សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ​ដើម្បី​សាមគ្គី​ជាតិ

0
186
បញ្ជីអ្នកទោសនយោបាយ និងមនសិការ ដែលរៀបចំដោយអង្គការ​លីកាដូ។ រូប៖ Screenshot
បញ្ជីអ្នកទោសនយោបាយ និងមនសិការ ដែលរៀបចំដោយអង្គការ​លីកាដូ។ រូប៖ Screenshot

ក្នុង​ឱកាស​ខួប​លើក​ទី​៧៧ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ​នេះ សង្គម​ស៊ីវិល និង គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ អ្នកទោស​មនសិការ ដើម្បី​បើក​ច្រក​បង្រួបបង្រួម​ជាតិ ក្នុង​គ្រា​ដែល​កងទ័ព​ថៃ​វាយលុក​លើទឹក​ដី​កម្ពុជា។

បើ​ទោះជា​កងទ័ព​ថៃ​កំពុង​ឈ្លានពាន​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​តុលាការ​កម្ពុជា នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​អ្នក​ទោស​នយោបាយ អ្នកទោស​មនសិការ ដោយ​គ្មាន​ការលើកលែង។

ក្នុង​ខួប​លើក​ទី​៧៧ នៃ​ទិវា​សិទ្ធិមនុស្ស​នៅ​ថ្ងៃទី​១០ ខែធ្នូ អង្គការ​សង្គម​ស៊ីវិល នៅ​ប្រទេស​កម្ពុជា និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ស្នើ​ឲ្យ​មានការ​ដោះលែង អ្នកទោស​មនសិការ​ទាំងអស់ ដែល​សុទ្ធតែ​ជា​អ្នកការពារ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ប្រយោជន៍​ជាតិ។ សង្គម​ស៊ីវិល​ថា បើ​រដ្ឋាភិបាល​ភ្នំពេញ​ឲ្យ​តម្លៃ​លើ​សិទ្ធិ​មនុស្ស និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស ពួកគេ​ចាំបាច់​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​លោក រស់ សុដ្ឋា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែធ្នូ​ថា ការ​ដោះលែង​អ្នកទោស​មនសិការ ជា​កត្តា​សំខាន់​មួយ​ដើម្បី​សម្រេច​បំណង​សាមគ្គី​ជាតិ​តែមួយ ហើយ​ការ​តម្កល់​ការ​គោរព​សិទ្ធិមនុស្ស ទើប​ជា​ដំណោះស្រាយ​ជាតិ។ លោក​ថា គោលការណ៍​និង​គោលដៅ ចង់​បាន​ទាំងឡាយ គ្រាន់តែ​ជា​សុបិន្ដ​ប៉ុណ្ណោះ បើ​ការដឹកនាំ​ប្រទេស មិន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​មាគ៌ា​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​សេចក្ដីប្រកាស​ជា​សកល ស្ដីពី​សិទ្ធិមនុស្ស ដែល​ជា​មូលដ្ឋាន​រួម​មួយ ធានា​នូវ​សន្តិភាព និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស។

លោក​បន្ត​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរតែ​ឆ្លុះបញ្ចាំង​ខ្លួនឯង ថា តើ​ដឹកនាំ​យ៉ាងម៉េច បានជា​ចេះ​តែ​មាន​ការ​ប្រឆាំង?

លោក រស់ សុដ្ឋា៖ «ឥឡូវ​បញ្ហា​វា​ចេះតែ​បែកបាក់​ហើយ គឺ​ត្រូវ​បង្រួប​ផ្សះផ្សា​វា​ឡើង​វិញ​។ ការផ្សះផ្សា​ឡើងវិញ យើង​យល់​ជា​សកល​ថា ការ​ដោះលែង​អ្នកទោស​មនសិការ​ហ្នឹង ជា​ផ្នែក​មួយ​អ្វី​ដែល​ជា​គោលបំណង​យើង​បាន​សម្រេច​។ ឥឡូវនេះ គឺថា​យើង​រួមគ្នា​ដោះស្រាយ​ការឈ្លានពាន​របស់​ថៃ ដូច្នេះ​ទេ កុំ​ឲ្យ​វា​មាន​បញ្ហា ច្រើនពេក​ជាមួយ​ថៃ​ផង ជាមួយ​ប្រជាជន​ផ្ទៃក្នុង​ផង បញ្ហា​ច្រើនណាស់ ហើយ​ធ្វើ​ឲ្យ​កាន់តែ​ស្មុកស្មាញ ដែល​ចាំបាច់​ថា ត្រូវតែ​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ ផ្ដល់​តម្លៃ​ទៅលើ​ជាតិ​ជា​អាទិភាព បញ្ហា​សិទ្ធិមនុស្ស​ជា​អាទិភាព»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី​១០ ខែ​ធ្នូ។

ក្នុងពេលដែល​ទាហាន​ថៃ​សម្រុក​វាយប្រហារ​លើទឹក​ដី​កម្ពុជា នៅ​ភ្នំពេញ​វិញ តុលាការ​ក៏​បន្ត​អនុវត្ត​គម្រោងការ​កាត់​សេចក្ដី​អ្នក​នយោបាយ និង​សកម្មជន ដែល​ជា​អ្នកទោស​មនសិការ​ដែរ​។ បន្ទាប់ពី​សាលាឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃទី​០១ ខែធ្នូ ទើបតែ​សម្រេច​បន្ត​ដាក់​ពន្ធនាគារ​លើ​សកម្មជន​បរិស្ថាន ៥​នាក់ ក្នុង​នោះ មាន លោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា។ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​គ្រោង​នឹង​បើក​មាន​សវនាការ​លើស​កម្ម​ជន​លោក ធី ថន និង​សកម្មជន​នយោបាយ លោក មាន ចាន់ថុន និង​លោកស្រី ស៊ឹង គន្ធា ពី​បទ​«​រួមគំនិត​ក្បត់​» នៅ​ថ្ងៃទី​១១ ខែធ្នូ​។ រីឯ សាលាឧទ្ធរណ៍​ភ្នំពេញ ក៏​នឹង​បើក​ការ​ជំនុំជម្រះ​លើ​ក្ដីក្ដាំ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នៅ​ថ្ងៃទី​២៥ ខែធ្នូ ខាងមុខ​នេះ​ដែរ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថ្ងៃទី​១០ ខែធ្នូ ថា ការ​ចាប់ និង​ឃុំខ្លួន​អ្នកនយោបាយ សកម្មជន​សង្គម សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី មន្ត្រី​សហជីព និង​សកម្មជន​ជន​សិទ្ធិមនុស្ស គ្មានអ្វី​ចំណេញ​ទេ ហើយ​រង​តែ​ការរិះគន់។

លោក​ថា ក្នុង​ពេល​មានការ​វាយប្រហារ​ដោយ​កងទ័ព​ថៃ​លើ​កម្ពុជា នេះ​ជា​ពេលវេលា​ដ៏​សមស្រប សម្រាប់​ការ​ផ្ដល់​សេរីភាព​ឲ្យ​អ្នកទោស​មនសិការ​ទាំង​នោះ​វិញ ដើម្បី​បង្ហាញ​ពី​ស្មារតី​រួបរួម​ជាតិ​ក្នុង​គោលដៅ​ឧត្តម​ប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ។

លោក អំ សំអាត៖ «ខ្ញុំ​គិតថា ក្នុង​កាលៈទេសៈ​នេះ គួរតែ​មាន​ការ​ដោះលែង​ពួកគេ ទាំងអស់គ្នា​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​ចូលរួម​ចំណែក​នៅក្នុង​សង្គម​ជាតិ ជាពិសេស នៅក្នុង​កាលៈទេសៈ ដែល​សង្គមជាតិ​ត្រូវការ​រួបរួម​គ្នា ដើម្បី​ការពារ​ឬក៏​ឧត្ដម​ប្រយោជន៍​ជាតិ​របស់​យើង ហើយ​បង្ហាញ​អំពី​ខ្មែរ​យើង​ចេះ​បង្រួបបង្រួម ចេះ​សាមគ្គីភាព ហើយ​ខ្មែរ​យើង​ជា​ធ្លុង​មួយ ដើម្បី​បង្ហាញ​នូវ​ការ​រួបរួម​គ្នា ដើម្បី​ជាតិ​មាតុភូមិ​របស់​យើង»។

មក​ដល់​ពេល​នេះ អ្នក​នយោបាយ ដែល​កំពុង​ជាប់ពន្ធនាគារ រួមមាន លោក ស៊ុន ចន្ធី លោក ថាច់ សេដ្ឋា លោក កាក់ កុម្ភារ លោក ហេង ចន្ធីសុ​ទ្ធី ជាដើម រួម​ទាំង​សកម្មជន​ជាច្រើន​រូប​ទៀត ខណៈ​លោក កឹម សុខា ជាប់ឃុំ​ក្នុងផ្ទះ។ ចំណែកឯ អ្នកទោស​មនសិការ​មាន កញ្ញា សេង ធារី លោក កើត សារ៉ាយ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោកស្រី អេង សុខា លោកស្រី សែម សុផល ជាដើម។

គណបក្ស​កម្លាំង​ជាតិ គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ចេញ​សេចក្ដីថ្លែងការណ៍ អំពាវនាវ​ឲ្យ​បើក​លំហ​សេរីភាព​នយោបាយ សេរីភាព​សារព័ត៌មាន សេរីភាព​សម្ដែង​មតិ ការគោរព​សិទ្ធិមនុស្ស និង​ដោះលែង​អ្នក​ទោស​នយោបាយ អ្នកទោស​មនសិការ ដើម្បី​សាមគ្គី​ជាតិ។

បន្ថែម​លើ​នេះ​ទៀត គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​លើ​ពលរដ្ឋ​ខ្មែរ​ភៀស​សឹក ឲ្យ​មាន​ទីជម្រក​សុវត្ថិភាព ម្ហូបអាហារ ទឹក​ពិសារ និង​ថ្នាំសង្កូវ។ រីឯ​គណបក្ស​កម្លាំង​ជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល យក​សំណុំរឿង​ព្រំដែន ទៅ​ប្ដឹង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​ស្នើ​រក​អន្តរាគមន៍​ពី​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស៍​ជាបន្ទាន់​។ គណបក្ស​នេះ ក៏​ស្នើ​ដល់​ភាគី​ថៃ ឲ្យ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គោរព​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ ឆ្នាំ​១៩០៧ បញ្ឈប់​ការឈ្លានពាន​កម្ពុជា និង​ដោះលែង​យុទ្ធជន​ខ្មែរ​ទាំង ១៨​នាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ