យោធាថៃម្នាក់ទៀតដើរជាន់មីនដាច់ជើងនៅថ្ងៃទី២៩ ធ្នូ ខណៈកម្ពុជា-ថៃបានឯកភាពអនុវត្តបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល ៧២ម៉ោង ដើម្បីឈានទៅបញ្ចប់ការវាយប្រហារឈ្លានពានរបស់យោធាថៃលើកម្ពុជា។
កាសែតខៅសុត Khaosod របស់ថៃចុះផ្សាយថា នៅម៉ោង ១០ព្រឹកនេះ កងកម្លាំងផ្នែកបោសសំអាតមីនម្នាក់ នៃកងវិស្វកម្មនៅខេត្តស៊ីសាកេត ប្រទេសថៃ បានជាន់មីនបាត់បង់ជើងម្ខាង និងកំពុងស្ថិតក្រោមការតាមដានសុខភាពពីគ្រូពេទ្យ។
នេះជាករណីជាន់មីនលើកទី១១ របស់យោធាថៃចាប់តាំងពីមានជម្លោះព្រំដែនជាមួយកម្ពុជាតាំងពីចុងខែឧសភាមក និងជាករណីទី១ ចាប់តាំងពីកម្ពុជា-ថៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមបទឈប់បាញ់នៅថ្ងៃទី២៧ ធ្នូ។ កន្លងទៅ យោធាថៃតែងប្រើឧប្បត្តិហេតុជាន់មីន ជាលេសចោទប្រកាន់ភាគីកម្ពុជាថា រំលោភបទឈប់បាញ់ ដោយដាក់មីនថ្មីបង្ករបួសដល់ទាហានថៃ ព្រមទាំងបានប្រើរូបភាពនេះម្ដងជាពីរដង វាយប្រហារឈ្លានពានកម្ពុជាតាំងពីខែកក្កដាមក។
គេព្រួយបារម្ភថា ករណីជាន់មីននៅពេលនេះ អាចជាលេសរបស់យោធាថៃជាថ្មីទៀត ដើម្បីបង្អាក់ការអនុវត្តបទឈប់បាញ់ជាលើកទី២ ដែលភាគីថៃសន្យាដោះលែងយោធិនកម្ពុជា ១៨រូប នៅថ្ងៃស្អែក ក្រោយម៉ោង ១២ថ្ងៃត្រង់ បន្ទាប់ពីការអនុវត្តបទឈប់បាញ់មានប្រសិទ្ធភាព។
ករណីយោធាថៃជាន់មីនដដែលៗនេះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីពេលថ្មីៗនេះ បានលើកឡើងគួរឱ្យភ្ញាក់ផ្អើល និងធ្វើឱ្យរដ្ឋាភិបាលថៃសម្ដែងការមិនសប្បាយចិត្តថា ករណីទាហានថៃជាន់មីនរហូតធ្វើថៃបើកការវាយប្រហារលើកម្ពុជា គឺជាឧបទ្ទវហេតុ ដែលលោកត្រាំចង់មានន័យថា យោធាថៃបានដើរជាន់ដោយខ្លួនឯង ហើយយកលេសនេះចោទប្រកាន់ដើម្បីវាយប្រហារកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅ។
ដោយឡែក នៅពេលថៃវាយប្រហារឈ្លានពានលើកម្ពុជារយៈពេល ២១ថ្ងៃកន្លងទៅ ពុំមានសេចក្ដីរាយការណ៍ណាមួយថា យោធាថៃបានជាន់មីនរងរបួសនោះទេ៕










