

មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលលើកឡើងថា ការដែលសភាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីច្បាប់សមុទ្រ លើអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ជាចំណុចវិជ្ជមាន ប៉ុន្តែកម្ពុជាត្រូវប្រើច្បាប់នេះ ឱ្យមានប្រសិទ្ធភាព ក្នុងការប្ដឹងប្រទេសជិតខាង ដែលរំលោភលើដែនសមុទ្រកម្ពុជា។ ពួកគាត់ថា សព្វថ្ងៃនេះ ព្រំដែនសមុទ្រ និងកោះខ្លះរបស់កម្ពុជា ត្រូវបានថៃ និងវៀតណាមចូលកាន់កាប់ ដូចជាតំបន់កោះក្រចកសេះ កោះត្រល់ និងតំបន់កោះគជ់ ជាដើម។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលថា ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីច្បាប់សមុទ្រនេះ គឺជារឿងត្រឹមត្រូវ ស្របពេលដែលកម្ពុជាកំពុងតែមានជម្លោះព្រំដែនគោក និងព្រំដែនទឹក ជាមួយនឹងប្រទេសថៃ។ ទន្ទឹមគ្នានោះពួកគាត់ថា ថ្វីត្បិត បញ្ហាដែនសមុទ្រ មិនសូវបានយកមកវែកញែកគ្នាច្រើនក្ដី ក៏មិនមែន មានន័យថា កម្ពុជាមិនបាត់បង់ ដែនសមុទ្រ មួយចំនួននោះដែរ ដូច្នេះរដ្ឋាភិបាលកម្ពុជា ត្រូវប្រើប្រាស់ ច្បាប់នេះឱ្យមានប្រសិទ្ធភាព ហើយចុះពិនិត្យតាមព្រំដែនសមុទ្រឡើងវិញ។
ប្រមុខដឹកនាំស្ថាប័ន អធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៦ ខែមករា ថា អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ នេះមានសារសំខាន់ ក្នុងការការពារដែនសមុទ្រកម្ពុជា និងកោះមួយចំនួន តាមយន្តការអន្តរជាតិ។ ក្នុងនោះ លោកថា កម្ពុជាត្រូវប្រើយន្តការច្បាប់នេះដើម្បីប្ដឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ ICJ និង តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ PCA ក្នុងករណីដែលរកឃើញថា ដែនសមុទ្រកម្ពុជា ត្រូវបានបណ្ដាប្រទេសជិតខាងរំលោភបំពាន។
លោក អ៊ុំ សំអាន៖ «មានសារសំខាន់ ព្រោះវាអាចការពារដែនសមុទ្ររបស់យើង។ វាអាចដោះស្រាយព្រំដែន សមុទ្រ និងកោះកម្ពុជា ជាមួយនឹងប្រទេសជិតខាងដូចជា វៀតណាម និងថៃជាដើម។ ហើយអាចប្ដឹងថៃ និងវៀតណាមទៅតុលាការអន្តរជាតិ ICJ ឬតុលាការអាជ្ញាកណ្ដាល [តុលាការមជ្ឈត្តការអចិន្ត្រៃយ៍] អន្តរជាតិ PCA»។
ការលើកឡើងនេះ ក្រោយពីរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែមករា បានប្រកាសអនុម័ត សេចក្ដីព្រាងច្បាប់ យល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២។ កិច្ចប្រជុំនេះ ដឹកនាំដោយ ប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី និងសមាជិកសភាចំនួន ១១៤រូប រួមនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក (Jamaica)។ ក្រោយមក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ក៏ចូលជាធរមាន។ បច្ចុប្បន្នមានប្រទេស ចំនួន១៧១ បានចូលជា រដ្ឋភាគី នៃអនុសញ្ញានេះ។ រីឯកម្ពុជាបានចុះចុះហត្ថលេខាលើអនុសញ្ញានេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣ តែនៅមិនទាន់បានធ្វើសច្ចាប័ននៅឡើយ ដូច្នេះដើម្បីកម្ពុជាអាចធ្វើសច្ចាប័ន លើអនុសញ្ញាអន្តរជាតិនេះបាន កម្ពុជាត្រូវមានច្បាប់ស្ដីពី នីតិសមុទ្រជាមុនសិន។
ទោះជាយ៉ាងណា បើតាម លោក អ៊ុំ សំអាន លើកឡើងថា នៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ ឬហៅថា UNCLOS នេះ បានបង្ហាញយ៉ាងច្បាស់ថា តំបន់ត្រួតស៊ីគ្នារវាំងកម្ពុជា-ថៃ និង វៀតណាម រួមនិងកោះមួយចំនួន ដូចជា កោះក្រចកសេះ កោះត្រល់ និងកោះគជ់ ជាដើមត្រូវបានប្រទេសថៃ និងវៀតណាម កាន់កាប់ដោយខុសច្បាប់ ដូចនេះ លោកថា កម្ពុជា មានសិទ្ធិទាមទារយកមកវិញ ដោយសំអាង លើច្បាប់សមុទ្រឆ្នាំ១៩៨២ នេះ។
លោក អ៊ុំ សំអាន៖ «កម្ពុជាអាចទាមទារយក២ភាគ៣ពីកោះគជ់មកវិញ។ នេះបើតាមច្បាប់សមុទ្រឆ្នាំ១៩៨២ និងផែនទីឧបសម្ពន្ធសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧។ ហើយអាចទាមទារតំបន់ត្រួតស៊ីគ្នាទំហំ២ម៉ឺន ៧ពាន់ម៉ែត្រការ៉េ ពីថៃមកវិញផង និងប្រេង និងឧស្ម័នដែលមានតម្លៃ៣០០ពាន់លានដុល្លារ។ អាចប្ដឹងថៃទៅតុលាការអន្តរជាតិហើយ អាចប្ដឹងវៀតណាម ទៅតុលាការអន្តរជាតិទាមទារយកកោះត្រល់ កោះក្រចកសេះមកវិញ»។
រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ធ្លាប់បានលើកឡើងក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញរដ្ឋសភា កាលពីដើមសប្ដាហ៍នេះ ថា កម្ពុជានឹងបានប្រយោជន៍ច្រើនពី អនុសញ្ញានេះ រួមមាន ការគ្រប់គ្រងសមុទ្រស្របតាមច្បាប់អន្តរជាតិដូចជា ការគ្រប់គ្រង និងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រ និង ការស្រាវជ្រាវ វិទ្យាសាស្ត្រ សមុទ្រជាដើម។
លើសពីនេះ លោកបន្តថា ច្បាប់នេះនឹងពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រ និងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្ដាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការ អន្តរជាតិនីតិសមុទ្រផងដែរ។
បន្ថែមពីនេះទៀត ប្រមុខការទូតកម្ពុជារូបនេះរំពឹងថា កម្ពុជាក៏នឹងទទួលបាននូវកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេស រួមទាំងជំនួយផ្នែកច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការការពារ និងការអភិរក្សបរិស្ថានសមុទ្រ និងការផ្ទេរបច្ចេកវិទ្យាពីរដ្ឋភាគី និងស្ថាប័នអន្តរជាតិនានាពាក់ព័ន្ធនឹងអនុសញ្ញានេះជាដើម។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា ការអនុម័តច្បាប់សមុទ្រនេះ ជារឿងសំខាន់ ហើយកន្លងមក គណបក្សប្រឆាំង និងប្រជាពលរដ្ឋក៏ធ្លាប់បានទាមទារឱ្យរដ្ឋសភា អនុម័តច្បាប់នេះអស់ជាច្រើនដងហើយ ជាពិសេសពេល កម្ពុជាមានជម្លោះព្រំដែនទឹកជាមួយ ប្រទេសវៀតណាម និងថៃ។ លោកថា ច្បាប់នេះ មានប្រសិទ្ធភាពទៅបាន គឺទល់តែរដ្ឋាភិបាលកម្ពុជា ប្រើឱ្យបានត្រឹមត្រូវ ដូចជាប្ដឹងថៃ និងវៀតណាមទៅតុលាការអន្តរជាតិ ពាក់ព័ន្ធ ការកាន់កាប់ដែនសមុទ្រ និងកោះមួយចំនួនរបស់កម្ពុជាដោយខុសច្បាប់។
លោក ម៉ែន ណាត៖ «ជាពិសេសទាមទារឱ្យប្រទេសជិតខាងដែលបំពានកម្ពុជាឱ្យគោរពច្បាប់អន្តរជាតិ។ បើប្រទេសទាំងអស់នោះមិនគោរពច្បាប់ទេ គឺមានតែកម្ពុជាប្ដឹងហ្នឹងឯង។ ការប្ដឹងនឹង គឺប្ដឹងទៅតុលាការអន្តរជាតិ។ ក្រៅពីប្ដឹងទៅតុលាការអន្តរជាតិ វាមានយន្តការការទូត តាមរយៈការតវ៉ាទៅអង្គការសហប្រជាជាតិ។ តវ៉ាទៅក្រុមសន្តិសុខអង្គការសហប្រជាជាតិ ។ តវ៉ាទៅអាស៊ាន តវ៉ាទៅ កិច្ចព្រមព្រៀងទីក្រុងប៉ារីសជាដើម»។
ខ្លឹមសារនៃអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២នេះ គឺនិយាយអំពីក្របខណ្ឌគតិយុត្តិនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍ តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ និងសេចក្ដីណែនាំ នានាសម្រាប់ការធ្វើពាណិជ្ជកម្ម ការការពារបរិស្ថាន រួមនឹងការគ្រប់គ្រងធនធានធម្មជាតិ ដូចជា រ៉ែ ប្រេងនិងឧស្ម័នជាដើម។
ទោះជាយ៉ាងណា អ្នកជំនាញបារម្ភថា ថ្វីត្បិតតែថា កម្ពុជានឹងធ្វើសច្ចាប័ន លើច្បាប់សមុទ្រនេះ ក្ដី ក៏ច្បាប់នេះ នឹងពុំមានប្រយោជន៍អ្វីដល់ការការពារដែនសមុទ្រកម្ពុជានោះដែរ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនប្រើប្រាស់ ច្បាប់នេះប្ដឹងទៅតុលាការអន្តរជាតិ នៅពេលដែលប្រទេសជិតខាងរំលោភ បំពាន ដូចករណីរដ្ឋាភិបាល មិនប្ដឹងថៃ ទៅតុលាការអន្តរជាតិ ICC និង ICJ ពាក់ព័ន្ធ យោធាថៃ ឈ្លានពាន ព្រំដែនគោកនិងបង្កឧក្រិដ្ឋកម្មសង្គ្រាមមកលើកម្ពុជា៕








