រដ្ឋាភិបាល​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ខណៈ​ការ​ស្នើ​​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ គ្មាន​ប្រយោជន៍

1
100
សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ ​លោក សរ ណាល់ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។
សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ ​លោក សរ ណាល់ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​អំពាវនាវ​របស់​គណបក្ស​កាន់អំណាច​ឲ្យ​មាន​ការ​រួបរួមសាមគ្គី​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ជា​ធ្លុង​មួយ គឺជា​ការ​អំពាវនាវ​ឥតប្រយោជន៍ ពី​ព្រោះ​រដ្ឋាភិបាល​នៅតែ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​លោក សរ ណាល់ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក ស៊ឹង សែនករុណា កត់សម្គាល់​ឃើញ​ថា គណបក្សកាន់អំណាច​នៅតែ​បន្ត​ប្រើ​តុលាការ​ចាប់ខ្លួន​អ្នក​ដែល​មាន​មតិផ្ទុយ​ពី​ខ្លួន ជាក់ស្តែង​ថ្មីៗ​នេះ ក្រោយពី​ការ​អំពាវនាវ​របស់​លោក​ហ៊ុន សែន ស្រាប់តែ​តុលាការ​ចាប់ខ្លួន​លោក សរ ណាល់ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។

លោក ស៊ឹង សែនករុណា៖ «តើ​សារ​រួបរួម​នេះ​មានន័យ​អ្វី យើង​មើល​មិន​ឃើញ​មាន​ន័យ​អ្វី​ទេ​គឺ​ក្រៅពី​ការ​បង្ហាញ​អំពី​ភាព​បែកបាក់​ជាតិ ធ្វើទុក្ខបុកម្នេញ​អ្នកនយោបាយ​ស្ថិត​នៅ​ក្រោម​ការ​ក្តោបក្តាប់ ការប្រើប្រាស់​នូវ​អំណាច​ឃុំឃាំង ហើយ​កម្ចាត់កម្ចាយ អ្នក​សកម្មជន​ដែល​ហ៊ាន​រិះគន់​ទាំងឡាយ​ហ្នឹង បាន​ចាកចេញ​ឆ្ងាយ​ពី​ក្នុង​ប្រទេស​ទៅ​ក្រៅប្រទេស​អី​ជាដើម ដែល​មិនអាច​រស់នៅ​បាន»។

លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​មានការ​រួបរួម​ពិតប្រាកដ​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​ឲ្យ​គេ​មើលឃើញ​ជាក់ស្តែង​ដោយ ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​នយោបាយ សកម្មជន​សង្គម ដែល​កំពុង​ជាប់ឃុំ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​ត្រូវ​ស្តារ​ឡើងវិញ​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ បើកចំហ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន។

នៅ​ថ្ងៃទី​១១ ខែ​មករា គណបក្ស​កម្លាំង​ជាតិ​ចេញ​សេចក្តី​ថ្លែងការណ៍​ថា នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​រង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ អាជ្ញាធរ​ពុំគួរ​ធ្វើទុក្ខ​ម្នេញ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ក្រៅពី​បក្ស​កាន់អំណាច បន្ទាប់ពី អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក លោក សរ ណាល់ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៦ នៅ​ជិត​វិមានឯករាជ្យ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

គណបក្ស​កម្លាំង​ជាតិ «​អំពាវនាវ​ទៅដល់​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្សប្រឆាំង​ដោយ​ហេតុផល​បញ្ចេញមតិ​និង​ដោះលែង​លោក សរ ណាល់ ព្រមទាំង​អ្នក​ជាប់ឃុំ​នយោបាយ​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ធានា​បាន​នូវ​បរិយាកាស​នយោបាយ​ល្អ​ឡើងវិញ»។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន លើកឡើង​កាលពី​ថ្ងៃទី​៨ ខែ​មករា ថា ពលរដ្ឋ​សាមគ្គី​គ្នា​ណាស់​ប៉ុន្តែ​នៅតែ​អ្នកនយោបាយ​ប៉ុណ្ណោះ មិនទាន់​ឃើញ​មាន​ឯកភាព​សាមគ្គី​គ្នា​នៅឡើយ​នោះ​ទេ​។ លោក​ថា ខ្មែរ​សាមគ្គី​ជា​ធ្លុង​មួយ​ដើម្បី​ឲ្យ​ខ្មែរ​ខ្លាំង។

ទាក់ទង​ទៅ​និង​ការ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​នេះ​ដែរ នៅ​ថ្ងៃទី​០៧ ខែ​មករា ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សារ​ដោយ អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​បន្ត​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដោយ​លោក​ទទួលស្គាល់​ថា សាមគ្គី​រស់ សាមគ្គី​ឈ្នះ​។ ប៉ុន្តែ មក​ទល់​ពេល​នេះ លោក ហ៊ុន សែន នៅតែ​ចាត់ទុក​អ្នកមាន​ទស្សនៈ​ផ្ទុយ គឺ​ជា​សត្រូវ ហើយ​មិន​ទាន់​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​មូលហេតុ​នយោបាយ និង​ការ​បញ្ចេញមតិ​ឡើយ៕

1 ការ​បំភ្លឺ​បាន​ទេ

  1. សារ​របស់​លោក ហ៊ុន ម៉ាណែត ក៏​បន្ត​អំពាវនាវ​ឱ្យ​មាន​ការ​រួម​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ឱ្យ​ខ្មែរ​បាន​រឹងមាំ។ ទន្ទឹម​នឹង​ការ​អំពាវនាវ​នេះ សមត្ថកិច្ច​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី៨ មករា ទើប​បាន​ចាប់​ខ្លួន​​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ លោក សរ ណាល់ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​អ្នក​ទោស​មនសិការ​ជិត ១០០​នាក់ កំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំង​របស់​តុលាការ ដែល​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ការ​បញ្ជា​របស់​មេដឹកនាំ​គណបក្ស​កាន់​អំណាច ដែល​ជា​អ្នក​កាន់​នាវា​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ទាំង​សង្គ្រាមឈ្លានពាន និង​ឧក្រិដ្ឋកម្ម​អនឡាញ​ដែល​ពិភពលោក​មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​អាក្រក់៕

Leave a Reply to លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ ខណៈ​សិទ្ធិ​អំណាច​នៅ​ល បោះបង់​ការ​ឆ្លើយតប

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ