

មន្ត្រីបក្សប្រឆាំងយល់ឃើញថា មេដឹកនាំកម្ពុជាកំពុងរកលេស ដើម្បីស្អំចិត្តប្រជាពលរដ្ឋ រក្សាមុខមាត់ ក្រោយពេលយោធាថៃបានកាន់កាប់នៅក្នុងតំបន់ ដែលពួកគេដណ្ដើមបានពីកម្ពុជា ក្រោយសង្គ្រាមរយៈ ២១ថ្ងៃ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលរបស់លោក មិនបានចុះចាញ់ ឬកាត់ដីឱ្យប្រទេសថៃនោះទេ ទោះបីជាកម្ពុជាកំពុងអនុវត្តបទឈប់បាញ់ ដោយមានការឃ្លាំមើលពីយោធាថៃ ក្នុងរយៈពេល៧២ម៉ោងក៏ដោយ។
បើទោះបីជាទាហានថៃ បានដោតទង់ជាតិរបស់ពពួកគេស្ទើរតែគ្រប់ទីតាំង នៅតាមបណ្ដោយព្រំដែន ដែលវាយដណ្ដើមបានពីកម្ពុជា យ៉ាងណាក្ដី ក៏រដ្ឋាភិបាលកម្ពុជា នៅតែអះអាងថា កម្ពុជាមិនបានចាញ់សង្គ្រាម រហូតដល់ថ្នាក់បាត់បង់ទឹកដីនោះឡើយ និងថា ការចរចាបទឈប់បាញ់នេះ គឺជាវិធីចរចាដើម្បីទទួលបានសន្តិភាព។
ប្រមុខដឹកនាំស្ថាប័ន អធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៩ ខែធ្នូ ថា ការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត គឺជាការស្អំចិត្តប្រជាពលរដ្ឋ តាមរយៈការយកសន្តិភាពមកធ្វើជាលេស ដើម្បីបិទបាំងពីកំហុស និងភាពកម្សោយក្នុងការដឹកនាំរបស់លោក។ លោក អ៊ុំ សំអាន បន្តថា ក្នុងករណីដែលទឹកដីកម្ពុជា នៅផ្នែកណាមួយត្រូវបាត់បង់ក្រោយការចុះកិច្ចពព្រមព្រៀងនេះ មេដឹកនាំកម្ពុជា គួរតែចុះចេញពីតំណែង ដោយសារការធ្វើឱ្យបាត់បង់នូវផ្នែកណាមួយ នៃបូរណភាពទឹកដីឱ្យទៅបរទេស គឺមានទោសក្បត់ជាតិ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរសារលើបណ្ដាញសង្គមរបស់លោក នៅថ្ងៃទី២៩ ខែធ្នូ ថា ការជ្រើសរើសយកបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយក៏មិនមែនដោយសារកម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ។ លោកបន្តថា ការសម្រេចចិត្តនេះ គឺដោយសារកម្ពុជាបានជ្រើសរើសយកមាគ៌ាសន្តិភាព និងគិតពីអាយុជីវិត របស់ប្រជាពលរដ្ឋជាធំ ទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក្ដី។ លោក ហ៊ុន ម៉ាណែត អះអាងថា សង្គ្រាមមិនអាចបញ្ចប់បានដោយសង្គ្រាមនោះទេ ហើយមានតែការដោះស្រាយ ដែលផ្អែកលើច្បាប់ដោយសន្តិវិធី និង ការយោគយល់គ្នាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន។
កម្ពុជា-ថៃ បានឯកភាពលើបទឈប់បាញ់បណ្ដោះអាសន្ន កាលពីថ្ងៃទី២៧ ខែធ្នូ នៅព្រំដែនខេត្តចន្ទបុរី ប្រទេសថៃ ដោយមានការឃ្លាំមើលរយៈពេល ៧២ម៉ោង ក្រោយកងទ័ពរបស់ភាគីទាំង២ បានប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែន ជាលើកទី២ ចំនួន២១ថ្ងៃ។ នេះជាបទឈប់បាញ់លើកទី២ ហើយ ដែលភាគីទាំង២ ធ្លាប់បានព្រមព្រៀងគ្នា។
ទោះជាយ៉ាងណា បទឈប់បាញ់ដ៏ផុយស្រួយនេះ បានចុះហត្ថលេខា ក្រោយយោធាថៃ បានអះអាងពីការវាយប្រហារដណ្ដើមបានទឹកដីខ្មែរជាច្រើនទីតាំង នៅតាមបណ្ដោយព្រំដែន មានដូចជាប្រាសាទខ្នា តំបន់ប្រាសាទតាក្របី នៅខេត្តឧត្តរមានជ័យ ភូមិជោគជ័យ និងភូមិព្រៃចាន់ បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ តំបន់អានសេះក្នុងខេត្តព្រះវិហារ តំបន់ថ្មដា ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទីតាំងជ័យភូមិ ជាច្រើនកន្លែងទៀត។
បច្ចុប្បន្នទីតាំងក្នុងទឹកដីកម្ពុជាដែលយោធាថៃកំពុងឈរជើងទាំងនេះ ត្រូវបានរាយបន្លាលួសអស់ទៅហើយ។ ក៏ប៉ុន្តែ គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា (JBC) បានប្រកាសមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ទោះជាយ៉ាងនេះក្ដី មេដឹកនាំរដ្ឋាភិបាលស៊ីវិល និងយោធាថៃ បានអះអាងថា តំបន់ដែលដណ្ដើមបានពីកម្ពុជាទាំងនេះ ភាគីថៃ នឹងមិនប្រគល់ឱ្យកម្ពុជាវិញនោះទេ ហើយទីតាំងដែលមានផ្ទះប្រជាពលរដ្ឋខ្មែរ ដូចជាភូមិជោគជ័យ និងភូមិព្រៃចាន់ ក៏យោធាថៃ មិនឱ្យពលរដ្ឋខ្មែរចូលរស់នៅវិញនោះឡើយ។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌របស់ថៃ ក៏បានប្រកាសអំពីគម្រោងជួសជុលប្រាសាទបុរាណ ដែលទទួលការខូចខាត ពីការវាយប្រហាររបស់យោធាថៃ នៅពេលស្ថានភាពវិលត្រឡប់ទៅរកស្ងប់ស្ងាត់ផងដែរ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ឃើញថា កិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ន ដែលធ្វើឡើងជាលក្ខណៈទ្វេភាគី រវាងកម្ពុជា-ថៃ នេះ ទំនងជាមិនអាចធានាបាននូវសន្តិភាពយូរអង្វែងដល់កម្ពុជានោះឡើយ ដោយសារថៃ កំពុងមានប្រៀបបលើកម្ពុជា។ លោកបន្តថា មានតែការប្រើប្រាស់យន្តការច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបអាចធានាសន្តិភាពយូរអង្វែងសម្រាប់កម្ពុជាបាន។
ក្រៅតែពីបង្ហោះសំណេរ ដើម្បីស្អំចិត្តពលរដ្ឋ រដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្ដីប្រកាសគំរាមប្រជាពលរដ្ឋ មិនឱ្យបញ្ចេញមតិ ឬចែករំលែកព័ត៌មាន ដែលពាក់ព័ន្ធនឹងការចូលកាន់កាប់ទឹកដីកម្ពុជា របស់យោធាថៃនោះឡើយ ដោយរដ្ឋាភិបាលបានអះអាងថា ដើម្បីថ្នមស្ថានការណ៍ ក្នុងពេលកម្ពុជាអនុវត្តបទឈប់បាញ់។
យ៉ាងណាក៏ដោយចុះ មន្ត្រីបក្សប្រឆាំងលើកឡើងថា ការអនុវត្តបទឈប់បាញ់ មេដឹកនាំកម្ពុជា គួរប្រញាប់ដោះស្រាយករណីឈ្លានពានរបស់យោធាថៃនេះ ដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ បើមិនដូច្នេះទេ កិច្ចព្រមព្រៀងបទឈប់បាញ់នេះ និងក្លាយជាបណ្ដាសា ដែលបានមកពីការកាត់ដីឱ្យបរទេស ដើម្បីរក្សាអំណាច ក្រោមលេសពាក្យថាសន្តិភាព៕









