឹងលើវិស័យការពារជាតិកម្ពុជា និងប្រឆាំងរាល់នយោបាយបរទេសណាដែលមានចេតនាធ្វើបដិវត្តន៍ពណ៌ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងរំលោភបំពានអធិបតេយ្យកម្ពុជា។

ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ថ្លែងថា គោលបំណងពិតរបស់ភាគីចិនគ្មានចេតនាណាមួយជួយកម្ពុជាស្របតាមច្បាប់នៅពេលដែលមានបរទេសមកឈ្លានពានដែនអធិបតេយ្យកម្ពុជាឡើយ។ លោកបញ្ជាក់ថា គោលបំណងសំខាន់លោក ហ៊ុន សែន ដែលប្រឹងព្យាយាមរណែបរណបអែបអបចិន គឺដើម្បីឱ្យជួយបង្ក្រាបសំឡេងអ្នកប្រជាធិបតេយ្យ និងកាងអំណាចឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន តែប៉ុណ្ណោះ។
លោក គឹម សុខ៖ «មិត្តស៊ីជម្រៅ មិត្តគ្រប់យុទ្ធសាស្ត្រលោក ហ៊ុន សែន និងភាគីចិនអួតអាងកន្លងមកគឺដែកថែបស៊ីជម្រៅគ្រប់យុទ្ធសាស្ត្របំផ្លាញគណបក្សប្រឆាំងនៅកម្ពុជា បំបាត់សំឡេងអ្នកប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណឹងទេ មិនមែនយុទ្ធសាស្ត្រស៊ីជម្រៅដែកថែមក្នុងការជួយប្រទេសកម្ពុជាឡើយ»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១២ ខែធ្នូ។
កម្ពុជា និងចិនតែងតែប្រកាសពីចំណងមិត្តភាពដែកថែបមិនអាចកាត់ផ្ដាច់បាន។ ទោះយ៉ាងណាប្រទេសចិនមិនបានផ្អាកធ្វើសមយុទ្ធយោធាជាមួយកងទ័ពអាកាសថៃប្រចាំឆ្នាំឡើយកាលពីខែកញ្ញា ទោះបីជាទំនាក់ទំនងកម្ពុជា និងថៃមានស្ថានភាពកាន់តែអាក្រក់ និងផ្ទុះសង្គ្រាមនៅតាមព្រំដែនចំនួន ៥ថ្ងៃ កាលពីខែកក្កដា។
លោក គឹម សុខ បន្ថែមទៀតថា ក្នុងសង្គ្រាមថៃវាយប្រហារឈ្លានពានកម្ពុជាទោះបីចិនមិនចេញមុខជាចំហ ក៏ភាគីចិនអាចមានទំនោរឈរខាងប្រទេសថៃ ដោយសារជាឱកាសរបស់ចិនក្នុងការកសាងទំនុកចិត្តជាមួយភាគីថៃ ដើម្បីពង្រីកសេដ្ឋកិច្ច និងការនាំចេញអាវុធមកលក់ប្រទេសថៃ ជាជាងចិនចាប់យកកម្ពុជាដែលជាប្រទេសតូច និងមានសេដ្ឋកិច្ចខ្សោយ។ យ៉ាងណាលោកថា រដ្ឋាភិបាលត្រកូល ហ៊ុន នៅតែមិនអាចរស់ខ្វះចិនបានក្នុងការពឹងពាក់ឱ្យចិនជួយកាងអំណាចរដ្ឋាភិបាលផ្ដាច់ការត្រកូល ហ៊ុន និងជាពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងខ្ទេចខ្ទាំដោយសារតែសង្គ្រាមថៃកំពុងវាយប្រហារឈ្លានពានកម្ពុជា៕









