មេខ្លោង​ធំៗ​ដែល​កាង​ឧក្រិដ្ឋកម្ម​អនឡាញ​មិន​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​របស់​សមត្ថកិច្ច

0
73
(ពីឆ្វេងទី៣) ​លោក ចេន ហ្សី (Chen Zhi) ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) ជួបលោក ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រួប​ហ្វេសប៊ុក លោក ហ៊ុន សែន
(ពីឆ្វេងទី៣) ​លោក ចេន ហ្សី (Chen Zhi) ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) ជួបលោក ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រួប​ហ្វេសប៊ុក លោក ហ៊ុន សែន

យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​មើលឃើញ​ថា សមត្ថកិច្ច​ឃាត់ខ្លួន​បង្ហាញ​មុខតែ​ជនបរទេស​ដែល​រង​ការ​បង្ខាំង​ក្នុង​អគារ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល និង​ឧកញ៉ា​ធំៗ​ដែល​រង​ការ​ចោទ​ថា ជា​មេខ្លោង​សំខាន់ៗ​មិន​ត្រូវ​បាន​ចាប់ខ្លួន​ឡើយ​។ ទន្ទឹម​គ្នា​នេះ ទិដ្ឋភាព​នៃ​ជនបរទេស​រាប់​សិប​នាក់​រត់​ចេញពី​ទីតាំង​អគារ​ឆបោក​អនឡាញ​នានា​នៅ​កម្ពុជា​បន្ត​កើត​ឡើងជា​បន្តបន្ទាប់​ដែល​បាន​ក្លាយ​ជា​រឿង​ធម្មតា និង​រង​ការ​រិះគន់​ថា ការ​បង្ក្រាប​របៀប​នេះ​គ្មាន​តម្លាភាព និង​គ្រាន់​ជា​ឆាកល្ខោន​សម្ដែង​បន្លំ​ភ្នែក​អន្តរជាតិ។

យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​នៅតែ​រង​ការ​រិះគន់​ថា ជា «​ឆាកល្ខោន​សម្ដែង​» ឃាត់ខ្លួន​ជនរងគ្រោះ និង​ចាប់​ជនល្មើស​តូចតាច​បន្លំ​ភ្នែក​សហគមន៍​ជាតិ និង​អន្តរជាតិ ដើម្បី​បិទបាំង និង​ការពារ​ក្រុម​មេខ្លោង​ឧក្រិដ្ឋជន​ធំៗ​ដែល​កំពុងមាន​ទំនាក់ទំនង​នឹង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។

មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត ១​ខែ​មក​ហើយ​ដែល​សមត្ថកិច្ច​បាន​បន្ត​ឆ្មក់​ចូល​បង្ក្រាប​នៅ​តាម​តំបន់​អគារ​ឆបោក​អនឡាញ​ធំៗ​សំខាន់ៗ​ដូចជា​នៅ​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ កោះកុង ត្បូងឃ្មុំ កំពត កណ្ដាល និង​ខេត្តបាត់ដំបង​ជាដើម ដែល​បណ្ដាល​ឱ្យ​ជនបរទេស​រាប់​ពាន់​នាក់​មកពី​ប្រទេស​ជុំវិញ​ពិភពលោក​ផ្អើល​នាំគ្នា​សម្រុក​ចេញពី​អគារ​អនឡាញ​នៅ​កម្ពុជា​។ ការ​បង្ក្រាប​ចុងក្រោយ​របស់​កម្លាំង​សមត្ថកិច្ច​ថ្មីៗ​នេះ​គឺ​នៅ​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ចំនួន ២២​អគារ​ក្នុង​បរិវេណ​កាស៊ីណូ​វ៉ាន់ឆឹង ស្ថិត​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ដែល​បាន​ឃាត់ខ្លួន​មនុស្ស​ជាង ២​ពាន់ ៧​រយ​នាក់ ចំណែក​ជនបរទេស​ចម្រុះជាតិ​សាសន៍​រាប់​សិប​នាក់​ផ្សេងទៀត​គ្នា​នាំ​រត់​ចូល​ព្រៃ ដើម្បី​គេច​ពី​ការ​បង្ក្រាប។

ក្រុង​បាវិត​ខេត្តស្វាយរៀង​បាន​ក្លាយជា​ឋានសួគ៌​របស់​ឧក្រិដ្ឋជន​ដែល​សម្បូរ​ដោយ​រឿងរ៉ាវ​ឧក្រិដ្ឋកម្ម និង​មាន​អគារ​ឆបោក​តាម​អនឡាញ​ជាច្រើន​ដែល​កន្លងមក​ក្រុម​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​នេះ​តែងតែ​ព្យាយាម​កុហក​បិទបាំង​ព័ត៌មាន​នៅពេល​ទូរទស្សន៍​អាស៊ីសេរី​រាយការណ៍​ពី​ករណី​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ។

ថ្វី​ត្បិត​នៅ​តាម​ទីតាំង​អគារ​អនឡាញ​នីមួយៗ​ផ្ទុក​មនុស្ស​រាប់ពាន់​នាក់ និង​អ្នកខ្លះ​ត្រូវ​បាន​បង្ខាំង​ក្នុង​អគារ​បង្ខំ​ឱ្យ​ធ្វើ​ការ​លើ​វិស័យ​ឆបោក​នេះ​ក្ដី ក៏​ចំណាត់ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​បាន​បង្ហាញមុខ​ក្រុម​អ្នក​ទទួលខុសត្រូវ និង​បណ្ដាញ​មេខ្លោង​ធំៗ​ពាក់ព័ន្ធ​នោះ​ទេ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី លើកឡើង​ថា របៀប​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​គ្មាន​តម្លាភាព និង​ប្រសិទ្ធភាព​ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​គ្មាន​ទំនុកចិត្ត​ឡើយ​។ ក្រៅ​ពី​នេះ លោក​យល់​ថា អសមត្ថភាព​នៃ​អាជ្ញាធរ​តាម​បណ្ដា​ខេត្ត​ដែល​បណ្ដោយ​ឱ្យ​អគារ​អនឡាញ​រីក​ដូច​ផ្សិត​នោះ គឺ​ដោយសារតែ​ពួកគេ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ទំនាស់​ផល​យោជន៍ និង​រង​សម្ពាធ​ពី​ក្រុម​អ្នក​មាន​អំណាច។ មេខ្លោង​ដែល​មាន​ឥទ្ធិពល​ទើប​គ្មាន​ការ​បង្ក្រាប​ទីតាំង​នៃ​ឧក្រិដ្ឋកម្ម​នា​ពេល​កន្លងមក។

បណ្ឌិត មាស នី៖ «ប្រសិនបើ​យើង​គ្រាន់តែ​ធ្វើ​ប៉ុណ្ណឹង យើង​នៅ​មិន​ទាន់​បាន​នូវ​ទំនុកចិត្ត​ពី​សហគមន៍​អន្តរជាតិ​នៅឡើយ​ទេ ទាក់ទង​នឹង​ការ​បង្ក្រាប​អនឡាញ​ហ្នឹង ដោយសារតែ​យើង​ខ្វះ​តម្លាភាព​ក្នុង​ការ​ស៊ើបអង្កេត​បន្ថែ​ម ហើយ​ក្នុង​នីតិវិធី​ចាត់ការ​លើ​បុគ្គល​ដែល​ចាប់បាន បុគ្គល​ដែល​នៅ​ក្រោយ​ខ្នង បុគ្គល​ដែល​គាំទ្រ​យើង​មិនឃើញ​មាន។ កម្ពុជា​ខំប្រឹង​ហើយ យើង​ទទួលស្គាល់​ការ​ខំ​ប្រឹងប្រែង ប៉ុន្តែ​ប្រឹងប្រែង​មិន​មាន​តម្លាភាព​បែបនេះ ប្រហែលជា​អាច​នឹង​ពិបាក​ក្នុង​ការ​ទទួលយក​ទំនុកចិត្ត​ពី​សហគមន៍​អន្តរជាតិ​ដែល​គេ​កំពុង​សង្កេត និង​តាមដាន​មើល»។

ជាមួយ​គ្នា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​វិធានការ​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​នៃ​មេខ្លោង​ពាក់ព័ន្ធ​ធំៗ​គឺ​ដោយសារ​រដ្ឋាភិបាល​មិន​ហ៊ាន​អា​សាច់​ខ្លួនឯង ពោល​គឺ​មិន​ចាប់ខ្លួន​ក្រុម​សាច់ញាតិ​របស់​ខ្លួន និង​មន្ត្រី​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន​យក​មក​អនុវត្ត​ទោស។ លោក​ព្រមាន​ថា ការណ៍​ដែល​មេដឹកនាំ​កម្ពុជា​បន្ត​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន​រកស៊ី​របរ​ទុច្ចរិត​នឹង​គ្មាន​ផល​ចំណេញ​សម្រាប់​សេដ្ឋកិច្ច និង​ស្ថិរភាព​នៃ​ភាព​ហ៊ឺហា​ឡូយឆាយ​របស់​ខ្លួន​ឡើយ ក្រៅពី​បង្ក​វិនាសកម្ម​ដល់​ជាតិ។

លោក ស៊ឹង សែនករុណា៖ «អ្វី​ដែល​ពិភពលោក​កំពុង​សម្លឹង​មក​កម្ពុជា គឺ​កម្ពុជា​ជា​ប្រទេស​គោលដៅ​មេ​ឧក្រិដ្ឋជន អ៊ីចឹង​ប្រសិន​ជា​មាន​ចេតនា​កម្ចាត់​របរ​ឧក្រិដ្ឋកម្ម​អនឡាញ​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ត្រូវ​ធ្វើ​ឱ្យ​មាន​ភាព​ច្បាស់​លាស់ ដើម្បី​ជម្រះ​ឱ្យ​អស់​នូវ​មន្ទិល​សង្ស័យ និង​ការចោទប្រកាន់​នានា​ពី​សហគមន៍​អន្តរជាតិ​។ ការ​ជម្រះ​ឱ្យ​អស់​នេះ​អត់​ត្រូវ​យោគយល់​បុគ្គល​ដែល​មាន​ឥទ្ធិពល មាន​អំណាច​អ្វី​នោះ​ទេ​ត្រូវតែ​ធ្វើ​ឲ្យ​ខាង​តែ​បាន​ទៅដល់​ក្រុម​បុគ្គល​ទាំងអស់​ហ្នឹង ដើម្បី​ឱ្យ​គេ​មើល​មក​ថា កម្ពុជា​ពិតជា​លែង​មាន​បញ្ហា​ហ្នឹង​កើតឡើង»។

ទូរទស្សន៍​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប​នៅឡើយ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

របាយការណ៍​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដូច​ជា អំពើ​ឃាតកម្ម ទារុណកម្ម និង​អំពើ​រំលោភ​ផ្លូវភេទ​លើ​ជនរងគ្រោះ​ដែល​ជាប់​ឃុំឃាំង​ក្នុង​អគារ​ឆបោក​អន​ឡាញ​នានា​នៅ​កម្ពុជា​ឡើយ​។ ក្រៅ​ពី​នេះ ទិដ្ឋភាព​នៃ​ជនបរទេស​រាប់​ពាន់នាក់​ដែល​បាន​រត់​គេច​ខ្លួន​ពី​អគារ​អនឡាញ​ជា​បន្តបន្ទាប់​នោះ​កំពុង​ក្លាយ​ជា​វិបត្តិ​មនុស្សធម៌​អន្តរជាតិ​នៅ​កម្ពុជា​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អសមត្ថភាព​ដោះស្រាយ និង​មិនបាន​កំណត់​អត្ត​សញ្ញា​ជនរងគ្រោះ​ដែល​ពួកគេ​កាន់តែ​ងាយ​រងគ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស។ អង្គការ​លើកលែងទោស​អន្តរជាតិ​វាយតម្លៃ​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ និង​ដោះស្រាយ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ទាំងនេះ​ដោយសារតែ​ក្រុម​ឧក្រិដ្ឋជន​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយនឹង​រដ្ឋអំណាច​ក្រុងភ្នំពេញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ