
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសបានស្នើឱ្យជនបរទេស និងពលរដ្ឋខ្មែរផ្អាកធ្វើដំណើរចូលមកប្រទេសកម្ពុជាដោយឆ្លងកាត់ប្រទេសថៃដើម្បីបញ្ចៀសការបំភិតបំភ័យរបស់អាជ្ញាធរថៃ។
លិខិតរបស់ក្រសួងការបរទេសចុះថ្ងៃទី២២ ធ្នូ ផ្ញើជូនឯកអគ្គរាជទូត អគ្គកុងស៊ុល និងអគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅបរទេស ក្រសួងបានណែនាំឱ្យមន្ត្រីទូតខ្មែរនៅបរទេសជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។
ការណែនាំនេះធ្វើឡើងក្រោយពីក្រសួងការបរទេសបានទទួលព័ត៌មានជាបន្តបន្ទាប់មកថាចាប់តាំងពីយោធាថៃវាយប្រហារឈ្លានពានកម្ពុជា ថៃតែងបង្កការលំបាកដល់អ្នកដំណើរទាំងខ្មែរ និងបរទេសដែលធ្វើដំណើរចូលកម្ពុជាឆ្លងកាត់តាមថៃ ដោយអាជ្ញាធរថៃបានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការលំបាក និងការភិតភ័យដល់អ្នកដំណើរ ដូចជាការឃាត់ខ្លួន ការនាំទៅសាកសួរ ថតវីដេអូ និងឆែកឆេរវ៉ាលីជាដើម។
កាលពីពេលថ្មីៗនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសបារាំង ក៏បានចេញសេចក្តីអំពាវនាវឱ្យអ្នកដំណើរពីប្រទេសបារាំង និងនៅអឺរ៉ុបផ្អាកធ្វើដំណើរចូលកម្ពុជាដោយឆ្លងកាត់ប្រទេសថៃក្រោយស្ថានទូតទទួលបានព័ត៌មាន និងការរអ៊ូរទាំរបស់អ្នកដំណើរដោយសារការរំខាន និងបំភិតបំភ័យរបស់អាជ្ញាធរថៃ៕










