

កម្ពុជា និងថៃកំពុងដើរបកអាក្រាតគ្នាលើឆាកអន្តរជាតិ ក្នុងជម្លោះព្រំដែន បន្ទាប់ពីមេដឹកនាំកម្ពុជា ប្រាប់សារព័ត៌មានអន្តរជាតិ អំពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា។ នៅក្នុងការប្រជែងការទូតនេះ ភាគីថៃបានសងសឹកមកលើកម្ពុជា ដោយបានប្រាប់សារព័ត៌មានអន្តរជាតិថា កម្ពុជាប្រឌិតរឿងរ៉ាវ និងប្រាប់ទៅអង្គការអន្តរជាតិ អំពីរឿងនេះ។ ចំណែកភាគីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហាញពីសកម្មភាពចុះជួបជាមួយតំណាងរបស់អង្គការអន្តរជាតិមួយចំនួន ប៉ុន្តែលោកមិនបានបញ្ជាក់អំពីខ្លឹមសារលម្អិត នៅក្នុងកិច្ចសន្ទនានោះឡើយ។
ខណៈស្ថានការណ៍នៅតាមព្រំដែនជួរមុខរវាងកម្ពុជា-ថៃកំពុងឡើងកំដៅជាថ្មីនោះ សមរភូមិការទូតរវាង ប្រទេសទាំងពីរនៅលើឆាកអន្តរជាតិក៏កំពុងតែឡើងកំដៅដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបារាំង និងអឺរ៉ុប គឺលោក ហ្សង់-ណូអែល បារ៉ូ (Jean-Noël Barrot) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ដោយភាគីទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ក៏ប៉ុន្តែ ភាគីថៃ មិនបានបង្ហាញអំពីព័ត៌មានលម្អិត នៅក្នុងកិច្ចសន្ទនានេះឡើយ។
ទោះជាយ៉ាងណា លោក ស៊ីហាសាក់ បានបង្ហើបឱ្យដឹងថា លោកកំពុងត្រៀមនាំសំណុំរឿងករណីឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត យកមកប្រជុំនៅក្នុងគណៈកម្មការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដើម្បីទាមទារឱ្យមេដឹកនាំកម្ពុជា បកស្រាយជុំវិញករណីនេះ។
ក្រៅពីជួបជាមួយមន្ត្រីការទូតបារាំង លោក ស៊ីហាសាក់ បានចូលរួមក្នុងកម្មវិធីព័ត៌មាន ហ្វ្រង់ វ៉ាំងកាត់ (France24) ដោយលោកបានរកវិធីឆ្លើយបដិសេធ ជុំវិញការអះអាងរបស់មេដឹកនាំកម្ពុជា ដែលបានលាតត្រដាងអំពីសកម្មភាពរបស់យោធាថៃ ដែលបានចូលកាន់កាប់ទឹកដីរបស់កម្ពុជា លើសពីទីតាំង ដែលបានទាមទារ និងសកម្មភាពរាយបន្លាលួស និងតម្រៀបទូកុងតឺន័រ ក្រោយបទឈប់បាញ់ ដែលធ្វើឱ្យពលរដ្ឋខ្មែរ ជាង៨ម៉ឺននាក់ មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។
នៅក្នុងថ្ងៃដដែលនោះ លោក ស៊ីហាសាក់ ក៏បានជួបជាមួយអគ្គនាយករបស់អង្គការ យូណេស្កូ(UNESCO) លោក ខាលេដ អាម៉េដ អែល-អេណានី(Khaled El-Enany) ផងដែរ ដើម្បីបកស្រាយអំពីការវាយប្រហារទៅលើតំបន់ប្រាសាទព្រះវិហារ ក្នុងអំឡុងផ្ទុះសង្គ្រាមជាមួយកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ លោក ស៊ីហាសាក់ បានបង្ហាញការសោកស្ដាយ និងចោទថា មូលហេតុដែលយោធាថៃ បើកការវាយប្រហារមកលើតំបន់ប្រាសាទព្រះវិហារ គឺដោយសារភាគីកម្ពុជា បានតាំងមូលដ្ឋានទ័ព នៅក្នុងតំបន់នេះ ដែលធ្វើឱ្យយោធាថៃ ចាំបាច់ត្រូវបើកការវាយប្រហារ ដើម្បីការពារខ្លួន។
ទោះជាបែបនេះក្ដី អគ្គនាយកអង្គការយូណេស្កូ កំពុងវាយតម្លៃការខូចខាតដល់ប្រាសាទព្រះវិហារ ពីការវាយប្រហារដោយសង្គ្រាម និងកំពុងពិចារណាបញ្ជូនអ្នកជំនាញឱ្យចុះទៅត្រួតពិនិត្យនៅទីតាំងនោះ ដោយមិនចង់ឱ្យមានការជាប់ពាក់ព័ន្ធនឹងបញ្ហាយោធាឡើយ។
ក្រៅពីវិស័យការទូត យោធាថៃ ក៏បានបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយវិស័យយោធារបស់សហរដ្ឋអាមេរិក ផងដែរ ដោយប្រទេសទាំងពីរ គ្រោងនឹងធ្វើសមយុទ្ធរួមគ្នា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកវិទ្យាក្នុងវិស័យការពារជាតិរបស់ថៃ ខណៈយោធាអាមេរិក បានផ្ដល់រថពាសដែកប្រយុទ្ធ Stryker ដែលមានតម្លៃក្នុងមួយគ្រឿងរាប់លានដុល្លារ ឱ្យទៅយោធាថៃ ចំនួន ១៧គ្រឿងផងដែរ។
ដោយឡែក ពីខាងកម្ពុជាវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូតែរ៉េស (António Guterres) មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ រួមទាំងមន្ត្រីជាន់ខ្ពស់របស់ស្ថាប័ននេះ និងមេដឹកនាំប្រទេស មួយចំនួនទៀត នៅក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅ អង្គការសហប្រជាជាតិ ក្នុងប្រទេសស្វីស កាលពីថ្ងៃទី២៣ ខែកុម្ភៈ។
ចំណែករដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន វិញ ក៏មិនខុសគ្នាពីមេរបស់ លោក គឺលោក ហ៊ុន ម៉ាណែត នោះដែរ ដោយលោកបានជួបជាមួយមន្ត្រីទូតបរទេសមួយចំនួន។ ភាគីកម្ពុជាមិនបានបញ្ជាក់ពីខ្លឹមសារសំខាន់ នៃកិច្ចពិភាក្សាទាំងនេះ នោះទេ ដោយលោក ហ៊ុន ម៉ាណែត និងលោក ប្រាក់ សុខុន គ្រាន់តែបង្ហោះរូបភាពមួយចំនួន ដោយភ្ជាប់ជាមួយខ្លឹមសារពិធីការ ខ្លីៗប៉ុណ្ណោះ។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ក្នុងការប្រកួតប្រជែងផ្នែកការទូតនេះ ភាគីកម្ពុជា អាចមានសង្ឃឹមឈ្នះភាគីថៃ ប្រសិនបើកម្ពុជា បង្ហាញភស្តុតាងរឹងមាំ និងផែនទីដែលជាកេរ្តិ៍មរតករបស់អាណានិគមបារាំង។ ទោះជាយ៉ាងណា លោកជំរុញឱ្យមេដឹកនាំកម្ពុជា ប្រើយុទ្ធសាស្ត្រការទូតឱ្យបានត្រឹមត្រូវ ដោយមិនត្រូវឆ្លៀតយករឿងនេះ ដើម្បីកេងចំណេញនយោបាយ និងធ្វើប្រជាភិថុតិនោះឡើយ។
លោក ម៉ែន ណាត៖ «ពេលដែលមុនចូលទៅតុលាការ ក៏ត្រូវប្រើយន្តការការទូតដែរ។ ហើយពេលឡើងទៅតុលាការត្រូវតតាំងគ្នាតាមផ្លូវច្បាប់។ រួចក្រោយឡើងតុលាការ ត្រូវដំឡើងកម្រិតការទូតដដែល។ ដូច្នេះរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើរឿងហ្នឹងសម្បើមណាស់ មិនអាចទៅអង្គុយបកស្រាយ រឿងទម្លាក់បរមាណូ នៅទីក្រុងបាងកក រឿងហ្នឹងជាភាសាផ្ដេសផ្ដាស កុំយកជាការ ភាសាហ្នឹង ជាការចាក់ដោតកំហឹងនោះទេ ដូច្នេះរដ្ឋាភិបាលកម្ពុជា ល្មមឈប់ប្រើភាសាផ្ដេសផ្ដាសទាំងអស់ហ្នឹងទៀតទៅ ត្រូវយកភាសាច្បាប់ និងមានវិជ្ជាជីវៈមកប្រើ»។
លោក ម៉ែន ណាត បន្ថែមថា ដើម្បីស្ដារតម្លៃការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ មេដឹកនាំកម្ពុជា ត្រូវបោសសម្អាតឧក្រិដ្ឋកម្មឆបោកឆ្លងដែន ឱ្យដល់ឫសគល់ ស្ដារលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសមនសិការ តាមការអំពាវនាវរបស់អន្តរជាតិ ដែលធ្លាប់បានជំរុញឱ្យកម្ពុជា ធ្វើជាយូរមកហើយ។
ពាក់ព័ន្ធនឹងវិវាទរឿងព្រំដែនរវាងកម្ពុជា-ថៃ នេះដែរ នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) បានចេញមកបញ្ជាក់សាជាថ្មីថា យោធាថៃមានគម្រោងកាត់បន្ថយចំនួនកងទ័ព ដែលកំពុងឈរជើងនៅក្នុងតំបន់ព្រំដែន ដែលដណ្ដើមបានពីកម្ពុជា ដើម្បីកាត់បន្ថយការចំណាយ ក៏ប៉ុន្តែមិនមែនមានន័យថា យោធាថៃបោះបង់តំបន់ទាំងនោះចោលនោះឡើយ។
លោក ណាត់តាផន បានអះអាងថា យោធាថៃនឹងប្ដូរយុទ្ធសាស្ត្រគ្រប់គ្រងតំបន់នេះ តាមរយៈការសាងសង់របងជញ្ជាំង ជាអចិន្ត្រៃយ៍ ក្នុងតំបន់មួយចំនួន ការដំឡើងកាមេរ៉ាសុវត្ថិភាព ការអភិវឌ្ឍ ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ និងការផ្ដល់ដីឱ្យទាហានថៃ ដែលឆ្លងកាត់សង្គ្រាមឱ្យមកអាស្រ័យផល ដើម្បីឱ្យពួកគេ នៅការពារតំបន់ទាំងនោះ៕








