

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រេចប្រកាសដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយបារម្ភពីសុវត្ថិភាពអត្តពលិក បន្ទាប់ពីអាជ្ញាធរកីឡារបស់ថៃចោទប្រកាន់ថា កម្ពុជាបំពានច្បាប់ថៃ ករណីពាក់អាវមានឡូហ្គូក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ (Nagaworld)។
លិខិតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី១០ ធ្នូ អះអាងដោយបារម្ភពីសុវត្ថិភាពអត្តពលិក និងការស្នើសុំពីក្រុមគ្រួសាររបស់អត្តពលិក ហើយត្រូវត្រឡប់ទៅប្រទេសកម្ពុជាវិញ។ ទូរទស្សន៍អាស៊ីសេរីពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានទេនៅថ្ងៃដដែលនេះ។
បច្ចុប្បន្នយោធាថៃកំពុងវាយប្រហារកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទនៅតាមព្រំដែន និងប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់មិនរើសទីតាំងបំផ្លាញផ្ទះសម្បែងពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា។
កាលពីថ្ងៃទី៩ ធ្នូ ប្រធានអាជ្ញាធរកីឡារបស់ថៃលោក គង់សាក់ យ៉តម៉ានី (Kongsak Yodmanee) បានលើកឡើងថា អាជ្ញាធរកីឡា និងក្រសួងមហាផ្ទៃថៃ នឹងបើកការស៊ើបអង្កេតបន្ទាន់ លើក្រុមអត្តពលិកកម្ពុជា ពីបទបំពានច្បាប់របស់ប្រទេសថៃ ដោយសារពួកគេបានពាក់អាវមានជាប់ឡូហ្គូ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនបនល្បែង ណាហ្គាវើលដ៍។
មន្ត្រីថៃរូបនេះបញ្ជាក់ថា ថៃនឹងត្រួតពិនិត្យថា តើការភ្ជាប់ឡូហ្គូក្រុមហ៊ុន ណាហ្គាវើលដ៍ លើអាវនោះ ជាការផ្សព្វផ្សាយពាណិជ្ជកម្ម ឬយ៉ាងណា ដើម្បីចាត់វិធានការតាមច្បាប់ ខណៈច្បាប់នៅក្នុងប្រទេសថៃហាមឃាត់ដាច់ខាត នូវបនល្បែងកាស៊ីណូ។
គណៈប្រតិភូកីឡាកម្ពុជាបានដឹកនាំអត្តពលិកប្រភេទកីឡាចំនួន៣ ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣។ សមាជិកប្រតិភូកីឡាកម្ពុជា ដែលធ្វើដំណើរទៅប្រទេសថៃកាលពីថ្ងៃទី៨ ធ្នូ មានចំនួនសរុប ១៣៧នាក់ ក្នុងនោះអត្តពលិក ដែលត្រៀមចូលរួមប្រកួតមាន ៧២នាក់។ មុនសម្រេចចិត្តចូលរួមកីឡាស៊ីហ្គេមនៅពេលនេះ កម្ពុជាធ្លាប់ប្រកាសពហិការកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃនេះ និងស្នើសុំដកខ្លួនពីកីឡាមួយចំនួន ដោយសារបារម្ភពីសុវត្ថិភាព៕









